មន្ត្រីបានឲ្យដឹងថា សត្វពាហនៈជាង២.០០០ក្បាលនៅក្នុងខេត្តស្វាយរៀងបានឆ្លងជំងឺអុតក្ដាមយ៉ាងធ្ងន់ធ្ងរ។
លោក ប៉ែន ចន្ធី ប្រធានមន្ទីរបសុសត្វនិងផលិតកម្មខេត្ត បានមានប្រសាសន៍ថា សត្វពាហនៈនៅក្នុងស្រុកចំនួនប្រាំមួយក្នុងខេត្តស្វាយរៀងបានធ្វើតេស្តវិជ្ជមានពីមេរោគដែលឆ្លង និងរាតត្បាតយ៉ាងងាយបំផុត។
លោក ចន្ថី បានមានប្រសាសន៍បន្តថា នៅចំកណ្ដាលស្រុកស្វាយជ្រំ បានរងការប៉ះពាល់ដោយសារជំងឺនេះធ្ងន់ជាងគេបំផុតដោយសត្វពាហនៈចំនួន១.៦៩០ក្បាលក្នុងចំណោម សត្វពាហនៈសរុបចំនួន២.១២១ក្បាលដែលបានធ្វើតេស្តនោះមានលទ្ធផលវិជ្ជមានចាប់តាំងពីខែកក្កដាមក ហើយសត្វពាហនៈចំនួន១៥ក្បាលបានងាប់ដោយសារជំងឺនេះក្នុងអំឡុងពេលកន្លងមក។
លោក ចេង សំអឿន ប្រធានការិយាល័យកសិកម្មស្រុកស្វាយជ្រុំ បានមានប្រសាសន៍ថា ក្នុងឃុំចំនួនប្រាំ នៃឃុំទាំង១៦ក្នុងស្រុកនេះ មានករណីឆ្លងជំងឺអុតក្ដាម។
លោក ចេង សំអឿន បានមានប្រសាសន៍បន្តថា “ យើងមិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការឆ្លងជំងឺនេះទេ។ បច្ចុប្បន្ននេះ យើងបានជម្រាបអ្នកភូមិតាមរយៈវិទ្យុ និងតាមខិត្តប័ណ្ណនានាអំពីការរីករាលដាលនៃជំងឺនេះ និង អំពីវិធីការពារសត្វពាហនៈរបស់ពួកគាត់រួចហើយ”។
លោកបន្តថាអាជ្ញាធរ និងមន្ត្រីមន្ទីរកសិកម្មខេត្តស្វាយរៀងកំពុងធ្វើការជាមួយគ្នាដើម្បីរកឲ្យឃើញថា តើគ្រួសារណាត្រូវការចាក់វ៉ាក់សាំងឲ្យសត្វពាហនៈរបស់ពួកគាត់ជាងគេបំផុត ដើម្បីផ្ដល់វ៉ាក់សាំងឲ្យពួកគាត់៕
ប្រែសម្រួលដោយ ឃិន ណៃ