27 C
Phnom Penh

សាលារាជ​ធានី​ភ្នំពេញ​ច្រានចោល​សំណើ​សុំធ្វើបាតុកម្ម​រយៈពេល​​​បីថ្ងៃ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ សាលារាជធានី​បាន​បដិ​សេធ​មិន​អនុញ្ញាតឲ្យ​មាន​ការ​តវ៉ា​ដ៏​ធំ​រយៈ​ពេល​​​​បីថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ធ្វើ​នៅ​សួន​សេរីភាព​ចាប់​ពីថ្ងៃ​អាទិត្យ​ ដល់​​ថ្ងៃ​អង្គារ​ឡើយ​។

លោក​ ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​​​ធានីភ្នំពេញ​បាន​មាន​ប្រសាសន៍ថា សា​លា​​​​រាជ​ធានី​មិន​មាន​សិទ្ធិ​យល់ព្រមតាម​​សំណើ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​​សុំរៀប​ចំ​ធ្វើ​បាតុកម្ម​​ទៀត​ដែល​អ្នក​ចូល​រួម​​៥.០០០នាក់​មាន​គម្រោង​បោះតង់​រយៈ​ពេល​បីយប់​ និង​​​អ្នក​តវ៉ា​២០.០០០​នាក់​ទៀត​នឹង​ស្ថិត​នៅ​​ក្នុង​សួន​នេះ​ចាប់​ពីពេល​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​​នោះទេ។

លោក​ ឡុង​ ឌីម៉ង់ បានមាន​ប្រសាសន៍​ថា “ បន្ទាប់​ពីយើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អន់​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​​មក​ យើង​ឃើញ​ថា ពិបាកធ្វើការ​​សម្រេច​​ចិត្ត​ណាស់​ ពីព្រោះ​យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ចម្រូង​ចម្រាស​មួយ​ចំនួន​បាន​ឡើយ​។

លោ​ក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ពួកគេ​ចង់​ឲ្យ​អ្នក​ចូល​រួម​៥.០០០​នាក់​បោះតង់​នៅទី​នោះរៀង​រាល់​យប់​ដែ​ល​ចំណុច​​​​នេះ​យើង​មិន​យល់​ស្រប​ឡើយ​”។

យោងតាម​លិខិត​ដែល​បាន​ផ្ញើ​ជូន​លោក​ ប៉ា សុជាតិវង្ស អភិបាល​​រាជធានី​នេះ​បាន​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាល​ពីថ្ងៃអង្គារ​ ស្នើ​សុំ​សាលា​រាជ​ធានី​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​ការ​​តវ៉ា​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​បង្កើត​គណៈ​កម្មការ​មួយ​ដើម្បី​ស៊ើប​​​អង្កេត​ភាព​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​។

លិខិត​នេះ​មាន​ខ្លឹម​សារ​ថា​​​ “យើង​មាន​កិត្តិ​យសសូម​ជម្រាប​ជូន​ឯកឧត្តម​មេត្តា​ជ្រាបថា គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​រៀប​ចំ​មហា​​​បាតុ​​​កម្ម​អហិង្សា​មួយ​ដើម្បី​ឲ្យ​សា​ធារ​ណជន​សំដែង​នូវ​ឆន្ទៈ​របស់​ខ្លួន និង​ដើម្បី​ទាម​ទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ពិសេស​មួយ​ ដើម្បីស៊ើបអង្កេត​រក​ការ​ពិត​​លើ​លទ្ធផល​នៃការ​បោះឆ្នោត​កាល​​ពីថ្ងៃ​ទី​២៨​ខែកក្កដា​​​”។​​​

នៅក្នុងការ​តវ៉ា​នោះ​ ក៏នឹង​មាន​ការ​បញ្ចាំង​​​​ភាពយន្ត​ឯកសារ​  ច្រៀង​ចម្រៀង​ និង​ធ្វើ​សមាធិ​​​​ផង​ដែរ​   ហើយ​អ្ន​កតវ៉ា​នឹង​ត្រូវ​អញ្ជើញ​​​​ឲ្យ​ឡើង​បញ្ចេញ​មតិ​របស់​ខ្លួន​។

ប៉ុន្តែ លោក​ ឡុង​ ឌីម៉ង់​ បានបញ្ជាក់​​ថា បាតុ​​​កម្មនេះ​ត្រូវ​តែ​សុំ​ការ​អនុ​ញ្ញាត​ច្បាប់​​​ពី​​​ក្រសួង​មហាផ្ទៃ​ មិនមែន​សុំ​ពី​សា​លា​​រាជ​​​ធានី​​​​​​​ភ្នំពេញ​​​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍ថា ” បញ្ហា​នេះ​ស្ថិត​នៅក្រៅ​សមត្ថកិច្ច​របស់​សាលា​រាជធានី​ ហើយ​ [ គណបក្ស​សង្គ្រោះ​ជាតិ]  ត្រូវតែ​សុំ​ការ​អនុញ្ញាត​ពីក្រសួង​មហា​ផ្ទៃ​។ ផ្អែក​តាម​ច្បាប់​បាតុកម្ម ពួក​គេ​អាច​ធ្វើ​បាតុ​កម្ម​អហិង្សា​បាន​​ចាប់​ពីម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​តែ​ប៉ុណ្ណោះ​”។

លោក​ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសា​សន៍​​​ថា  លោក​មិន​បាន​ដឹង​ពីការ​ពិភាក្សា​រវាង​តំណាង​គណបក្ស​ប្រឆាំង​ និង​សាលា​រាជធានី​ទាក់​ទង​នឹង​ការ​តវ៉ា​នេះទេ​។

​លោក​បា​ន​មាន​ប្រសាសន៍ថា “ក្រសួង​មិន​បាន​ដឹងអ្វី​ឡើយ​រហូតមក​ទ​ល់​ពេល​នេះ”។

លោក​ យឹម សុវណ្ណ​​​​​​​​​​​​​​​​​​​​​ អ្នក​នាំពាក្យ​​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​របស់លោក​មិន​ខ្វល់​ថា តើ​សា​លា​រាជ​​​ធានី​ ឬក្រសួងមហា​ផ្ទៃ​​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បីថ្ងៃ​ ឬក៏អត់​ឡើយ​។

លោក​ យឹម​ សុវណ្ណ​ បាន​មាន​ប្រសា​សន៍​​​ថា ​​​” ទុក​ឲ្យ​ពួក​គេ​ធ្វើ​ការងារ​របស់​គេ​ចុះ​។ យើង​មិន​ចាំបាច់​សុំ​ការ​អនុ​ញ្ញាត​ពី​ពួក​​គេ​ទេ​ យើង​គ្រាន់​តែជូន​ដំណឹង​ដល់​ពួក​គេ​សុំ​ឲ្យ​ជួយ​ការ​ពារ​សន្តិសុខ​តែ​ប៉ុណ្ណោះ​”។ លោក​បាន​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រកាន់​តាម​ផែនការ​របស់​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍ថា “​ មិន​គិត​ថា យើង​ទទួលបាន​​ការ​អនុញ្ញត​ ឬ​ក៏​អត់​នោះ​ទេ យើង​នៅ​តែ​ធ្វើ​​បាតុកម្ម​នេះ​ដដែល​។ យើង​មាន​យុទ្ធសាស្ត្រ​របស់​​​យើង​​​ក្នុងការ​គ្រប់​គ្រង​ក្រុម​មនុស្ស​​​ហើយ​”។

រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​កាល​ពី​ម្សិលមិញ​ លោក​ ស ខេង​  រដ្ឋមន្ត្រី​ក្រសួង​មហា​​​ផ្ទៃ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ថ្លែងអំណរគុណ​ដល់អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានរក្សា​ភាព​ស្ងប់​ស្ងាត់​នៅ​ពេល​ការ​​​ធ្វើ​បាតុកម្ម​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ដែលនៅ​​​ពេលនោះ​​​មាន​អ្ន​ក​ចូលរួម​ប្រហែល​២០.០០០​​​នាក់​។

មុន​ពេល​ថ្លែង​អំណរ​គុណ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បានជួយ​ការ​ពារ​ក្រុម​មនុស្ស​ លោក​ ស ខេង​ បាន​មាន​ប្រសា​សន៍​ថា ​​​” គណៈកម្មាធិការ​សន្តិសុខ​អចិ​ន្ត្រៃយ៍​សម្រាប់​​​​​​ការ​បោះឆ្នោត​ក៏សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ដែល​បាន​ចូល​រួម​ធ្វើ​បាតុក​​​ម្ម​អហិង្សា​ផ្អែក​តាម​មូលដ្ឋាន​ច្បាប់​ ដែល​ធ្វើឲ្យ​អាជ្ញាធរ​បំពេញ​​​​ភារកិច្ច​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ និង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ការពារ​សន្តិ​សុខ​សាធារណៈ”​ ៕   

ប្រែសម្រួលដោយ សោម សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស