32 C
Phnom Penh

សាលា​អន្តរជាតិ​នានានៅ​រាជធានី​បិទ​ទ្វារ​​បន្ទាប់​​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា និង​នគរបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិស្សានុសិស្ស​រាប់​ពាន់​នាក់​​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​​មិន​បាន​ទៅ​រៀន​ឡើយ​កាល​ពីម្សិលមិញ​ បន្ទាប់​ពី​​សាលា​រៀន​របស់​​ពួក​គេ​​ត្រូវ​បាន​បិទ​ ដោយ​សារ​​ក្ដី​ព្រួយ​បារម្ភ​ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​ពោរពេញ​ដោយ​អំពើ​ហិង្សា​​រវាង​អ្នក​តវ៉ា និង​នគរបាល​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់​នោះ​។

នាយក​សាលា​​អន្តរជាតិ Northbridge International School Cambodia (NISC) ដែល​មាន​ទីតាំង​​ក្បែរ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា សាលា​របស់​លោក​​បាន​សម្រេច​​បិទ​ដោយ​សារ​តែ​បុគ្គលិក​មាន​ការ​ភ័យ​ខ្លាច​​បន្ទាប់​ពី​​​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក​ ស្ទីវ ផេធឺសុន (Steve Paterson) នាយក​សាលា​អន្តរជាតិ​ NISC នេះ​​បាន​លើក​​ឡើង​ថា “ សាលា​អន្តរជាតិ​ NISC បាន​សម្រេច​​ចិត្ត​បិទ​នៅ​ថ្ងៃ​នេះ​ ដោយ​សារ​តែ​ក្ដី​ព្រួយ​បារម្ភ​​ជុំ​វិញ​ការ​បិទ​​ផ្លូវ​ និង​ការ​រំខាន​​ដោយ​សារ​តែ​ស្ថានភាព​សព្វថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​”។ លោក​បាន​បន្ថែម​ថា សាលា​​អន្តរ​ជាតិ​នេះ​អាច​នឹង​បើក​វិញ​នៅ​ថ្ងៃ​នេះ​”។​ សាលា​អន្តរជាតិ​ភ្នំពេញ​ (ISPP) ក៏​បាន​បិទ​ដែរ​ ប៉ុន្តែ​មិន​បាន​​ឆ្លើយ​តប​នឹង​សំណើសុំ​​ការ​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។

រីឯ​​លោក​ ស៊ីមុន ​លី (Simon Ly) ជំនួយ​ការ​ក្រុម​ប្រឹក្សា​នាយករបស់​សាលា​​​អន្តរ​ជាតិ​ Golden Gate American School ​វិញ​បាន​​លើក​ឡើង​ថា  សាលា​អន្តរ​ជាតិ​ Golden Gate American School ​​នៅ​តែ​មាន​បំណង​បើក​ជា​ធម្មតា​ ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​សិស្សា​នុសិស្ស​​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ទទួល​កូនៗ​របស់​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ ដោយ​សារ​តែ​វត្ត​មាន​សិស្ស​មក​រៀន​មាន​ចំនួន​តិច​តួច​។

លោក​ ស៊ីមុន លី​ បាន​មាន​ប្រសាសន៍​ថា  “ទោះ​បី​ជា​ក្រសួង​​អប់​រំ​​មិន​បាន​ប្រាប់​​យើង​​ឲ្យ​បិទ​សាលា​ក៏ដោយ​ ក៏យើង​នៅ​តែ​បិទ​​នៅ​ក្នុង​ថ្ងៃ​នេះ [ថ្ងៃ​ច័ន្ទ] និង​ថ្ងៃ​ស្អែក​ [ថ្ងៃ​អង្គារ​] ពីព្រោះ​​យើង​​ស្ទើ​រតែ​គ្មាន​សិស្ស​ទេនៅ​ព្រឹក​នេះ​ រីឯ​ឪពុក​ម្ដាយ​របស់​សិស្សានុសិស្ស​វិញ​​ក៏​បាន​​សួរ​យើង​ដែរ​ថា តើ​កូន​ៗរបស់​ពួក​គាត់​អាច​ឈប់​ដល់​ថ្ងៃ​ពុធ​ បាន​ដែរ​ឬទេ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា មាន​តែ​សិស្ស​ពាក់​កណ្ដាល​​នៅ​ក្នុង​ចំណោម​សិស្ស​ចំនួន​៧០០​នាក់​​បាន​​មក​រៀន​កាល​ពី​ព្រឹក​ម្សិល​មិញ។ ចំណែក​ឯ​សាលា​រៀន​អន្តរជាតិ​ Home of English International School វិញ​​បាន​លើក​ឡើង​កាល​​ពីម្សិលមិញ​ថា បុគ្គលិក​បាន​សម្រេច​ចិត្ត​​នៅ​តែ​បើក​សាលា​រៀនជា​ធម្មតា​ដដែល​ ប៉ុន្តែ​​សិស្ស​ដែល​មក​រៀន​​ក្នុង​ចំណោម​​សិស្ស​សរុប​ជាង​២.៦០០​នាក់​​ក៏​មាន​ចំនួន​តិច​តួច​ដែរ​។

អ្នក​ស្រី​ ភូ សុភា អ្នក​គ្រប់​គ្រង​រដ្ឋបាល​នៅ​សាលា​អន្តរជាតិ​នេះ​បាន​​លើក​ឡើ​ង​ថា “ព្រឹក​នេះ​​មាន​តែ​​សិស្ស​ប្រហែល​​៥០​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​បាន​មក​រៀន​ ហើយ​នៅ​ពេល​រសៀល​ខ្ញុំ​គិត​ថា​ មាន​សិស្ស​ប្រហែល​៣០​ភាគ​រយ​ប៉ុណ្ណោះ​”។​ អ្នក​ស្រី​ ភូ សុភា បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ដោយសារ​តែ​តំបន់​ជុំ​វិញ​សាលា​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​២៨២​ក្បែរ​វត្ត​លង្កា មាន​ស​ភាព​ស្ងប់ស្ងាត់​ពេញ​មួយ​ថ្ងៃ​នោះ​ ឪពុកម្ដាយ​របស់​សិស្សានុសិស្ស​ជា​ច្រើន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​ក្នុង​ការ​​បញ្ជូន​កូន​ៗ​របស់​ខ្លួន​មក​រៀន​។​

អ្នក​ស្រី​បាន​លើក​ឡើង​បន្ត​ថា “ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​​ និង​ការ​បិទ​ផ្លូវ​ ​បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ហើយ​មិន​ចង់​ឲ្យ​កូន​ៗ​របស់​ខ្លួន​​​មក​រៀន​នោះ​ឡើយ”។ អ្នក​ស្រី​បន្ថែម​ទៀត​ថា គ្មាន​ភាព​គ្រោះ​ថ្នាក់​​ក្បែរ​សាលា​រៀន​ឡើយ​ ហេតុ​ដូច្នេះ​ហើយ​​អ្នក​ស្រី​សង្ឃឹម​ថា សិស្សានុ​សិស្ស​ទាំង​អស់​នឹង​ត្រឡប់​មក​រៀន​វិញ​នៅ​ក្នុង​ថ្ងៃ​នេះ​។

សាលា​អន្តរជាតិ​ British International School  ក៏ដូចជា​សាលា​ភាសា​បារំាង​ Lycee Francais Rene Descartes បាន​លើក​ឡើង​ថា ខ្លួន​​មិន​បាន​បិទ​​សាលា​ឡើយ​ ពីព្រោះ​គ្មាន​ការ​ណែនាំ​ណាមួយ​​​ពី​ស្ថានទូត​របស​់​ខ្លួន​​ឲ្យ​ធ្វើ​ដូច្នេះ​នោះ​ទេ​។

ស្ត្រី​ម្នាក់​ ដែល​បាន​ឆ្លើយ​ទូរស័ព្ទ​នៅ​ឯ​សាលា​ភាសាបារំាង​ Lycee Francais Rene Descartes ប៉ុន្តែ​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ ឬ​ក៏​តំណែង​នោះ​បាន​លើក​ឡើង​ថា សាលា​បិទ​ ឬ​ក៏​មិន​បិទ​នោះ​ គឺ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​ស្ថានទូត​បារំាង​។

ស្ត្រី​រូប​នេះ​បាន​និយាយ​ថា “នេះ​គឺ​ជា​ការ​សម្រេច​របស់​​ស្ថានទូត​បារំាង។​ គេ​ចង់​ឲ្យ​យើង​បើក​សាលា​​ជា​ធម្មតា​ ហេតុដូច្នេះ​ហើយ​​​វា​មិន​មែន​ជា​ការ​សម្រេច​របស់​នាយក​សាលា​​នោះ​ទេ​”៕

(រាយការណ៍​បន្ថែម​ដោយ​ ឃួន ណារីម)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស