យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានឲ្យដឹងថា សិស្សមធ្យមសិក្សាបឋមភូមិជិត១៣០.០០០នាក់ ដែលត្រៀមប្រឡងនៅថ្ងៃនេះ និងថ្ងៃស្អែក នឹងត្រូវរង់ចាំរហូតដល់ថ្ងៃ២៦ និង២៧ ខែកញ្ញា ជាលើកទី២ហើយ ដែលសម័យប្រឡងនេះត្រូវបានលើកពេលនៅឆ្នាំនេះ។
ដើមឡើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិគ្រោងធ្វើនៅថ្ងៃទី១៦ ខែកក្កដា ប៉ុន្តែត្រូវបានលើកពេល ដោយសារការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា។ ដោយមិនបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានការលើកកាលបរិច្ឆេទនេះ សេចក្ដីប្រកាសព័ត៌មាននេះបានឲ្យដឹងថា “ក្រសួងអប់រំយុវជន និងកីឡាមានកិត្តិយសសូមជម្រាបជូនមាតាបិតា ឬអាណាព្យាបាលបេក្ខជន និងបេក្ខជនជ្រាបថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដែលគ្រោងធ្វើនៅថ្ងៃទី១៦ និង១៧ ខែកញ្ញា នេះ នឹងត្រូវលើកពេលទៅប្រឡងនៅថ្ងៃទី២៦ និង២៧ ខែកញ្ញា ឆ្នាំ២០១៣វិញ”។
លោក ជា ជាតិ ប្រធានមន្ទីរអប់រំក្រុងបានមានប្រសាសន៍ថា “ក្រសួងមិនបានប្រាប់យើងពីមូលហេតុទេ ដូច្នេះលោកគួរតែសួរទៅក្រសួង”។ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេលបួនថ្ងៃមុនសម័យប្រឡងគ្រោងនឹងចាប់ផ្ដើម ក្រសួងអប់រំបានប្រកាសថា សម័យប្រឡងនេះ នឹងដំណើរការដូចដែលបានគ្រោងទុកនៅថ្ងៃទី១៦ ខែកញ្ញា ប៉ុន្តែការប្រកាសនេះទំនងជាត្រូវបានកែប្រែនៅនាទីចុងក្រោយ ដោយសារតែកាលពីម្សិលមិញអ្នកគំាទ្រគណបក្សសង្គ្រោះជាតិរាប់មឺុននាក់បានចាប់ផ្ដើមធ្វើបាតុកម្មរយៈពេលបីថ្ងៃដែលបានគ្រោងទុក ដោយទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយលើភាពមិនប្រក្រតីលើការបោះឆ្នោតនេះ៕
ប្រែសម្រួលដោយ អ៊ូច សូនី