31 C
Phnom Penh

សហជីពសេរីកម្មករ​ស្នើ​សុំ​ឲ្យ​កម្មករ​កម្ម​ការិ​នី​ឈប់​សម្រាក​មួយ​សប្តាហ៍​ដើម្បី​ចូល​រួម​មហាបា​តុកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោ​ងតាម​លិខិត​មួយ​ច្បាប់​របស់​សហ​ជី​ព​សេរីកម្មករ​នៅ​សប្តាហ៍នេះ​បាន​ឲ្យ​ដឹង​ថា សហជីព​សេរី​កម្ម​ករ​បាន​ដាក់​សំណើទៅ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​សុំការ​អនុញ្ញាត​ឲ្យ​កម្ម​ករ​ កម្មការិនី​នៅទូទាំង​ប្រទេស ​ឈប់​សម្រាក​មួយ​សប្តាហ៍​ដើម្បី​ចូលរួម​ក្នុង​គម្រោង​ធ្វើ​បាតុ​កម្ម​របស់គណបក្ស​ប្រឆាំង​។

លិខិត​ដែល​ផ្ញើទៅ​សមាគមរោង​ចក្រ​កាត់​​​​ដេរ​នៅ​កម្ពុជា​ដែលចុះ​ហត្ថលេខា​ដោយ​​​​លោក ជា​ មុនី​ ប្រធាន​សហជី​ព​សេរី​កម្មករ​នេះ​​​​​​​បាន​ស្នើសុំ​ឲ្យ​រោង​ចក្រ​កាត់ដេរ​ផ្អាក​សង្វាក់​​​ផលិត​​កម្ម​ចាប់ពី​ថ្ងៃទី​១៥ខែ​កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា​។ បា​តុ​កម្ម​រយៈ​​​ពេល​បីថ្ងៃ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​​​​ធ្វើ​នៅ​​​ថ្ងៃទី​១៥ ១៦ និង​១៧ខែ​កញ្ញា​​​ខាង​​​មុខ​​​នេះ​​​។

លិខិត​​នេះ​មាន​ខ្លឹមសារ​ថា ” ក្នុង​ករណី​នេះ​ ឧស្សាហកម្ម​កាត់​ដេរ​ពឹងផ្អែក​លើ​កម្មករ​ ដែល​ជា​អ្នក​បោះឆ្នោត ហើយ​ជា​ទូទៅ ​ពេញ​​​ចិត្តគណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សារ​គណ​​​បក្ស​នេះ​មាន​គោល​នយោ​បាយ​ដែល​ផ្តោត​​លើ​ប្រាក់​ខែ​ខ្ពស់​នៅពេល​អនា​គត​”។

លិខិត​នេះ​បាន​លើក​ឡើង​ទៀត​ថា កម្មករ​​​​មួយ​ចំនួន​បារម្ភពីសុវត្ថិភាព​របស់ខ្លួន​ដោយ​សារ​តែ​ភាព​ទាល់​ច្រក​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​​របស់​ខ្លួន។

លិខិត​នេះ​មាន​ខ្លឹមសារ​ទៀត​​ថា ” ការ​រំជើបរំជួលនេះ​បាន​ធ្វើ​ឲ្យ​កម្ម​ករ​ កម្មការិនី​ភាគច្រើន​មាន​ភាព​អល់​អែក​រារែក​ក្នុងការ​បំពេញ​ការ​ងារ​ក្នុង​រោង​ចក្រ​សហគ្រាស​ ដោយ​​​​ខ្លះ​ត្រូវ​ឪពុក​ម្តាយ​ ឬ​ក្រុម​គ្រួសារ​ឲ្យ​វិល​ត្រឡប់ទៅ​ផ្ទះសំបែង​វិញដោយ​ខ្លាច​សង្គ្រាម។ ខ្លះទៀត​ប្តេជ្ញាចូលរួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ចំនួន​បីយប់បី​ថ្ងៃ​នា​ពេល​ខាងមុខ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​”។

ប៉ុន្តែ លោក វ៉ាន់ ស៊ូអៀង​ ប្រធាន​សមាគ​ម​​​​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​​មាន​ប្រសាសន៍​​​ ថា មិនមាន​ការ​បង្ហាញ​ថា​នឹង​មាន​អស្ថិរភាព​នៅក្នុង​ប្រទេស​នោះ​ទេ ហើយ​ថា សំណើ​​​របស់​សហជីព​សេរី​កម្មករ​នឹង​ប៉ះពាល់​អវិជ្ជ​​​មាន​ដល់​សង្វាក់​ផលិ​ត​កម្ម​របស់​ឧស្សាហកម្ម​នេះ។

លោក វ៉ាន់ ស៊ូអៀង​ ​មាន​ប្រសា​សន៍​ថា ​​​”យើង​មិន​អាច​ទទួលយក​សំណើ​នេះ​​​បាន​ទេ ពីព្រោះ​វាគ្មាន​​ហេតុផល​សម​​​រម្យ​​ ហើយ​វា​មិនមែន​ជា​ការ​ត្រឹម​ត្រូវ​ឡើយ​​​។ ខ្ញុំ​មិន​​​គិត ​​ថា នឹងមាន​អស្ថិរ​ភាព​នៅ​​​​កម្ពុជាទេ”។

​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រកាសពី​ជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា រីឯគណ​បក្ស​ប្រឆាំង​​​​វិញបាន​ត​វ៉ា​នឹង​លទ្ធ​ផល​នេះ ហើយ​បាន​រៀបចំធ្វើ​​​បាតុ​​​កម្ម​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​​ដោយ​ឯក​រាជ្យចំពោះ​​ការ​លួច​បន្លំ​​​នេះ។

មុនពេល​ធ្វើ​បា​តុកម្ម​កាលពី​សប្តា​ហ៍​មុន ទាហាន​និង​មន្ត្រីកង​រាជ​អាវុធ​ហត្ថ​រាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ ​តាម​គោល​ដៅ​​​​ជាច្រើន​ក្នុង​រាជធានី​ ដោយ​បាន​ឆែក​ឆេរ​យានយន្ត​ជាច្រើន​រក​អាវុធ និង​ជាតិផ្ទុះ​គ្រប់ប្រភេទ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ការ​ឆែកឆេរ​នេះ​គឺ​ជា​​គោល​បំណង​ដែល​​មិន​​អាច​បិទ​បាំង​បាន​​ដើម្បី​រារាំង​អ្នក​គាំទ្រ​របស់​ខ្លួន​មិន​ឲ្យចូលរួម​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍​ សប្តាហ៍មុន។

លោក ម៉ាន់ សេងហាក់ ទីប្រឹក្សា​សហ​ជីព​សេរី​កម្មករ​បាន​មាន​ប្រសាសន៍ថា  ​កម្ម​ករ​ កម្មការិនី​មាន​ការ​ព្រួយ​បារម្ភអំពី​​ការ​បង្កើន​សន្តិសុខ​នៅក្នុង​រាជ​ធានី​ភ្នំពេញ ព្រោះ​ប្រជា​ពល​រដ្ឋ​ជាច្រើន​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូលរាជធានី។
លោក​បានថ្លែង​​​ថា “យើង​ព្រួយ​​​​បារម្ភអំពី​សុវត្ថិភាព​របស់​កម្មករ​ កម្មការិនី​រោង​ចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា”៕   

ប្រែ​សម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស