លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមិនបានព្រមព្រៀងគ្នាទេទាក់ទងនឹងការស៊ើបអង្កេតឯករាជ្យលើការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែកក្កដា ដោយចំណុចដ៏សំខាន់ ដែលគណបក្សសង្គ្រោះជាតិទាមទារ គឺឲ្យមានការដោះស្រាយការជាប់គាំងផ្នែកនយោបាយប៉ុន្មានសប្ដាហ៍កន្លងមកនេះ បន្ទាប់ពីការចរចាបិទទ្វារយៈពេលជាងប្រាំម៉ោង កាលពីម្សិលមិញ។

លោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលជាគូប្រជែងផ្នែកនយោបាយជាយូរមកហើយនោះ បានចាប់ដៃគ្នាយ៉ាងរាក់ទាក់មុនពេលចាប់ផ្ដើមកិច្ចចរចាកាលពីព្រឹកម្សិលមិញនៅឯរដ្ឋសភា។ ពេលចេញពីកិច្ចចរចារយៈពេលប្រហែលប្រាំម៉ោងក្រោយមក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានសរសើរកិច្ចចរចានេះថា ជាជោគជ័យមួយ ហើយបានមានប្រសាសន៍ថា ភាគីទាំងពីរមានការវិវឌ្ឍមួយចំនួនហើយ រួមទាំងការព្រមព្រៀងបន្តការចរចាផងដែរ។
ប៉ុន្តែលោកបានមានប្រសាសន៍ថា គណបក្សប្រឆាំងនៅមិនទាន់យល់ព្រមចូលរួមសម័យប្រជុំដំបូងនៃរដ្ឋសភាអាណត្តិថ្មីនៅថ្ងៃទី២៣ ខែកញ្ញានៅឡើយទេ ហើយគណបក្សសង្គ្រោះជាតិ នឹងបន្តទាមទារឲ្យមានការស៊ើបអង្កេតអព្យាក្រឹតលើការបោះឆ្នោត។ លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “យើងនឹងបន្តទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេត ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ប៉ុន្តែគណបក្សទាំងពីរចាំបាច់ត្រូវគិតរកផ្លូវកណ្ដាលឆ្ពោះទៅការព្រមព្រៀងគ្នា”។
គណបក្សប្រឆាំងបានគំរាមធ្វើពហិការសម័យប្រជុំសភាដំបូងដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទ ប្រសិនបើរដ្ឋាភិបាលមិនយល់ព្រមឲ្យមានការស៊ើបអង្កេតអព្យាក្រឹតលើភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត ដែលគណបក្សនេះបន្ទោសថា ជាមូលហេតុធ្វើឲ្យខ្លួនចាញ់ការបោះឆ្នោតជាផ្លូវការ។
ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលបានច្រានចោលតាំងពីដំបូងនូវលទ្ធភាពនៃការស៊ើបអង្កេតឯករាជ្យលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាស្ថាប័នតែមួយគត់ដែលគណបក្សប្រឆាំងចោទថា គាំទ្រគណបក្សកាន់អំណាចនោះ មិនព្រមផ្លាស់ប្ដូរទស្សនឡើយ។
ឈរនៅក្បែរលោក យឹម សុវណ្ណ នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ប្រាក់ សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីមកពី គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ពេលស៊ើបអង្កេតពេលវេលាស៊ើបអង្កេតបានកន្លងផុតហើយ។
លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាមិនអាចត្រឡប់ក្រោយ ដើម្បីបង្កើតគណៈកម្មការណាមួយ ដែលមិនគោរពច្បាប់នោះទេ។ [ក្រុមប្រឹក្សាធម្មនុញ្ញ] បានចេញសេចក្ដីសម្រេចហើយថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ ដូច្នេះយើងគ្មានសិទ្ធិត្រឡប់ក្រោយឡើយ”។ លោក ប្រាក់ សុខុន បានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជានឹងចូលរួមសម័យប្រជុំសភាដំបូងនៅថ្ងៃច័ន្ទ ទោះបីជាគណបក្សប្រឆាំងមិនបង្ហាញឆន្ទៈថា ចង់ចូលរួមឬអត់ក៏ដោយ។
តែទោះជាយ៉ាងណា លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាលើបីចំណុច រួមទាំងការបង្កើតគណៈកម្មាធិការថ្មីមួយ ដែលមានសមាសភាពគណបក្សទាំងពីរចូលរួម ដើម្បីពិភាក្សាលម្អិតពីកំណែទម្រង់បោះឆ្នោត និងការសន្យាររក្សាសន្ដិភាពអំឡុងពេលគណបក្សប្រឆាំងកំពុងធ្វើបាតុកម្មនៅក្នុងរាជធានីភ្នំពេញ ដែលបានផ្ទុះអំពើហិង្សា និងបណ្ដាលឲ្យមានមនុស្សស្លាប់កាលពីថ្ងៃអាទិត្យ។
កាលពីព្រឹកម្សិលមិញព្រះមហាក្សត្រនរាត្តម សីហមុនី បានចេញព្រះរាជសារមួយជំរុញឲ្យបាតុករនិងនគរបាលចៀសវាងការប្រើអំពើហិង្សា បន្ទាប់ពីបុរសម្នាក់ត្រូវបាននគរបាលបាញ់ស្លាប់អំឡុងការប៉ះទង្គិចគ្នាជាមួយបាតុករនៅជិតស្ពានមុនីវង្ស។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ចំណុចទី១ គឺត្រូវចៀសវាងអំពើហិង្សា។ យើងត្រូវគោរពព្រះរាជសាររបស់ព្រះមហាក្សត្រចុះកាលបរិច្ឆេទថ្ងៃនេះ ដែលស្នើឲ្យគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាចៀសវាងអំពើហិង្សាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។យើងត្រូវរក្សាភាពស្ងៀមស្ងាត់។ បាតុកម្មរបស់យើងត្រូវតែរក្សាភាពស្ងៀមស្ងាត់ ហើយរដ្ឋាភិបាលត្រូវតែអត់ធ្មត់ឲ្យបានខ្ពស់កុំប្រើអំពើហិង្សា និងកុំប្រើអាវុធលើបាតុករ”។
លោកបានមានប្រសាសន៍ទៀតថា “ចំណុចទី២ គឺយើងព្រមព្រៀងគ្នាបង្កើតយន្តការមួយ នោះគឺគណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់បោះឆ្នោត។ យើងចាំបាច់ត្រូវតែធ្វើកំណែទម្រង់ គ.ជ.ប. យើងត្រូវធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោត។ ទន្ទឹមនឹងនេះដែរ យើងត្រូវតែមានបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី។ ហើយចំណុចទី៣ គឺយើងត្រូវបន្តចរចានៅគ្រប់កម្រិត មិនត្រឹមតែកម្រិតកំពូលនោះទេ ប៉ុន្តែថែមទាំងកម្រិតបច្ចេកទេសផងដែរ”។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ភាគីទាំងពីរមិនបានកំណត់កាលបរិច្ឆេទសម្រាប់បន្តការចរចាទេ ប៉ុន្តែសង្ឃឹមថា នឹងកំណត់កាលបរិច្ឆេទចរចាមុនពេលសភាបើកសម័យប្រជុំលើកដំបូងនៅសប្ដាហ៍ក្រោយ។
លោកក៏បានមានប្រសាសន៍ដែរថា រយៈពេលបីថ្ងៃនៃបាតុកម្មរបស់គណបក្សប្រឆាំងបានរៀបចំនៅកណ្ដាលរាជធានីភ្នំពេញ ហើយនឹងបញ្ចប់នៅរសៀលនេះតាមការគ្រោងទុក។ ផ្អែកលើការរីកចម្រើននៃកិច្ចចរចា នេះ លោកបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិប្រហែលជានៅតែបន្តធ្វើបាតុកម្មទៅដល់បណ្ដាខេត្តបន្ទាប់ពីនោះ។ លោកបានមានប្រសាសន៍ថា “យើងនឹងគិតថា តើត្រូវរៀបចំបាតុកម្មបន្ថែមទៀត ឬក៏អត់។ វាអាស្រ័យលើគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ”។
លោក យឹម សុវណ្ណ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា គណបក្សប្រឆាំងក៏ទាមទារឲ្យលោក ហ៊ុន សែន អនុញ្ញាតឲ្យខ្លួនមានស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួនមួយផងដែរ ដើម្បីធ្វើឲ្យបរិយាកាស ប្រព័ន្ធផ្សព្វផ្សាយជាតិដែលពេលបច្ចុប្បន្នមានច្រើនលើសលប់ទៅដោយស្ថានីយទូរទស្សន៍ និងកាសែតដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មានតុល្យភាពឡើងវិញ ប៉ុន្តែលោកបានមានប្រសាសន៍សម្រាលគំនិតនោះកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា នេះជារឿងតូចតាច។ នៅពេលការបោះឆ្នោតត្រូវបានធ្វើកំណែទម្រង់ហើយ គ.ជ.ប. ធ្វើកំណែទម្រង់រួចហើយនោះ យើងនឹងឈានទៅដល់ចំណុចដៅនោះ”។ និយាយពីកំណែទម្រង់បោះឆ្នោត លោក យឹម សុវណ្ណ បានថ្លែងថា គណបក្សប្រឆាំងនឹងដាក់គំនាបឲ្យផ្លាស់ប្តូរសមាសភាព គ.ជ.ប. ដែលមានសុទ្ធតែអតីតមន្ត្រីគណបក្សប្រជាជន។
ច្បាប់ស្ដីពីការបោះឆ្នោតនាពេលបច្ចុប្បន្នផ្តល់ការគ្រប់គ្រងទាំងស្រុងឲ្យក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបេក្ខជនសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងផ្តល់អំណាចដល់រដ្ឋសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាអនុម័តអ្វីៗ។
ដោយលើកឡើង ពីជំហរខុសគ្នាឆ្ងាយរវាងគណបក្សទាំងពីរពាក់ព័ន្ធនឹងបញ្ហានេះ គំនិតរបស់លោក ប្រាក់ សុខុន ចំពោះការធ្វើកំណែទម្រង់ គ.ជ.ប. គឺពាក់ព័ន្ធនឹងការពិចារណាអំពីលទ្ធភាពនៃការផ្លាល់ប្តូរកាលបរិច្ឆេទបច្ចុប្បន្ននៃការបោះឆ្នោតជាតិ ដែលត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីចៀសវាងរដូវវស្សា។
លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា “មានកិច្ចការដែលត្រូវបំពេញជាច្រើនរួមទាំងថា តើថ្ងៃបោះឆ្នោត ដែលប្រព្រឹត្តទៅនៅចុងខែកក្កដា អាចទទួលយកបានដោយសារតែវាជារដូវវស្សាឬយ៉ាងណា។ ហើយតើការចុះឈ្មោះបោះឆ្នោតគួរតែធ្វើឡើងនៅខែតុលាឬ? ដោយសារតែជាធម្មតាមានទឹកជំនន់ធំនៅខែនោះ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទឹកជំនន់ពិបាកមកចុះឈ្មោះ”។
គណបក្សប្រឆាំងមានបញ្ហាធំៗជាច្រើនជាមួយ គ.ជ.ប. និងដំណើរការចុះឈ្មោះបោះឆ្នោត ជាជាងអាកាសធាតុមិនអំណោយផល។ យោងតាមសវនកម្មឯករាជ្យបីដាច់ដោយឡែកពីគ្នាលើបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយរបស់ គ.ជ.ប. រួមទាំងរបស់រដ្ឋាភិបាលដោយផ្ទាល់ផង មានអ្នកមានសិទ្ធិបោះឆ្នោតប្រហែល១ភាគ១០ត្រូវបានលុបចោល ឬចុះឈ្មោះមិនត្រឹមត្រូវនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ នៅថ្ងៃបោះឆ្នោត បញ្ហាដែលកើតមានចំពោះបញ្ជីឈ្មោះបោះឆ្នោត គឺមានភាពមិនប្រក្រតីជាជាច្រើន ដូចជា អ្នកបោះឆ្នោតមិនអាចស្វែងរកឈ្មោះរបស់ខ្លូនឃើញ ឬក៏ឈ្មោះរបស់ខ្លួនត្រូវបានគេបោះជំនួសរួចទៅហើយ៕
ប្រែសម្រួលដោយ តែម សុខុម