កាសែតថៃ ឌឹ ណេសិន (The Nation) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃបានបដិសេធការចោទប្រកាន់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលថា ការបោះពុម្ពផ្សាយរបស់កាសែតនេះមានភាពលម្អៀង និងមានគេជួលឲ្យរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងបទវិចារណកថាមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន កាសែត ឌឹ ណេសិន លើកឡើងថាលោក ហ៊ុន សែន អាចឈានដល់ការបញ្ចប់អាជីពនយោបាយរបស់ខ្លួន ប្រសិនបើមានអំពើហិង្សាផ្ទុះឡើង ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងតាមរយៈលិខិតមួយច្បាប់ផ្ញើជូនកាសែតនេះ ដោយបានលើកឡើងថា អត្ថបទបញ្ចេញមតិនេះ គឺ “ពោរពេញទៅដោយការភូតកុហក និងការបំប៉ោង”។ លិខិតនេះត្រូវបានចុះផ្សាយក្នុងទំព័រកាសែត ឌឹ ណេសិន កាលពីថ្ងៃអាទិត្យ។
ឆ្លើយតបទៅនឹងលោក កុយ គួង កាលពីម្សិលមិញ កាសែត ឌឹ ណេសិន បានចុះផ្សាយសាររបស់និពន្ធនាយកដែលមានខ្លឹមសារការពារបទវិចារណកថារបស់ខ្លួន។
ឌឹ ណេសិនបានលើកឡើងថា “គ្មានមេដឹកនាំណាម្នាក់នៅក្នុងតំបន់នេះ និងតំបន់ផ្សេងៗទៀតដែលគេចផុតពីការរិះគន់តាមបណ្តាញព័ត៌មាននោះទេ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនមែនជាករណីលើកលែងទេ ហើយទង្វើ និងសកម្មភាពនយោបាយរបស់គាត់ត្រូវបានចុះផ្សាយជាបន្តបន្ទាប់ ចាប់តាំងពីគាត់បានលេចមុខជាឥស្សរជនសាធារណៈមួយរូបនៅក្នុងតំបន់នេះកាលពីបីទសវត្សរ៍មុនមក”។
កាសែត ឌឹ ណេសិន ក៏បានលើកឡើងផង ដែរថា ខ្លួនជាកាសែតឯករាជ្យដែលមិនធ្លាប់មានភាគីណាមួយជួលឲ្យរិះគន់លោក ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំចាប់តាំងពីកាសែតនេះត្រូវបានបង្កើតឡើងមកឡើយ។ កាសែតនេះលើកឡើងថា “យើងមានសិទ្ធិសរសើរលោក ហ៊ុន សែន នៅពេលគាត់ធ្វើល្អ ហើយក៏មានសិទ្ធិរិះគន់គាត់នៅពេលគាត់ធ្វើខុសដែរ។ អត្ថបទរបស់យើងផ្តោតលើព័ត៌មានដែលមានឯកសារត្រឹមត្រូវ ហើយយើងមិនដែលធ្វើការចោទប្រកាន់លោក [ហ៊ុន សែន] ដោយគ្មានមូលដ្ឋាន ឬដោយបំផ្លើសទេ”។
ការរិះគន់របស់លោក កុយ គួង ចំពោះកាសែត ឌឹ ណេសិន ក៏បានផ្តោតលើផ្នែកមួយនៃបទវិចារណកថាដែលមានការអះអាងថា លោក ហ៊ុន សែន មាន “ប្រវត្តិប្រើកម្លាំងបាយបង្ក្រាបអ្នកប្រឆាំង” នោះផងដែរ។
លោក កុយ គួង បានសរសេរថា “កាសែត ឌឹ ណេសិន បានធ្វើការអះអាងដោយគ្មានការពិត និងភ័ស្តុតាងដើម្បីគាំទ្រអំណះអំណាងខុសស្រឡះរបស់ខ្លួន។ ខ្ញុំសូមជំរុញឲ្យកាសែត ឌឹ ណេសិន បញ្ឈប់ជាបន្ទាន់នូវការពាក់ព័ន្ធក្នុង នយោបាយដ៏ខ្មៅកខ្វក់ក្នុងការនិយាយអាក្រក់ពីសម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា។ ខ្ញុំឆ្ងល់ណាស់មិនដឹងថា តើអ្នកត្រូវបានគេជួលឲ្យធ្វើជាអ្នករិះគន់មិនសំចៃចំពោះគាត់និងប្រទេសកម្ពុជាឬអត់ទេ”៕
ប្រែសម្រួលដោយចេវ ប៊ុននី