28 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ប្តឹង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​មន្ត្រី​ជាន់ខ្ពស់គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គ.ជ.ប.) បី​រូប​​​​​ព្រម​ទាំង​គូកន​​​​របស់​​​ខ្លួន​​​​ពីបទ​ក្លែង​ឯក​សារ​សាធា​រណៈ​ដើម្បី​​​ធ្វើ​ឲ្យ​ប៉ះពាល់​​​​ដល់​​​លទ្ធ​​ផល​នៃ​ការ​បោះ​​ឆ្នោត​កាលពីថ្ងៃទី​២៨​ខែ​កក្កដា​ដែល​​ជា​ការ​លម្អៀង​ទៅ​រក​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ​គណ​បក្ស​​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ហើយ​កាល​ពី​រសៀល​​ថ្ងៃ​ពុធ​។ លោក យឹ​ម សុវណ្ណ​ បាន​មាន​​ប្រសា​សន៍​ថា គណបក្ស​សង្គ្រោះជាតិ​បានចោទ​ប្រកាន់​លោក​ អ៊ឹម សួស្តី ប្រធាន​គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ លោក​ ទេព នីថា អគ្គ​លេខាធិការ​ គ.ជ.ប. និង​លោក​ ហ៊ឺ​  រ៉ុង ប្រធាន​នាយក​ដ្ឋាន​ប្រតិបត្តិការ​នៃ គ.ជ.ប. ពីបទ​ក្លែង​​បន្លំ​ឯក​សារសាធារណៈ​ដើម្បី​ឲ្យគណ​បក្ស​ប្រជា​ជន​កម្ពុជា​​ឈ្នះ​ការ​បោះឆ្នោត​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសា​សន៍​ថា “មិន​ថា យើង​ចង់​​​ឬមិន​ចង់ឡើយ​ យើង​​ត្រូវ​តែ​ប្តឹង​ ពីព្រោះ​យើង​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ និង​សហគមន៍​អន្ត​រជាតិ​មើល​​ឃើញ​ថា សេចក្តី​​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​​ត្រឹម​ត្រូវ​ឡើយ​”។

ទាំង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​ គ.ជ.ប. បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​ជាច្រើន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​ពី​ភាព​មិន​ប្រក្រតី​ នៃការ​បោះឆ្នោត​ចាប់​តាំង​ពី​ថ្ងៃទី​២៨​​ខែ​កក្កដា​មក​។ រហូត​មក​ទល់​ពេល​នេះមាន​វិធាន​ការ​ដាក់ទោស​តែមួយ​គត់​ដែល​​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញបង្គាប់ឲ្យ​​ គ.ជ.ប. ស៊ើបអង្កេត​ និង​ពិន័យ​ដល់​មន្ត្រី​ក្នុង​មូលដ្ឋាន​ណា​ដែល​បិទ​​​ “កញ្ចប់​សុវត្ថិភាព ”ក””  មិន​បាន​ត្រឹម​ត្រូវ​ដែល​​នេះ​​​ជា​​​កញ្ចប់​​​​សម្រាប់​​​ដាក់​លទ្ធផល​​បោះ​ឆ្នោត​ផ្លូវ​ការ​តាម​ការិយាល័យ​បោះ​ឆ្នោត​​។

លោក យឹម​ សុវណ្ណ​ បាន​មាន​ប្រសា​សន៍​ថា “ប្រសិន​បើ​យើង​មិន​ប្តឹ​ង​ពួកគេ​ទេ យើង​មិន​អាច​ដឹង​ថា តើ​តុលាការ​នេះ​យុត្តិ​ធម៌​ ឬ​មិន​​យុត្តិធម៌​ឡើយ​​ ដូច្នេះ​យើង​ត្រូវ​តែ​ដាក់​ពាក្យ​បណ្តឹង​”។

តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​​​ការ​ប្រព្រឹត្ត្​អំពើ​ពុក​រលួយ​ និង​បម្រើ​គណបក្ស​​ប្រជាជន​កម្ពុជា​រ​បស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ។ គ.ជ.ប. និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​គេ​ចាត់​ទុក​ថាមាន​​​ការ​​​លម្អៀង​​​យ៉ាង​​​ខ្លាំង​​​​ទៅ​រក​គណបក្ស​កាន់​​អំណាច​។

លោក​ ជីវ កេង ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​​បាន​ទេ​កាល​ពីម្សិលមិញ​។

លោក​ ប្រាក់​ សាវុធ ក្រឡា​បញ្ជី​នៅ​ការិ​យា​ល័យ​ព្រះរាជអាជ្ញា​​បាន​មាន​ប្រសា​សន៍​ថា លោក​មិន​បាន​ដឹង​ពីពាក្យ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។
លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​ពួកគេ​​​ដាក់​ពាក្យ​បណ្តឹង​កាល​ពីថ្ងៃ​ទី​១១ ខែកញ្ញា ប្រហែល​ជា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទទួ​លបាន​ពាក្យ​បណ្តឹង​នោះ​ហើយ​”។

​ពេល​​​លើកឡើង​ពីពាក្យ​បណ្តឹង​នេះ លោក  អ៊ឹម  សួស្តី  ប្រធាន​ គ.ជ.ប. បាន​បដិ​សេធ​​ថា លោក​មិន​មាន​កំហុស​ក្នុង​ការ​រៀប​ចំការ​បោះ​ឆ្នោត​កាល​ពីថ្ងៃ​ទី​២៨​ ខែ​កក្កដា​ទេ។​​​​​

ទាំង​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​បាន​អះអាង​ថា ឈ្នះ​រៀង​ៗ​ខ្លួន​ចំពេល​ដែល​មាន​របាយការណ៍​ពីអ្នក​សង្កេត​ការណ៍​បោះឆ្នោត​អំពីភាព​មិន​ប្រក្រតី​ជា​ច្រើន​។

លោក​ អ៊ឹម សួស្តី បាន​មាន​ប្រសាសន៍​ថា “ជំហរ​របស់​យើង​ គឺថា យើង​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ ឬ​សម្រេច​អ្វី​ៗផ្អែកតាម​ច្បាប់​។ យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​”។
លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា ឥឡូវ​នេះ​លោក​ស៊ាំ​ទៅ​នឹង​បណ្តឹង​​មិន​ចេះ​ចប់​មិន​ចេះហើយ​ពី​គណបក្ស​ប្រឆាំង​ទៅ​​​ហើយ បន្ទាប់​ពីការ​បោះឆ្នោត​។
លោក​បាន​មាន​ប្រសាសន៍ថា “ពួក​គេ​តែង​តែ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​យើង​រហូត​។ យើង​គោរព​នីតិវិធី​របស់​តុលាការ​។ ប្រសិន​បើ​តុលាការ​កោះហៅ​យើង​ យើង​នឹង​ទៅ​ចូល​រួម​”៕

ប្រែសម្រួលដោយ សោម សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស