28 C
Phnom Penh

ក្រុមប្រឹក្សាធម្មនុញ្ញ​ព្រមាន​ប្តឹង​អ្នក​រិះ​គន់​សេចក្តី​សម្រេច​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​មិន​យល់​ស្របនឹង​ការ​រិះគន់​កាន់​តែ​ច្រើន​ឡើងៗ​​ជាប់​ជានិច្ច​ចំពោះ​វិធី​ដែល​ខ្លួន​ដោះស្រាយ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ​ដែល​មាន​ការប្រកួត​ប្រជែង​ដ៏ជូរចត់​កាល​ពី​ខែកក្កដា​នោះ​ កាល​ពីម្សិល​មិញ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​គំរាម​​ប្តឹង​អ្នក​រិះគន់​ខ្លួន ​ ដោយ​​ព្រមាន​ថា អ្នក​រិះគន់​អាច​ប្រឈម​​​ទោស​ជាប់​ពន្ធនាគារ​ចំពោះការ​​បញ្ចេញ​​ទស្សន​រិះគន់​។

ការ​គំរាម​នេះ​កើ​តមាន​ឡើង​នៅ​ពេល​ដែល​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឯករាជ្យ​ និង​គណបក្ស​សង្គ្រោះជាតិ​​ដែល​បន្ត​តវ៉ា​ចំពោះ​ជ័យ​ជម្នះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៨​ខែកក្ក​ដា​នេះ​ បាន​រិះគន់​ម្តង​ហើយ​ ម្តង​ទៀត​ចំពោះ​ការ​ដោះស្រាយ​របស់​ក្រុម ​ប្រឹក្សា​​​​ធម្ម​នុញ្ញ​លើ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ដោយ​ចោទ​ស្ថាប័ន​នេះថា ធ្វើ​​​​តាម​​បង្គាប់​​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ។

ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាល​ពីម្សិល​មិញ​ និយា​យ​ការ​ពារ​ឯករាជភាព​របស់​ខ្លួន​ និង​បាន​លើក​ឡើង​ពី​​មាត្រា​មួយ​នៅ​ក្នុង​ច្បាប់​ស្តី​ពីការ​រៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​​ដែល​ចែង​ពី​ទោស​ជាប់​ពន្ធនាគារ​ចំពោះ​អ្នក​ដែល​មិន​គោរព​សេចក្តី​សម្រេច​របស់​ខ្លួន​។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​នោះ​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​​លើកឡើង​ពីសេចក្តី​សម្រេច​របស់​ខ្លួន​ថា “សុទ្ធ​សឹង​តែ​អនុ​ម័ត​ដោយ​សមូហភាព​ និង​មាន​សំឡេងឯក​ច្ឆន្ទ​នៃ​សមាជិក​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​ទាំង​មូល​ ហើយ​ជា​សេចក្តីសម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា​មាន​អានុ​ភាព​អនុ​វត្ត​ទៅ​លើ​អំណាច​ទាំង​​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​”។

ការ​គំរាម​ប្តឹង​នេះ​កើត​មាន​ឡើង​ភ្លាមៗ​បន្ទាប់​ពី​គណៈ​កម្មាធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌នៅ​កម្ពុជា (ខុម​ហ្វ្រែល​) បានរិះគន់​ចំៗ​​ចំពោះ​​លោក ឯក សំអុល​ ប្រធាន​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​មួ​យ​ចេញ​កាល​ពីថ្ងៃ​ពុធ ​ដែលខុម​ហ្វ្រែល​ បាន​លើក​​ឡើង​ថា តួនា​ទី​របស់​លោក​ ឯក សំអុល​ ក្នុង​នាម​ជា​អតីត​សមាជិក​សភា​នៅក្នុ​ងគណ​បក្ស​​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន​ សែន​ បាន​ធ្វើ​ឲ្យ​​ក្រុម​​ប្រឹក្សា​​ធម្ម​នុញ្ញ​​​ធ្វើ​សេចក្តី​សម្រេច​របស់​ខ្លួន​ដោយ​មិន​ឯក​រាជ្យ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​កាល​ពីម្សិលមិញ​នេះ លើក​ឡើង​ពី​មាត្រា​៣៦​នៃ​ច្បាប់​ស្តីពី​ការ​រៀបចំ​ក្រុម​ប្រឹក្សា​នេះ​ដែល​ចែងថា “ជន​ណា​ដែល​មិន​គោរព​​តាម​សេចក្តី​សម្រេច​របស់​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​ ​ ឬរារាំង​ដល់​កិច្ច​ប្រតិបត្តិការរបស់​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​  ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ដល់​មួយ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជាទឹក​ប្រាក់​ពី​១០០.០០០រៀល​ដល់​៦០០.០០០រៀល​  ឬ​ផ្តន្ទា​ ទោស​ណាមួយ​ក្នុង​ចំណោម​ទោស​ទាំង​ពីរ​”។

លោក​ ព្រហ្ម ញាណវិចិត្រ អ្នក​នាំពាក្យ​​ក្រុម​​​ប្រឹក្សា​​ធម្មនុញ្ញ​​​បាន​មាន​ប្រសាសន៍ថា សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​មិន​មាន​គោល​ដៅ​​ចំពោះ​ជន​ណា​ម្នាក់​ជាពិសេសនោះទេ​។ លោក​បានមាន​ប្រសាសន៍ថា “សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​មិន​មាន​គោល​ដៅ​ចំពោះ​គណៈកម្មាធិការ​ខុមហ្វ្រែល​ជាពិសេស​នោះ​ទេ​ ប៉ុន្តែ វា​អនុវត្ត​ចំពោះ​ជន​ណា​មួយ ឬ​ស្ថាប័ន​​ណាមួយ​ដែល​មិន​គោរ​ព​សេចក្តី​សម្រេច​​របស់​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​”។

នៅ​ពេល​ស្នើ​សុំ​​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​​លោក  ញាណ​វិចិត្រ​ បាន​មាន​​ប្រសាសន៍​​ថា  បុគ្គល​មាន​​សេរីភាព​ក្នុង​ការ​និយាយ​ថា​ ខ្លួន​មិន​យល់​ស្រប​តាម​សេចក្តី​សម្រេច​របស់​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍ថា ការ​សង្ស័យ​​អំពី​​ឯករាជភាព​របស់​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​​មិន​មែន​ជាការ​ត្រឹម​ត្រូវ​នោះទេ​។ លោក​បាន​ថ្លែង​ថា “ការ​​គោរព​​​​សេចក្តី​សម្រេច​របស់​ក្រុម​​ប្រឹក្សា​នេះ​​មិន​មាន​ន័យ​ថា គេ​​មិន​អាច​រិះគន់​សេចក្តី​សម្រេច​​នេះ​ថា ល្អ​ ឬ​អាក្រក់​​នោះ​ទេ​”។ “ប៉ុន្តែ ប្រសិន​បើ​នរណាម្នាក់​ចោទ​ថា សេចក្តីសម្រេច​របស់ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​មិន​ត្រឹម​ត្រូវ​ គ្មាន​ការ​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​ ឬ​ប្រកាន់​បក្ខ​ពួក​និយមនោះ​វាមិន​មែន​ជា​ការ​​រិះគន់​ត្រឹម​ត្រូវ​ទេ​ ប៉ុន្តែ គឺជាការ​មិន​គោរ​ព​ច្បាប់​។ វាជា​សេចក្តី​សម្រេច​បិទ​ផ្លូវ​តវ៉ា​ ដូច្នេះ​​គេ​ត្រូវ​តែ​ធ្វើ​តាម​សេចក្តីសម្រេច​នេះ​”។

មាន​ប្រតិកម្ម​ចំពោះ​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រុម​ប្រឹក្សានេះ លោក គល់​ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ខុមហ្វ្រែល​បាន​មាន​ប្រសាសន៍ថា លោក​ប្រាកដ​ក្នុង​ចិត្ត​ថា អង្គការ​របស់លោក​មិន​បាន​បំពាន​ច្បាប់​ទេ​ ហើយ​​មិនព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​ប្តឹង​នោះឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ​  ការ​​លើក​ឡើងអំពី​ការ​គោរព​សេចក្តី សម្រេច​​របស់​ក្រុម​ប្រឹក្សា​នេះ​ ដែល​​មាន​ចែង​នៅ​ក្នុង​​ច្បាប់​នេះ​​និយាយ​​​យ៉ាង​ច្បាស់​​តែ​អំពី​ការ​អនុ​វត្ត​ប៉ុណ្ណោះ មិន​និយាយអំពី​ការ​អត្ថា​ធិប្បាយ​ផ្ទាល់​មាត់​នោះទេ​។

លោក​បាន​មាន​ប្រសាសន៍ថា “​ខ្លឹមសារ​​នៃ​មាត្រា​នោះ​មាន​គោល​ដៅ​ចំពោះ​មនុស្ស​មាន​អំណាច​ដែល​មិន​គោរព​បទ​បញ្ជា​របស់​ក្រុម​ប្រឹក្សា​នេះ​”។ ​លោក​បាន​លើក​ឡើង​ថា “ឧទា​ហរណ៍​​​ថា ការ​មិន​គោរព​ និង​ការ​ជ្រៀត​ជ្រែក​មាន​ន័យ​ថា គណបក្ស​កាន់​អំណាច​​មិន​គោរពបទ​បញ្ជា​ ឬមិន​លះបង់​អំណាច​។​ នេះ​មាន​ន័យ​ថា គណ​បក្ស​នោះ​មិន​អនុវត្ត​សេចក្តីសម្រេច​​របស់​ក្រុមប្រឹក្សានេះ។ ប៉ុន្តែ ការ​រិះគន់​ និង​ការ​​ពិនិត្យ​សេចក្តីសម្រេចណាមួយ​ គឺជាសិទ្ធិ​​ក្នុង​ការ​បញ្ចេញ​មតិ​”។

ក្រៅពីមាន​ចម្ងល់​លើ​ឯករាជភាព​របស់​ក្រុម​ប្រឹក្សា​នេះ សេចក្តីថ្លែងការណ៍​របស់​ខុម​ហ្វ្រែល​ កាល​ពីថ្ងៃ​ពុធ​ ក៏បាន​ចោទ​​ក្រុម​​ប្រឹក្សា​​​​ធម្មនុញ្ញ​​ថា មិន​បាន​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ពាក្យ​បណ្តឹង​ដែល​បាន​ប្តឹង​ថា ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ក្នុង​ខេត្ត​កណ្តាល​បាន​បិទ​​មុន​ម៉ោង​កំណត់​នៅថ្ងៃ​បោះឆ្នោត ​និង​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ថា គេ​បាន​ប្រើ​ប្រាស់​រថ​យន្ត​របស់​រដ្ឋ​ដើម្បី​ដឹក​មន្ត្រី​ទៅ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​សៀម​រាប​។

​គណៈកម្មាធិការ​ខុមហ្វ្រែល​បាន​ចោទ​ក្រុម​​ប្រឹក្សា​​នេះថា ពិចារណា​តែ​របាយ​ការណ៍​​ដែល​ គ.ជ.ប. បញ្ជូន​ទៅ​ឲ្យខ្លួន​ ហើយ​របាយ​ការណ៍​នោះ​បាន​ច្រា​ន​ចោល​ពាក្យ​បណ្តឹង​ពី​លើក​មុន​ ហើយ​ក៏​រង​ការ​ចោទ​ប្រកាន់​​ថា ​ជា​បក្ខ​ពួក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ អ៊ឹម សួស្តី ប្រធាន​ គ.ជ.ប. គឺជា​អតីត​​​មេដឹកនាំយុវជន​របស់​គណបក្ស​ប្រជា​ជន​។ ​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​ចុង​ក្រោយ​ទាំង​អស់​ចំនួន​១៥​​បណ្តឹង​ដែល​គណ​បក្ស​សង្គ្រោះជាតិ​បាន​ប្តឹង​កាល​ពី​សប្តាហ៍​មុន​ ដោយ​បិទ​ផ្លូវ​​មិន​ឲ្យ​គណបក្ស​ប្រឆាំង​តវ៉ា​តាម​​ផ្លូវ​ច្បាប់​ដែល​មាន​ស្រាប់​ទាំង​​អស់ ​ចំពោះលទ្ធផល​នៃការ​បោះឆ្នោត​នេះ​។

ដូចគណៈកម្មាធិការ​ខុមហ្វ្រែល​ដែរ​នោះ​ គណបក្ស​សង្គ្រោះជាតិ​ក៏បានចោទ​ក្រុម​​ប្រឹក្សា​​​ធម្មនុញ្ញ​​ថា លម្អៀង​ទៅ​ខាង​គណបក្ស​កាន់​អំណាច​នៅ​ក្នុងដំណើរ​ការ​បោះឆ្នោតទាំង​មូល​​​ ដោយ​អះអាង​ថា ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​និង​គណ​បក្ស​ប្រជាជ​ន​កម្ពុជា ដែល​កាន់​អំណាច​​ គឺជា​មនុស្ស​តែមួយ។

លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា ការ​លើក​ឡើង​របស់​លោក​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​មិន​មែនជាការ​បំពាន​ច្បាប់​ទេ​ ហើយ​ថា  លោក​មិន​រំពឹង​ថា ​មាន​ការ​ប្តឹង​គណបក្ស​របស់​លោកឡើយ​។ ​លោក​បាន​មាន​ប្រសាសន៍​អំពី​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញថា “ពួកគេ​ចង់​គំរាម​​អ្នក​​និយាយ​រិះ​គន់​”។

លោ​ក យឹម​ សុវណ្ណ​ ​មាន​ប្រសាសន៍​បន្ថែម​​ដោយ​សំដៅ​ដល់​ប្រជាពល​រដ្ឋខ្មែរ​ជាង​២,៩​លាន​នាក់​ដែល​​បាន​បោះឆ្នោត​ជា​ផ្លូវការ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​កាល​ពីខែ​កក្កដា​ថា   “តើ​អាច​យក​ប្រជាពល​រដ្ឋ​ប្រហែល​៣លាន​នាក់​ទៅ​ដាក់​ពន្ធនាគារ​បាន​ទេ​?​ ផ្ទុយ​ទៅវិញ​ពួ​កគេ​គួរ​តែ​ព្រមាន​ខ្លួន​ឯង​ចំពោះ​ការ​ធ្វើ​សេចក្តីសម្រេច​ដែល​មិន​យុត្តិធម៌​នេះ​”។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​​រាជធានីភ្នំពេញ​ប្តឹង​មន្ត្រី​ គ.ជ.ប​. ជាន់ខ្ពស់​បីរូប​ និងគូកន​មួយ  ​ចំនួន​ទៀត​កាល​ពីថ្ងៃ​ពុធ​ ចោទ​ពួក​គេ​ពីបទ​ក្លែង​បន្លំ​ឯកសារ​បោះឆ្នោត​។

លោក​ យឹ​ម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ការ​ប្តឹង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​ពិត​ជា​អាច​​ធ្វើ​​បាន​​។ លោក​បាន​មាន​ប្រសាសន៍ថា “នេះ​គ្រាន់តែ​ជាជំហាន​ទី​១​ប៉ុណ្ណោះ​។​ យើង​រង់​ចាំមើល​សិន​”​៕

(រាយការណ៍​បន្ថែម​ដោយ​ Zsombor Peter)
ប្រែសម្រួលដោយ មូល គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស