29 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​ជាតិ​នៅបន្ត​ផែន​ការ​​​​ធ្វើ​​​មហាបាតុកម្ម​​​​​​​​​រយៈ​ពេល​បី​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​​​ដឹង​​​​ថា ខ្លួន​នឹង​​​​បន្ត​​​​​​​ផែនការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​ ដែល​គណ​បក្ស​នេះ​ហៅ​ថា “ការ​អង្គុយ​​​ដោយ​​​ស្ងៀមស្ងាត់​​​” ទោះបី​​​​ជា​​​សាលា​រាជ​ធានី​ភ្នំ​ពេញ​​​​​​បាន​​​បដិសេធ​​​​​មិន​អនុ​ញ្ញាត​​​​ឲ្យ​​​មាន​​​​សកម្ម​ភាព​បែប​​​នេះ​​​ ដែល​គ្រោង​​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក៏​ដោយ។

ជំនាញ​ការ​ច្បាប់​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញថា ការ​ទទួល​​​​បាន​​​ការ​​​អនុញ្ញាត​​​​ជា​ផ្លូវ​ការ​​​​​​ដើម្បី​​​​ឲ្យ​​​បាតុកម្ម​​នេះ​​​​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​ស្រប​​​​ច្បាប់​​​​​​​​ គឺ​​​មិន​​​មែន​​​ជា​​​រឿង​​​​​ចាំ​បាច់​​​ទេ​​​​។

លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​លើក​ឡើង​​​ថា​​​ ក្នុង​​​​ក្របខណ្ឌ​​​ច្បាប់​​កម្ពុជា គ្មាន​​​ខ​​​​​​ណា​មួយ​​​​ដែល​​​តម្រូវ​​​ឲ្យ​​​អ្នក​រៀប​ចំ​ការ​តវ៉ា​ស្វះ​ស្វែង​​​​សុំ​​​​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ទេ ​ប៉ុន្តែ​​​​​​ត្រូវ​​​​បាន​​​តម្រូវ​ឲ្យ​ជូន​​​ដំណឹង​​​ទៅ​​​​អាជ្ញាធរ​យ៉ាង​​តិច​ប្រាំ​ថ្ងៃ មុន​ការ​​​ធ្វើ​​​សកម្ម​ភាព​ដែល​បាន​គ្រោង​ទុក​។

លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​​ថា “វា​មិន​មែន​ជា​ប្រព័ន្ធ​​​​ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​អនុញ្ញាត​​​ទេ។ វា​ជា​ប្រព័ន្ធ​​​​ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ជូន​ដំណឹង​។ ជា​ទូទៅ​ ចម្លើយ​របស់​អាជ្ញាធរ​ទទួល​បន្ទុក​​​​ គឺ​​​គួរ​តែ​​​​វិជ្ជមាន​​​រហូត​​​ហ្នឹង​​​​”។ លោក​បាន​បន្ថែម​ថា “អ្នក​អាច​រៀប​ចំ​ធ្វើ​​​បាតុកម្ម​​​នៅ​កន្លែង​ណា​ក៏​​​បាន​​​​ មាន​​​​មនុស្ស​​​​ចូល​រួម​​​​​​ប៉ុន្មាន​​​នាក់​​​ក៏​​​បាន​​​ ​នៅ​ពេល​ណា​ក៏​បាន និង​​​អំឡុង​​​ពេល​​​ណា​​​ក៏​​​បាន​​​​។ ​ប៉ុន្តែ ពិត​មែន​ហើយ ​អាជ្ញាធរ​អាច​ស្នើ​​​ឲ្យ​អ្នក​រៀប​ចំ​ធ្វើ​បាតុកម្ម​​​​​សហ​​ការ​​​​គ្នា​​​ជាមួយ​ខ្លួន​​​​ ដើម្បីធានា​ថា គ្មាន​ការ​​រំខាន​​​ និង​​​​ការ​​​កក​​​ស្ទះ​​​​ចរាចរណ៍​”។

ក្រោយ​​​កិច្ច​ប្រជុំជាមួយ​សមា​ជិក​គណ​បក្ស​​សង្គ្រោះ​ជាតិ​​​កាល​ពី​ថ្ងៃ​ពុធ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​​បញ្ជាក់​​​ថា អាជ្ញាធរ​​រាជ​ធានី​មិន​អាច​យល់​ព្រម​តាម​សំណើ​​​​មួយ​​​ចំនួន​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ដូចជា ​ការ​​​​សុំ​​​ឲ្យ​មាន​អ្នក​គាំ​ទ្រ​ចំនួន​៥.០០០​នាក់​ស្នាក់​​​​នៅ​​លើ​​​​ទីលាន​ប្រជាធិប​តេយ្យ​ រយៈ​ពេល​បី​ថ្ងៃ​ជាប់ៗ​​​គ្នា​​​បាន​ឡើយ។

កាល​ពី​ម្សិល​មិញ ​​​ឧត្តម​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​​​ថា តើ​ក្រសួង​​​​នេះ​​​នឹង​យល់​ព្រម​​​តាម​​​សំណើ​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ស្តី​​​ពី​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​នឹង​​​​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​ពួក​គេ​អះ​អាង​​​​​​ថា មាន​​​ការ​លួច​​​បន្លំ​​​​​ឬអត់​​​ទេ​​​។

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​ព្រមាន​​​តាម​​​រយៈ​​​​សេចក្តី​ជូន​​​ដំណឹង​​​​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​​ផ្តល់​ការ​គាំទ្រ​​​​ដល់​​​​​​ក្រុម​​​អ្នក​តវ៉ា​របស់​គណ​បក្ស​​សង្គ្រោះជាតិ​មិនថា ​​​ដោយ​​​ផ្ទាល់​​​​ឬក៏ដោយ​​​ប្រយោល​​​​ទេ​​​ គឺ​​​នឹង​​​ត្រូវ​​​បាន​​​សន្មតថា​​​ រំលោភ​​​​​​បំពាន​​​លើ​​​​កិច្ច​សន្យា​​​ស្តីពី​​​​ប្រតិបត្តិ​ការ​របស់​ខ្លួន។

គួរ​​​បញ្ជាក់​​​​​​ថា​​​ ច្បាប់​ស្តីពី​​​ការ​​​ធ្វើ​បាតុកម្ម​ដោយ​​សន្តិ​វិធី​​​ ដែល​​​មជ្ឈដ្ឋាន​​​ទូទៅ​​​​​​​​​បាន​​​​រិះ​គន់​​​​យ៉ាង​​​ខ្លាំង​​​នោះ​​​ចែង​ថា អាជ្ញា​ធរ​ពាក់​ព័ន្ធ​​​​ត្រូវ​តែ​ “ឆ្លើយ​តប​ដោយ​វិជ្ជ​មាន” រាល់​​​សំណើ​​​​ទាំងអស់​​​ លើកលែង​​​តែ​​​​ “មាន​​​​ព័ត៌​មាន​ច្បាស់​​ថា បាតុកម្ម​​​​ដែល​​​គេ​​​បាន​​​ស្នើ​​​នោះ​​​ អាច​បង្ក​ឲ្យ​មាន​​គ្រោះ​ថ្នាក់ ឬ​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ខ្លាំង​​​ដល់​​​​​​សន្តិ​​សុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ”។

ទោះបីជា​​​យ៉ាងណា​​​ លោក ធន សារ៉ាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​​ឡើង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ពុំ​​​មាន​​​​កាត្វ​កិច្ច​​ច្បាប់​ក្នុង​ការ​​​​សុំ​​​ការ​​​អនុញ្ញាត​​​​ជា​ផ្លូវ​ការ​សម្រាប់​​ការ​ធ្វើ​បាតុកម្ម​​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “នៅ​ពេល​​ពួក​គេ​ [សមាជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​] បាន​​​តាក់តែង​​​​ច្បាប់​ [ស្តីពី​​​ការ​​​ធ្វើ​បាតុ​កម្ម] ពួក​គេ​មិន​បាន​យក​​​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​​​​មក​​​ធ្វើ​​​ជា​ឯកសារ​​​​យោង​សំខាន់​​​ឡើយ​​​។ ជានិច្ច​កាល​​​​ ពួក​គេ​តែ​ង​តែ​បង្រួម​​​វិសាលភាព​​​នៃ​សេរី​ភាព​​​ដែល​មាន​​​ចែង​​​ក្នុង​​​​រដ្ឋ​ធម្ម​នុញ្ញ”។

គួរ​​​បញ្ជាក់​​​ផងដែរ​​​ថា​​​ រដ្ឋ​ធម្ម​នុញ្ញ​ចែង​ច្បាស់​​​​ថា “សិទ្ធិ​ធ្វើ​កូដកម្ម​ និង​​បាតុកម្ម​អហិង្សា​​ត្រូវ​អនុវត្ត​​តាម​ក្របខណ្ឌ​​​​ច្បាប់​”។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​របស់គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​​​​ថា គណ​បក្ស​នេះ​នឹង​ធ្វើ​​​បាតុកម្ម​​​តាម​​​ការ​​​គ្រោង​ទុក​ មិន​​​ថា ខ្លួន​​​ទទួល​បាន​ការ​អនុញ្ញាត​​​​​​​ឬអត់​​​​នោះ​​​ទេ។ លោកបាន​​​មាន​​​ប្រសាសន៍​​​​​​​បន្តថា “យើង​នឹង​តវ៉ា​ដើម្បី​សិទ្ធិ​របស់​យើង​ គឺ​​​សិទ្ធិ​ផ្អែក​លើ​រដ្ឋ​ធម្ម​នុញ្ញ មិន​មែន​​​​​​​លើ​ច្បាប់​មិន​ល្អ ដែល​​​តាក់​តែង​​​ឡើង​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឡើយ​​​”។

លោក សុក សំអឿន មេ​ធាវី​​​​ផ្នែក​​​សិទ្ធិ​មនុស្ស​​ដ៏​លេចធ្លោ និង​ជា​នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជាបាន​លើក​ឡើង​ថា តាមរយៈ​​​ការ​​​មិន​​​​​​​​អនុញ្ញាត​​ឲ្យ​​​គណ​បក្ស​ប្រឆំាង​​​​ធ្វើ​​បាតុកម្ម​​ សាលា​រាជ​ធានី​​​និង​ក្រសួង​​មហាផ្ទៃ​ ប្រហែល​​​ជា​​​ចង់​​​រក្សា​​សិទ្ធិ​របស់​​ខ្លួន​ក្នុង​ការ​បំបែក​ក្រុម​​​បាតុករ​​​ នៅពេល​​​​​សកម្ម​ភាព​របស់​ពួក​គេ​ត្រូវបាន​​​ចាត់ទុក​​​ថា​​​ ​ខុស​ច្បាប់​។

លោក​បានថ្លែងថា “ ប្រសិន​បើ​អាជ្ញា​ធរ​មូល​ដ្ឋាន​និយាយ​ថា ទេ ​អាជ្ញា​ធរ​ប្រហែល​ជា​​​អាច​ប្រើ​កម្លាំង​​បង្ក្រាប​។ នេះ​​​ជា​វិន័យ​​​​របស់​ពួក​គេ​ ​មិន​មែន​ជា​ផ្នែក​នៃ​រដ្ឋ​ធម្ម​នុញ្ញ ឬ​ច្បាប់​ពាក់​ព័ន្ធ​ឡើយ​​​” ដោយ​លោក​​​​បន្ថែម​ថា តាម​រយៈ​​​​ការ​ធ្វើ​បាតុក​ម្ម​​​​ដោយ​​​​​​គ្មាន​​​ការ​អនុ​ញ្ញាត​​​ជា​ផ្លូវ​ការ គណបក្ស​សង្គ្រោះ​​ជាតិ​នឹង​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​គោរព​ច្បាប់​របស់​ខ្លួន​​​ឯង​​​។

លោក​បាន​មាន​​​ប្រសាសន៍​​​ថា “ដើម្បី​សាក​​ល្បង​សេរីភាព​របស់​យើង​ ពេល​ខ្លះ​យើង​ត្រូវ​​តែ​ធ្វើការ​​​ទាម​ទារ​។ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​ សេរី​ភាព​​នឹង​ត្រូវ​​​គេ​កំហិត​​​​ជា​​​មិន​​​ខាន​​​ឡើយ​​​”៕

(រាយ​ការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)
ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស