26 C
Phnom Penh

ជំនួយ​​​សម្រាប់​​​អ្នក​​​តវ៉ា​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​នៅ​​​តែ​​​មាន​​​ការ​​​ឧបត្ថម្ភ​​​មក​​​ជា​​​ហូរហែ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិល​​​មិញ​​​ថា ដោយ​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​អ្នក​​​ផ្តល់​​​ជំនួយ​​​សប្បុរស​​​​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​តែ​​​មាន​​​មធ្យោបាយ​​​ និង​​​លុយ​​​ដើម្បី​​​បន្ត​​​បាតុកម្ម​​​របស់​​​ខ្លួន​​​ប្រឆាំង​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​ច្រើន​​​ ប្រសិន​​​បើ​​​ “​​​គណបក្ស​​​នៅ​​​តែ​​​បន្ត​​​បាតុកម្ម​​​របស់​​​ខ្លួន​​​នោះ​​​”។

នៅពេល​​​​​​មហាបាតុកម្ម​​​នៅ​​​ថ្ងៃទី​​​២ របស់​​​គណបក្ស​​​ប្រឆាំងបាន​​​ឈាន​ដល់​​​ពេល​​​ត្រូវ​​​​បានបញ្ចប់កាលពីម្សិលមិញ​​​​​​ លោក យឹម សុវណ្ណ​​​ បាន​​​មាន​​​ប្រសា​សន៍​​​​ថា គណបក្ស​​​របស់​​​លោក​​​បាន​​​ទទួល​​​កញ្ចប់​​​លុយ​​​​សុទ្ធ​​​យ៉ាង​​​ច្រើន​​​ ហើយ​​​​​​នៅ​​​តែ​​​បន្ត​​​កើន​​​ឡើង​​​ តទៅ​​​ទៀត​​​ ដើម្បី​​​យក​​​ប្រើប្រាស់​​​សម្រាប់​​​​ផ្ដល់​​​​​​ជា​​​ស្បៀង​​​អាហារ​​​ និង​​​ការ​​​ឧបត្ថម្ភផ្សេង​​​ៗដល់​​​អ្នក​​​គាំទ្រ​​​របស់​​​ខ្លួន ​​​នៅ​ទីលាន​​​ប្រជាធិបតេយ្យ​​​។

លោក​​​ យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​ធ្វើការ​​​ជួប​​​ជុំ​​​អ្វី​​​បាន​​​ទាល់​​​តែ​​​សោះ​​​ ប៉ុន្តែ ចាប់​​​ពី​​​ថ្ងៃទី​​​១ ខែកញ្ញា រហូត​​​ដល់​​​ថ្ងៃទី​​​៧ យើង​​​ទទួល​​​បា​​​ន​​​ជំនួយ​​​ប្រហែល​​​៤០.០០០ដុល្លារ​​​ ទឹក​​​សុទ្ធ​​​១០០.០០០ដប​​​ និង​​​ស្បៀង​​​អាហារ​​​ព្រម​​​ទាំង​​​ថ្នាំ​​​ពេទ្យ​​​រាប់​​​មិន​​​អស់​​​ផ្សេង​​​ទៀត​​​។ ហើយ​​​ជំនួយ​​​ទាំង​​​អស់​​​នេះ​​​  អាច​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​អ្នក​​​គាំទ្រ​​​៥០.០០០នាក់​​​ធ្វើ​​​បាតុកម្ម​​​ចំនួន​​​បី​​​ថ្ងៃ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​បាន​​​ឧបត្ថម្ភ​​​ដោយ​​​អ្នក​​​ផ្តល់​​​ជំនួយ​​​ទាំង​​​ស្រុង​​​ ហើយ​​​ដោយ​​​សារ​​​តែមាន​​​អ្នក​​​ផ្ដល់​​​ជំនួយ​​​នីមួយ​​​ៗ​ព្រម​​​ផ្តល់​​​បែប​​​នេះ យើង​​​អាច​​​ធ្វើ​​​​​​​​​បាតុកម្ម​​​សម្រាប់​​​រយៈពេល​​​មួយ​​​ខែ ពីរខែ បី​​​ខែ ឲ្យ​​​តែ​​​យើង​​​ចង់​​​ធ្វើ​​​” ។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​ផ្ដល់​​​ជំនួយ​​​សំខាន់​​​ៗ ដែល​​​​​​គាំទ្រ​​​បាតុកម្ម​​​ស្ថិត​នៅ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​។

លោក យឹម សុវណ្ណ បាន​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​ប្រជាពលរដ្ឋប្រហែល​​​២០០.០០០នាក់​​​ដែលបានធ្វើដំណើរកាត់ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ តាំងពី​​​ថ្ងៃអាទិត្យ និង​​​ថ្ងៃម្សិលមិញ ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា អ្ន​​ក​​​គាំទ្រ​​​ជាច្រើន​​​នៅតែ​​​ចង់​​​បន្ត​​​បាតុកម្ម​​​ដោយ​​​មូលហេតុ​​​នៃការ​​​ស្លាប់​​​បាតុករ​​​ម្នាក់​​​ឈ្មោះ ម៉ៅ សុខចាន់ កាលពី​​​យប់​​​ថ្ងៃអាទិត្យ​​​។

លោក យឹម សុវណ្ណ បាន​​​ថ្លែង​​​ថា “ប្រជា​​​ពលរដ្ឋ​​​នៅ​​​តែមាន​​​ឆន្ទៈ​​​ផ្ដល់​​​ជំនួយ​​​បន្ថែម​​​ដល់​​​បាតុកម្ម​​​នេះ ដោយ​​​សា​​​រតែ​​​មាន​​​បុរស​​​ម្នាក់​​​ត្រូវ​​​គេ​​​សម្លាប់​​​។ ពួកគាត់​​​ទាំង​​​អស់​​​មាន​​​ការ​​​សោក​​​ស្តាយ​​​ខ្លាំ​​ង​​​ណាស់​​​ ហើយ​​​បញ្ហា​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួកគាត់​​​​ប្តេជ្ញា​​​ចិត្ត​​​កាន់​តែ​ខ្លាំង​ ចំពោះ​​​ការ​​​​​​ធ្វើ​​​បាតុកម្ម​​​។ ក្នុង​​​មួយ​​ថ្ងៃៗ ​​​[នៅ​​​កន្លែង​​​ធ្វើ​​​បាតុកម្ម​​​] យើង​​​ទទួល​​​បាន​​​លុយ​​​ចន្លោះ​​​ពី​​​២.០០០​​​ដុល្លារ​​​ទៅ​​​៣.០០០ដុល្លារ​​​”។

ទោះ​​​បី​​​ជា​​​មាន​​​លុយ​​​គ្រាប់​​​គ្រាន់​​​ក៏​​​ដោយ​​​ក៏​​​គណបក្ស​​​សង្គ្រោះជាតិ​​​មាន​​​តែ​​​បង្គន់​​​ចល័ត​​​ចំនួន​​​​​​ប្រាំតែ​​​ប៉ុណ្ណោះ​​​នៅ​​​ទីលាន​​​ប្រជាធិប​​​តេយ្យ​​​ រីឯ​​​ភាគ​​​ខាង​​ជើង​​​នៃ​​​ទីលាន​​​នេះ​​​វិញ គឺ​​​បាន​​ក្លាយ​ជា​​កន្លែង​បន្ទោ​​​បង់​​​នៅ​ក្រៅ​​​បង្គន់​​​​​​។

លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា ដំបូង​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ចរចា​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​មួយ​​​ ដើម្បី​​​ឲ្យ​​​ផ្ដល់​​​បង្គន់​​​ចំនួ​​ន​​​ ២០​​​បន្ថែម​​​ទៀត ប៉ុន្តែ ការ​​​ចរចា​​​នេះ​​​ត្រូវ​​​បាន​​​អាក់​​​ខាន​​​ទៅវិញ​​​ដោយមិ​​​ន​​​ដឹង​​​មូល​​​ហេតុ​​​ច្បាស់​​​លាស់។

លោក​​​បាន​​​ថ្លែង​​​​​​ថា “យើង​​​​​​​​​បាន​​​ព្យាយាម​​​ចរចា​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​នីមួយ​​​ៗ​​​នៅ​​​រាជធានី​​​​​​ភ្នំពេញ​​​ ដែល​​​ផ្តល់​​​សេវា​​​កម្ម​​​ជួល​​​បង្គន់​​​។ ប៉ុន្តែ គ្មាន​​​ក្រុម​​​ហ៊ុន​​​ណា​​​មួយ​​​យល់​ព្រម​ជួល​នោះ​​​​ទេ​​​ ក្នុង​រាជធានី​​​ភ្នំពេញ។ វា​​​គួរ​​​ឲ្យ​​​ចម្លែក​​​ណាស់​​​”។

តង់​​​ដែល​​​បោះ​​​សម្រាប់​​​ផ្ដល់​​​ជំនួយ​​​បឋម​​​មាន​​​អ្ន​​​ក​​​គាំទ្រ​​​យ៉ាង​​​ណែន​តាន់​តាប់​កាលពី​​​រសៀល​​​ម្សិលមិញ ដោយ​​​មាន​​​អ្នក​​​ខ្លះ​​​កើត​​​ជំងឺ​​​ឈឺក្បាល​​​ វិល​​​មុខ​​​ និង​​​រាក​​​រូ​​​ស​​​។

លោក ជាង វណ្ណាត គ្រូពេទ្យ​ម្នាក់​​​ក្នុង​​​ចំណោម​​​គ្រូពេទ្យ​​​ស្ម័គ្រចិត្តចំនួន​​​ប្រាំ​​​នាក់​​​ដែល​​​​​​កំពុង​​​បំពេញ​​​ភារកិច្ច​​​ បាន​​​និយាយ​​​ថា គាត់​​​​​​ចែក​​​ថ្នាំ​​​ពេទ្យ​​​ មិន​ឈប់​សោះ​ចាប់​​​តាំង​​​ពីពេល​​​​​​គាត់​បាន​​​ជួយ​​​ដំឡើង​​​តង់​​​នៅ​​​ម៉ោង​​​៦ព្រឹក​​​ កាលពី​​​ថ្ងៃ​​​អាទិត្យ​​​​​​។ គាត់​​​បាន​​​និយាយ​​​ថា “វា​ជា​រយៈពេល​​​មួយ​​​យ៉ាង​​​យូរ​​​ គឺ​​​ចាប់​​​ពី​​​ម៉ោង​​​៦[ព្រឹក]រហូត​​​ដល់​​​ម៉ោង​​​១០​​​យប់​​​”។ គាត់​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ខ្ញុំ​ទទួល​​​បាន​​​អ្នក​​​គាំទ្រ​​​ជាង​​​៤.០០០នាក់​​​ដែល​​​មក​​​ព្យាបាល​​​ជំងឺ ប៉ុន្តែ ពួកគេ​​​មាន​​​តែ​​​បញ្ហា​​​បន្តិច​​​បន្តួច​​​ប៉ុណ្ណោះ​​​”។ គាត់​​​បាន​​​និយាយ​​​បន្ត​​​ទៀត​​​ថា “យើង​​​មាន​​​សំណាង​​​ណាស់​​​ យើង​​​មាន​​​ការ​​​ផ្តល់​​​ជំនួយ​​​ជា​​​ថ្នាំ​​​ពេទ្យ​​​ដែល​​​មាន​​​តម្លៃ​​​រាប់​​​ពាន់​​​ដុល្លារ​​​ពី​​​អ្នក​​​លក់​​​ថ្នាំ​​​នៅ​​​ផ្សា​​​រ​​​អូរឡាំពិក និង​​​ទួលគោក​​​ ហើយ​​​មាន​​​អ្នក​​​ខ្លះ​​​ទើប​​​តែបាន​មក​​​ផ្តល់​​​ជំនួយ​​​នេះ​​​បន្ថែម​​​ទៀត​​​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស