38 C
Phnom Penh

ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​មិន​បាន​ចាក់​ផ្សាយ​​ព្រឹត្តិការណ៍​ជុំ​វិញ​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ អ្នក​ទស្សនា​កម្មវិធី​ទូរ​ទស្សន៍​ក្នុង​ស្រុក​​​​មិន​បាន​ដឹង​​ថា គណបក្ស​សង្គ្រោះ​ជាតិ​​ជា​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​​មហា​បាតុកម្ម​​នោះ​ទេ​ ដែល​អំឡុង​ពេល​នោះ ​​​មាន​​ការ​ប៉ះទង្គិច​ដ៏​ហិង្សា​ជា​មួយ​នគរ​បាល​ ការ​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។

ផ្ទុយ​ទៅ​វិញ​​អ្នក​ ដែល​បាន​បើក​មើល​កម្ម​វិធី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ ដែល​គ្រប់​គ្រង​​ដោយ​រដ្ឋ​ ឬ​បណ្ដាញ​ទូរ​ទស្សន៍​​គាំទ្រ​​រដ្ឋាភិ​បាល​​ផ្សេង​ទៀត​ ដូច​ជា​ ទូរទស្សន៍​ស៊ីធីអិន​ ស៊ីអិន​ស៊ីទូរ​ទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្ដិ៍​លេខ​៣ ​បាយ័ន ហង្សមាស​ និង​ទូរទស្សន៍​អប្សរា​ នឹង​បាន​ទស្សនា​កម្មវិធី​​ពេល​ថ្ងៃ​ជា​ធម្មតា​​មាន​ល្ខោន​ ចម្រៀង​​​ខារ៉ាអូខេ និង​កម្មវិធី​ប្រដាល់​សេរី។

នេះ​មិ​ន​មែន​ជា​លើក​ទី​១​ទេ​ ដែល​បណ្ដាញ​​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​នេះ​​មិន​បាន​ចាក់​ផ្សាយ​ព័ត៌មាន​សំខាន់​បំផុត​​នៅ​ក្នុង​ប្រទេស​នេះ​។​  នៅ​ពេល​លោក​ សម រង្ស៊ី មេដឹកនាំ​គណ​បក្ស​ប្រឆាំង​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​កាល​ពី​ខែ​កក្កដា​ បន្ទាប់​ពី​ស្ថិត​នៅ​​ក្រៅ​ប្រទេស​ជិត​​បួន​ឆ្នាំ​ ហើយ​ត្រូវ​បាន​​អ្នក​​គាំទ្រ​ជាង​​១០​០.០០០នាក់​ ចេញ​មក​ស្វាគមន៍​នោះ​ ប៉ុន្តែស្ថានីយទូរទស្សន៍​ទាំង​នេះ​មិន​បាន​ផ្សព្វ​ផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ទេ​។

ទូរ​ទស្សន៍​បាយ័ន​ ដែល​គ្រប់​គ្រង​​ដោយ​កូន​ស្រី​របស់​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​ផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​ម៉ោង​ ដែល​​​អួតសរសើ​រ​ពី​ផលិតផ​ល​ខ្មែរ​។ ចំណែក​ឯ​ទូរទស្សន៍​​ស៊ីធីអិន​វិញ​បាន​ផ្ដោត​លើ​ការ​ចាក់​ផ្សាយ​ព័ត៌មាន​ឡើង​វិញ​ និង​​កម្ម​វិធី​ប្រដាល់​។

មាន​តែ​ទូរទស្សន៍​ស៊ីអិនស៊ី​មួយ​ប៉ុណ្ណោះ​បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ខ្លី​អំពី​ការដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​​ជា​ច្រើន​នាក់​នៅ​ក្នុង​ទីក្រុងភ្នំពេញ​​ និង​បង្ហាញ​ពី​រូប​ភាព​របស់​ក្រុម​បាតុករ​ ដើរ​នៅ​តាម​បណ្ដាយ​តីរ​វិថី​​ស៊ីសុវត្ថិ​​ មុន​ពេល​​បន្ត​ទៅ​ព័ត៌មាន​អន្តរជាតិ​។

នៅ​ម៉ោង​ប្រហែល​បួន​រសៀល​ ការ​ប៉ះ​ទង្គិច​​បាន​ផ្ទុះ​ឡើង​នៅ​បណ្ដោយ​តីរវិថី​ស៊ី​សុវត្ថិ​​ក្បែរ​​វត្ត​ឧណ្ណាលោម​ ដោយ​នគរ​បាល​​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​ទៅ​លើ​ក្រុម​បាតុករ​។​ ភ្លាមៗ​នោះ​​ ទូរទស្សន៍​អប្សរា​​ចាក់​ផ្សាយ​បទ​សម្ភាសន៍​​ជា​មួយ​អ្នក​​​សម្ដែង​សៀក​ព្រួស​ភ្លើង​ម្នាក់​ ហើយ​​ទូរទស្សន៍​ហង្សមាស​វិញ​​ចាក់​​ផ្សាយ​វីដេអូ​ចម្រៀង​​របស់​ក្រុម​ចម្រៀង​​ខ្មែរ​មួយ​ក្រុម​។

លោក​ គឹម​ គុណ​វឌ្ឍ អគ្គ​នាយក​​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​ ដែល​ចាក់​ផ្សាយ​​​ព័ត៌មាន​ចាស់ៗ​ និង​​ល្ខោន​​ អំឡុង​ពេល​រសៀល​នោះ​​បាន​ការពារ​​កង្វះ​ព័ត៌មាន​​របស់​ស្ថានីយទូរទស្សន៍​លោក​ ហើយ​បាន​​មាន​​ប្រសាសន៍​ថា លោក​​បាន​ដាក់​ពង្រាយក្រុម​​ការងារ​​​ទូទាំង​​ទី​ក្រុង​ ដើម្បី​រាយ​ការណ៍​ពី​ព្រឹត្តិការណ៍​នេះ​។

លោក​ គឹម​ គុណវឌ្ឍ បាន​មានប្រសាសន៍​ថា “ព្រឹត្តិការណ៍​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​ ដូច្នេះ​យើង​មិន​អាចចាក់​ផ្សាយ​​ព័ត៌​មាន​នេះ​ “ភ្លាមៗ​បន្ទាប់​ពី​​​ការ​​ផ្សព្វផ្សាយ​ព័ត៌​មាន​នោះ​ទេ”។​ នៅ​ម៉ោង​ប្រាំបី​យប់​​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចាក់​ផ្សាយ​បទ​សម្ភាសន៍​ជាមួយ​​លោក ជួន សុវណ្ណ​ ស្នង​ការ​​នគរបាល​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​មាន​​កា​រប៉ះទង្គិច​។​ ចំណុច​សំខាន់​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​លោក​ ជួន សុវណ្ណ ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​គឺ​ថា បាតុករ​​មិន​បាន​ស្ថិត​នៅ​​សួន​សេរី​ភាព​​ដូច​ដែល​អាជ្ញាធរ​បាន​ណែនាំ​ពួក​គេ​នោះ​ទេ​​ ហើយ​បាន​ដើរ​​ចុះ​​តាម​មាត់​ទន្លេ​ ដើម្បី​បង្ក​បញ្ហា​។

លោក​ ជួន សុវណ្ណ បាន​​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក​ គឹម គុណវឌ្ឍ ថា “ភារកិច្ច​របស់​នគរបាល​​គឺ​រក្សា​​សន្ដិសុខ​សម្រាប់​ប្រជាពល​រដ្ឋ​។ ប្រជាពលរ​ដ្ឋ​ នឹង​ឃើញ​ស្ថានភាព​ពិត​​ដោយ​ផ្ទាល់​ភ្នែក​​ចំពោះ​​អ្វី​ដែល​​កំពុង​កើត​ឡើង​នេះ​”៕

ប្រែសម្រួលដោយ​ អ៊ូច សូនី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស