សិល្បការិនីខ្មែរ បូនីតា ដាដេណា បានអះអាងកាលពីម្សិលមិញថា នាងបានប្រកាសជាសាធារណៈនូវការគាំទ្ររបស់នាងចំពោះគណបក្សសង្គ្រោះជាតិ ដែលនេះជាទង្វើមួយដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ និងអាជីពរបស់នាង។
ជាសិល្បការិនីផ្នែកសម្តែងភាពយន្តខ្មែរ នាង ដាដេណា ត្រូវគេមើលឃើញជាលើកដំបូងនៅជាមួយគណបក្សសង្គ្រោះជាតិ កាល ពីថ្ងៃសៅរ៍ នៅឯទីកន្លែងធ្វើមហាបាតុកម្មរបស់គណបក្សនេះ ធ្វើឡើងនៅទីលានប្រជាធិបតេយ្យ។
សិល្បការិនី ដែលសម្តែងជាស្ត្រីម្នាក់ដែលតាមសងសឹកអ្នកចាប់រំលោភនាង នៅក្នុងខ្សែភាពយន្តថ្មីៗរបស់នាង គឺរឿង “ នាងអាប” នោះ បានស្ថិតនៅលើវេទិកា និងបានចែកបូ អមដោយពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិឲ្យដល់ក្រុមអ្នកគាំទ្រ ខណៈដែលនាងចងមួយខ្លួនឯង។
កាលពីថ្ងៃអង្គារ នាង ដាដេណា បានចូលរួមដំណើរជាមួយ លោក សម រង្ស៊ី ខណៈដែលលោកបានចុះទៅផ្សារអូរឫស្សីក្នុងរាជធានីភ្នំពេញ ដើម្បីស្វាគមន៍អ្នកគាំទ្រគណបក្សប្រឆាំង។ ក្នុងពេលដែលវត្តមានរបស់លោក សម រង្ស៊ី បានទាក់ទាញប្រជាជនរាប់ពាន់នាក់ទៅផ្សារនោះ នាង ដាដេណា ក៏បានទាក់ទាញចំណាប់អារម្មណ៍បានមួយចំណែកធំសម្រាប់ខ្លួនឯងផងដែរ។
សិល្បការិនីរូបនេះបានលើកឡើងតាមទូរស័ព្ទកាលពីម្សិលមិញថា នាងបានចូលរួមក្នុងបុព្វហេតុរបស់លោក សម រង្ស៊ី កាលពីថ្ងៃសុក្រ ពីព្រោះនាងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
នាងបានមានប្រសាសន៍ថា “ គាត់គឺជាជនគំរូម្នាក់នៅក្នុងចិត្តរបស់ខ្ញុំជាយូរមកហើយ។ គាត់បាននិងកំពុងតែតស៊ូពុះពារគ្រប់ពេលវេលាក្នុងការប្រកួតប្រជែងផ្នែកនយោបាយនេះ ដើម្បីប្រជាជន និងដើម្បីផលប្រយោជន៍ជាតិ។ នេះជាពេលដែលខ្ញុំត្រូវតែបញ្ចេញមតិ និងបង្ហាញប្រាប់ប្រជាពលរដ្ឋថា ខ្ញុំគាំទ្រគាត់”។
ខណៈដែលមនុស្សជាច្រើននៅក្នុងឧស្សាហកម្មសិល្បៈកម្សាន្តខ្មែរបានបង្ហាញការគាំទ្រជាសាធារណៈចំពោះគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ស្ទើរតែគ្មាននរណាម្នាក់សម្តែងការគាំទ្ររបស់ខ្លួនចំពោះគណបក្សសង្គ្រោះជាតិ តែបែរជា គណបក្សសង្គ្រោះជាតិ បានទទួលសំឡេងគាំទ្រយ៉ាងច្រើនក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
នាង ដាដេណា បានមានប្រសាសន៍ថា តាមរដ្ឋធម្មនុញ្ញនាងគួរតែអាចសម្តែងជាចំហនូវការពេញចិត្តខាងនយោបាយរបស់នាងដោយគ្មានការភ័យខ្លាច អំពីផលវិបាកផ្ទាល់ខ្លួន ឬអាជីពឡើយ។
នាងបានលើកឡើងបន្តថា “ រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់កម្ពុជាចូលជាធរមាន និងត្រូវបានអនុវត្តដ៏មានប្រសិទ្ធិភាពហើយនោះ មិនបានរារាំងសិល្បករ សិល្បការិនីទាំងឡាយមិនឲ្យចូលរួម និងគាំទ្របក្សប្រឆាំងទេ”។
លោក ឡោ ស៊ី ដែលជាតារាកំប្លែងដ៏ល្បី និងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ២០១១ក្នុងគ្រោះថ្នាក់ចរាចរតាមផ្លូវ។ មុនពេលបាត់បង់ជីវិត លោកបានបានលើកឡើងថា លោកបានជួបការលំបាកក្នុងការស្វែងរកការងារសម្តែងនៅតាមទូរទស្សន៍ បន្ទាប់ពីលោកបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ២០០៣ សម្រាប់គណបក្សរាជានិយម។
លោក ឡោ ស៊ី ដែលមានឈ្មោះពិតប្រាកដថា ប៉ុក ថារ៉េត បានចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយបានចេញលិខិតសុំទោសមួយច្បាប់ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយមក អាជីពរបស់គាត់ក៏មានសកម្មភាពឡើងវិញ។
កញ្ញា ទូច ស្រីនិច ដែលជាសិល្បការិនីគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ផ្សេងទៀតដែលត្រូវគេបាញ់ចំនួនបីគ្រាប់ ចេញពីចំណុចជិតនាង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៣។ តារាវ័យក្មេងរូបនេះកម្រើកលែងរួចដោយសាររបួសចំឆ្អឹងខ្នង ហើយម្តាយរបស់នាងបានស្លាប់នៅក្នុងហេតុការណ៍វាយប្រហារនោះ។ កញ្ញា ស្រីនិច ដែលគេជឿថា ត្រូវបានកំណត់ថា ជាគោលដៅមួយដោយសារតែនាងមានការពាក់ព័ន្ធនឹងរឿងនយោបាយ ហើយបន្ទាប់ពីសម្តែងចម្រៀងយុទ្ធនាការមួយចំនួនឲ្យគណបក្សរាជានិយម នាងត្រូវបានផ្តល់សិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
នាង ដាដេណា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមិនបារម្ភអំពីអាជីពរបស់ខ្ញុំទេ ក៏ប៉ុន្តែ ខ្ញុំបារម្ភតិចតួចអំពីសុវត្ថិភាពរបស់ខ្ញុំ”។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបងបានលើកឡើងថា មានសិល្បករ សិល្បការិនីជាច្រើន ដែលគាំទ្របក្សរបស់លោកស្រី ក៏ប៉ុន្តែ ពួកគេត្រូវរក្សានិន្នាការនយោបាយរបស់ខ្លួនជាសម្ងាត់ ដោយសារតែភ័យខ្លាច។
លោកស្រី សុខហួរ បានមានប្រសាសន៍ថា “ ហេតុផលមួយគឺថា ពួកគេនឹងបាត់បង់កិច្ចសន្យារបស់ខ្លួន [ជាមួយស្ថានីយទូរទស្សន៍] ហើយហេតុផលទី២ គឺដោយសារតែភ័យខ្លាច។ អ្នកដែលចង់រស់នៅក្រៅសេចក្តីភ័យខ្លាច ត្រូវបានកត់សម្គាល់។ ខ្ញុំចង់បញ្ឈប់វប្បធម៌នៃអំពើហិង្សានេះ”៕
(រាយការណ៍បន្ថែមដោយ Dene-Hern Chen)
ប្រែសម្រួលដោយ ចេវ ប៊ុននី