លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំងមិនបានចាប់ដៃស្វាគមន៍គ្នាទេ អំឡុងពេលទៅទទួល ព្រះរាជដំណើរយាងនិវត្តរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ពីប្រទេស ចិននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ ហើយនេះគឺ ជាលើកទី១ហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលគូប្រឆាំងនយោបាយ យូរអង្វែងទាំងពីររូបបានបង្ហាញខ្លួនរួមគ្នាជាសាធារណៈ។

ពេលមានការប៉ាន់ស្មានជាច្រើនថា ពួកគាត់ប្រហែលជាឆ្លៀតឱកាសនេះពិភាក្សាគ្នាពីការជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេសចាប់តាំងពីការបោះឆ្នោតជាតិពោរពេញដោយបញ្ហាកាលពីខែកក្កដា ដែលនៅក្នុងនោះ ទាំងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី កំពុងអះអាងថា បានឈ្នះរៀងៗខ្លួននោះ លោកទាំងពីរបានចាប់ព្រហស្តព្រះមហាក្សត្រដោយឡែកពីគ្នានៅអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ប៉ុន្តែ មិនបានចាប់អារម្មណ៍នឹងគ្នាទាល់តែសោះ។
ព្រះមហាក្សត្រយាងនិវត្តពីព្រះរាជដំណើរទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាមួយសម្តេចម៉ែ មុនីនាថ ។ពេលនេះព្រះអង្គគ្រោងកោះប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ចាប់តាំងពីការបោះឆ្នោតដែលមានការតវ៉ាយ៉ាងខ្លាំងនេះមក ហើយគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនេះ ប៉ុន្តែ លទ្ធផលត្រូវបានគណបក្សសង្គ្រោះជាតិច្រានចោល។
អំឡុងពេលជួបសន្ទនាគ្នាមួយភ្លែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា ព្រះមហាក្សត្របានអរគុណលោកចំពោះការមកទទួលព្រះអង្គ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ ព្រះអង្គបានមានព្រះរាជបន្ទូលអរគុណខ្ញុំ និងគណៈប្រតិភូដែលបានទៅទទួលព្រះអង្គ ហើយសម្តេចម៉ែ បានមានព្រះរាជបន្ទូលដូចគ្នានេះ។ មិនមានការភ្ញាក់ផ្អើលទេ”។
ហើយទោះបីជា លោក និងលោក ហ៊ុន សែន បានរងចាំព្រះរាជដំណើរយាងនិវត្តរបស់ព្រះមហាក្សត្រនៅក្នុងអគារវីអាយភីនៅអាកាសយានដ្ឋាននេះជាមួយគ្នាក៏ដោយ ក៏លោក សម រង្ស៊ី បានបដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថា លោក និងលោក ហ៊ុន សែន បានជួបគ្នាជាលក្ខណៈឯកជន។
មេដឹកនាំបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “ យើងបានមកទទួលព្រះអង្គដាច់ដោយឡែកពីគ្នា។ ខ្ញុំមិនចាប់អារម្មណ៍ថា មានភ្ញៀវណាខ្លះមកទទួលព្រះមហាក្សត្រទេ។
លោកស្រី មូរ សុខហួរ សមាជិកសភា គណបក្សប្រឆាំងដែលបានទៅទទួលព្រះរាជដំណើរយាងនិវត្តរបស់ព្រះមហាក្សត្រដែរនោះបានបដិសេធចំពោះពាក្យចចាមអារ៉ាមនេះ។ទោះបីជាលោក សម រង្ស៊ី បានគំរាមជាច្រើនសប្តាហ៍មកហើយថា នឹងធ្វើពហិការសម័យប្រជុំសភា ដោយសង្ឃឹមថា អាចជំរុញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតដែលលោកអះអាងថា បានប្លន់យកជ័យជម្នះពីគណបក្សសង្គ្រោះជាតិក៏ដោយ ក៏មេដឹកនាំគណបក្សប្រឆាំងរូបនេះបានលើកឡើងសាជាថ្មីកាលពីម្សិលមិញ នូវពាក្យសម្តីដែលលោកបានអះអាងកាលពីថ្ងៃអង្គារថា គណបក្សសង្គ្រោះជាតិនឹងពិចារណាក្នុងការចូលប្រជុំសភា ប្រសិនបើព្រះមហាក្សត្រ សីហមុនី ស្នើសុំដោយផ្ទាល់ឲ្យខ្លួនចូលរួមនោះ។
លោក សម រង្ស៊ី បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ យើងទាំងអស់គ្នាគោរពព្រះមហាក្សត្រ ដូច្នេះយើងនឹងរងចាំការកោះហៅរបស់ព្រះមហាក្សត្រ ហើយនឹងយកមកពិចារណា” ។លោកបានលើកឡើងមុននោះថា ព្រះមហាក្សត្រ សីហមុនី ប្រហែលជាអាចផ្តល់មូលហេតុសមហេតុផលក្នុងការកោះប្រជុំសភានេះ។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ឲ្យបានច្បាស់ទេកាលពីម្សិលមិញ នៅពេលទាក់ទងតាមទូរស័ព្ទ បន្ទាប់ពីការទទួលព្រះមហាក្សត្រនៅអាកាសយានដ្ឋាន។
លោកបានឲ្យដឹងថា “ អាចមានចំណុចផ្សេងទៀតដែលអាចជួយឲ្យយើងធ្វើសេចក្តីសម្រេចបានត្រឹមត្រូវ។ តើយើងអាចសន្មតដូចម្តេច បើសារលិខិតរបស់ព្រះមហាក្សត្រគ្រាន់តែលើកឡើងថា ខ្ញុំអញ្ជើញអស់លោកឲ្យមកចូលរួម?”។
ប្រសិនបើគណបក្សសង្គ្រោះជាតិពិតជាឈប់គំរាមធ្វើពហិការមិនចូលរដ្ឋសភាមុនពេលមានការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះមែននោះ វាមិនមែនជាលើកទី១ទេដែលគណបក្សនេះបានប្រើប្រាស់សេចក្តីប្រកាសពីព្រះមហាក្សត្រដើម្បីធ្វើជាហេតុផលក្នុងការផ្លាស់ប្តូរគោលនយោបាយ។
គណបក្សសង្គ្រោះជាតិបានជំរុញយ៉ាងខ្លាំងឲ្យមានមហាបាតុកម្មលើកដំបូងរបស់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែ ពួកគេបានបន្ថយបាតុកម្មនោះមកត្រឹមការបួងសួងសុំសន្តិភាពរយៈពេលមួយថ្ងៃវិញ ក្នុងរយៈពេលប្រាំថ្ងៃមុនពេលធ្វើបាតុកម្មនោះ ដោយលើកឡើងពីសារលិខិតរបស់ព្រះមហាក្សត្រ សីហមុនី ដែលអំពាវនាវឲ្យគណបក្សនយោបាយដោះស្រាយបញ្ហារបស់ខ្លួនតាមរយៈស្ថាប័នដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នានា”។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍កាលពីម្សិលមិញថា លោក សម រង្ស៊ី ប្រហែលជាកំពុងធ្វើការសាកល្បងដើម្បីចង់ដឹងថា តើអ្នកគាំទ្រនឹងយល់ព្រមឲ្យលោកទទួលយកតួនាទីជាគណបក្សប្រឆាំងដ៏រឹងមាំមួយនៅក្នុងរដ្ឋសភា ឬយ៉ាងណា។
លោកស្រីបានមានប្រសាសន៍ថា “ វាអាចជាលេសល្អមួយសម្រាប់អ្នកគាំទ្រលោក ពីព្រោះអ្នកគាំទ្រជាច្រើនមិនចង់ឲ្យលោកចូលប្រជុំសភាទេ។ លោក សម រង្ស៊ី បានប្រើគ្រប់មធ្យោបាយទាំងអស់រហូតមកទល់ពេលនេះ ហើយគ្មានដំណោះស្រាយល្អ និងគ្មានយុត្តិធម៌ទេ ដូច្នេះ លោកត្រូវរកវិធីឲ្យបានសមស្រប”។
លោកស្រីបានមានប្រសាសន៍បន្ថែមថា “ ដូចគាត់បានលើកឡើងហើយថា វាហួសពីការគោរពទៅទៀត។ ព្រះមហាក្សត្រគឺជាស្ថាប័នកំពូលនៅប្រទេសកម្ពុជា”។
លោក សម រង្ស៊ី បានធ្វើការគំរាមស្រដៀងគ្នានេះមិនចូលរួមបើកសម័យប្រជុំរដ្ឋសភា បន្ទាប់ពីគណបក្សប្រឆាំងបានចាញ់ឆ្នោតនៅឆ្នាំ២០០៨ដែលនៅពេលនោះក៏មានសេចក្តីរាយការណ៍ជាច្រើនផងដែរអំពីភាពមិនប្រក្រតីដែលកើតមាននៅថ្ងៃបោះឆ្នោត ហើយការបោះឆ្នោតពេលនោះមានការគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើន។
ទោះជាយ៉ាងណា ពេលនេះ លោក សម រង្ស៊ី ចាប់ផ្តើមឈប់គំរាមធ្វើពហិការមិនចូលរួមសម័យប្រជុំសភាលើកដំបូង ដែលលោកបានគំរាមជាច្រើនសប្តាហ៍មកនោះ។
គណបក្សដែលដាក់ឈ្មោះតាមឈ្មោះរបស់លោកនៅពេលនោះគឺ គណបក្ស សម រង្ស៊ី នៅទីបញ្ចប់បានចូលរួមសម័យប្រជុំសភាលើកដំបូង បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានសន្យាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដើម្បីបំពេញបំណងរបស់គណបក្សប្រឆាំងនេះ អំឡុងពេលចរចានៅនាទីចុងក្រោយដែលបានបញ្ចប់តែប៉ុន្មានម៉ោងតែប៉ុណ្ណោះមុនពេលស្បថចូលកាន់តំណែង។ ប៉ុន្តែ មួយខែក្រោយមក រដ្ឋសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាបានច្រានចោលសំណើធ្វើវិសោធនកម្មនោះ ដោយសារមិនមានសមាជិកសភាគ្រប់គ្រាន់ ដើម្បីគាំទ្រការធ្វើវិសោធនកម្មនោះ។
អ្នកវិភាគបានលើកឡើងកាលពីម្សិលមិញថា មានផលប្រយោជន៍តិចតួចណាស់សម្រាប់គណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សនេះសម្រេចចូលរួមសភាមុនពេលមានការស៊ើបអង្កេតភាពមិនប្រក្រតីឲ្យបាន ត្រឹមត្រូវ។
អ្នកវិភាគខ្លះក៏មានការសង្ស័យថា តើព្រះមហាក្សត្រ សីហមុនី នឹងកោះប្រជុំសភានៅថ្ងៃទី២៣ ខែកញ្ញា ដែរ ឬអត់ទេ បើគ្មានការចូលរួមពីគណបក្សប្រឆាំងដែលបានរួបរួមគ្នានេះ និងសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សនេះ។
គណបក្សប្រជាជនកម្ពុជាដែលឥឡូវនេះគ្រប់គ្រងអាសនៈរដ្ឋសភាចំនួន៦៨នោះបានអះអាងបន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាថា រដ្ឋសភាត្រូវបង្កើតឡើងតាមរដ្ឋធម្មនុញ្ញក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ឬឲ្យបានមុនថ្ងៃទី២៨ ខែកញ្ញា។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) បានមានប្រសាសន៍ថា គ្មានយន្តការអនុវត្ត ដើម្បីបើកសម័យប្រជុំសភាមុន៦០ថ្ងៃទេ។ ព្រះមហាក្សត្រ សីហមុនី អាចកោះប្រជុំសភាយឺតពេលបាន ប្រសិនបើព្រះអង្គសម្រេចថា មានហេតុផលត្រឹមត្រូវក្នុងការធ្វើដូច្នេះ។
លោកបានមានប្រសាសន៍ថា “ ព្រះមហាក្សត្រ សីហមុនី គឺជាអង្គកំពូល ដូច្នេះព្រះអង្គអាចសម្រេចមិនបើកសភានៅថ្ងៃទី២៣ ខែកញ្ញាបាន”។ លោកបានពន្យល់ថា ព្រះមហាក្សត្រអាចទុកពេលថែមទៀត ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជុំវិញលទ្ធផលបោះឆ្នោតនេះ។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា “ នៅក្នុងការបោះឆ្នោតលើកមុនៗវាមិនត្រឹមតែមានរយៈពេល៦០ថ្ងៃទេ វាមានរយៈពេលលើសពី៦០ថ្ងៃទៅទៀត”។
លោកបានមានប្រសាសន៍ថា “ បញ្ហាពិតប្រាកដនៅកម្ពុជា គឺសម្រាប់កិច្ចពិភាក្សានយោបាយ ដូច្នេះខ្ញុំសង្ឃឹមថា ព្រះមហាក្សត្រអាចផ្តល់ព្រះរាជតំរិះ និងកិច្ចពិភាក្សានយោបាយ ហើយរដ្ឋសភានឹងមិនបើកជាមួយតែសមាជិកគណបក្សប្រជាជនកម្ពុជា៦៨រូបនេះទេ”។
រដ្ឋសភាបានបង្កើតឡើងក្នុងរយៈពេល១២៨ថ្ងៃ បន្ទាប់ពីការបោះឆ្នោតនៅក្នុងឆ្នាំ១៩៩៣ និងបង្កើតឡើងក្នុងរយៈពេល៣៥៥ថ្ងៃ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០០៣ដែលនៅពេលនោះទាំងគណបក្សប្រជាជនកម្ពុជា និងសម័្ពន្ធអ្នកប្រជាធិបតេយ្យដែលបង្កើតឡើងរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី នៅពេលនោះ មិនបានទទួលអាសនៈរដ្ឋសភា២ភាគ៣ដែលត្រូវការជាចាំបាច់បង្កើតរដ្ឋាភិបាលបានទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា “ យើងមានបទពិសោធនេះក្នុងឆ្នាំ១៩៩៣ ១៩៩៨ និង២០០៣ ដែលមានបញ្ហាដូចគ្នានេះ”។
លោកបានមានប្រសាសន៍ថា ការបង្កើតរដ្ឋសភានៅក្នុងអាណត្តិនេះអាចពន្យារពេលស្រដៀងគ្នានេះឲ្យហួសពី៦០ថ្ងៃបានរហូតដល់មានការដោះស្រាយពីភាពមិនប្រក្រតីឲ្យបានពេញចិត្តសិន។
លោកបានមានប្រសាសន៍ថា “ ដូច្នេះ ពួកគេគួរតែចំណាយពេលថែមទៀតដើម្បីដោះស្រាយជម្លោះនេះ មិនត្រូវប្រញាប់ធ្វើតាមកាលកំណត់ដូចចែងក្នុងរដ្ឋធម្មនុញ្ញ ហើយបន្ទាប់មកមានជម្លោះកាន់តែច្រើននៅពេលដែលពួកគេចាប់ផ្តើមធ្វើការនៅក្នុងរដ្ឋសភានោះទេ”។
លោកបានបញ្ជាក់ថា ផលវិបាកក្នុងការមិនបង្កើតរដ្ឋសភាថ្មីក្នុងរយៈពេល៦០ថ្ងៃអាចមានតិចតួច បើប្រៀបធៀបទៅនឹងការបង្កើតរដ្ឋសភាថ្មីមុនពេលដោះស្រាយភាពមិនប្រក្រតីធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើគេមិនបង្កើតរដ្ឋសភាថ្មីទេ រដ្ឋសភាចាស់នឹងបន្ត ហើយរដ្ឋាភិបាលចាំផ្ទះក៏បន្តដែរ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការប៉ាន់ស្មានថា អាចមានការពន្យារពេលការបើកសម័យប្រជុំសភា។
លោកបានមានប្រសាសន៍ថា “ ព្រះមហាក្សត្រត្រូវតែធ្វើតាមកាលបរិច្ឆេទនេះ ពីព្រោះព្រះអង្គមិនលម្អៀង និងឯករាជ្យ។ គ្មាននរណាម្នាក់ដាក់សម្ពាធលើព្រះអង្គបានទេព្រោះក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប. បានដោះស្រាយភាពមិនប្រក្រតីទាំងនេះរួចអស់ហើយ”។
ប៉ុន្តែ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិមណ្ឌលព្រះសីហនុ និងជាអតីតជំនួយការរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានមានបន្ទូលថា ព្រះអង្គជឿថា ព្រះមហាក្សត្រទំនងជាកោះប្រជុំសភានៅថ្ងៃទី២៣ ខែកញ្ញា ទោះជាមាន ឬគ្មានគណបក្សសង្គ្រោះជាតិក៏ដោយ។
ព្រះអង្គម្ចាស់បានមានបន្ទូលថា “ នៅក្នុងប្រទេសកុម្មុយនីស្ត គ្រប់ស្ថាប័នទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្ស រឿងនេះច្បាស់ណាស់”។
លោក ខាលីល ថេយ័រ អ្នកជំនាញប្រចាំអាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីក្នុងទីក្រុងកង់បេរ៉ា បាននិយាយថា គណបក្សសង្គ្រោះជាតិគួរតែទទួលយកអាសនៈ៥៥ដែលខ្លួនទទួលបាននេះទៅតាមលទ្ធផលផ្លូវការដែល គ.ជ.ប. បានប្រកាស និងត្រូវធ្វើជាគណបក្សប្រឆាំង។
លោកបាននិយាយថា “ គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន នឹងមិនអនុញ្ញាតឲ្យបង្កើតគណៈកម្មការណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ច្បាប់របស់ខ្លួនទេ។ជម្រើសតែមួយគត់សម្រាប់គណបក្សប្រឆាំង គឺត្រូវបង្ហាញខ្លួនជារៀងរាល់ថ្ងៃ ដូចនៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ក្នុងនាមជារដ្ឋាភិបាលមួយទៀត”។
លោក ថេយ័រ បានបន្ថែមថា មិនដូចចលនាមហាជនប្រឆាំងដ៏ជោគជ័យដូចការតស៊ូដើម្បីឯករាជ្យរបស់ប្រទេសឥណ្ឌាពីចក្រភពអង់គ្លេសដែលដឹកនាំដោយមហាត្មៈ គន្ធី នោះទេ ការបន្តធ្វើបាតុកម្មនៅកម្ពុជាគ្មាននរណាម្នាក់សម្រាប់ឲ្យគេស្នើសុំដើម្បីសម្រេចការទាមទាររបស់ខ្លួនទេ។ “តើមាននរណាម្នាក់នៅក្នុងគណបក្សប្រជាជនកម្ពុជានឹងជំរុញឲ្យលោក ហ៊ុន សែន សម្របសម្រួលនោះ?”៕
ប្រែសម្រួលដោយ មូល គឹមហឿន