31 C
Phnom Penh

​ស្ត្រី​កម្ពុជា សម្តែង​​​ការ​​​ស្រងាក​​​ចិត្ត​​​ចំពោះ​​​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី ស្រប​​​​​​​​​ពេល​​​ផ្ទុះករណីរំលោភ​​​មួយ​​​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​ក្នុង​ក្រុង​បាត់​ដំបង​កាល​ពី​ថ្ងៃ​ពុធ ​អ្នក​ស្រី​​ ហេន ភឿន អាយុ​៥៨​ឆ្នាំ​ បាន​​ប្ដឹង​​ប្តីរបស់​ខ្លួន​​​​​​ទៅ​នគរបាល​ បន្ទាប់​ពី​កូន​ស្រី​​វ័យ​១២​ឆ្នាំ​របស់​គាត់​បាន​លាត​ត្រដាង​ថា ឪពុក​ចុ​ង​របស់​​​​នាង​​បាន​រំលោភ​​​នាង។

លោក រ៉ាយ សារ៉ាន់ មេភូមិ​​​របស់​​​ពួកគេ​​​នៅ​​​ក្នុង​​​ឃុំ​​​វត្តគោ ​​​​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា ក្មេង​​​​​​​​​​​​​​​​ស្រី​រូប​នេះ​និយាយ​ថា បុរសឈ្មោះ​ ស៊ាន ញូ អាយុ​៥៤​ឆ្នាំ​ដែល​ត្រូវ​ជា​ឪពុក​ចុង​របស់​នាង​ បាន​ចាប់​រំលោភ​នាង​បី​ដង​ ហើយ​បាន​គំរាម​សម្លាប់​​​​​​​នាង​​ចោល​ ប្រសិន​បើ​នាង​​ប្រាប់​នរណា​ម្នាក់​អំពី​រឿង​នេះ​ ប៉ុន្តែ​នៅ​ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឪពុក​ចុង​រូប​នេះ​​​​​​​​​​​ចាប់​រំលោភ​នាង​​លើក​ចុង​ក្រោយ​​កាល​ពីថ្ងៃ​ពុធ​ នាងមា​ន​សេចក្ដី​ក្លាហានហ៊ាន​​​​​ប្រាប់​ម្ដាយ​​​​​​​របស់​ខ្លួន​​​។​

សេចក្ដី​រាយការណ៍​អំពី​ការ​ចាប់​រំលោភ​​នេះ​​កើត​មាន​ឡើង​ក្នុង​សប្ដាហ៍​តែ​មួយ​​ស្រប​ពេល​ដែល​អង្គការ​សហប្រជាជាតិ​បាន​បញ្ចេញ​​​​​​​របាយការណ៍​​មួយ​ស្ដី​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​លាត​ត្រដាង​ថា ម្នាក់​​ក្នុង​ចំណោម​បុរស​​​ប្រាំ​នាក់​ធ្លាប់​ចាប់​រំលោភ ដោយ​ជា​ច្រើន​នាក់​​​​​​​​ក្នុង​ចំណោមបុរស​ទាំង​នោះ​​មាន​អាយុ​តិច​​ពេល​ពួក​គេ​ចាប់​រំលោភ​​ជា​លើក​​ដំបូង​។​

ប្ដី​របស់​អ្នក​ស្រី​ ហេន ភឿន​ បាន​រត់​គេច​ខ្លួន​​មុន​ពេល​ប៉ូលិសចាប់​ខ្លួន​បាន​ ប៉ុន្តែ​​ការ​​​ដែលគាត់​​​ប្តឹងបុរស​រូប​នេះ​​មិន​ឆ្លុះ​បញ្ចាំង​ពី​ចរិយាឬឥរិយាបថ​របស់​ស្ត្រី​កម្ពុជា​​​ទូទៅ​ទេ​។ ទោះ​បី​ជា​​របាយការណ៍​នេះ​​មិន​បញ្ជាក់​​ពី​អាយុ​របស់​ជន​រងគ្រោះ​ក៏​ដោយ​ ក៏​វា​បាន​​លាត​ត្រដាង​ដល់​ស្ត្រី​រាប់​រយ​នាក់​ ដែល​ត្រូវ​បាន​ស្ទង់​មតិ​​ពាក់​ព័ន្ធ​នឹង​ទស្សន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​​​គិត​​​​ថាអំពើ​ហិង្សា​គួរ​តែ​អត់​ឱនឲ្យ​ដើម្បី​គ្រួសារ​ និង​ដែល​ថាអំពើ​ហិង្សា​ផ្លូវ​ភេទ​មិន​មែន​ជា​ការ​ចាប់​រំលោភ ប្រសិន​បើ​ពួក​គេ​មិន​តប​ត​វិញ​ទេ​នោះ​ ជា​ទស្សន​មួយ​ដែល​ស្ត្រី​ជា​អ្នក​ឆ្លើយ​៨៧​ភាគ​រយ​​យល់​ឃើញ​ដូច្នេះ​។

នៅ​កែង​​ផ្លូវ​មួយ​ក្នុង​ខណ្ឌ​ដូនពេញ​កាល​ពី​ម្សិលមិញ​​ អ្នក​ស្រី​ ស៊ុម​ ថាល់ អាយុ៤៦​​​ឆ្នាំ​​​រស់​​​នៅ​ក្នុង​​​ខេត្ត​កំពត​ ដែល​មក​រាជធានី​ភ្នំពេញ​​១០​ថ្ងៃ​ក្នុង​​មួយ​ខែដើម្បី​​លក់​​​ដូរបន្តិច​​​បន្តួច​​​នោះ​​​​និយាយ​ថា គាត់​មាន​សំណាង​ណាស់​​​ដែល​ប្ដី​របស់​គាត់​ជា​មនុស្ស​ល្អ​ ប៉ុន្តែ​នៅ​តាម​សហ​គមន៍ជន​បទ​ដូច​ជា​សហគមន៍​របស់​គាត់​​ជា​ដើម​ ស្ត្រី​ជា​ច្រើន​​​រង​ការ​រំលោភ​បំពាន​ ហើយ​យល់​ថា​ ខ្លួន​ឯង​គ្មាន​ឥទ្ធិពល​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ឡើយ​​​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​។

អ្នក​ស្រី​បាន​និយាយ​ថា “ស្ត្រី​នៅ​ក្នុង​សង្គម​​កម្ពុជា​​គិត​ថា ខ្លួន​​ត្រូវ​​​តែ​​​​អត់​ទ្រាំ​នឹង​អំពើ​ហិង្សា ដើម្បី​ឲ្យ​ក្រុម​គ្រួសារអាច​​​នៅ​ជុំរុំគ្នា​ និង​​ដើម្បី​អនាគត​កូនៗ ប៉ុន្តែ​នៅ​តាម​ជន​បទ​វា​កាន់​តែ​ពិបាក​​ទៅ​ទៀត​សម្រាប់​​ពួក​គេ​ ប្រសិន​បើ​ពួក​គេ​លែង​លះ​ ពួក​គេ​នឹង​​ត្រូវ​​តស៊ូ​ពុះពារ​ការ​លំបាក​យ៉ាង​ខ្លាំង​ ដើម្បី​រស់​”។​

អ្នក​ស្រី​និយាយ​ទៀត​ថា “យើង​ជា​ស្ត្រី​​មិន​ចូល​ចិត្ត​ឲ្យ​​គេ​បង្ខំ​​រួម​ភេទ​ទេ​ ហើយ​យើង​ដឹង​​ពី​សិទ្ធិ​របស់​ស្ត្រីនិង​​​ច្បាប់​​​ស្តីពី​​​អំពើ​​​ហិង្សា​​​ក្នុង​​​គ្រួសារ ហើយ​​​មាន​អង្គការ​ក្រៅ​រដ្ឋាភិ បាល​​ ដែល​យើង​អាច​ទៅ​សុំ​យោបល់​ល្អៗ​បាន​។ ប៉ុន្តែ​​នៅ​ពេល​យើង​ធ្វើ​ស្រែ​ចម្ការ​ ហើយ​មាន​តែ​ស្រូវ​ តើ​យើង​អាច​ចាក​ចោល​ប្ដី​របស់​យើង​ម៉េច​​កើត​”។

យោងតាម​​​លោក  Talmage Payne នាយក​ប្រតិ​​​បត្តិ​​​អង្គការ​​​ Hagar International ប្រ​ចាំ​​​ប្រទេស​​​កម្ពុជាបានឲ្យ​​​ដឹង​​​ថា បុរសដែល​គិត​ថា សិច​​គឺ​ជាសិទ្ធិដែល​ខ្លួន​គួរ​តែ​ទទួល​បាន​​មិន​ថាដើម្បី​ការ​កម្សាន្ត​សប្បាយ​ ឬ​ដើម្បី​ដាក់​ទណ្ឌកម្ម​នរណា​ម្នាក់​​ បូក​រួម​ជា​មួយ​នឹង​ស្ត្រី​អត់​ទ្រាំ​នឹង​ការ​ចាប់​រំលោភ​ ហើយ​បន្ទោស​ខ្លួន​ឯង​ទៀត​​នោះ​ បាន​បង្កើ​ត​​វប្បធម៌​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​​យល់​ឃើញ​​ថា អំពើ​ហិង្សា​​ផ្លូវ​ភេទ​គឺ​ជា​រឿង​ធម្មតា។

លោក​បាន​មាន​ប្រសាសន៍​ថា “កុំ​​​ភ្លេច​​​ថាដោយ​​​សារតែ​​​រឿង​​​យោគ​​​យល់​​​នឹង​​​ហើយ​​​ទើប​​​បាន​​​ជានាំ​​​ឲ្យ​​​មាន​​​រឿង​​​ទាំង​​​អស់​​​នេះ​​​កើត​​​ឡើង​​​ នោះគឺ​​​​ដោយ​​សារតែ​​​កត្តា​​​​សង្គម​ដែល​​​លើក​ឡើង​ថា បុរស​មាន​សិទ្ធិ​រួម​ភេទ​ដោយ​​​គ្មានទោស​ និង​ស្ត្រី​គួរ​តែ​អត់​ទ្រាំ​​នឹង​អំពើ​ហិង្សា​របស់​ពួក​គេ។​ នេះ​ជា​បញ្ហា​របស់​​បុរស មិនមែ​​​ន​​​គ្រាន់​​​តែ​​​ជា​​​បញ្ហា​​​របស់​​​ស្ត្រី​​​នោះ​​​ទេ”។

វា​​​ក៏​​​ប្រហែល​​​ជា​​​បញ្ហា​​​របស់​​​បុរសដែរ ប៉ុន្តែ​​​ស្ត្រី​​​ទេ​​​ដែល​​​ជា​​​អ្នក​​​រង​​​គ្រោះ។​​ នៅ​ក្នុង​បារ​មួយកន្លែង​​​​ស្ថិត​នៅ​តាម​​បណ្ដោយ​​ផ្លូវ​លេខ​៥១​​កាល​ពីម្សិលមិញ​ ស្ត្រី​ម្នាក់​ឈ្មោះ អារី​ បាន​និយាយ​ថា បើ​​​ចង់​​​ឃើញ​​ការ​ប្រើ​អំពើ​ហិង្សា​​លើ​ស្ត្រី​ មិន​​​ចាច់​​​ទៅ​​​ណា​​​ឆ្ងា​​​យទេ គ្រាន់​តែ​​​ចាំ​​​សង្កេត​​​មើល​​​ស្ត្រីៗ​​​នៅ​​​ជុំវិញ​​​បារ​​​នេះ​​​នឹង​​​ឃើញ​​​ជា​​​មិន​​​ខាន។​

អារី​ និយាយ​ថា “ខ្ញុំ​ស្គាល់​ស្រី​ៗ​ជា​ច្រើន​ ដែល​​ត្រូវ​​គេ​បំពាន​។ ​សម្លឹង​​​មើល​​​​ភ្នែករបស់​​​យើង ក៏​នឹង​​​ឃើញ​​​​ថាវា​យ៉ាង​ម៉េច​។ វា​ជា​រឿង​អាម៉ាស់ ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​ក្រ ហើយ​ខ្ញុំ​ត្រូវ​ការ​រស់​”។

អំ ចាន់​ដាវណ្ណ ដែល​ជា​អ្នក​ធ្វើ​ការ​ជា​មួយ អារី និយាយ​ថា ភាព​មាន​បាន​​និង​ភាព​ក្រីក្រ​ ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ និង​គ្រឿង​ស្រវឹង​ និង​ឥរិយាបថ​ព្រហើន​ក្នុង​ចំណោម​បុរស​ៗ​ សុទ្ធ​តែ​​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​​បញ្ហា​សង្គម​។ នាង​បាននិយាយ​ថា “ស្ត្រី​​ចាំ​បាច់​ត្រូវ​តែ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ ប៉ុន្តែ​វា​មានអ្វី​​​​លើស​ពី​នោះ​ទៅ​ទៀត​ ពួក​គេ​ចាំ​បាច​់​ត្រូវ​ដឹង​ពី​ស្ថាន​ភាព​​នេះ  និង​​នៅ​ជុំ​វិញ​​ពួក​គេ​ និង​អំពី​បំណង​របស់​បុរស​ ហើយ​ត្រូវ​ចេះ​ការពារ​សុវត្ថិ​ភាពខ្លួន​​​ឯង​”។

លោក​ស្រី​ ស៊ី ដេហ្វ៊ីដ អនុរដ្ឋ​លេខាធិការ​ក្រសួង​​កិច្ច​ការ​នារី​បានថ្លែង​ថា រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​បញ្ហា​ចាប់​រំលោភ​ ហើយ​ថា រដ្ឋា​​​ភិបាល​​​បាន​​​ចាត់​​​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ហើយ។ លោក​ស្រី​​បាន​មានប្រសាសន៍​ថា “យើង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ ដើម្បី​អប​់រំ​មិនត្រឹម​​​តែ​ស្ត្រី​ទេ គឺ​បុរស​ផង​ដែរ​ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដឹង​ថា ប្ដី​ចាំ​បាច់​ត្រូវ​គោរពសិទ្ធិ​ប្រពន្ធ​ខ្លួន​ និង​ត្រូវ​ដឹង​ថា ខ្លួន​មិន​អាច​រំលោភ​ប្រពន្ធ​​បាន​ឡើយ ហើយ​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​ផ្សព្វផ្សាយ​ និង​អប់​រំ​អំពី​បញ្ហា​​នេះ​ រួម​ទាំង​​អំពី​ច្បាប់​និង​​ការ​ផ្ដន្ទាទោស​ផង​”។ លោក​ស្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​​កំពុង​ធ្វើ​ការ​ជាមួយ​បណ្ដា​អង្គការ​សិទ្ធិមនុស្ស​ដើម្បី​បង្កើត​​ផែនការ​ថ្មី​មួយ​សម្រាប់ទប់​ស្កាត់​អំពើ​ហិង្សា​​លើ​ស្ត្រី​។

លោក​ស្រី​បាន​មានប្រសាសន៍​ថា “វា​មាន​ការ​លំបាក​ក្នុង​ការ​កែប្រែ​ប្រពៃណី​របស់​យើង​​ដែល​​​រើសអើង​ស្ត្រី​ ប៉ុន្តែ​យើង​ចង់​​កែ​ប្រែ​ប្រពៃណី​ ដែល​យល់​ឃើញ​ថា នៅ​ពេល​ស្ត្រី​និយាយ​អំពី​បញ្ហា​នេះ​វាជា​​​រឿង​​​អាម៉ាស់”។

ប៉ុន្តែ​វា​ទំនង​ជា​ត្រូវ​ការ​ពេល​វេលា​រាប់​ជំនាន់​មនុស្ស​ ដើម្បី​កែប្រែ​វប្បធម៌​នោះ​ ហើយ​ក៏​ប្រហែល​ជា​ត្រូវ​ការ​ការ​ប្ដេជ្ញាចិត្ត​ថ្មី​របស់​រដ្ឋាភិបាល​​ផង​ដែរ​ នេះ​បើ​តាម​​ការ​​លើក​ឡើង​របស់​យុវតី ង៉ុយ ការ៉េនកា វ័យ​១៩​ឆ្នាំ​ជា​សិស្ស​រៀន​ភាសាអង់គ្លេស​ ដែល​ពាក់​អា​វ​យឺត​មាន​សារ​នៅ​លើ​នោះ​ថា “នេះ​គឺ​ជា​ជោគ​វាសនា​របស់​​អ្ន​ក​ ហើយ​អ្នក​​មិន​អាច​​ប្រឆាំង​នឹង​វា​បាន​ទេ​”។

យុវតី​រូប​នេះ​​បាន​និយាយ​សំដៅ​​ដល់​ពាក្យ​​ស្លោក​នៅ​លើ​អាវយឺត​របស​់​នាង​​ថា “ស្ត្រី​​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​ជោគ​វាសនា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ទី​នេះ​បុរស​​​នាំ​មុខ​គេ​ សូម្បី​នៅ​សាលា​ក៏​ដោយ​ ហើយ​ខ្ញុំ​គិត​ថា ការ​កែ​ប្រែ​​រឿង​នោះ​​ប្រហែ​ល​ជា​​មិន​អាច​ទៅ​រួច​ឡើ​យ​។​ ជា​ការ​ពិត​ខ្ញុំសង្ឃឹម​ថា នឹង​អាច​កែ​ប្រែ​បាន​ ប៉ុន្តែ​គោល​នយោបាយ​ថ្មីៗ​បង្កើត​ឡើង​​ដោយ​រដ្ឋា​ភិបាល​នេះ​មិន​​បាន​​ផល​ទេ​ ពីព្រោះ​ពួក​គេ​​មិន​ដែល​អនុវត្ត​តាម​គោល​នយោបាយ​ទាំង​នោះ​ឡើយ”៕

(រាយការណ៍​បន្ថែម​ដោយ បែន សុខហ៊ាន)
ប្រែសម្រួលដោយ តែម សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស