នៅខាងក្នុងបរិវេណនៃអគារសាលាខេត្តសៀមរាបចាស់កាត់របងដែកពណ៌ខៀវ អ្នកបោសសម្អាតផ្លូវក្នុងក្រុងនិងគ្រួសាររបស់ខ្លួនកំពុងអង្គុយនៅលើទីតាំងដែលធ្លាប់ជាអគាររដ្ឋាភិបាលពោរពេញទៅដោយមន្ត្រីរាជការដ៏មមាញឹក។
នៅផ្លូវទល់មុខនោះ អតីតមន្ទីរអភិវឌ្ឍជនបទឃើញនៅសល់តែសំណង់អគារទទេ ដោយបរិវេណជុំវិញនោះបានក្លាយជាកន្លែងលក់បាយសាច់ជ្រូកឲ្យក្រុមអ្នកលេងអុកដែលញៀនបារី។ ទិដ្ឋភាពនៅលើដីនេះធ្វើឲ្យគេនឹកឃើញដល់ជីវភាពរស់នៅតាមទីជនបទ។ ប៉ុន្តែ នេះជាដីដែលស្ថិតក្នុងចំណោមដីមានទីតាំងនៅចំកន្លែងល្អបំផុតនិងមានតម្លៃបំផុតក្នុងខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍មានភ្ញៀវទេសចរមកទស្សនាច្រើនបំផុតក្នុងប្រទេសកម្ពុជា។ ហើយដីនៅក្នុងខេត្តនេះទៀតសោតគឺមិនថោកសោះឡើយ។ ចំណែកដីដែលធ្លាប់ជាទីតាំងសាលាខេត្តចាស់នេះក៏ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរដីដ៏ធំបំផុតដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា។
ការដោះដូរក្នុងខែមីនា ឆ្នាំ២០១០នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន J&R អាហរ័ណ នីហរ័ណ និងសំណង់ (J&R Improt, Export and Construction Company) ដែលគេមិនសូវស្គាល់ បានទទួលកិច្ចសន្យាសាងសង់អគារការិយាល័យថ្មីចំនួន៦០ឲ្យសាលាខេត្ត នៅលើដីទំហំ៤២ហិកតា ក្នុងឃុំអំពិលដាច់ស្រយាល។ ជាថ្នូរមកវិញ ក្រុមហ៊ុន J&R បានទទួលសិទ្ធិកាន់កាប់ដីរបស់សាលាខេត្ត ក្នុងនោះរួមមានទាំងសាលាខេត្ត និងមន្ទីរចំនួន២៦ នៅក្នុងតំបន់ដ៏សែនល្អចំកណ្តាលក្រុងនេះ ក្នុងនោះរាប់ទាំងទីតាំងមួយ ដែលស្ថិតនៅជាប់រាជដំណាក់ និងក្បែរសណ្ឋាគារផ្កាយ៥មួយចំនួនក្នុងចំណោមសណ្ឋាគារផ្កាយ៥ដ៏ប្រណិតបំផុតនៅក្នុងក្រុងនេះផងដែរ។
ទោះជាយ៉ាងណា កាលពីសប្តាហ៍មុននេះ សាលាខេត្តបានប្តូរទីតាំងទៅកណ្តាលក្រុងវិញ បន្ទាប់ពីបានដោះដូរការិយាល័យជាមួយអាជ្ញាធរអប្សរា ដែលជាស្ថាប័នទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ។ ការដោះដូរនេះ បានទទួលការគាំទ្រជាទូទៅពីសំណាក់មន្ត្រីខេត្តដែលមានភាពនឿយណាយយ៉ាងខ្លាំងចំពោះការធ្វើដំណើរដ៏សែនឆ្ងាយទៅនិងមកពីកន្លែងធ្វើការ នៅឃំុអំពិលដាច់ស្រយាលនេះ។
ក៏ប៉ុន្តែ ចម្ងល់ជំុវិញការដោះដូរដីសាលាខេត្តពីដំបូងនេះនៅតែមិនទាន់មានការបកស្រាយនៅឡើយទេ។ អ្នករិះគន់ការដោះដូរដីបែបនេះនិយាយថា វាត្រូវបានធ្វើឡើងដោយគ្មានការដេញថ្លៃជាសាធារណៈ និងបានជាប្រយោជន៍ដ៏ធំមួយសម្រាប់អ្នកដែលមានសំណាងទទួលបានសិទ្ធិកាន់កាប់ដីរដ្ឋនេះ ព្រោះពួកគេទទួលបានដីដែលស្ថិតនៅចំទីតាំងដ៏ល្អ ជាថ្នូរនឹងការសាងសង់អគារការិយាល័យសាលាខេត្តថ្មី នៅលើដី ដែលមានតម្លៃស្មើនឹងដីមួយចំណែករបស់សាលាខេត្តចាស់។
ទោះបីជាគេមិនទាន់បានដឹងឲ្យប្រាកដថា តើអ្នកណាជាអ្នកបានទទួលផលប្រយោជន៍ពីការដោះដូរដីក្នុងខេត្តសៀមរាបនេះ និងថា តើទឹកប្រាក់ចំនួនប៉ុន្មានដែលត្រូវបានទទួលពីការលក់ដីមួយចំនួនក្នុងចំណោមដីរដ្ឋនេះក៏ពិតមែន ប៉ុន្តែ កិច្ចសម្ភាសន៍ជាមួយមន្ត្រីសាលាខេត្ត និងអ្នកជំនាញខាងវិស័យអចលនទ្រព្យបង្ហាញថា វាជាកិច្ចព្រមព្រៀងដែលទំនងជានឹងផ្តល់ផលប្រយោជន៍យ៉ាងក្រាស់ក្រែល និងថា ការសម្រេចចិត្តដោះដូរដីនេះត្រូវបានធ្វើឡើងដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បំផុត។
ឧទាហរណ៍ ដីមួយក្បាលដែលមានទំហំប្រហែល៣.៥០០ម៉ែត្រក្រឡា និងធ្លាប់ជាទីតាំងនៃសាលាខេត្តចាស់ គឺមានតម្លៃជាង៣លានដុល្លារ ពេលការដោះដូរដីនេះធ្វើឡើងក្នុងឆ្នាំ២០១០ នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យក្នុងមូលដ្ឋាន។ មួយផ្នែកនៃដីនេះ ត្រូវបានលក់ឲ្យម្ចាស់សណ្ឋាគារ រមណីយដ្ឋានថ្ងៃបាំងឆ័ត្រដ៏ប្រណិត នៅក្នុងក្រុងកែប កាលពីចុងឆ្នាំ២០១០ េនះបើតាមការបញ្ជាក់របស់លោក ជែហ្វ មូន (Jeff Moons) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដែលជាម្ចាស់សណ្ឋាគារ រមណីយដ្ឋាននេះ ប៉ុន្តែ លោកបានបដិសេធមិនបញ្ជាក់ថា តើក្រុមហ៊ុនរបស់លោកបានទិញដីនេះក្នុងតម្លៃប៉ុន្មានទេ។
នៅក្បែរនោះ ទីតាំងដែលធ្លាប់ជាមន្ទីររៀបចំដែនដី ត្រូវបានលក់ឲ្យក្រុមហ៊ុន ខែក លាង (Khek Leang Co. Ltd.,) ដែលជាម្ចាស់សណ្ឋាគារ សោមាទេវី អង្គរ (Somadevi Angkor Hotel & Spa)។ បើគិតតាមការគណនាតម្លៃដោយក្រុមហ៊ុនអចលនទ្រព្យស៊ីភីអែល (Cambodia Property Limited) ដីដែលមានទំហំប្រហែល១.២០០ម៉ែត្រក្រឡានេះប្រាកដជាអាចលក់បានក្នុងរង្វង់ទឹកប្រាក់មួយលានដុល្លារ គឺ៩.០០ដុល្លារក្នុងមួយម៉ែត្រក្រឡា ក្នុងឆ្នាំ២០១០។ ការដោះដូរនេះរួមមានទាំងដីជាច្រើនផ្សេងទៀត ដូចជាដីរបស់អតីតមន្ទីរសង្គមកិច្ច និងមន្ទីរអភិវឌ្ឍន៍ជនបទ ដែលឥឡូវនេះ ត្រូវបានគេទុកចោលទាំងស្រុង និងមិនដឹងថា អ្នកណាជាអ្នកទិញឲ្យច្បាស់ទេ។
ត្រង់ថា តើក្រុមហ៊ុន J&R បានទទួលប្រាក់ចំនួនប៉ុន្មានពីការដោះដូរដីនេះ គឺមិនទាន់ដឹងច្បាស់ទេ។ ប៉ុន្តែ ដីនៅក្នុងឃំុអំពិល ដែលក្រុមហ៊ុន J&R ប្រើប្រាស់សម្រាប់សាងសង់សាលាខេត្តថ្មីនេះ គឺអាចមានតម្លៃមិនលើសពីប្រាំដុល្លារក្នុងមួយម៉ែត្រក្រឡាទេ ពេលការដោះដូរនេះបានប្រព្រឹត្តទៅ នេះបើយោងតាមលោក បុង សូមុន្នី នាយកសាខាក្រុមហ៊ុនអចលនទ្រព្យស៊ីភីអែល ក្នុងខេត្តសៀមរាប។
បើគិតតាមការគណនាតម្លៃដីនៅពេលនោះ ដីទាំង៤២ហិកតានៅក្នុងឃុំអំពិលនេះ ប្រាកដជាមានតម្លៃប្រហែល២,១លានដុល្លារ ដែលជាចំនួនដ៏ស្តួចស្តើងមួយ បើធៀបនឹងតម្លៃដីដែលធ្លាប់ជាទីតាំងសាលាខេត្ត និងមន្ទីរចំនួន២៦។
លោក លុន សុធី នាយកក្រុមហ៊ុន J&R បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានទាក់ទង ដើម្បីសួរពីការដោះដូរដីនេះ កាលពីសប្តាហ៍មុន។
យោងតាមលោក ឈុន ឈន អតីតអភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា លោក សុធី គឺជាឧត្តមសេនីយ៍ផ្កាយពីរក្នុងជួរកងយោធពលខេមរភូមិន្ទ នៅពេលអ្នកទាំងពីរជួបគ្នាដើម្បីរៀបចំការស្ថាបនាប្រឡាយទឹក ដែលក្រុមហ៊ុន J&R បានសាងសង់ក្នុងឆ្នាំ២០១០។
ទោះជាយ៉ាងណា មន្ត្រីយោធាបានបដិសេធចាប់តាំងពីពេលនោះមកថា លោក សុធី មិនមែនជាមន្ត្រីក្នុងជួរកងយោធពលខេមរភូមិន្ទឡើយ។ មន្ត្រីសាលាខេត្តសៀមរាបគ្រប់លំដាប់ថ្នាក់បានឲ្យដឹងថា កិច្ចព្រមព្រៀងដោះដូរដីនេះ ត្រូវបានរៀបចំដោយសម្ងាត់បំផុតរវាងលោក ស៊ូ ភិរិន្ទ អតីតអភិបាលខេត្តសៀមរាប និងគណៈកម្មាធិការអន្តរក្រសួងដែលមានសមាសភាពចូលរួមពីឥស្សរជនរដ្ឋាភិបាលជាន់ខ្ពស់។
ក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន មន្ត្រីខេត្តមួយចំនួន បានសម្តែងកំហឹងចំពោះការដោះដូរដីពីដំបូងនេះ ហើយអះអាងថា លោក ស៊ូ ភិរិន្ទ បានរៀបចំកិច្ចព្រមព្រៀងនេះដោយគ្មានការដឹងឮពីមន្ត្រីក្រោមឱវាទឡើយ។
លោក ឈីក គឹមឈុន អ្នកនាំពាក្យសាលាខេត្ត បានមានប្រសាសន៍ថា “យើងជាមន្ត្រីតូចតាចពេក មិនអាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការដោះដូរដីនេះទេ។ ខ្ញុំមានឯកសារ ប៉ុន្តែ ខ្ញុំមិនអាចផ្តល់ឲ្យអ្នកបានទេ ព្រោះពុំមានការអនុញ្ញាត”។
តាមការពិត ភាពស្ទាក់ស្ទើររបស់លោក គឹមឈុន ក្នុងការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការដោះដូរដី កាលពីឆ្នាំ២០១០នេះ គឺជារឿងធម្មតាទៅហើយក្នុងចំណោមមន្ត្រីរដ្ឋាភិបាល។
លោក ម៉ៅ វុទ្ធី ដែលមានឋានៈជាអភិបាលរងខេត្ត ក្នុងចំណោមអភិបាលរងខេត្តសៀមរាប ពេលការដោះដូរដីនេះត្រូវបានធ្វើឡើងនោះ បានមានប្រសាសន៍ថា “គណៈកម្មាធិការអន្តរក្រសួង និងថ្នាក់ដឹកនាំប្រទេសជាអ្នកចាត់ចែងរឿងនេះក្នុងឆ្នាំ២០១០។ខ្ញុំអត់ដឹងទេ។ សុំទោស”។
តាមច្បាប់ អចលនទ្រព្យទាំងអស់របស់រដ្ឋក្នុងខេត្តនានា ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ដែលត្រូវធ្វើការជាមួយក្រសួងរៀបចំដែនដី ពេលរៀបចំការដោះដូរដីធ្លី។ អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថារិទ្ធ បានឲ្យដឹងថា លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ គឺជាប្រធានគណៈកម្មាធិការទទួលបន្ទុកលើការដោះដូរដីនៅខេត្តសៀមរាបនេះ ប៉ុន្តែ លោកបានបដិសេធមិនផ្តល់សេចក្តីលម្អិតពីកិច្ចព្រមព្រៀងនេះទេ។
លោក ព្រំ សុខា បានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីការដោះដូរដីធ្លីនេះឡើយ ហើយបានបង្វែរសំណួរទៅលោក ស៊ូ ភិរិន្ទ និងអភិបាលខេត្តបច្ចុប្បន្ន គឺលោក ឃឹម ប៊ុនសុង ។ នៅពេលត្រូវបានសួរអំពីតួនាទីរបស់លោកជាប្រធានគណៈកម្មាធិការទទួលបន្ទុកលើការដោះដូរដីនេះ លោក ព្រំ សុខា មានប្រសាសន៍ថា “ រឿងនេះបានចប់យូរហើយ។ សួរអភិបាលខេត្តនេះទៅ”។
លោក បេងហុង សុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានអះអាងថា លោកពុំមានព័ត៌មានពាក់ព័ន្ធនឹងការដោះដូរដីដ៏ធំនេះទេ ហើយលោកបានបដិសេធថា ខ្លួនមិនដឹងថា តើអតីតអគារសាលាខេត្តនៅចំកណ្តាលក្រុងសៀមរាបនេះ បានប្រែក្លាយទៅជាអ្វីឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំអត់ដឹងទេ។ ខ្ញុំមិនដែលបានទៅមើលដីទាំងនោះទេ។ លោកគួរតែសួរថ្នាក់ខេត្តទៅ។ ក្រសួងរៀបចំដែនដីមិនដឹងរឿងនេះឡើយ”។
លោក ប៊ុនសុង អភិបាលខេត្តសៀមរាបបច្ចុប្បន្ន បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការដោះដូរដីនេះទេ។ លោក ស៊ូ ភិរិន្ទ មិនអាចទាក់ទងបានទេ ទោះជាអ្នកយកព័ត៌មានព្យាយាមទាក់ទងទៅលោកជាច្រើនដងយ៉ាងណាក៏ដោយ។ ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោក មិនឃើញមានមនុស្សនៅឡើយកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
ពាក់ព័ន្ធនឹងការដោះដូរដីនេះ មានការយល់ស្របជាទូទៅថា សេចក្តីសម្រេចក្នុងការរើសាលាខេត្តទៅឃុំអំពិល ចម្ងាយ១៦គីឡូម៉ែត្រពីក្រុងសៀមរាបនេះ គឺជាសេចក្តីសម្រេចដ៏អាក្រក់មួយដោយសារចម្ងាយផ្លូវដ៏សែនឆ្ងាយ និងការចំណាយបន្ថែមលើថ្លៃសាំងសម្រាប់ការធ្វើដំណើរទៅទីនោះ។ វាក៏បានស្តែងចេញយ៉ាងច្បាស់ភ្លាមៗផងដែរថា មន្ត្រីនៅទីនេះសុទ្ធតែមានភាពស្ទាក់ស្ទើរក្នុងការនិយាយពីអ្នកដែលទទួលខុសត្រូវចំពោះការដោះដូរនេះ និងពីមូលហេតុដែលក្រុមហ៊ុន J&R ត្រូវបានជ្រើសរើសឲ្យសាងសង់អគារសាលាខេត្តថ្មីសម្រាប់ជំនួសសាលាខេត្តចាស់។
នៅពេលលោក ឃឹម ប៊ុនសុង អភិបាលខេត្តថ្មីបានឡើងកាន់អំណាចកាលពីដើមឆ្នាំនេះ ការងារដំបូងក្នុងចំណោមការងាររបស់លោក គឺរើការិយាល័យសាលាខេត្តទាំងអស់ពីឃុំអំពិលមកកណ្តាលក្រុងវិញតាមលិខិតបង្គាប់ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែសីហា។ ការិយាល័យសាលាខេត្តថ្មីនៅក្នុងឃុំអំពិលមានទីតាំងស្ថិតនៅលើដីដែលហ៊ុំព័ទ្ធ ជុំវិញដោយវាលស្រែ និងគោ។ វាជាកន្លែងដែលគេឃើញមានតែឆ្កែអត់ម្ចាស់ និងផ្ទះខ្ទមប្រក់ស្លឹកត្នោត មិនសមជាកន្លែងអភិបាលខេត្តក្នុងឈុតអាវធំមានក្រវាត់ក ធ្វើការទេ។
នៅពេលមន្ត្រីសាលាខេត្ត និងកម្មកររើអីវ៉ាន់រាប់សិបនាក់កំពុងរើការិយាល័យទៅការិយាល័យរបស់អាជ្ញាធរអប្សរាក្នុងក្រុងសៀមរាបវិញកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ មន្ត្រីសាលាខេត្តមួយចំនួនបានសំដែងអារម្មណ៍ធូរស្រាលដោយសារខ្លួនលែងចាំបាច់ធ្វើដំណើរក្នុងចម្ងាយផ្លូវ១៦គីឡូម៉ែត្ររាល់ថ្ងៃទៀត។
ប៉ុន្តែ នៅពេលត្រូវបានសួរអំពីក្រុមហ៊ុនJ&R ឬតួនាទីរបស់លោក ស៊ូ ភិរិន្ទ ក្នុងការរៀបចំកិច្ចព្រមព្រៀងនេះ ពួកគេភាគច្រើនបាននៅស្ងៀម ហើយបានស្នើមិនឲ្យបញ្ចេញឈ្មោះរបស់ខ្លួនលើទំព័រកាសែត។ មន្ត្រីម្នាក់ដែលធ្វើការនៅមន្ទីរហិរញ្ញវត្ថុ និងដែលស្នើមិនឲ្យបញ្ចេញឈ្មោះព្រោះតែការដោះដូរដីនេះជារឿងដ៏រសើបនោះ បាននិយាយថា “ក្រុមហ៊ុន J&R កាន់កាប់ក្រុមហ៊ុនម៉ៅការបន្តជាច្រើនទៀត ហើយដីនេះត្រូវបានបែងចែកក្នុងចំណោមក្រុមហ៊ុនទាំងនោះ។ ដីខ្លះត្រូវបានលក់ ហើយដីខ្លះទៀតត្រូវបានជួល។ ដីខ្លះទុកឲ្យនៅទំនេរដោយមានរបងព័ទ្ធជុំវិញ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ខ្ញុំមិនអាចប្រាប់បានថា មានរឿងអ្វីកើតឡើងឲ្យប្រាកដទេ ព្រោះមានគណៈកម្មាធិការមួយដែលទទួលបន្ទុកចាត់ចែងរឿងនេះ និងមានរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។ លោកទៅសួរថ្នាក់ដឹកនាំទៅ”។ ការដែលឥឡូវនេះសាលាខេត្តមានទីតាំង នៅក្នុងបរិវេណអាជ្ញាធរអប្សរា គឺរឹតតែគួរឲ្យចម្លែកទៅទៀតព្រោះលោក ស៊ូ ភិរិន្ទ ត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សារបស់អាជ្ញាធរអប្សរាចាប់តាំងពីពេលនោះមក ហើយឥឡូវនេះរូបលោកខ្លួនឯង គឺជាអ្នកដែលត្រូវធ្វើដំណើរក្នុងចម្ងាយផ្លូវ១៦គីឡូម៉ែត្រទៅការិយាល័យអាជ្ញាធរអប្សរាថ្មីនៅឃុំអំពិល។
អង្គការសហប្រជាជាតិ និងលោក ហ៊ុន សែន បានសំដែងការប្រឆាំងរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងដោះដូរដីនេះ ព្រោះវាពាក់ព័ន្ធនឹងដីដ៏មានតម្លៃនៅចំកណ្តាលក្រុងដែលអគារភាគច្រើនមានតម្លៃជាកេរតំណែលប្រវត្តិសាស្ត្រ។
លោក គ្រីស្តូហ្វើ ផតធីយ័រ (Christophe Pottier) ប្រធានវិទ្យាស្ថាន Ecole Francaise d’Exterme Orient ក្នុងក្រុងបាងកក ដែលបានចំណាយពេល១៨ឆ្នាំធ្វើជាប្រធានមជ្ឈមណ្ឌលរបស់វិទ្យាស្ថាននេះក្នុងខេត្តសៀមរាបរហូតដល់ខែធ្នូ ឆ្នាំ២០០៩បានឲ្យដឹងថា លោកមិនដឹងថា តើការដោះដូរដីនេះមានតម្លៃជាទឹកប្រាក់ប៉ុន្មាននោះទេ។ ប៉ុន្តែ លោកបានធ្វើការកត់សម្គាល់ពីការព្យាយាមរបស់រដ្ឋាភិបាលក្នុងការរើអគាររដ្ឋាភិបាលទៅក្រៅក្រុងជាផ្នែកនៃយុទ្ធសាស្ត្ររយៈពេលវែងក្នុងការផ្តល់ដីធ្លីនៅកណ្តាលក្រុងឲ្យសេចក្តីសម្រេចផ្នែកនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍក្រុងសៀមរាប”។
ទោះជាយ៉ាងណា ត្រង់ថា តើអ្នកណាដែលជាអ្នកទទួលបានផលប្រយោជន៍ពីការដោះដូរដីនេះ និងថា តើក្រុមហ៊ុន J&R បានធ្វើអ្វីខ្លះលើដីនៅចំកណ្តាលក្រុងនេះ គឺនៅមិនទាន់ច្បាស់ទេ។
លោក ជែហ្វ មូន ដែលជាអគ្គនាយកប្រតិបត្តិសណ្ឋាគារ រមណីយដ្ឋានថ្ងៃបាំងឆ័ត្រ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទិញ “អគារមួយ” នៅលើទីតាំងនៃអតីតសាលាខេត្ត ប៉ុន្តែលោកបានបដិសេធមិននិយាយថា តើក្រុមហ៊ុនលោកបានទិញក្នុងតម្លៃប៉ុន្មាន ឬថា តើក្រុមហ៊ុនលោកបានទិញវាពីអ្នកណាទេ។
លោកបានមានប្រសាសន៍ថា “ពិតមែនហើយ ខ្ញុំបានទិញវាក្នុងឆ្នាំ២០១០ ២០១១។ ខ្ញុំបានទិញវា “ ពីអ្នកដែលជាម្ចាស់ដីនេះ។ សូមកុំសួរសំណួរផ្សេងទៀត”។
បន្ទាប់ពីបានធ្វើដំណើររៀងរាល់សប្តាហ៍ទៅសាលាខេត្ត ក្នុងឃុំអំពិលអស់រយៈពេលបីឆ្នាំ លោក ស ចាន់ផល្លីន ប្រធានមន្ទីររៀបចំដែនដី បានសម្តែងភាពធូរស្រាលដោយសារលោកលែងចាំបាច់ធ្វើដំណើរទៅធ្វើការក្នុងចម្ងាយផ្លូវដ៏សែនឆ្ងាយទៀត។ ដោយសំដៅទៅលើការដោះដូរដីនេះលោកបានថ្លែងថា “យើ់ងមិនដឹងព័ត៌មាននេះទេ។ យើងផ្តល់ឲ្យសាធារណជននូវសេវាកម្មពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លី ជួយដោះស្រាយវិវាទដីធ្លី… តែយើងគ្មានព័ត៌មាននេះក្នុងដៃទេ។ អ្នកត្រូវសួរមន្ត្រីសាលាខេត្ត”។
ហើយពេលត្រូវបានសួរអំពីការរើមកកាន់អគាររបស់អាជ្ញាធរអប្សរានេះ លោក ផល្លីន បាននិយាយថា “យើ់ងទាំងអស់គ្នារីករាយណាស់ដែលសាលាខេត្ត និងមន្ទីរនានា បានរើមកវិញ។ វាគឺជាការខ្ជះខ្ជាយពេលវេលាផង សាំងផង និងប្រាក់កាសផង”៕
ប្រែសម្រួលដោយ កង សុធា