31 C
Phnom Penh

គណបក្ស​សង្គ្រោះជាតិ​ទាម​ទារ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ នឹងកែ​ទម្រង់​ គ.ជ.ប.​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុនពេលចរ​ចា​​រវាង​​​គណបក្ស​ទាំង​ពីរ​កាលពីព្រឹកមិញ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​​​កាល​ពី​ម្សិល​មិញ​បាន​​ដាក់​លក្ខ​ខណ្ឌ​ថ្មី​មួយទៀត ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​​ផ្នែក​​នយោបាយ​​រយៈ​ពេល​ជិត​ពីរ​ខែ​​ ជុំ​វិញ​ការ​បោះឆ្នោត​ជាតិ​​ ដែល​​ទាំង​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជាដែលកំពុង​​កាន់​អំណាច​​សុទ្ធ​តែ​អះអាង​ថាបានទទួលជ័យជម្នះរៀងៗ​ខ្លួន​​នោះ​​។

ឥឡូវ​នេះ​ គណបក្ស​ប្រឆាំង​​កំពុង​ទាម​ទារ​ឲ្យ​កែ​ទម្រង់​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) រៀប​ចំ​បញ្ជី​​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​ជា​ថ្មី​​ និង​ទាម​ទារ​បង្កើត​​ស្ថានីយ​ទូរទស្សន៍​​ផ្ទាល់​ខ្លួន​ ដើម្បីឲ្យ​ការ​ចរចា​នេះ​ដំណើរ​ការ​ទៅ​មុខ​។

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​​ដល់​​ក្រុម​អ្នក​គំាទ្រ​​រាប់​ម៉ឺន​នាក់កាល​​ពីម្សិលមិញ​ ដែល​ធ្វើ​ការ​តវ៉ា​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​​ ប្រឆាំង​នឹង​លទ្ធផល​ផ្លូវ​ការ​​នៃ​ការ​បោះឆ្នោត​​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ បើ​ទោះ​ជា​របាយការណ៍​​អំពីភាព​មិន​ប្រក្រតី​​ដ៏​រាល​ដាល​​នៅ​ថ្ងៃ​បោះ​ឆ្នោត​ មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ក៏​ដោយ​។

លោក​ យឹម សុវណ្ណ​ បាន​ថ្លែង​ទៅ​កាន់​សំឡេង​ហ៊ោកង​រំពង​​ចេញ​ពី​ក្រុ​មមនុស្ស​ដ៏ច្រើនថា “​សម្រាប់​​ជំនួប​នៅថ្ងៃ​ស្អែក​ [ថ្ងៃនេះ]​ ជា​ដំបូង​ យើង​​នឹង​​ផ្ដោត​លើ​គ.ជ.ប. ទី​២លើ​ការ​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ និង​ទី​បី​​លើ​ការ​បង្កើត​ស្ថានីយទូរទស្សន៍​មួយ​”។ លោក​បាន​បន្ថែម​ថា “ស្ថានីយ​នេះ​គឺ​ជា​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ យើង​នឹង​​ផ្សព្វផ្សាយ​​អ្វី​ដែល​ជា​ការ​ពិត​ ហើយ​ទុក​​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ដទៃទៀត​​បំផ្លើស​​ព័ត៌មាន​ទៅ​ចុះ​”។

គណបក្ស​ប្រឆាំង​ ​អង្គការ​សិទ្ធិ​មនុស្ស​ និ​ង​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​ត្អូញត្អែរ​​ជា​យូរ​មក​ហើយ​​អំពី​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ ដែល​ភាគ​ច្រើន​ត្រូវ​បាន​កាន់​កាប់​ដោយ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ឬអ្នក​គំាទ្រ​គណបក្ស​នេះ​ ហើយ​ជា​រឿយៗ​​ធ្វើ​មិន​ដឹង​មិន​ឮ និយាយ​​សម្រាល​ ឬ​​ធ្វើ​ឲ្យ​ល្អៀង​ព័ត៌មាន​ស្ដី​ពី​គណ​បក្ស​ប្រឆាំង​។

ក្រុម​ដដែល​នេះ​​ក៏​បាន​រិះគន់​​ គ.ជ.ប.​ផង​ដែរ​ ដែល​សម្បូរ​ទៅ​ដោយ​អតីត​មន្ត្រី​គណ​បក្ស​ប្រជាជន​កម្ពុជា​​​ ដោយ​សារ​តែ​ង​តែ​គំា​ទ្រ​​គណបក្ស​កាន់​អំណាច​​​។ នៅ​មុន​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ អ្នក​​សង្កេត​ការ​ ដែល​ធ្វើ​សវនកម្ម​​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​​បាន​និយាយ​ថា បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នេះ​​​មាន​បញ្ហា​ច្រើន​ជាង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០០៨​​ទៅ​ទៀត​ ហើយ​បាន​ប៉ះពាល់​​សិទ្ធិ​បោះ​ឆ្នោត​​របស់​ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា បញ្ហា​ទាំង​​៣នេះ​រួម​មាន​ បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​គំាទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​  គ.ជ.ប. មាន​ភាព លម្អៀង​និង​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​​មាន​គុណ​វិបត្តិ​ បណ្ដាល​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​ប្លន់​យក​ជ័យ​ជម្នះ​ដ៏ត្រឹម​ត្រូវនៅ​ឆ្នាំ​នេះ​។

លោក​ យឹម​ សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា “គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ចាញ់​​ប្រសិន​បើ​គ.ជ.ប. មិន​ជួយ​​ពួក​គេ​”។ កាល​ពី​ម្សិលមិញ​ លោក យឹម សុវណ្ណ​ មិន​បាន​លើក​ឡើង​អំពី​ការ​ទាម​ទារ​ពី​ដំបូង​ និង​ដ៏​​អូស​បន្លាយ​របស់​គណបក្ស​សង្គ្រោះជាតិ​​ឲ្យ​មាន​ការ​ស៊ើប​អងេ្កត​ឯក​រាជ្យ​មួយ​លើ​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​នោះ​ទេ​។ ប៉ុន្តែ​សមាជិក​សភា​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត​​លោក​ស្រី​ មួរ​ សុខហួរ​ បាន​ធានា​ចំពោះ​មុខ​អ្នក​គាំទ្រ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាម​ទារ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

គណបក្ស​ប្រឆាំង​​បាន​គំរាម​​ធ្វើ​ពហិការ​​ការ​​ប្រជុំ​សភា​លើក​ដំបូង​​ ដែល​គ្រោងធ្វើ​​នៅ​ចុងខែ​នេះ​ ប្រសិន​បើ​​គ្មាន​​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​​ជា​លក្ខខណ្ឌ​ ដែល​លោក​ស្រី  មួរ​ សុខហួរ នៅ​តែ​ប្រកាន់​យក​ កាល​ពី​ម្សិលមិញ​។ លោក​ស្រី​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ថា “យើង​មិន​អាច​ទៅ​សភា​​នៅ​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​នេះ​បាន​ទេ​ លុះ​ត្រា​តែ​មាន​ការ​​រាប់​សន្លឹក​ឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ​សិន។ ខ្ញុំ​សូម​ស្បថ​ចំពោះ​មុខ​អ្នក​ទាំង​អស់​គ្នា​ថា ​ខ្ញុំ​នឹង​​មិន​ធ្វើ​ការ​ជាមួយ​​អ្នក​ដែល​​លួច​សន្លឹក​ឆ្នោត​របស់​យើង​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​នៅ​ជាមួយ​អ្នក​ទាំង​អស់​គ្នា​នៅ​សួន​សេរីភាព​នេះ​ ដើម្បី​ទាម​ទារ​រក​ដំណោះ​ស្រាយ​”។

អំឡុង​​ជំនួប​​រយៈ​ពេល​ខ្លី​​ជាមួយ​​ព្រះ​មហា​ក្សត្រ​​ នរោត្តម​ សីហមុនី​ នៅ​ព្រះ​បរមរាជ​វាំង​កាល​ពី​ថ្ងៃ​សៅរ៍ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​យល់​ព្រម​​​ធ្វើការ​​ចរចា​នៅ​ព្រឹក​នេះ​ ដែល​នឹង​​ដឹកនាំ​ដោយ​​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​សំដៅ​ស្វែង​រក​មធ្យោបាយ​ ដើម្បី​​ចៀសវាង​ការ​ធ្វើ​ពហិការ​​។

លោក ឈាង វុន​ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​រដ្ឋ​សភា​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ស្ដី​ពី​សំណើ​ថ្មី​បំផុត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ទេ​ ខណៈ​ពេល​កាល​ពី​ថ្ងៃ​សៅរ៍​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​បាន​សម្ដែង​ការ​ខក​ចិត្ត​​ ដែល​គណបក្ស​សង្គ្រោះ​​ជាតិ​ប្ដេជ្ញា​​បន្ត​​​ការ​តវ៉ាបើ​ទោះ​ជា​​មាន​ការ​ចរចា​នៅ​​ថ្ងៃ​​នេះ​ក៏​ដោយ​៕

ប្រែសម្រួលដោយ អ៊ូច​ សូនី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស