ផ្នែកនានានៃរាជធានីភ្នំពេញបានជាប់គាំងកាលពីម្សិលមិញ ខណៈដែលកងកម្លាំងសន្តិសុខ បានបិទផ្លូវសំខាន់ៗ និង ផ្លូវតូចៗមួយចំនួនទៀតដោយលួសបន្លា និង រនាំងដែក ហើយនៅចំណុចមួយនោះថែមទាំងមិនអនុញាតឲ្យ រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងឆ្លងកាត់ចូលទៅកាន់មន្ទីរពេទ្យកុមារនោះទេ។
វិធានការណ៍រឹតបន្តឹងសន្តិសុខនេះធ្វើឡើងសម្រាប់ថ្ងៃទី១នៃការធ្វើបាតុកម្ម របស់គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដែលគ្រោងធ្វើរយៈពេលបីថ្ងៃ ប្រឆាំងនឹងលទ្ធផលឆ្នោត។ រនាំងដែកត្រូវបានគេដាក់ពង្រាយនៅទូទាំងរាជធានីភ្នំពេញ រួមទាំងនៅតាមបណ្តោយតីរវិថីស៊ីសុវត្ថិ និងមហាវិថីព្រះនរោត្តម ត្រូវបានគេដាក់រនាំងដែកនេះជាច្រើនកន្លែង ព្រមទាំងផ្លូវនានាជុំវិញព្រះបរមរាជវាំង ផ្លូវនានាទៅកាន់តំបន់ជុំវិញវិមានឯករាជ្យ និង ផ្លូវផ្សេងៗទៀតដែលភ្ជាប់ពីផ្លូវលេខ៥១ ទៅមហាវិថីព្រះនរោត្តមផងដែរ។
លោក ប៉ុល សំអូន មន្ត្រីនគរបាលម្នាក់ឈរជើងនៅចំណុចបិទផ្លូវសំខាន់មួយនៅកាច់ជ្រុងរវាងមហាវិថីព្រះនរោត្តម និងផ្លូវលេខ ២៩៤បានមានប្រសាសន៍ថា បទបញ្ជាឲ្យដាក់រនាំងបិទផ្លូវនេះ គឺដើម្បីជួយសម្របសម្រួលចរាចរណ៍សម្រាប់ក្រុមបាតុករឲ្យធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ ដែលគណបក្សសង្គ្រោះជាតិគ្រោងបោះជំរំរយៈពេលបីថ្ងៃនៅទីនោះ។
លោកមានប្រសាសន៍បន្តថា “យើងបានបិទផ្លូវនេះ ដើម្បីបញ្ឈប់ក្រុមបាតុករកុំឲ្យឆ្លងទៅផ្លូវផ្សេងៗទៀត។ ប្រសិនបើយើងបើកផ្លូវទាំងអស់នោះ វាអាចមានភាពអនាធិបតេយ្យ ដូច្នេះ នេះជាមូលហេតុដែលយើងបានបិទផ្លូវបែបនេះ វាគឺដើម្បីជួយពួកគេឲ្យទៅកាន់ទីលានប្រជាធិបតេយ្យ ដូច្នេះហើយមិនមានការកកស្ទះចរាចរណ៍ទេ”។
ប៉ុន្តែ ប្រជាពលរដ្ឋជាច្រើននៅទូទាំងរាជធានីភ្នំពេញ បាននិយាយកាលពីម្សិលមិញថា វិធានការបែបនេះ មានផលប៉ះពាល់អវិជ្ជមានលើចរាចរណ៍ទៅវិញទេធ្វើឲ្យពួកគាត់ជាច្រើននាក់ជាប់គាំងមិនអាចទៅផ្ទះ ទៅសាលារៀន និងទៅការិយាល័យបានឡើយ។
កញ្ញា សុខ អានី អាយុ ២៥ឆ្នាំ ជានិស្សិតភាសាអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្របាននិយាយថា រូបនាងបានជាប់នៅចំកណ្ដាលរាជធានីស្ទើរតែមួយព្រឹកដើម្បីរង់ចាំការបើកផ្លូវទៅផ្ទះ។
កញ្ញា អានី បាននិយាយបន្តថា “នៅព្រឹកមិញនេះវាងាយស្រួលក្នុងការទៅកាន់ទីនោះ ខ្ញុំបានចាកចេញពីផ្ទះនៅម៉ោង៦និង៣០នាទីព្រឹក ហើយទៅដល់ទីនោះនៅម៉ោង ៧និង៣០នាទីព្រឹក ប៉ុន្តែ សាលារបស់ខ្ញុំបានបិទទ្វារ។ឥឡូវនេះគ្រប់ផ្លូវទាំងអស់ហាក់ដូចជាត្រូវបិទអស់ហើយ ហើយខ្ញុំមិនអាចទៅផ្ទះខ្ញុំ នៅទួលទំពូងបានទេ”។
ម៉ោងប្រហែល១២និង៣០នាទីរសៀល នៅមុខវត្តឧណ្ណាលោម ក្រុមបាតុករ ដែលដើរតាមមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងអនុប្រធានរបស់លោកគឺលោក កឹម សុខា បានទម្លាយរនាំងដែកមួយ ដែលបណ្តាលឲ្យនគរបាលបង្ក្រាបកុបកម្មដកថយទៅកន្លែងសុវត្ថិភាពនៅជិតផ្លូវលេខ២៤០។
លោក នួន សាមុត មន្ត្រីកងរាជអាវុធហត្ថបាននិយាយថា “ពួកគេបានដើរតាមមាត់ទន្លេ ហើយមកលើករនាំងដែកតាមក្រោយ។ យើងបានព្យាយាមបញ្ឈប់ពួកគេ ប៉ុន្តែ យើងមិនអាចបញ្ឈប់ពួកគេបានទេ ហើយឥឡូវនេះរនាំងដែកនោះបាក់ខ្ទេចខ្ទីអស់”។
ខណៈពេលដែលកងរាជអាវុធហត្ថធ្វើការជួសជុលរនាំងដែកនោះឡើងវិញ ក្រុមបាតុករបាននិយាយឡកឡឺយឲ្យនគរបាល។ បុរសម្នាក់បានស្រែកថា “អ្នក[កងរាជអាវុធហត្ថ] ត្រូវតែយករថយន្តមួយមកទីនេះ ដើម្បីបញ្ឈប់ពួកយើង”។ ហើយបាតុករម្នាក់ទៀតបានស្រែកបន្ទរថា “ពួកគេមិនអាចយករថយន្តមកទីនេះបានទេ ពីព្រោះវាអាចនឹងឆេះដូចនៅស្ទឹងមានជ័យ”។
មុននេះ២ម៉ោង មន្ត្រីកងរាជអាវុធហត្ថដែលភ័យស្លន់ស្លោបានរត់តាមមាត់ទន្លេជាតំបន់ទេសចរណ៍ ហើយបង្គាប់ឲ្យម្ចាស់ហាងនានានៅតាមមាត់ទន្លេបិទទ្វារហាងរបស់ខ្លួន។ ម្ចាស់ហាងម្នាក់បាននិយាយថា “នេះគឺជាបញ្ហាមួយដ៏ធំ គ្មានអតិថិជន គឺគ្មានលុយ”។ ម្ចាស់ហាងនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិបានព្យាករពីការខាតបង់នៅក្នុងថ្ងៃនោះប្រហែល២០០ដុល្លារ។ គាត់បានពន្យល់ថា “ពួកគេបានរត់មកប្រាប់យើងថា ពួកគេមានការភ័យខ្លាចថា អាចមានចោរ”។
នៅកំពង់ចម្លងអរិយក្សត្រ ដែលភ្ជាប់ពីខេត្តកណ្តាលមករាជធានីភ្នំពេញដែលស្ថិតនៅក្បែរកោះពេជ្រ ក៏ត្រូវបានបង្ខំឲ្យបិទផងដែរកាលពីម្សិលមិញ ហើយសន្តិសុខម្នាក់ដែលធ្វើការនៅកំពង់ចម្លងនោះបាននិយាយថា កំពង់ចម្លងនេះបានបិទតាំងពីម៉ោង៦ព្រឹកមកម៉េ្លះ ហើយមិនមានគម្រោងណាមួយបើកឡើងវិញទេនៅពេលនេះ។
ប្រជាពលរដ្ឋមួយក្រុមដែលរង់ចាំនៅឯកំពង់ចម្លងនេះបាននិយាយថា ពួកគាត់សង្ឃឹមថា អាចឆ្លងទៅផ្ទះរបស់ខ្លួននៅស្រុកស្វាយជ្រុំ ក្នុងខេត្តកណ្តាលបាន ហើយឥឡូវនេះត្រូវធ្វើដំណើរតាមស្ពានជ្រោយចង្វាវិញ។ ប៉ុន្តែ បុរសម្នាក់អាយុ៣៥ឆ្នាំ គ្រាន់តែប្រាប់ថាឈ្មោះ សារ៉ន នោះ គ្មានសង្ឃឹមអាចវិលត្រឡប់ទៅផ្ទះបានទេ។ លោកបាននិយាយបន្តថា “ខ្ញុំចង់ទៅផ្ទះនៅស្វាយជ្រុំដែរ ប៉ុន្តែ ខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងណាទេ។ ខ្ញុំបានទៅតាមជ្រោយចង្វារួចហើយ ប៉ុន្តែ ពួកគេក៏បានបិទផ្លូវនោះផងដែរ។ វាធ្វើឲ្យមានការលំបាកសម្រាប់យើងធ្វើដំណើរទៅផ្ទះ។ខ្ញុំប្រហែលជាដេកនៅកន្លែងធ្វើការហើយ”។
អ្នកធ្វើដំណើរភាគច្រើន គឺមិនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេដែលរអ៊ូរទាំអំពីការបិទផ្លូវនេះដែលធ្វើឲ្យពួកគេខកខានមិនបានទៅដល់គោលដៅរបស់ខ្លួននោះ។ រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលដឹកក្មេងៗត្រូវបានគេបញ្ឈប់នៅចំណុចបិទផ្លូវមួយនៅក្បែវត្តឧណ្ណាលោមក្នុងខណ្ឌដូនពេញ អស់រយៈពេល២០នាទីមុនពេលត្រឡប់ទៅក្រោយវិញឲ្យទៅកាន់មន្ទីរពេទ្យដែលបានដឹកក្មេងនោះមក។
លោក ដេនីស ឡូរ៉ង់ នាយកមន្ទីរពេទ្យគន្ធបុប្ផាមានប្រសាសន៍ថា បុគ្គលិកមន្ទីរពេទ្យបានដឹកកុមារមានជំងឺប្រហែល៥០ទៅ៦០នាក់ចេញពីមន្ទីរពេទ្យគន្ធបុប្ផា២នៅជិតវត្តភ្នំទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា៤នៅខាងក្រោយព្រះបរមរាជវាំងដែលនៅទីនោះមានគ្រែចំនួន២០០បន្ថែមទៀត។
លោកមានប្រសាសន៍បន្តទៀតថា “ថ្ងៃនេះយើងបានព្យាយាមផ្ទេរកុមារមានជំងឺពី៦ទៅ៨នាក់ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា២ ប៉ុន្តែ មិនអាចធ្វើបានទេ។ រថយន្តសង្គ្រោះបន្ទាន់ត្រូវបានគេបិទផ្លូវមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់បានទេ ហើយអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់បានសម្រេចត្រឡប់មកមន្ទីរពេទ្យគន្ធបុប្ផា៤នៅជិតវត្តភ្នំវិញ”។ លោកមានប្រសាសន៍បន្តថា “ពួកគេឥឡូវនេះកំពុងសំរាកព្យាបាលនៅទីនោះ។ សារៈសំខាន់បំផុតសម្រាប់កុមារទាំងនោះ គឺត្រូវស្ថិតនៅក្នុងមន្ទីរពេទ្យ”។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថមានប្រសាសន៍ថា រថយន្តសង្គ្រោះបន្ទាន់នោះ “មិនបានចូលទៅ” តំបន់នោះទេ ហើយបានបដិសេធថា នគរបាលដែលល្បាតនៅក្បែរនាំងដែកនោះ មិនបានរារាំងរថយន្តសង្គ្រោះនោះមិនឲ្យធ្វើដំណើរឆ្លងកាត់នោះទេ។
លោកបានមានប្រសាសន៍បន្តថា “យើងអនុញ្ញាតឲ្យពួកគេចូល។ យើងមិនដែលបញ្ឈប់រថយន្តសង្គ្រោះបន្ទាន់ទេ ពីព្រោះពួកគេសំខាន់ណាស់។ រថយន្តសង្គ្រោះបានសម្រេចមិនចូលដោយខ្លួនឯងពួកគេអាចមានការភ័យខ្លាច ហើយពួកគេមិនចង់ចូល” ។
លោក ខេង ទីតូ បានមានប្រសាសន៍បន្តថា រនាំងដែកនេះអាចរក្សាទុករហូតទាល់តែបាតុកម្មបានបញ្ចប់ ហើយប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដែលធ្វើដំណើរទៅមកក្នុងរាជធានីភ្នំពេញត្រូវតែយោគយល់អំពីសារៈសំខាន់នៃសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕
ប្រែសម្រួលដោយ ឃិន ណៃ