27.5 C
Phnom Penh

ជន​រង​គ្រោះ​រៀប​រាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ជិត​ស្ពាន​មុនីវង្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​​រង​គ្រោះ​ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​​ដែល​បាន​កើត​ឡើង​រវាង​កង​កម្លាំង​សន្តិ​សុខ​ និង​ក្រុម​យុវ​ជន​គប់​ដុំ​ថ្ម​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ កាលពី​យប់​ថ្ងៃ​អាទិត្យ​នោះ​បាន​រៀប​រាប់​ពី​ហេតុការណ៍​នេះ កាល​ពី​ម្សិល​មិញ​ ដោយ​អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​បាន​រង​របួស​នៅ​ពេល​ប្រយុទ្ធ​ជាមួយ​នគរ​បាល​ប្រឆាំង​កុបកម្ម​ ហើយ​អ្នក​ផ្សេង​ទៀត​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់តំបន់​​នោះ​ ដែល​បាន​ជាប់​នៅ​ចំកណ្តាល​​តែប៉ុណ្ណោះ។

ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ដោយ​មាន​ការ​ប្រយុទ្ធ​​គ្នា​រវាង​បាតុករ​ជា​យុវជន និង​កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាលប្រឆាំង​កុបកម្ម​ប្រដាប់​អាវុធ​នៅ​​តំបន់​ស្ពាន​មុនី​វង្ស​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រង​របួស។

ជន​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​នេះ​ និង​សមាជិក​គ្រួសារ​របស់​គេ​ ដែល​ត្រូវ​បានសាក​សួរ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត កាល​ពី​ម្សិល​មិញ​បានប្រាប់​ពី​ការ​បង្ក្រាប​ដ៏​ចាស់​ដៃ​ពី​សំណាក់​កង​កម្លាំង​សន្តិ​សុខ​នៅ​តំបន់​នោះ។

លោក អឿន សំអូន អាយុ២៦​ឆ្នាំ​ជា​អ្នក​រត់​ម៉ូតូឌុប ដែល​ត្រូវ​បាន​បាញ់​ចំ​កែង​ដៃ​ឆ្វេង​របស់​គាត់​ បាន​និយាយ​ពី​បន្ទប់​នៅ​មន្ទីរ​ពេទ្យ​ថា គាត់​បាន​ព្យា​យាម​​ជិះ​ម៉ូតូ​របស់​គាត់​យក​បាយ​ទៅ​ឲ្យ​មិត្ត​ភក្តិ​របស់​គាត់​នៅ​សង្កាត់​បឹង​ត្របែក​​  ស្រាប់​តែ​នៅ​ពេល​នោះ​គាត់​បាន​ជាប់​នៅ​ក្នុង​អំពើ​ហិង្សា​នេះ ដែល​សាក្សី​បាន​និយាយ​ថា បាន​ចាប់​ផ្តើម​បន្ទាប់​ពី​នគរ​បាល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​ក្រុម​យុវជន​ ដែល​គប់​ដុំថ្ម​។

គាត់​បាន​និយាយថា “ខ្ញុំ​កំពុង​ឈរ​នៅ​ក្នុង​ក្រុម​មនុស្សដែល​​មើល​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ហើយ​បន្ទាប់​មក​ខ្ញុំ​មាន​អារម្មណ៍​ញ័រ​ដៃ​ ហើយ​ខ្ញុំ​បាន​ដួល​”។ គាត់​បាន​ប្រាប់ថា គាត់​បាន​សន្លប់​ និង​ដឹង​ខ្លួន​នៅ​​ក្នុងមន្ទីរ​ពេទ្យ។​ លោក សំអឿន បាន​និយាយថា មុន​ពេល​គាត់​ត្រូវ​គ្រាប់​ គាត់​បាន​ឈរ​មើល​កង​កម្លាំង​សន្តិ​សុខ​ព្យា​យាម​ដេញ​បាតុករ​ ហើយ​បាតុករ​ខឹង​ដោយ​សារ​ការបិទ​ផ្លូវ​ដែល​បាន​បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​យូរ​នៅ​ជិត​ស្ពាន​នេះ​ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​កំហឹង​កាន់​តែ​ច្រើនចូល​រួម​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ​។

គាត់​បាន​និយាយថា “មាន​មនុស្ស​ច្រើន​ណាស់​ ដែល​ព្យាយាមធ្វើ​ដំណើរ​​ទៅ​ទី​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​នៅ​ជិត​នោះ ប៉ុន្តែ នគរ​បាល​​បាន​បិទ​ផ្លូវ​នោះ​”។ គាត់​បាន​រៀប​រាប់​ឲ្យ​ដឹង​ទៀត​ថា “ដំបូង​នគរ​បាល​ព្យា​យាម​ប្រើ​កម្លាំង​ដេញ​មនុស្ស​ឲ្យ​ចេញ​ពី​ស្ពាននោះ ប៉ុន្តែ ការ​ដេញ​នោះ​ធ្វើ​ឲ្យ​មាន​​មនុស្ស​កាន់​តែ​ច្រើន​ចូល​ទៅ​កន្លែង​នោះ។​ការ​ដេញនោះ​ធ្វើ​ឲ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ចូល​ទៅ​តំបន់​នោះ ហើយ​ធ្វើ​ឲ្យ​នគរ​​​​បាល​រុញ​ច្រាន​មក​វិញ​កាន់​តែ​ខ្លាំង។ គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា “អាជ្ញាធរ​មិន​គួរ​បាញ់​មនុស្ស​ទាំង​នោះ​ទេ​ ពី​ព្រោះ​ពួក​គេ​ភាគ​ច្រើន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​នេះទេ​”។

បុរស​អាយុ២៥​ឆ្នាំ​ម្នាក់​ នៅ​មន្ទីរ​ពេទ្យ​នេះ​​ដែល​មានរបួស​ធំនៅ​ចំ​ក្បាល​ពី​ក្រោយ​របស់​គាត់​ បាន​ទទួល​ស្គាល់​ថា គាត់​ស្ថិត​នៅ​ជួរ​មុខ ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​នគរ​បាល នៅ​កន្លែង​បិទ​ផ្លូវ​ជិត​​ស្ពាន​មុនីវង្ស​នេះ​ ហើយ​នៅ​ពេល​​នោះ​មន្ត្រី​ម្នាក់​បាន​វាយ​គាត់​ឲ្យ​សន្លប់។ គាត់​បាន​និយាយថា “បាតុករ​បាន​ព្យា​យាម​ទាញ​រនាំង​ទាំង​នោះ​ចេញ​​ ហើយ​នគរ​បាល​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ ខ្ញុំ​ទៅ​ជួយ​ពួក​គេ​ពី​ក្រោយ ហើយ​នៅពេល​នោះ​យើង​បាន​គប់​ដុំ​ថ្ម​ដាក់​នគរ​បាល​”។ គាត់​បាន​និយាយ​ថា “ នៅ​ពេល​នោះ​ នគរ​បាល​ក៏​បាន​បាញ់​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​ភ្ជុចដី​ និង​ឡើង​លើផងដែរ​​ ហើយ​នគរ​បាល​ម្នាក់​បាន​​យក​ដំបង​របស់​គាត់​វាយ​ក្បាល​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គេច​ខ្លួន​មិន​ទាន់​”។

លោក វ៉ាន់ បាន​បន្ថែម​ថា គាត់​មិន​ចាប់​អារម្មណ៍នឹង​ការ​ចូល​រួម​ធ្វើ​​បាតុកម្ម​របស់​គណ​​បក្ស​ប្រឆាំង​ទៀត​ទេ​។ គាត់​ក៏បាន​ឲ្យ​ដឹង​ថា “នគរ​​បាល​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ ឥឡូវ​នេះវា​គ្រប់​គ្រាន់​ហើយ។ ខ្ញុំ​ឈប់​ហើយ​។ យើង​មិន​អាច​ឈ្នះ​បានទេ”។

លោក ទាវ វាសនា អាយុ​៣០​ឆ្នាំ ជា​បង​ប្រុស​របស់​ ទាវ សំណាង អាយុ២៨​ឆ្នាំ ដែល​ត្រូវ​គ្រាប់​ចំ​ជើង​ស្តាំ​​របស់​គាត់​ និង​កំពុង​​ត្រូវ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​នេះ​ កាលពី​រសៀល​​ម្សិល​មិញ ដើម្បី​យកក្បាល​​គ្រាប់​កាំ​ភ្លើង​ចេញ​នោះ​បាន​និយាយ​ថា ប្អូន​ប្រុសគាត់​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​អំពើ​ហិង្សា​នេះ​ទេ។​ គាត់​​បាន​និយាយថា “ប្អូន​ប្រុស​គាត់​​បាន​ទៅ​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ហើយ​ការ​ងារ​របស់គាត់គឺ​ផ្តល់​ទឹក​ទៅ​ឲ្យ​បាតុករ​”។

លោក​ វាសនា បាន​រៀប​រាប់​ថា គាត់​មិន​ដឹង​ថា​ ប្អូន​ប្រុស​របស់​គាត់​ធ្វើ​អ្វី​នោះ​ទេ នៅ​ពេល​គាត់​ត្រូវ​គ្រាប់​នោះ ប៉ុន្តែ គាត់​គិត​ថា ប្រតិកម្ម​ពី​នគរ​បាល​ដោយ​ការ​បាញ់​គ្រាប់​ពិត ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​នេះ​ គឺ​ឃោរ​ឃៅ និង​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​។

គាត់​បាន​ឲ្យ​ដឹង​ថា “អំពើនេះ​ឃោរ​ឃៅ​ណាស់។ ពួក​គេ​ប្រើ​កម្លាំង ប៉ុន្តែ បាតុករ​ដៃ​ទទេ​ទាំង​អស់។ ពួក​គេ​គួរតែ​បើក​ផ្លូវ​នោះ​​។ ប្រសិន​បើ​ពួក​គេ​មិន​បិទ​ផ្លូវ​នេះ​ទេ វាគ្មាន​បញ្ហាអ្វី​​ឡើយ​”។ បុរស​ម្នាក់​ទៀត ដែល​នៅ​ប្រឡាក់ឈាម​នៅ​ឡើយ និង​មិន​អាច​និយាយ​បាន​ច្បាស់​ដើម្បី​ប្រាប់​ពី​ឈ្មោះ​របស់​គាត់​ ឬ​សមាជិក​គ្រួសារ​នោះ​ ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​នៅ​ក្បែរ​នោះ​ ដោយ​មានស្នាម​របួសដ៏​ធំ​ចំ​ផ្នែក​ខាង​ស្តាំ​នៃ​ផ្ទៃ​មុខ​របស់​គាត់​។

គិលានុបដ្ឋាក​និយាយថា វេជ្ជ​បណ្ឌិត​មិន​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​គាត់​បាន​ទេ​ រហូត​ដល់​សមាជិក​គ្រួសារ​របស់​គាត់មក​ជួយ​បង់​ថ្លៃ​ព្យាបាល​គាត់​សិន។ នៅ​ក្នុង​វត្ត​ចាក់អង្រែ​ក្រោម​នៅ​ចម្ងាយ​ប្រហែល​បីគីឡូម៉ែត្រ​ខាងត្បូង​ស្ពាន​មុនី​វង្ស​តាម​ផ្លូវ​ជាតិ​លេខ​២ គ្រួសារ​របស់​លោក ម៉ៅ ចាន់ ដែល​ត្រូវ​គ្រាប់​ចំក្បាល​នៅ​ស្ពាន​នេះ កាលពី​យប់​ថ្ងៃ​អាទិត្យ​បានជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​ឲ្យ​កម្មករសំណង់​អាយុ២៩​ឆ្នាំ​ រូប​នេះ​។

នៅ​ឯ​ពិធី​បុណ្យ​សព​នេះ លោកស្រី ប៊ី ណៃ អភិ​បាល​រង​ខណ្ឌ​មានជ័យ បាន​បរិច្ចាគ​ថវិកា​ចំនួន​១០​លាន​រៀល​ តាំង​នាម​ឲ្យ​ខណ្ឌ​ និង​សាលា​រាជ​ធានី​ភ្នំពេញ​ ដល់​អ្នក​ស្រី ជា សុខលី អាយុ​២៨​ឆ្នាំ​ ជា​ប្រពន្ធ​របស់​ ម៉ៅ ចាន់។ លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “តាង​នាម​ឲ្យអាជ្ញាធរ​ យើង​សោក​ស្តាយ​ណាស់​ចំពោះ​ហេតុការណ៍​នេះ​ យើង​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ទេ​ ហើយ​យើង​ក៏​មិន​ចង់​ឃើញ​​ហេតុ​ការណ៍​បែប​នេះ​ដែរ”។

អ្នកស្រី​ សុខលី បាន​និយាយ​ថា ប្តី​របស់​គាត់​មិន​បាន​ចូលរួម​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ ឬ​ជាប់​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​របស់​បក្ស​ប្រឆាំង​ទេ​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​យាម​​តូប​​លក់​កាសែត​ និងភេសជ្ជៈ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជិត​ស្ពាន​មុនីវង្ស​ ស្រាប់​តែ​នៅ​ពេលនោះគាត់​ត្រូវ​បាន​គេ​​បាញ់​ស្លាប់​​តែ​ម្តង។​ អ្នក​ស្រី​បាន​និយាយថា “គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​ជិតកន្លែង​លក់​​កាសែត​មួយ​​នៅ​ជិត​ស្ពាន​នោះ ដើម្បី​ធ្វើ​ជា​សន្តិសុខ​”។

លោក ស្រី វិជ្ជា អាយុ​៣២​ឆ្នាំ​ជាមិត្ត​ភក្តិ​របស់​គ្រួសារ​នេះ បាន​និយាយថា គាត់​ព្យាយាម​ដឹក​ ម៉ៅ ចាន់​ ទៅ​​កាន់​តូប​លក់​នោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ តែ​នៅ​ពេល​នោះ​គាត់​បាន​ជាប់​នៅ​ក្នុង​ការ​កក​ស្ទះ​ចរាចរណ៏យ៉ាង​ខ្លាំង​​នៅ​ជិត​គល់​ស្ពាន​នោះ នៅ​ម៉ោង​ប្រហែល​៩​យប់​។ អ្នកស្រីនិយាយថា “ខ្ញុំ​បាន​ទៅ​មើល​ក្រែង​មាន​ផ្លូវ​ដែល​អាច​ជិះ​ម៉ូតូ​ចេញ​បាន​”។​​ គាត់​ពន្យល់​ថា ម៉ៅ ចាន់ នៅ​អង្គុយ​ម្នាក់​ឯង​លើ​ម៉ូតូ​នោះ​រង់​ចាំគាត់​ត្រឡប់​មក​វិញ។

លោក វិជ្ជា បាន​បន្ថែម​ថា គាត់​មិន​បាន​ឃើញ​កង​រាជ​អាវុធ​ហត្ថ​ ឬ​នគរ​បាល​ទេ​នៅ​ពេលគាត់​ដើរ​ចេញ​ទៅ​នោះ ប៉ុន្តែ នៅ​ពេល​​គាត់​ត្រឡប់​មក​វិញ​នៅ​ម៉ោង​ប្រហែល​១០ មិត្ត​ភក្តិ​របស់​គាត់​កំពុង​ដេក​នៅ​លើ​ដី​ ដោយ​មាន​​ស្នាម​របួសត្រូវ​គ្រាប់​កាំភ្លើង​នៅ​ពី​លើ​ចិញ្ចើម​ស្តាំ​របស់​គាត់​ និង​មាន​មនុស្ស​កំពុង​ចោមរោមមើល។

គាត់​បាននិយាយ​ថា “នៅ​ពេល​ខ្ញុំ​ចាក​ចេញ​ពី​កន្លែង​នោះ​ ខ្ញុំ​ឃើញ​នគរ​បាល​ចរាចរ​តែ​ពីរ​ ឬ​បី​នាក់​ប៉ុណ្ណោះ។ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នៅ​តែ​ឃើញ​នគរ​បាល​ចរាចរ​ពីរ​បី​នាក់​ដដែល។ ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា តើ​គ្រាប់​កាំ​ភ្លើង​​​នោះ​ចេញ​មក​ពី​ណា ហើយ​មាន​ឈាម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ខ្ញុំនិយាយ​មិនចេញ​​ទេ​ ខ្ញុំ​ហួស​ចិត្ត​ខ្លាំង​ណាស់​”។

អ្នក​ស្រី​ សុខលី ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ប៉ះ​ទង្គិច​គ្នា​ កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​នាម​ជា​តំណាង​គ្រួសារ​ បាន​និយាយថា នៅ​ពេល​​អ្នក​​ស្រី​មក​ដល់​កន្លែង​កើត​ហេតុ​ បាតុករ​បាន​​រារាំង​​អ្នក​ស្រី​មិន​ឲ្យ​ដឹក​សាក​សព​​ទៅកាន់​វត្ត​​ ដោយ​​សារ​តែបារម្ភខ្លាច​ថា គាត់ជា​​នគរ​បាល​សម្ងាត់​​។ អ្នក​ស្រី​បាន​និយាយថា “មនុស្ស​ទាំង​នោះ​​និយាយថា យក​សាកសព​ទៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ហើយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ប្រហែល​១៥​គ្រឿង​​មក​ឃាត់​យើង​មិន​ឲ្យ​យក​សាក​សព​ទៅ​វត្ត​ ប៉ុន្តែ អង្គការ​សហ​ប្រជា​ជាតិ​ និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បាន​ឃាត់​ពួក​គេ”។

ការិយាល័យ​ស្នង​ការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​​​មិញ​ បញ្ជាក់​ថា ខ្លួន​បាន​ជួយ​ឲ្យ​មាន​ស្ថាន​​ភាព​ធូរ​ស្រាល​ និងជួយ​ដឹក​សាក​សព​ទៅ​មន្ទីរ​ពេទ្យ​។

នៅ​ឯ​សន្នីសីទ​កាសែត​ ដែល​ប្រារព្ធធ្វើ​នៅ​រដ្ឋ​សភា​កាល​ពី​ម្សិល​មិញ​ លោក ប្រាក់​ សុខុន រដ្ឋ​លេខា​ធិការ​ទី​ស្តី​ការគណៈ​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍ថា ក្រសួង​មហាផ្ទៃ​នឹង​ស៊ើប​អង្កេត​ការ​ស្លាប់​របស់​ ម៉ៅ ចាន់។ លោក ប្រាក់ សុខុន បាន​មាន​ប្រសាសន៍​ថា ​យើង​មិន​ដឹង​ថា តើ​មនុស្ស​នេះ​ជា​បាតុករ​ ឬ​មិន​មែន​នោះទេ ប៉ុន្តែ យើង​នឹង​សើុប​អង្កេត​​​រក​ការពិត​”។

បញ្ជា​ការ​អចិន្ត្រៃ​​យ៍ទទួល​បន្ទុក​សន្តិ​សុខ​បោះ​​ឆ្នោត​ ដែល​ដឹក​នាំ​ដោយ​លោក ស ខេង​​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាលពី​ម្សិល​មិញ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​លើក​ឡើង​ថា “មាន​មនុស្ស​ឆ្លៀត​​ឱកាស​មួយ​ក្រុម ដែល​បាន​បង្ក​អសន្តិ​សុខ​ ភាព​ចលាចល និង​​អនា​ធិប​តេយ្យ​ ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សមត្ថ​កិច្ច​”។ ​គណ​បក្ស​ប្រឆាំង​មិន​បាន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ជាមួយ​​សាលា​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ធ្វើ​បាតុ​កម្ម​​របស់​ខ្លួនតែ​នៅ​ក្នុង​ទីលាន​ប្រជា​ធិប​តេយ្យ​នោះទេ​។​សេចក្តី​ថ្លែង​ការណ៍​នេះ​ឲ្យ​ដឹង​ទៀត​ថា “គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​​ទទួល​ខុស​ត្រូវ​ចំពោះ​​​ហេតុការណ៍​ដែល​បាន​​កើត​ឡើង​នេះ”។

នៅ​ល្ងាច​ថ្ងៃ​ដដែលនោះ ស្ថាប័ន​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​លើក​ទី​២ ដែល​បាន​លើក​ឡើង​ថា បាតុករ​ជាអ្នក​​បង្ក​ហេតុ​​បណ្តាល​ឲ្យ​យុវ​ជន​រូប​នេះ​ស្លាប់​ មិន​មែន​ជា​មន្ត្រី​នគរ​បាល​នោះ​ទេ​។

សេចក្តី​ថ្លែង​ការណ៍​នេះ​លើក​ឡើង​ថា “នៅ​ពេលដែលហេតុការណ៍​នេះ​កើត​ឡើង​អាជ្ញាធរ​​មាន​សមត្ថកិច្ច​បាន​ស្នើ​សុំ​​ម្តង​ហើយ​ ​ម្ត​ង​ទៀត​ឲ្យ​ពួក​ឆ្លៀត​ឱកាស​ទាំង​នោះ​បញ្ឈប់​​ភាព​ចលាចល​នេះ​។ ប៉ុន្តែ​ពួក​ឆ្លៀត​ឱកាស​ទាំង​នេះ​មិន​ព្រម​ធ្វើ​តាម​ទេ​ ហើយ​បាន​ឆ្លើយ​​តប​ដោយ​ហិង្សា​ ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្តាល​​ឲ្យ​បាត់​បង់​ជីវិត​ជន​ស៊ីវិល​ម្នាក់ និង​ធ្វើ​ឲ្យ​អា​ជ្ញាធរ​​មាន​សមត្ថ​កិច្ច​រង​របួស​ជា​ច្រើន​នាក់​​”។

ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ចេញ​ព្រះ​រាជ​សារ​មួយ​កាល​ពី​ម្សិល​មិញ​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​​អ្នក​ស្លាប់​​ និង​អ្នក​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ ហើយ​បាន​អំពាវ​នាវ​ឲ្យ​បាតុករ​ប្រកាន់​នូវ​មធ្យោ​បាយ​អហិង្សា។

ព្រះ​មហាក្សត្របាន​ឡាយក្នុង​ព្រះរាជ​សារ​​ថា “ខ្ញុំ​សូមអំពាវ​នាវ​ដ៏ទទូច​ចំពោះ​​ជន​រួម​ជាតិ​ទាំងមូល​​ ដែល​ជា​បាតុករ និង​ក្រុម​​សមត្ថ​កិច្ច​ សូមបញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​តាម​រូប​ភាព​​ណា​ក៏​ដោយ ដូចជា​ការ​គប់​ដុំថ្ម​និង​ការ​ប្រើ​ប្រាស់​​អាវុធ​ ដែល​បណ្តាល​ឲ្យ​បងប្អូន​ទាំង​អស់​​គ្នា​ទទួល​​រង​របួស​ ឬ​បាត់​បង​ជីវិត​”។

គណ​បក្ស​សង្គ្រោះជាតិ ក៏​បាន​ចេញ​សេចក្តី​​ថ្លែង​ការណ៍​មួយ​ផ្តោត​ទៅ​លើ​អំពើ​ហិង្សា​ ដែល​អាជ្ញាធរ​បាន​ប្រព្រឹត្ត​នៅ​ជិត​ស្ពាន​មុនី​វង្ស​ កាល​ពី​ថ្ងៃ​អាទិត្យ​​ផង​ដែរ ដោយ​អំពាវ​នាវ​​ឲ្យ​​មាន​ការ​ស៊ើប​អង្កេត​រក​ឃាតករ​​សម្លាប់​ ម៉ៅ ចាន់ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​លើក​ឡើង​ថា “គណ​បក្ស​សង្គ្រោះជាតិ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​អំពើ​​ឃោរ​ឃៅ​ពី​សំណាក់​អាជ្ញាធរ​ប្រដាប់​អាវុធ​មក​លើ​ប្រជាពល​រដ្ឋ​​ស្លូត​ត្រង់​ ដែល​​នេះ​គឺ​ជា​​ទង្វើ​រំលោភ​បំពាន​​និង​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ”៕

(រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន និង​ ហ៊ុល រស្មី)
ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស