កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា បុរសម្នាក់អាយុ២២ឆ្នាំ មានពិរុទ្ធភាពដោយសារបានកាប់អ្នករត់ម៉ូតូឌុបម្នាក់រហូតដល់ស្លាប់ និងផ្តន្ទាទោសជននេះដាក់ពន្ធនាគារអស់មួយជីវិត។
ចៅក្រមជំនុំជម្រះលោក ជា សុខឃាង មានប្រសាសន៍ថា “ តុលាការរកឃើញថា ជនសង្ស័យឈ្មោះ សុខ សម្ផស្ស មានពិរុទ្ធភាពពីបទមនុស្សឃាតគិតទុកជាមុន ហើយផ្តន្ទាទោសជននេះឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឲ្យបង់ប្រាក់សំណងចំនួន៥.០០០ដុល្លារដល់គ្រួសារជនរងគ្រោះ”។
លោក ជា សុខឃាង បន្តថា កាលពីខែកញ្ញា ឆ្នាំមុន ជនសង្ស័យ ឈ្មោះសុខ សម្ផស្ស បានសុំឲ្យជនរងគ្រោះឈ្មោះ ភាព ស៊ីណេត អាយុ២៥ឆ្នាំ ឌុបខ្លួនពីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលទៅកាន់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនៅទីនោះ ជនសង្ស័យ បានវាយប្រហារ ភាព ស៊ីណេត ដោយកាប់ជនរងគ្រោះត្រូវចំទ្រូង ពោះ ដោយកាំបិត ហើយប្លន់យកម៉ូតូជនរងគ្រោះតែម្ដង។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿ វន្នី ថ្លែងថា “ជនសង្ស័យឈ្មោះ សម្ផស្ស នេះបានកាប់ជនរងគ្រោះរហូតដល់ស្លាប់ ហើយបន្ទាប់មកបានទម្លាក់សាកសពជនរងគ្រោះទៅក្នុងស្រះទឹកមួយ”។ លោក សឿ វន្នី មានប្រសាសន៍បន្តថា ជនសង្ស័យបានអះអាងប្រាប់តុលាការក្នុងពេលបើកសវនាការថា ខ្លួនគ្មានកំហុសទេ ដោយថា មានជនមិនស្គាល់អត្តសញ្ញាណបីនាក់បាន
វាយប្រហារ ភាព ស៊ីណេត។
ជនសង្ស័យបន្តថា “ខ្ញុំមិនបានសម្លាប់ជនរងគ្រោះទេ គឺមានការវាយតប់គ្នាមួយ ហើយបន្ទាប់មកសាកសពរបស់ជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងស្រះទឹកមួយ”។
លោកស្រី ពង្ស យុកហៀប មេធាវីការពារជនសង្ស័យបានមានប្រសាសន៍ថា អ្នកស្រីអាចពិភាក្សាជាមួយជនសង្ស័យដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំង នឹងសាលក្រមនេះ៕
ប្រែសម្រួលដោយ ឃិន ណៃ