29 C
Phnom Penh

ការ​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​​ចំណេះ​ទូទៅ​ត្រូវ​លើក​​ពេល​​ជា​ថ្មី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា សិស្ស​មធ្យម​សិក្សា​បឋម​ភូមិ​ជិត​១៣០​.០០០​នាក់​​ ដែល​ត្រៀម​ប្រឡង​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​ នឹង​ត្រូវ​រង់​ចាំ​​រហូត​ដល់​ថ្ងៃ​២៦ និង​២៧ ខែ​កញ្ញា​ ជា​លើក​ទី២​ហើយ​ ដែល​សម័យ​ប្រឡង​នេះ​​ត្រូវ​បាន​​លើក​ពេល​​នៅ​ឆ្នាំ​នេះ​។

ដើម​ឡើ​យ​ការ​​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦​ ខែ​កក្កដា ប៉ុន្តែ​ត្រូវ​បាន​​លើក​ពេល​ ដោយ​សារ​​ការ​បោះឆ្នោត​ជាតិ​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។ ដោយ​មិន​បញ្ជាក់​ពី​មូល​ហេតុ​ ដែល​នាំ​ឲ្យ​មាន​ការ​លើក​កាល​បរិច្ឆេទ​នេះ​ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា “ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​មាន​កិត្តិយស​សូម​ជម្រាប​​ជូន​​មាតាបិតា​ ឬ​អាណា​ព្យាបាល​​បេក្ខជន​ និង​បេក្ខជនជ្រាប​ថា ការ​ប្រឡង​សញ្ញបត្រ​មធ្យម​​សិក្សា​បឋម​ភូមិ​ចំណេះ​ទូទៅ​​ និង​បំពេញ​វិជ្ជា​ ដែល​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា​​​ នេះ​ នឹង​ត្រូវ​លើក​ពេល​ទៅ​ប្រឡង​នៅ​ថ្ងៃ​ទី​២៦ និង​២៧ ខែ​កញ្ញា ឆ្នាំ​២០១៣​វិញ​”។

លោក​ ជា ជាតិ​ ប្រធាន​មន្ទីរអប់​រំ​ក្រុង​​បាន​មាន​ប្រសាសន៍​ថា “ក្រសួង​មិន​បាន​​ប្រាប់​​​យើង​ពី​មូល​ហេតុទេ​ ដូច្នេះ​លោក​​គួរ​តែ​សួរ​ទៅ​ក្រសួង​”។​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រយៈ​ពេល​បួន​ថ្ងៃ​មុន​សម័យ​ប្រឡង​គ្រោង​​នឹង​ចាប់​ផ្ដើម​ ក្រសួង​អប់​រំ​បាន​ប្រកាស​ថា សម័យ​ប្រឡង​នេះ​ នឹង​ដំណើរ​ការ​ដូច​ដែល​បាន​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ប៉ុន្តែ​កា​រ​ប្រកាស​នេះ​ទំនង​​ជាត្រូវ​​បាន​កែ​ប្រែ​នៅ​នាទី​ចុង​ក្រោយ​ ដោយ​សារ​តែ​​កាល​ពី​ម្សិលមិញអ្នក​គំាទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​មឺុន​នាក់​​​បាន​ចាប់​ផ្ដើម​​ធ្វើ​បាតុ​កម្ម​រយៈ​ពេល​បី​ថ្ងៃ​ដែល​បាន​គ្រោង​ទុក​ ដោយ​​ទាម​ទារ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ​លើ​ភាព​មិន​ប្រក្រតី​លើ​ការ​បោះ​ឆ្នោត​នេះ​៕

ប្រែសម្រួលដោយ អ៊ូច សូនី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស