38 C
Phnom Penh

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ឃាត់​រថយន្ត​ក្រុង​ពីរ​គ្រឿង​ដោយ​សង្ស័យ​ថា​ដឹក​កម្មករ​ចូលរួម​ក្នុង​​បាតុកម្ម​អហិង្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាន​ឲ្យ​ដឹង​ថា ​​កាលពី​ព្រឹក​ម្សិល​មិញ​នគរបាល​បាន​ឃាត់​រថយន្ត​ក្រុង​​​ពីរ​គ្រឿង​​​ដែល​​ដឹក​​​កម្មករ​កាត់​ដេរ​ចំនួន​ជាង​១០០​នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដោយសារ​មន្ត្រី​ទាំង​នោះ សង្ស័យ​ថា​ ពួក​គេ​កំពុង​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំ​ពេញ​​ដើម្បី​ចូលរួម​ក្នុង​​គម្រោង​បាតុកម្ម​អហិង្សា​រយៈពេល​បី​ថ្ងៃ​​របស់​គណ​បក្ស​ប្រឆាំង ដែល​នឹង​ចាប់​ផ្ដើម​នៅក្នុង​ថ្ងៃ​អាទិត្យ​នេះ​។

លោក ធុច​ រ៉ា នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​រតនៈ​បាន​មាន​ប្រ​សាសន៍​ថា​ ពួក​គេ​បាន​ឃាត់​កម្មករ​​កាត់​ដេរ​ទាំង​នោះ ខណៈ​ពេល​ពួក​គេ​​កំពុង​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ មីណេប៊ី ជប៉ុន​ នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​​រាជ​ធានី​ភ្នំពេញ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា “ យើង​បាន​ឃាត់​​កម្មករ​​នៅ​លើ​រថយន្ត​ក្រុង​ទាំង​ពីរ​នោះ​ ​ដោយ​សារ​ [ថ្នាក់​លើ​របស់​យើង​] មាន​ការ​ព្រួយ​​បារម្ភ​ថា ពួក​គេ​នឹង​ទៅ​ចូល​រួម​ធ្វើ​បាតុ​កម្ម​អហិង្សា​នៅ​រាជ​ធានី​ភ្នំ​ពេញ”។

នគរ​បាល​បាន​អនុញ្ញាត​ឲ្យ​រថ​យន្ត​ក្រុង​ទាំង​ពីរ​គ្រឿង​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត បន្ទាប់​ពី​ក្រុម​ហ៊ុន មីណេប៊ី បាន​ផ្តល់​ឯក​សារ​បញ្ជាក់​ពី​គោល​ដៅ​​ធ្វើ​ដំណើរ​របស់​កម្មករ​ទាំង​នោះ​​រួច​មក​។
លោក យឹង ម៉េងលី មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​បាត់​ដំបង​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​គួរ​ឃាត់​រថយន្ត​ក្រុង​ ឬ​អ្នកធ្វើ​​ដំណើរ​ដោយ​គ្មាន​មូល​ហេតុ​​នោះ​ទេ។

លោក​​បានមាន​ប្រសាសន៍​​បន្ថែមទៀត​ថា “ នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់​ ហើយ​វា​បាន​រំលោភ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ផង​ដែរ”៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស