35 C
Phnom Penh

មនុស្ស​ប្រាំមួយ​នាក់​បានបញ្ជូន​ទៅ​តុលាការ ក្នុង​ការ​ប៉ះ​ទង្គិច​​ជាមួយ​​នគរបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ មន្ត្រី​សាលា​ដំបូង​រាជ​​​ធានី​​​​​​​ភ្នំ​ពេញ ​បាន​សាក​សួរ​បុរស​ចំនួន​ប្រាំ​មួយ​នាក់​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​​​​​​ប្រឆាំង​នឹង​អាជ្ញាធរ​នៅ​ពេល​ក្រុម​បាតុករ​បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​​កង​កម្លាំង​សន្តិសុខ​នៅ​ជិតស្ពាន​ព្រះ​មុនីវង្ស ដែល​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​​អាយុ​២៩​ឆ្នាំ​ត្រូវ​​បាញ់​ស្លាប់​។

បុរស​ទាំងនោះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​អាទិត្យ ដែលជា​​ថ្ងៃ​​​​ទីមួយនៃការធ្វើ​បាតុកម្ម​​ត្រូវបានបញ្ចប់នៅ​ឯទីលាន​ប្រជាធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំ​ពេញ​ដែល​ដឹក​នាំ​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ។

លោក លួ​ សុខា នាយការិយាល័យ​នគរ​​​បាល​​​​​​​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រ​សាសន៍​​​​​​​​​​ថា​ ឈ្មោះ​ សាញ់ សំអឿន​ អាយុ​២៨​ឆ្នាំ ង្វៀន ​​​​​​ធីដិច អាយុ​២០​ឆ្នាំ ឯក ចាន់នូ អាយុ​​១៧​ឆ្នាំ តាំង ចុង​សៀង អាយុ ១៨​ឆ្នាំ សុង និស្ស័យ អាយុ ២០​ឆ្នាំ និង វ៉ា​ នឿន អាយុ ២០ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​នគរបាល​ក្រសួង​មហាផ្ទៃ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើ​ការ​សាក​សួរ​។

លោក សុខា មាន​ប្រ​សាសន៍​បន្ត​ថា “នគរ​​​បាល​បាន​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​ធ្វើការ​សាក​សួរ​រួច​ហើយ​ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​  ពួក​គេ​ត្រូវ​បាន​ចោទ​ប្រ​កាន់​ ឬ អត់​នោះ​ទេ”។ លោក គឹម ចេង ក្រឡាបញ្ជី​សាលាដំបូង​បាន​មាន​ប្រសាសន៍​ថា បុរស​ទាំង​ប្រាំ​មួយ​នាក់​​​​​​​​​​​​​នោះ ត្រូវ​បាន​សាក​សួរ​ដោយ​ព្រះ​រាជ​អាជ្ញា​រង​​​​​​​អម​សាលា​ដំបូង លោក សៀង សុខ រួច​ហើយ​​​​​​​​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ លោក សួស សំអាត ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ត​។ លោក គឹម ចេង​ បាន​​​មាន​ប្រសាសន៍​បន្ត​ថា “ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ លោក សៀង​សុខ បាន​សាក​សួរ​ពួក​គេ​រួច​ហើយ ហើយ​បាន​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​លោក ចៅ​ក្រម​​​​​​​​​​ស៊ើប​សួរ​រួច​ហើយ​ដែរ”។

លោក ចាន់ សូវ៉េត អ្នកស៊ើប​អង្កេត​ជាន់​ខ្ពស់​ប្រ​ចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ទៅ​​ដល់​កន្លែង​ប៉ះ​ទង្គិច​គ្នា នៅ​មុន​ម៉ោង​៧​យប់​បន្តិច កាលពី​ថ្ងៃ​អាទិត្យ​នោះ បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​រវាង​ពី​ម៉ោង ៨​ទៅ​ម៉ោង​៩​យប់​ គឺ​ភ្លាមៗ​បន្ទាប់​ពី​អ្នក​ធ្វើ​ដំណើរ​ម្នាក់ គឺ​លោក ម៉ៅ ចាន់ ត្រូវ​បាន​បាញ់​ចំក្បាល​ហើយ​បាន​ស្លាប់​​​​​​​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​មួយ​​រវាង​ក្រុម​បាតុករ​​​​ជា​មួយ​នឹង​កម្លាំង​នគរបាល​បង្ក្រាប​កុបកម្ម​។

លោក ចាន់ សូវ៉េត មាន​ប្រ​សាសន៍​បន្ត​ថា “នៅ​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់ កង​​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ មួយ​ក្រុម​បាន​មក​ដល់​។ ពួក​គេ​បាន​បើក​ផ្លូវ​…ហើយ​ពួក​គេ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​តែ​ម្តង​”។ លោក​បាន​ប៉ាន់​​ប្រ​មាណ​ថា​ កម្លាំង​នគរ​បាល​នៅ​ពេល​នោះ​មាន​ចំនួន​ប្រហែល​១.០០០នាក់។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​របស់​អង្គការ​សិទ្ធិមនុស្ស​ចំនួន​១០ រួម​ទាំង​អង្គការ​អាដ​ហុក​​​​ និង​គណៈកម្មាធិការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​​​ធម៌​​​​នៅ​កម្ពុជា​ ផង​ដែរ​​​ បាន​អំពាវ​នាវ​ឲ្យ​ដោះ​​​លែង​បុរស​ទាំង​ប្រាំមួយ​នាក់​នោះ​ជា​បន្ទាន់​។

សេចក្ដីថ្លែងការណ៍​នោះ​បាន​លើក​ឡើង​បន្ត​ថា “នៅ​ម៉ោង​ប្រហែល​៨និង​៣០​នាទី​យប់​ ជនរងគ្រោះ​បាន​លើក​របាំង​បន្លា​លួស​ដើម្បី​បើក​ផ្លូវ​ ហើយ​នៅ​ពេល​នោះ​មាន​អំពើ​ហិង្សា​កើត​ឡើង​ ដោយ​សារ​នគរ​បាល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ គប់​គ្រាប់បែក​ផ្សែង​ និង​បាញ់​គ្រាប់​ពិត​​មក​លើ​​ក្រុម​មនុស្ស​​ដែល​​កំពុង​ជាប់​គាំង​ចរាចរណ៍​នោះ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ និង​ប្រាំបី​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​ចាប់​ខ្លួន​បុរស​ចំនួន​ប្រាំមួយ​នាក់​ផ្សេង​ទៀត”​សេចក្ដីថ្លែង​ការណ៍​នោះ​បាន​លើក​ឡើង​បន្ថែមថា “សូម​មេត្តា​ដោះ​លែង​ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ អំឡុង​ពេល​មាន​ឧបទ្ទវហេតុ​នោះជា​បន្ទាន់”។

លោក  យឹម  សុវណ្ណ ​​​ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បានមាន​ប្រសាសន៍​ថា គណ​បក្ស​របស់​លោក​ក៏បាន​ស្នើ​ឲ្យ​ដោះ​លែង​បុរស​ទាំង​នោះ​ផង​ដែរ។ លោក​ យឹម សុវណ្ណ បាន​​​មាន​ប្រសាសន៍​បន្ត​ថា “ខ្ញុំ​សូម​អំពាវ​នាវ​ទៅ​អាជ្ញាធរ​រដ្ឋា​ភិបាល​ឲ្យ​ដោះ​​​លែង​បុរស​ទាំង​ប្រាំមួយ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​នោះ” ដោយ​បន្ថែម​​​​​​​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​​​ចំពោះ​​ឧបទ្ទវហេតុ​នេះ​ថា    ​​​​​​​តើ​បុរស​ទាំង​ប្រាំ​មួយ​នាក់​នោះ​ជា​អ្នក​គាំទ្រ​​​គណបក្ស​សង្គ្រោះ​​ជាតិ ឬគ្រាន់​តែ​ជា​អ្នក​ឈរ​មើល​ហេតុការ​ណ៍​​នោះ ឬ​យ៉ាង​ណា​៕

(រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា​)
ប្រែសម្រួល​ដោយ ឃិន ណៃ​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស