27 C
Phnom Penh

​ម្នាក់​ស្លាប់និង​រង​របួស​​ច្រើន​នាក់​នៅពេល​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​​ប៉ះ​ទង្គិច​ជាមួយ​នគរ​បាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ដំបូង​ ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិបាន​បញ្ចប់​កាល​ពី​ម្សិល​មិញ​ ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កង​រាជ​អាវុធ​ហត្ថ នគរ​បាល​ប្រឆាំង​កុបកម្ម និង​អ្នក​តវ៉ា​នៅ​ជិត​ស្ពាន​ព្រះ​មុនីវង្ស ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ទៀត។

ក្រុម​​អ្នក​គាំ​ទ្រ​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​បាន​ប៉ះ​ទង្គិច​ជាមួយ​នគរ​បាល​​នៅ​​​ជិត​​​ព្រះ​​​បរ​ម​រាជ​វាំង​​​ កាលពី​​​​​​ម្សិល​​​មិញ​​​។ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​បន្ត​ការ​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ឯករាជ្យ​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ការ​​​បោះ​​​ឆ្នោត។ (ស៊ីចាន់ណា)
ក្រុម​​អ្នក​គាំ​ទ្រ​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​បាន​ប៉ះ​ទង្គិច​ជាមួយ​នគរ​បាល​​នៅ​​​ជិត​​​ព្រះ​​​បរ​ម​រាជ​វាំង​​​ កាលពី​​​​​​ម្សិល​​​មិញ​​​។ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​បន្ត​ការ​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ឯករាជ្យ​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ការ​​​បោះ​​​ឆ្នោត។
(ស៊ីចាន់ណា)

នៅ​ពេល​យប់​ជ្រៅ យប់​មិញ​នេះ សាក​សព​ឈ្មោះ​ ម៉ៅ ចាន់ អាយុ​២៩​ឆ្នាំ ជា​ឪពុក​មាន​កូន​​បួន​នាក់​​ ស្ថិត​នៅ​ចំ​កណ្តាល​ផ្លូវនៅ​កន្លែង​​ដែល​គេ​បាញ់​គាត់ស្លាប់​នោះ។ ទោះ​បី​ជា​​មុន​នោះប៉ុន្មានម៉ោង​ មាន​មនុស្ស​​​ស្លាប់ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​ឡោម​ព័ទ្ធ​សាក​សព​នោះ​រហូត​ដល់​យប់​ជ្រៅ​ ដើម្បី​រារាំង​កង​រាជ​អាវុធ​ហត្ថ​មិន​ឲ្យ​យក​សាក​សព​ចេញ​ ដោយ​មាន​ការ​ស្រែក​ដាក់​អាជ្ញា​ធរ​ និង​បុគ្គលិក​រថយន្ត​សង្គ្រោះ​បន្ទាន់​ឲ្យ​ចាក​ចេញ​ពី​កន្លែង​នោះ។ បុរស​ម្នាក់​ ដែល​ការ​ពារ​សាក​សព​មិន​ឲ្យ​នគរ​បាល​យក​ចេញ​ បាន​ស្រែកថា “កុំ​យក​សាកសព​នេះ។ លោក​ឯង​សម្លាប់​គាត់​។ យើង​មិន​ត្រូវ​ការ​លោក​ឯង​ជួយ​ទេ”។

អ្នក​ធ្វើដំណើរ​រាប់​ពាន់​នាក់​ឈរ​មើល​ការ​ប្រយុទ្ធ​គ្នា​ រវាង​យុវជន​គប់​ដុំថ្ម​ជាមួយ​កង​រាជ​អាវុធ​ហត្ថ និង​នគរបាល​ប្រឆាំង​កុបកម្ម​ដែល​ប្រដាប់​ដោយ​កាំ​ភ្លើង​ បាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​បែក​ផ្សែង​។ នៅ​ត្រង់​ចំណុច​មួយ​ នគរ​បាល​ប្រឆាំង​កុប​កម្ម​រាប់​រយ​នាក់​ប្រឈម​មុខ​នឹង​អ្នក​គប់​ដុំថ្ម​ជា​ច្រើន​នាក់​ នៅតាម​ស្ពាន​មុនីវង្ស នៅមហា​វិថី​ព្រះ​មុនី​វង្ស និង​ផ្លូវជាតិ​លេខ​២​ ដែល​​នៅ​ទីនោះ​ផ្លូវ​ត្រូវ​បាន​បិទ​។

វីដេអូ​មួយ​នៅ​ក្នុង​យូធ្យូប កាល​ពី​យប់​មិញ​បង្ហាញថា យ៉ាង​ហោច​ណាស់​យុវ​ជន​បី​នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ និង​អ្នក​រង​របួស​ជា​ច្រើន​នាក់​ទៀតដែល​កំពុង​​ស្ថិត​នៅ​ឯ​គ្លីនិក​មួយ​កន្លែង​។

លោក គង់ រ៉ារាជ អាយុ​២៥​ឆ្នាំ ជាជន​រង​គ្រោះ​ម្នាក់​​​​ក្នុង​ចំណោមជន​រង​គ្រោះ ​ដែល​នគរ​បាល​​​បាន​បាញ់​ និង​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត្រ កាល​ពី​ពាក់​កណ្តាល​អធ្រាត្រ​យប់​មិញ​បាន​និយាយថា “នគរ​បាល​ខឹង ពី​ព្រោះ​អ្នក​តវ៉ា​ហៅ​ពួក​គេ​ថា ជា​នគរ​បាល​​​​យួន  ហើយ​នគរ​បាល​ចាប់​ផ្តើម​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គប់​គ្រាប់​បែក​ផ្សែង។ បន្ទាប់​​​​មក​ពួក​គេ​បាន​គប់​ដុំ​ថ្ម​ដាក់​នគរ​បាល​វិញ​”។

លោក រ៉ារាជ​ ដែល​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម​នៅ​ជិត​ស្ពាន​មុនី​វង្ស​ កាលពី​យប់​មិញ​បាន​និយាយថា គាត់​មិន​មែន​ជា​ក្រុម​យុវជន​ដែល​គប់​ដុំថ្ម​នោះ​ទេ ប៉ុន្តែ បាន​ត្រូវ​គ្រាប់​កាំ​ភ្លើង​​មួយ​គ្រាប់​ចំ​កែង​ដៃ​។ គាត់​បាន​និយាយ​ថា “ខ្ញុំ​ក៏​ខឹង​នឹង​នគរ​បាល​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ”។

លោក ថូម៉ាស់ គ្រីស្តូហ្វូឡេទី អ្នក​ថត​រូប​ឯករាជ្យ​ម្នាក់​ដែល​មាន​វត្ត​មាន​នៅ​កន្លែង​កើត​ហេតុនេះ​បាន​និយាយថា ក្រុម​អ្នក​តវ៉ា​វ័យ​ក្មេង​មួយ​ក្រុម​មានគ្នា​ប្រហែល​២៥​នាក់​ បាន​គប់​ដុំថ្ម​ដាក់​កង​កម្លាំង​សន្តិ​សុខ​ នៅ​ម៉ោង​ប្រហែល​៩និង​៣០​នាទី​យប់​ ដោយ​ធ្វើ​ឲ្យ​មាន​ការ​វាយ​បក​យ៉ាង​ធ្ងន់​ពី​កង​រាជ​អាវុធ​ហត្ថ​ ដែល​បាន​បាញ់​គ្រាប់​ពិត​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកដាក់​វិញ។ លោក ថូម៉ាស់ បាន​និយាយថា គាត់​​កំពុង​ឈរ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​យុវ​ជន​ម្នាក់​ដែលបាន​ស្លាប់​ដោយ​សារ​គ្រាប់​កាំភ្លើង​ត្រូវ​ចំ​ក្បាល​។

លោក​ស្រី មូរ សុខហួរ សមាជិក​សភា​គណ​បក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា អំពើ​​ហិង្សា​នេះ​គឺ​ជា​ឧបសគ្គ​មួយ​ដ៏ធំចំពោះ​​កម្ពុជា​ និង​​ចំពោះ​ការ​បន្ត​ចរចា​រវាង​គណ​បក្ស​ទាំង​ពីរ។​ លោក​ស្រីបាន​មាន​ប្រសាសន៍​សំដៅ​ដល់​ការ​ចរចាដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​នេះ​ រវាង​គណ​បក្ស​សង្គ្រោះជាតិ និង​គណ​បក្ស​កាន់​អំណាច​ជុំវិញ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា​នេះ​ថា “យើង​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់​ចំពោះ​​រឿង​នេះ។ វាធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ណាស់​ដល់​ប្រទេស​កម្ពុជា​ទាំង​មូល។ យើង​គិត​ថា នឹង​មាន​ការ​ចរ​ចា​ដោយ​សន្តិ​វិធី​នៅ​ថ្ងៃ​ស្អែក​”។

លោកឧត្តម​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​អះ​អាង​ថា អំពើ​​ហិង្សា​នេះ​បាន​កើត​ឡើង​នៅ​តាម​ស្ពាន​មុនី​វង្ស​ ​ពីព្រោះ​គេ​ឃើញ​អ្នក​តវ៉ា​មួយ​ចំនួន​មាន​កាំភ្លើង​។ លោក​មាន​ប្រសាសន៍ថា “ខ្ញុំ​យល់​ថា អ្នក​តវ៉ា​មួយ​ចំនួន​មាន​កាំ​ភ្លើង​។ គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​ថា មនុស្ស​ទាំង​នោះ​ជា​សមាជិក​របស់​ខ្លួន​នោះទេ​”។

លោកឧត្តម​សេនីយ៍ត្រី ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​បាន​មាន​ប្រសាសន៍​ថា ការ​ប៉ះទង្គិច​គ្នា​នៅ​ជិត​ស្ពាន​មុនី​វង្ស​បង្ក​ឡើង​ដោយ​យុវជន​ប្រើ​ថ្នាំ​ញៀន​មួយ​ក្រុម។ លោក ខេង ទីតូ បាន​មាន​ប្រសាសន៍ថា “ក្រុម​យុវជន​ប្រើ​ប្រាស់​ថ្នាំ​ញៀន​បាន​បង្ក​បញ្ហា​នេះ។ នគរ​បាល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ពួក​គេ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ដឹង​ថា តើ​មាន​អ្នក​រង​របួស​ ដោយ​សារ​អ្នក​តវ៉ា​ ឬ​ដោយ​សារ​កង​រាជ​អាវុធ​​ហត្ថ​នោះ​ទេ អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​នេះ។

ប៉ុន្មានម៉ោង​មុន​នោះ នៅ​ម៉ោង​ប្រហែល​​៤ និង​៣០​នាទី​ល្ងាច បន្ទាប់​ពី​បាតុករបាន​ចាប់​ផ្តើម​រុះ​រើ​របាំង​​បន្លា​លួស​ នៅ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ នគរ​បាល​បាន​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​​ភ្នែក​ដាក់​បាតុករ​ ដែល​បាន​គប់់​ដុំថ្ម​ និង​ផ្លែ​ដូង​ដាក់​ពួក​គេ​វិញ។

លោក​ សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ប្រហែល​មួយ​ម៉ោង​ក្រោយ​មក ហើយ​បាន​ហៅ​ឲ្យ​បាតុករ​ត្រឡប់​ទៅ​ទី​លាន​ប្រជាធិបតេយ្យវិញ​ ដោយ​ធ្វើ​ឲ្យ​លែង​មាន​ភាព​តាន​តឹង​​ដោយ​ប្រសិទ្ធ​ភាព​។

មុន​ពេល​ថ្ងៃ​ត្រង់​បន្តិច បាតុករ​បាន​រុះ​រើ​របាំង​បន្លា​លួស​មួយ​ចំនួន​នៅ​តាម​ចំណុច​ប្រសព​​នៃ​មហា​វិថី​សុធារស និង​ស៊ីសុវត្ថិ​ បន្ទាប់​ពី​លោក​សម រង្ស៊ី  ដើរ​កាត់​ប្រឡោះ​មួយ​ទៅ​កាន់​​កន្លែង​​បួស​សួង​ នៅ​តាម​មាត់​ទន្លេ ដែលនៅ​ទីនោះ​អ្នក​គាំ​ទ្រ​រាប់​រយ​នាក់​ បានចូល​រួម​ជាមួយ​គាត់ និង​លោក កឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​។

លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ថា អ្នក​គាំ​ទ្រ​គណ​​បក្ស​សង្គ្រោះជាតិ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ដែល​លោក​បាន​មានប្រសាសន៍ថា​ ជា​ក្រុម​បង្ក​​ហេតុ​​នៅក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ពេល​រសៀល​​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​នោះ​ទេ​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ​“យើង​មិន​ចង់​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ទាំង​នោះ [ដែល​បាន​ប៉ះ​ទង្គិច​ជាមួយ​នគរ​បាល] ទេ” ។លោក​បាន​បន្ថែម​ថា មេដឹក​នាំ​បាតុកម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​ដង​ឲ្យ​ស្ថិត​នៅ​ក្នុង​ ទីលាន​ប្រជា​ធិបតេយ្យ​ពេញ​មួយ​ថ្ងៃ​។ លោក​បាន​មាន​ប្រសាសន៍ថា “មនុស្ស​ទាំង​នោះ​គឺ​ជា​ក្រុម​ផ្សេង​ទៀត​ ដែល​មាន​បំណង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​អាក្រក់​។ ក្រុម​មនុស្ស​ទាំង​នោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​​ខ្លួន​ឯង។ នគរ​បាល​បំពេញ​ភារកិច្ច​របស់​ខ្លួន ហើយ​យើង​បំពេញ​ភារកិច្ច​របស់​យើង។ នៅ​​​​ទីលាន​ប្រជា​ធិប​តេយ្យ យើង​គោរព​ច្បាប់”។​

ក្រៅ​ពី​អំពើ​ហិង្សា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​មួយ​ នៃ​ការ​ធ្វើ​បាតុកម្ម​ដែល​គ្រោង​ធ្វើ​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួន​ នៅទី​លាន​ប្រជា​ធិប​តេយ្យ​ បន្ទាប់​ពីម៉ោង​ប្រាំមួយ​ល្ងាចបន្តិច​ ប៉ុន្តែ អ្នក​គាំ​ទ្រ​រាប់​រយ​នាក់​ នៅ​តែ​ស្ថិត​នៅ​ក្នុង​សួន​នេះ កាល​​ពី​យប់​មិញ​ ថ្វីបើ​ក្រសួង​មហា​ផ្ទៃ​ចេញ​បទ​បញ្ជា​មិន​ឲ្យ​ធ្វើ​ដូច្នេះ​ក្តី​។ គណ​បក្ស​សង្គ្រោះ​​​ជាតិ ក៏​មិន​បាន​គោរពការ​​​ណែ​​​នាំ​​ជាច្រើន​ទៀត​​​ពី​រដ្ឋា​ភិបាល​ផង​ដែរ ដែល​បាន​សរសេរនៅ​ក្នុង​លិខិត​របស់​ក្រុង​សួង​មហាផ្ទៃ​ផ្ញើ​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​មាន​បទ​បញ្ជា​​ហាម​ឃាត់​មិន​ឲ្យ​គណ​បក្ស​ប្រឆាំង​ដើរ​ក្បួន​ និង​​​​ឲ្យ​បញ្ឈប់​​ទាំងស្រុង​នូវ​ការ​សន្យា​បោះ​តង់​របស់​ខ្លួន​។

បន្ទាប់​ពី​ការ​ចរ​ចារ​រវាង​មន្ត្រី​គណ​បក្ស​នៅ​សាលា​រាជ​ធានី​ កាល​ពី​រសៀល​ម្សិល​មិញ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា មនុស្ស​ជា​ច្រើន​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ចូល​មក​រាជ​ធានី​ភ្នំ​ពេញ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្ថិត​នៅ ក្រោម​ដំបូលតង់​ធំៗ​ ដែល​ត្រូវ​បាន​បង្កើត​ឡើងនៅ​​តាម​ជាយ​សួន​នោះ​។

លោកឧត្តម​សេនីយឯក​ ខៀវ សុគ័ក ​មាន​ប្រសាសន៍​ដោយ​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែម​ថា “៩០​ភាគ​រយ​នៃ​បាតុករ​គណ​​បក្ស​សង្គ្រោះជាតិ​បាន​ទៅ​ផ្ទះវិញ​ហើយ​ នៅ​សល់​តែ១០​ភាគ​រយ​ប៉ុណ្ណោះស្នាក់​នៅទី​នោះ។

លោក ខេង ទីតូ បាន​មាន​ប្រសាសន៍ថា បាតុករ​គួរ​តែ​អនុញ្ញាតឲ្យ​​នៅ​​ទី​លាន​ប្រជា​ធិបតេយ្យ​វិញ​នៅ​ថ្ងៃ​ស្អែក ប៉ុន្តែ​លោក​​មាន​ប្រសាសន៍ថា កង​កម្លាំងសន្តិ​សុខ​នៅ​តែ​មាន​វត្ត​មាន​ជា​ច្រើននៅទូទាំង​រាជ​ធានី។ លោក​បាន​មាន​ប្រសាសន៍ថា “អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ​អាច​មក​ធ្វើ​បាតុកម្ម ឬ​មិន​មក​ វា​អាស្រ័យ​លើ​ពួក​គេ​។ យើង​នឹង​នៅ​​តែ​ដាក់​នគរ​បាល​នៅ​កន្លែង​ដដែល​ ដើម្បី​ការ​​ពារ​សណ្តាប់​ធ្នាប់​សាធារណៈ និង​សន្តិសុខ​។

នៅពេល​ថ្ងៃ​លិច នៅ​ឯ​ទី​លាន​ប្រជា​ធិប​តេយ្យលោក សម រង្ស៊ី សន្យា​បន្ត​ការ​ធ្វើ​បាតុ​កម្ម​នៅថ្ងៃ​នេះ​ទៀត ហើយ​បាន​មាន​ប្រសា​សន៍​ថា ទោះ​បី​ជា​មេដឹកនាំ​គណ​បក្ស​សង្គ្រោះ​នឹង​ជួប​ចរចា​ជាមួយ​មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅព្រឹក​នេះ​ក៏​ដោយ​ ក៏​ខ្លួន​នឹង​មិន​ពិភាក្សា​អំពី​ការ​បង្កើត​រដ្ឋា​ភិបាល​ទេ រហូត​ដល់​មាន​ការ​ឆ្លើយ​តប​តាម​ការ​ទាម​ទារ​របស់​ខ្លួន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះសិន។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ខណៈ​​​ពេល​​​ដែល​​​មាន​​​ភ្លៀង​​​រលឹម​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្លាក់​​​ចុះ​​​មក​​​លើ​​​ក្រុម​​​បាតុករ​​​រាប់​​​ពាន់​​​នាក់​​​​​​ ដែល​​​កំពុង​​​នៅ​​​ក្នុង​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ថា “ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ដល់​​​បង​​​ប្អូនទាំង​​​អស់ដែល​​​មាន​​​វត្ត​​​មាន​​​ក្នុង​​​ថ្ងៃ​​​នេះ​​​ឲ្យ​​​ប្រមូល​​​បង​​​ប្អូន​​​ សាច់ញាតិថែម​​​ទៀត​​​​មក​​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ដើម្បី​​​ជំរុញ​​​ឲ្យ​​​គណបក្ស​​​កាន់​​​អំណាច​​​រក​​​យុត្តិធម៌​​​សម្រាប់​​​យើង​​​ទាំង​​​​​​អស់​​​គ្នា​​​”។

លោក​​​ សម រង្ស៊ី បាន​​​ថ្លែង​​​បន្ថែម​​​ថា “យើង​​​នឹង​​​ចូល​​​រួម​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ដើម្បី​​​​​​ចរចា​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ ហើយ​​​យើង​​​នឹង​​​​​​ប្រាប់​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​អំពី​​​លទ្ធផល​​​នៃ​​​អ្វី​​​ដែល​​​យើង​​​បាន​​​ជជែក​​​គ្នា អំពីកិច្ច​​​ពិភាក្សា​​​នោះ​​​។ ប៉ុន្តែ​​​ទោះ​​​ជា​​​យើង​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នោះ​​​ក៏ដោយ​​​ ក៏យើង​​​នឹង​​​មិន​​​ចូល​​​រួម​​​ធ្វើ​​​ការ​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាដែរ”។

ការ​​​ធ្វើ​​​បាតុកម្ម​​​កាលពី​​​ម្សិលមិញ បាន​​​ចាប់​​​ផ្ដើម​​​នៅ​​​ម៉ោង​​ប្រហែល​​​៧​​​ព្រឹក​​​ ដោយ​​​មាន​​​អ្នក​​​គាំទ្រ​​​ជាង​​​១.០០០​​​នាក់ បាន​​​ចូល​​​រួម​​​ក្នុង​​​​​​ការ​​​ដង្ហែក្បួន​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​​នៅ​ក្នុង​រាជធានីភ្នំពេញ ដែល​​​ដឹកនាំដោយ​​​លោក សម រង្ស៊ី និង​​​លោក កឹម សុខា ចេញពី​​​ទីស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះជាតិនៅ​​​ទួល​​​គោក និង​​​នៅ​ខណ្ឌមាន​​​ជ័យ​​​​​​ ហើយ​​​បាន​​​បញ្ចូល​​​គ្នា​​​នៅ មុន​​​ពេល​​​បន្ត​​​ការ​​​ហែរ​​​ក្បួ​​ន​​​នេះទៅ​​​កាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​។

ដោយ​​​មាន​​​ភ្លេង​​​អម​​​បន្តិច​​​បន្តួច​​​ផង​​​នោះ​​​លោក​​​ សម រង្ស៊ី បាន​​​ដើរ​​​ចេញ​​​ពី​​​ទីស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ហើយ​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ដំណើរ​​​ដោយ​​​ថ្មើ​​​រជើង​​​ឆ្ពោះ​​​មក​​​រាជធានីភ្នំពេញជាមួយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ដែល​​​បាន​​​ហ្វឹក​​​ហាត់​​​ជាមុន​​​រាប់​​​រយ​​​នាក់​​​។

ដោយ​​​មាន​​​រនាំង​​​ដែក​​​ ព័ទ្ធលួស​​​បន្លា​​​ និង​​​នគរ​​​បាល​​​បំពាក់​​​ដោយ​​​គ្រឿង​​​បរិក្ខា​​​បង្ក្រាប​​​កុបកម្មរាប់​​​រយ​​​នាក់​​​បាន​​​បិទ​​​​​​មហាវិថី​​​ព្រះ​​​នរោត្តមនោះ​​​ ក្រុម​​​បាតុករ​​​​​​បាន​​​បង្វែរ​​​ទិស​​​ទៅ​​​កាន់​​​មហាវិថី​​​ព្រះមុនីវង្ស​​​វិញ។

អំឡុង​ពេល​ ​ហែរ​ក្បួន​​​​រយៈ​​​ពេល​​​៩០​​​នាទី​​​នេះ​​​ លោក​​​ សម រង្ស៊ី បាន​​​គ្រវី​​​ដៃដាក់​​​អ្នក​​​ឈរ​​​មើល​​​តាម​​​ដង​​​ផ្លូវ​​​ ខណៈ​​​ដែល​​​អ្នក​​​គាំទ្រ​​​របស់​​​លោក​​​ស្រែក​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិជាអ្នក​​​ឈ្នះ​​​ឆ្នោត​​​ ហើយ​​​លោក​​​ ហ៊ុន សែន​​​ ត្រូវ​​​តែ​​​ចុះចេញពី​​​អំណាច​​​។

ខណៈពេល​​​ដែល​​​លោក សម រង្ស៊ី កំពុង​​​ដឹក​​​នាំ​​​​​​ក្រុម​​​បាតុករ​​​មកកាន់​​​មហាវិថី​​​ព្រះមុនីវង្ស លោក​​​ កឹម សុខា ​​​ បាន​​​ចាប់ផ្ដើម​​​ចេញ​​​ដំណើរ​​​ពីទីស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះជាតិ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​ ជាមួយ​​​ក្រុមអ្នក​​​គាំទ្រ​​​រាប់​​​ពាន់​​​នាក់​​​ផង​​​ដែរ​​​។ នគរ​បាលដែល​​​​​ចេញ​មក​ឈរ​​​ជើង​​​តាម​​​បណ្ដោយ​​​​​​ផ្លូវ​​​​ ​​​ឈរ​យាម​​​នៅ​​​តាម​​​បណ្ដោយ​​​មហាវិថី​​​សហព័ន្ធ​​​រុស្ស៊ី ទាំង​​​សង​​​ខាង​​​ដោយបិទ​​​រនំាង​​​ដែក​​​ លួស​​​បន្លា។ នៅ​ពេល​​​​ជួប​នគរបាល​ចេញ​មក​ការ​ពារ​នោះ ​​​លោក កឹម សុខា  ​​​បាន​​​ឈប់​​​ស្វាគមន៍​​​​​​នគរ​​​បាល​​​ទាំង​​​នោះ​​​​​​នៅ​​​ឯជ្រុង​​​ម្ខាង​​​នៃ​​​រនាំង​​​លួស​​​បន្លា​​​នោះ​​​។

នៅ​​​ក្នុង​​​អ្វី​​​ដែល​​​លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ជាការ​​​គាប់​​​ជួន​​​ដែល​​​ក្បួន​​​ដង្ហែ​​​ទាំង​​​ពីរ​​​បាន​​​មក​​​ដល់​​​ស្ទើរ​​​តែ​​​ក្នុង​​​ពេល​​​តែ​​​មួយ​​​នៅ​​​កែង​​​មហាវិថី​​​ព្រះមុនីវង្ស ​​​និង​​​មហាវិថី​​​កម្ពុជា​​​ក្រោម​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ សម រង្ស៊ី និង​​​លោក កឹម សុខា ចាប់​​​ដៃ​​​គ្នា​​​​លើក​ឡើង​លើ​​​​នៅ​​​ពេល​​​ពួកគាត់​បាន​​​ដឹក​​​នាំ​​​ក្បួន​​​បាតុករ​​​អ្នក​​​គាំទ្រ​​​ទៅកាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ។

នៅពេល​ពួកគេ​បាន​​​មក​​​ដល់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ត្រូវ​​​បាន​​​ស្វាគមន៍​​​ដោយ​​​អ្នក​​​គាំទ្រ​​​ជាង​​​៣ម៉ឺន​​​នាក់​​​​​​​​​ ដែល​​​បាន​​​ប្រមូ​​​ល​​​ផ្ដុំគ្នា​​​នៅ​​​ទីនោះ​​​​​​ពេញ​​​នៅ​​​តាម​​​ផ្លូវ​​​នានា​​​នៅ​​​ជុំវិញ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​រហូត​​​ដល់រម​​​ណីយដ្ឋាន​​​​​​វត្ត​​​ភ្នំ​​។

លោក កឹម សុខា បាន​​​ថ្លែង​​​លើក​​​ដំបូង​​​ថា គោល​​​បំណង​​​នៃ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នេះ​​​ដែល​​​ជា​​​បាតុកម្ម​​​ធំបំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​ចាប់​​​តាំង​​​ពី​​​លោក​​ សម រង្ស៊ី ​​​ត្រឡប់​​​មក​​​ពី​​​ការ​​​និរទេស​​​ខ្លួន​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ កាលពីថ្ងៃ​​​ទី​​​២៨​​​ ខែកក្កដា នោះ​​​មក​​​។ លោកថ្លែង​​​បន្ត​​​ថា “យើង​​​មក​​​ទីនេះ​​​ នៅ​​​ថ្ងៃ​​​នេះដើម្បី​​​ជម្រាប​​​បង​​​ប្អូន​​​ទាំ​​ង​​​អស់​​​ថា ជន​​​ផ្ដាច់ការ​​​នៅ​​​ក្នុង​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​បាន​​​​​​​​​លួច​​​សន្លឹក​​​ឆ្នោត​​​របស់​​​យើង​​​។ ដូច្នេះ​​​យើង​​​ត្រូវ​​​តែ​​​រួប​​​រួម​​​គ្នា​​​ដើម្បី​​​ទាមទារ​​​យុត្តិធម៌។ប្រសិន​​​បើ​​​ពួកគេលួច​​ព្រៃឈើ​​​យើង​​​អាច​​​ដាំឡើង​​​វិញ​​​បាន​​​”។ ​​​​លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា​ “ប៉ុន្តែ​​​​​​​​​​ប្រសិន​​​បើ​​​ពួកគេ​​​​​​លួច​​​ជាតិ​​​របស់​​​យើង យើង​​​​​​​​​មិន​​​អាច​​​អនុញ្ញាត​​​ឲ្យ​​​លួ​​​​​​ចបាន​​​ឡើយ​​​”។

លោក សម រង្ស៊ី បាន​​​ថ្លែង​​​ថា បាតុកម្ម​​​មិន​​​អាច​​​ឈប់​​​បាន​​​ទេ​​​ រហូត​​​ទាល់​​​តែ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​។ លោកថ្លែង​​​បន្ត​​​ថា “ប្រសិន​​​បើ​​​មិន​​​មាន​​​ដំណោះ​​​ស្រាយ​​​ក្នុង​​​ថ្ងៃ​​​នេះ ឬថ្ងៃស្អែ​​​ក​​​ទេ យើង​​​នឹង​​​បន្ត​​​ធ្វើ​​​បាតុកម្ម​​​រហូត​​​ ឬ​​​ធ្វើ​​​ទាល់តែ​​​យើង​​​រក​​​ដំណោះស្រាយ​​​បាន​សម​​​រម្យ​​​​​​”៕

(រាយការណ៍​​​បន្ថែម​​​ដោយ ផាន់ អាណា អូន​​​ ភាព ហ៊ុល រស្មី ម៉ិច ដារ៉ា  Szombor Peter Colin Meyn Kate Bartlett និង Kevin Doyle)

ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន
និង​​​ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស