28 C
Phnom Penh

គណ​បក្ស​​កាន់​អំណាច​នឹង​ផ្លាស់ប្តូររដ្ឋ​មន្ត្រី ​មុន​ការ​បើក​សម័យ​ប្រជុំ​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជាម យៀប សមាជិក​ជាន់​ខ្ពស់​​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា បានឲ្យ​​​ដឹង​​​​កាល​ពី​ម្សិល​មិញ​ថា ការ​រុះ​រើ​​គណៈ​​​រដ្ឋ​មន្ត្រី​នឹង​ត្រូវ​បាន​​​សម្រេច​នៅ​សប្តាហ៍​ក្រោយ​នេះ​មុន​ការ​​​បើក​​​​សម័យ​ប្រជុំ​សភា​តាម​​​ការ​​​គ្រោង​​ទុក​​​​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។

លោក ជាម យៀប បាន​បញ្ជាក់​ថា​​ គណ​បក្ស​កំពុង​​​កាន់​អំណាច​នេះ​នឹង​ផ្លាស់​ប្តូរ​​​រដ្ឋ​មន្ត្រី​​​មួយ​​​ចំនួន​​​ ប៉ុន្តែ​​​​​​​ថា គណបក្ស​​​នេះ​​​មិន​ទាន់​​​​បាន​​​សម្រេច​ថា តើ​នរណា​នឹង​បាត់បង់​តួ​នាទី​ និង​​ទទួល​​​បាន​​​​តួនាទី​ថ្មី​​​ឡើយ​​​។ លោក​បានថ្លែ​ង​​ថា “រដ្ឋ​មន្ត្រី​​​​មួយ​​​ចំនួន​​​នឹង​​​ត្រូវបាន​​​ផ្លាស់​ប្តូរ ប៉ុន្តែ ខ្ញុំ​​​​នៅ​​​មិន​​​ទាន់​​​​ដឹង​ថា តើ​រដ្ឋ​មន្ត្រី​​មួយណា​​​​​នឹង​​​ត្រូវ​​​បាន​​​​ប្តូរ​​ទេ។ រឿង​​​​នេះ​​​នឹង​ដឹង​ច្បាស់​​​នៅ​អំឡុង​សប្តាហ៍​ក្រោយ​​​​”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បានឲ្យ​​​ដឹង​​​ថា លោក​ក៏​មិន​ទាន់​​​ដឹង​ច្បាស់​ដែរថា តើ​​​​​​រដ្ឋ​មន្ត្រី​​​ណា​ខ្លះ​​​​​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​​​​នឹង​​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​ ឬ​​​ថា តើ​អាច​នឹង​​​មាន​​​ការ​​​​ដំឡើងឋា​នៈរបស់​​​សមា​ជិក​វ័យ​ក្មេង​​​មួយ​​​ចំនួន​​​​របស់​​​គណ​បក្ស​កាន់​អំណាច​​​ឬ​​​យ៉ាងណា​​​​​​នោះទេ។ លោក​បាន​​​មាន​​​ប្រសាសន៍​​​​ថា “មាន​តែ​នាយក​រដ្ឋ​មន្ត្រី​ប៉ុណ្ណោះ​​​ ដែល​អាច​ជ្រើស​រើស​​​​​អ្នកណា​​​ម្នាក់​​​មក​​​ធ្វើ​​​ជា​រដ្ឋ​មន្ត្រី ដូច្នេះ​សម្រាប់​ពេល​នេះ​ គ្មាន​អ្នក​ណា​ដឹង​​​ទេ​​​។​ មាន​​តែ​លោក​​នាយក​រដ្ឋ​មន្ត្រី​ និង​លោក សាយ ឈុំ [អគ្គ​លេខា​​​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា]​​​ប៉ុណ្ណោះ​​​ដែល​​​អាច​​​ដឹង”។

ទោះជា​យ៉ាង​ណា​ លោក ផៃ ស៊ីផាន បាន​​បញ្ជាក់​​ថា សេចក្តី​ប្រកាស​ផ្លូវ​ការ​អំពី​ការផ្លស់ប្តូរ​រដ្ឋ​មន្ត្រី​​ប្រហែល​​​ជា​​​មិន​​​ចេញ​​​​ផ្សាយ​​​​ទេ គឺ​​​រហូត​ទាល់តែ​​​​រដ្ឋ​សភា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពិត​ប្រាកដ​។ លោក​បាន​ថ្លែង​ថា “នៅ​ថ្ងៃ​ទី​២៣ ឬ​២៤ [ខែកញ្ញា] អ្នក​នឹង​បាន​​​ដឹង​ហើយ”។

កាល​ពី​ថ្ងៃ​ច័ន្ទ មាន​ការ​ប្រកាស​ថា រដ្ឋ​មន្ត្រី​​ចំនួន​១៤​រូប ក្នុង​ចំណោម​រដ្ឋ​មន្ត្រី​ទាំង​​​២៦​រូប របស់​រដ្ឋា​ភិបាល​ ស្ថិត​នៅ​ក្នុង​ចំណោម​សមា​ជិក​សភា​គណ​បក្ស​ប្រជាជន​​​​មួយក្រុម​ដែល​លាលែង​​​​ពី​តួនាទី​​ជា​សមាជិក​សភា​​ ដើម្បី​​​​​បើក​​​​ផ្លូវ​​​ឲ្យ​​​បេក្ខជន​​​តំណាងរាស្ត្រ​​​​​​ដែល​​​ស្ថិត​​​នៅ​​​លេខ​​​​រៀង​​​ក្រោម​​​គេ​​​​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​បេក្ខជន​​​។

ក្រុម​នេះ​​​រួម​មាន​លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម​ លោក ខៀវ កាញា​រីទ្ធ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក អង្គ វង្សវឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ និង​លោក ជា​ សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ។ គណ​បក្ស​ប្រឆាំង​​ដែល​​​​​​ទទួល​​បា​ន​សំឡេង​​ឆ្នោត​យ៉ាងច្រើន​​​​​​ក្នុង​ការ​បោះ​ឆ្នោត ​កាលពី​​​ថ្ងៃ​ទី​២៨ ខែកក្កដា បាន​ដណ្តើម​​​​​​​យក​អាសនៈ​សភាជា​ច្រើន​ពីបក្ស​ប្រជា​ជន​កម្ពុជា​ ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​គណបក្ស​នេះ​បង្ខំ​​​ចិត្ត​​​បែង​ចែក​​​​អាសនៈ​​​​​​សភា​​​​​​ឡើង​វិញ​​​សម្រាប់​​​​សមាជិក​របស់​ខ្លួន។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​​​នៃ​​​គណៈ​​កម្មា​ធិការ​​​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅកម្ពុជា បាន​លើកឡើង​​​​ថា ការ​រុះរើ​​​រដ្ឋ​មន្ត្រី ឬ​សូម្បី​​​តែ​​​ការ​ដំឡើង​ឋានៈ​​​​របស់​​​នរណា​​​ម្នាក់​​​ គួរ​តែ​ធ្វើ​ឡើង​​​ដោយ​​​ផ្អែក​​​លើ​​​​គុណ​សម្បត្តិ ​​កុំ​​​ឲ្យ​​​គេ​​​មើលឃើញ​​​ថា ធ្វើ​​​ឡើង​​​​ផ្អែក​​​លើ​​​បក្សពួក​​​និយម​​​​​។ លោកបាន​សួរថា “តម្លា​ភាព​មាន​សារៈ​សំខាន់​ណាស់​។ តើ​ [ការ​​​តែងតាំង​​​រដ្ឋ​មន្ត្រី​]​​​ជំនាន់​​​ថ្មីនេះ​​ផ្អែក​លើ​អ្វី​​​ខ្លះ​​​?”។

លោក​បាន​បន្ថែម​ថា រដ្ឋា​ភិបាលក៏​​​​គួរ​តែ​ពិចារណា​ពី​ការ​កាត់​បន្ថយ​ចំនួន​រដ្ឋ​មន្ត្រី​ក្នុង​ការ​រុះ​រើ​នេះផង​ដែរ។ លោក​បាន​​​​​​​​​មាន​​​ប្រសា​សន៍​​​​ថា “ចំនួន​មន្ត្រី​ ដូចជា រដ្ឋ​មន្ត្រី និង​​​រដ្ឋ​លេខា​ធិការ​​​ជាដើម​​​ គឺ​​​វា​​​​​​​​​ច្រើនពេក​​​​ស្រាប់​​​ទៅ​​​​ហើយ។ប្រសិទ្ធភាព​នៃ​ការ​​​គ្រប់គ្រង​​​​រដ្ឋា​ភិបាល​​ថ្មី​ក៏​មាន​សារៈ​សំខាន់​​​ណាស់​​​​ដែរ។ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​ ​បន្ទុក​​លើ​អ្នក​បង់​ពន្ធ​គឺ​ធ្ងន់​​​​​​ណាស់ ​មិន​​​អាចបង់​​​ពន្ធ​​​​​​​ឲ្យ​​​មន្ត្រី​​​ទាំង​​​នោះ​​​​រស់​នៅ​ក្នុង​​​ជីវភាព​ហ៊ឺហា​ ] លើ​​​គំនរ​​​ទុក្ខ​​​របស់​​​ពួកគេ​​​]​​​ បាន​​​ទេ​​​​”៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស