34 C
Phnom Penh

ក្រុម​អនាមិក​បានវាយប្រហារ​គេ​ហទំព័រ​របស់រដ្ឋាភិបាល​មួយចំនួន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ (Facebook) និង​ធ្វីត​ធឺ ​(Twitter) របស់​ក្រុម​អនាមិក​កម្ពុជា​​​(Anonymous Cambodia) បាន​ឲ្យ​ដឹងថា ក្រុម​អនាមិក​កម្ពុជា​ ជា​ក្រុម​វាយប្រហារ​តាម​អ៊ីន​ធើណិត​ក្នុង​ស្រុក បាន​អះ​​​​​​អាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំខាន​ដល់​គេហ​​​​ទំព័រ​របស់រដ្ឋា​​​ភិបាល​យ៉ាង​តិច​ចំនួន​បី​ ចាប់​​​តាំង​​​​ពី​ថ្ងៃ​សៅរ៍​មក ហើយ​បាន​ប្ដេជ្ញាថា​នឹង​វាយ​ប្រហារ​បន្ថែម​​ទៀត​ដើម្បី​​តវ៉ា​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​ដ៏​អយុត្តិធម៌​កាល​ពី​ខែ​កក្កដា។​​ ​​

ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​សៅរ៍​​​មក​​​ ក្រុម​​​វាយ​​​ប្រហារ​​​តាម​​​អ៊ីនធើណិតនេះ បាន​​​វាយ​​​ប្រហារ​​​គេហ​​​ទំព័រ​​​មួយ​​​ចំនួន​​​របស់​​​រដ្ឋាភិបាល​​​ ដូចជា គេហ​​​ទំព័រ​​​របស់​​​អង្គភាព​​​ ព័ត៌មាន​និង​​​ប្រតិកម្ម​​​រហ័ស​​​នៅ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី គេហ​​​ទំព័រ​​​របស់​​​​​​ក្រុម​​​​​​​​​​​​​​​​​​ប្រឹក្សា​​​កំណែ​​​ទម្រង់​​​ប្រព័ន្ធ​​​តុលាការ និង​​​ច្បាប់ និង​​​គេហទំព័រ​​​របស់​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​។​

ហើយ​​​មកទល់​​​នឹង​​​ល្ងាច​​​ម្សិលមិញមា​​​ន​​​តែ​​​គេហទំព័រ​​​របស់​​​អង្គភាព​​​ព័ត៌មាន​​​ និង​​​ប្រតិកម្ម​​​រហ័ស​​​តែ​​​ប៉ុណ្ណោះ​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យ​​​ដំណើ​​រ​​​ការ​​​ឡើង​​​វិញ​​​។
នៅ​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​នេះ​​​ ក្រុម​​​វាយ​​​ប្រហារ​​​​តាម​​​អ៊ីនធើណិតបាន​​​ធ្វើ​​​ឲ្យ​គេហ​​​ទំព័រ​​​ទាំងនេះ​​​មិន​​​ដំណើរ​​​ការ​​​ ​​​ដោយសារ​​​​​​ការ​​​វាយ​​​ប្រហារ​​​​​​​​​​អុក​​​ឡុក​​​​​​មួយ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា DDoS។

ក្រុម​​​អនាមិក​កម្ពុជា​​​​បាន​​​សរសេរ​​​​​​​​​នៅ​​​លើ​​​ទំព័រ​​​​​​ធ្វីតធឺ​​​របស់​​​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ថា “ក្រុម​អនា​មិក​កម្ពុជា​នឹង​​​វាយ​​​ប្រហា​​រ​​​​​​ទៅ​​​លើ​​​គេហ​ទំព័រ​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា ដើម្បី​​​តវ៉ា​​​ប្រឆាំង​​​​នឹង​​​ [ ការ​​​បោះឆ្នោត​​​ ] ដ៏​​​អយុត្តិធម៌”។ នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក និង​​​ធ្វីតធឺរបស់​​​ក្រុម​​​​​​​​​នេះ​​​មាន​​​បង្ហោះ​​​​​​​​​អំពីការ​​​វាយ​​​ប្រហារ​​​ទៅ​​​លើ​​​គេហទំព័រ​​​នីមួយៗ​របស់​​​រដ្ឋាភិបាល​​​ ដោយ​​​ប្រើ​​​អក្ស​​​ T គឺ​​​សំដៅទៅ​លើ​ពាក្យ​​​ Tango ជា​ពាក្យ​របស់​​​​​យោធា​​​អាមេរិក ដែល​​​សំដៅ​ទៅលើ​​​​​​គោល​​​ដៅ​​​នៃការ​​​វាយ​​​ប្រហារ​​​។

ក្រុម​​​អនាមិក​កម្ពុជា​នេះ​​​បាន​​​សរសេរ​​​នៅ​​​លើ​​​ទំព័រ​​​ធ្វីតធឺ​​​របស់​​​ខ្លួន​​​ថា “វាយ​​​ប្រហារ​​​បាន​សម្រេច​ហើយ” ដោយ​​​ភ្ជាប់​​​ពាក្យ​នេះ​ទៅ​នឹង​​​គេហ​ទំព័រ​​​ដែល​​​គ្មាន​​​ដំណើរ​​​ការ​​​របស់​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​។ នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ខ្លួន​​​​​​ក្រុម​​​អនា​មិក​កម្ពុជា​បាន​​​លើក​​​ឡើង​​​ថា សមា​​​ជិក​​​របស់​​​ខ្លួន​​​ក៏​​​បាន​​​វាយ​​​ប្រហារ​​​គេហ​​​ទំព័រ​​​របស់​​​ក្រុម​​​ប្រឹក្សាកំណែ​​​ទម្រង់​​​ប្រព័ន្ធ​​​តុលាការ​​​ និង​​​ច្បាប់ផង​​​ដែរ​​​ ដោយ​​​បង្ហាញ​​​ឈ្មោះ និង​​​លេខ​​​សម្ងាត់​កាលពី​​​ថ្ងៃ​​​សៅរ៍​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​វាយ​​​ប្រហារ​​​​គេហទំព័រ​​​អង្គភាព​​​ព័ត៌មាន​​​ និង​​​ប្រតិ​កម្ម​​​រហ័ស​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​ ម៉ោង​​​ប្រហែល​​​​៤ល្ងាច​​​។

កាលពីខែ​​​មុន​​​នៅ​​​ពេល​​​គេហ​​​ទំព័រ​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ត្រូវ​​​បាន​​​វាយ​​​ប្រហារ​​​ លោក ទេព នីថា អគ្គលេខាធិការ​​​ គ.ជ.ប. ​​​មាន​​​ប្រសាសន៍​​​ថា ស្ថាប័ន​​​របស់​​​លោកនឹង​​​ប្ដឹង​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ទំាង​​​នោះ​​​ ប៉ុន្តែ​​​​​​​ក្រោយ​​​មក​​​មិនបាន​​​ដាក់​​​ពាក្យ​​​បណ្ដឹ​​ង​​​ឡើយ។

ប្រទេ​​​សកម្ពុជា​​​សព្វ​​​ថ្ងៃ​​​គ្មាន​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធើណិត​ឡើយ​​ ប៉ុន្តែ​លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទី​ស្ដី​ការ​​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើ​ងថា កាល​ពី​ឆ្នាំ​មុន​រដ្ឋាភិបាល​​បាន​ព្រាង​ច្បាប់​​នេះ​រួច​ហើយ​ ដើម្បី​ផ្ដន្ទា​ទោស​ជន​វាយប្រហារ​តាម​អ៊ីនធើណិត​។

លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ច្បាប់​នេះ​គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​តាម​អ៊ីនធើណិត​។ វា​ប្រឆាំង​ទៅ​នឹង​នរណា​ដែល​វាយ​ប្រហារ​ ឬ​ក៏​រំខាន​ដល់​ទិន្នន័យ​ ឬ​ក៏​គេហទំព័រ​ទាំង​របស់​រដ្ឋាភិ​បាល​ និង​ឯក​ជន”។ រដ្ឋាភិបាល​នៅ​មិន​ទាន់​ចេញ​សេចក្ដី​ព្រាង​ច្បាប់​​នេះ​នៅ​ឡើយ​ទេ​ ហើយ​នៅ​ពេល​ត្រូវ​បាន​ស្នើសុំ​ច្បាប់​ចម្លង​កាល​ពី​ម្សិលមិញ  លោក ផៃ ស៊ីផាន​ បាន​លើក​ឡើង​ថា លោក​មិន​អាច​បញ្ចេញ​ច្បាប់​នេះ​បាន​ទេ​ ពីព្រោះ​ “វា​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋាភិបាល​”។ លោក​បាន​ថ្លែង​បន្ត​ថា “ច្បាប់​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​​រដ្ឋាភិបាល​អាណត្តិ​នេះ”។
អង្គការ​ក្រៅ​រដ្ឋាភិបាល​​មាន​ការ​សង្ស័យ​ចំពោះ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ ពីព្រោះ​រដ្ឋាភិ​បាល​​ទំនង​ជា​នឹង​ប្រើ​ច្បាប់​នេះ​ ដើម្បី​កំហិត​សេរី​ភាព​​នៃ​ការ​បញ្ចេញ​មតិ​តាម​អ៊ីនធើណិត​។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​បាន​លើក​ឡើង​ថា “សេរីភាព​​តាម​អីុន​ធើណិត​​នៅ​មិន​ទាន់​មាន​ការ​រឹត​បន្ដឹង​នៅ​ឡើ​យ​ទេ​នៅ​កម្ពុជា​ លើក​លែង​តែ​ប្រជា​ពល​រដ្ឋ​ ដែល​នៅ​​កន្លែង​គ្មាន​អីុនធើណិត​ប្រើ​ប្រាស់​ប៉ុណ្ណោះ​។ ប៉ុន្តែ​តាម​ប្រវត្តិ​កន្លង​មក​ពាក់​ព័ន្ធ​នឹងវិធាន​ការ​របស់​​​រដ្ឋាភិបាល​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ​ [ការ​បង្កើត​ច្បាប់​នេះ​] មិន​អាច​ជា​រឿង​ល្អ​នោះ​ទេ​​”។

លោក​ ម៉ាក រ៉ាស  (Mark Rasch) អតីត​រដ្ឋ​អាជ្ញា​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធើណិត​​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ឥឡូវ​ជា​មេ​ធាវី​​ជំនាញ​ខាង​កុំ​ព្យូទ័រ​ និង​​ការ​ប្រឆាំង​​បទ​ឧក្រិដ្ឋ​តាម​អីុនធើណិត​បាន​លើក​ឡើងថា ប្រទេស​ដែល​​គ្មាន​ច្បាប់​ប្រឆាំង​​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធើ​ណិត​​ជា​រឿយៗ​តែ​ងតែ​ផ្ដន្ទា​ទោស​ជន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដោយ​ប្រើ​ច្បាប់​ដែល​មាន​​ស្រាប់​។​ លោក​បាន​លើក​ឡើង​ថា “ដូច​ជា​ច្បាប់​ស្ដីពី​ការ​ឆបោក​​ លួច រំលោភសេចក្ដី​ទុក​ចិត្ត​ ឬ​ក៏​បំផ្លិច​បំផ្លាញ​ទ្រព្យ​សាធារណៈជាដើម​​”។

លោក​ ម៉ាស រ៉ាស បាន​លើក​ឡើង​ថា ការ​វាយ​ប្រហារ​​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អនា​មិក​កម្ពុជា​ ត្រូវ​បាន​ចាត់​ទុក​ថា ជាការ​វាយ​ប្រហារ​តាម​អ៊ីនធើណិត​ ដែល​ព្យាយាម​ឲ្យ​សាធារណ​ជន​​ដឹង​ឮ​ពី​បញ្ហា​នយោបាយ​​ ហើយ​គេ​មិន​ខ្វល់​​ថា ច្បាប់​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធើ​ណិត​នេះ​ចែង​យ៉ាង​ណា​នោះ​ទេ​ គឺ​វា​អាស្រ័យ​ទៅ​​លើ​ថា តើ​យើង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យ៉ាង​ដូច​ម្ដេច​តែ​ប៉ុណ្ណោះ​។

លោក​បាន​លើក​ឡើ​ងថា “ នៅ​ពេល​យើង​​មាន​ការ​វាយ​ប្រហារ​នៅ​តាម​អ៊ីនធើ​ណិត​ដូចជា​ការ​តវ៉ា​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​នយោ​បាយ​​ជា​ដើម​ បញ្ហា​នេះ​វា​មិន​ពាក់​ព័ន្ធ​នឹង​ច្បាប់​ដែល​បាន​ចែង​នោះ​ទេ​ គឺ​វា​អាស្រ័យ​ទៅ​លើ​ថា តើ​យើង​អនុវត្ត​ច្បាប់​នោះ​យ៉ាង​ដូចម្ដេច​។ យើង​ត្រូវ​តែ​បង្កើត​ច្បាប់​ប្រឆាំង​​ឧក្រិដ្ឋកម្មតាម​អីុនធើណិត​ឲ្យ​បាន​ល្អ​ ហើយ​ត្រូវ​តែ​អនុវត្ត​វា​ឲ្យ​បាន​​ត្រឹម​ត្រូវ​។ ច្បាប់​ទាំង​នេះ​វា​ប្រហែល​ជា​អនុវត្ត​តែ​ទៅ​លើ​អ្នក​​ប្រឆាំង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​”។
នៅ​ក្នុង​ប្រទេស​កម្ពុជាមិន​ទាន់​មាន​នរណា​ម្នាក់​​ត្រូវ​បាន​កាត់​ទោស​​​នៅ​ឡើយ​ទេ​​​ពាក់​ព័ន្ធ​នឹង​​​បញ្ហា​នេះ​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស