30 C
Phnom Penh

គណបក្ស​​​សង្គ្រោះជាតិ​​​អួត​​​ពីជោគជ័យ​​​ក្នុងការធ្វើបាតុកម្មថ្ងៃទីពីរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​​មេដឹកនាំ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ចរចា​​​ថ្នាក់​​​កំពូល​​​ ដែល​​​សំដៅ​​​បញ្ចប់​​​ភាព​​​ទាល់ច្រក​​​​​​ផ្នែកនយោបាយ​​​​​​ដែលអូស​​​បន្លាយកន្លងមកនេះ កាល​​​ពីម្សិលមិញ​​​ អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​ពពាក់​​​ពពូន​​​គ្នា​​​ជាថ្មី​​​ម្តង​​​ទៀត​​​​​​លើ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​នៅថ្ងៃទី​​​២​​​នៃការ​​​ធ្វើ​​​បាតុកម្ម​​​​​​ប្រឆាំង​​​នឹង​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពីខែកក្កដាកន្លងមក​​​។

ក្រុម​​​អ្នក​​​គាំទ្រ​​​រាប់​​​ម៉ឺននាក់​​​បាន​​​បន្ត​​​ស្ថិត​​​នៅ​​​លើ​​​ទីលាន​​​នេះ​​​ពេញ​​​មួយ​​​ថ្ងៃ​​​ ខណៈ​​​អ្នក​​​នយោបាយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ អ្នក​​​ចម្រៀង​​​ អ្នក​​​រាំ​​​ និ​​​ងក្រុម​​​តន្ត្រី​​​បាន​​​ផ្លាស់​​​ប្តូរ​​​វេន​​​គ្នា​​​កំដ​​​រក្រុម​​​បាតុករ​​​។ ចំនួន​​​អ្នក​​​ចូល​​​រួម​​​ និង​​​ភាព​​​រំជើប​​​រំជួល​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​បាន​​​ប្រមូល​ផ្តុំ​​​គ្នា​​​នៅ​​​ទីនេះ​​​បាន​​​ឈាន​​​ដល់​​​កម្រិត​​​ខ្ពស់​​​បំផុត​​​នៅ​​​វេលាម៉ោង​​​ប្រហែល​​​៤​​​ល្ងាច​​ ពេល​​​មេដឹកនាំគណបក្ស​​​ប្រឆាំង​​​ឡើង​​​លើ​​​វេទិកា​​​ដើម្បី​​​ជូន​​​ដំណឹង​​​ដល់​​​អ្នក​​​គាំទ្រ​​​ជាង​​​២០. ០០០នាក់​​​អំពីការ​​​វិវឌ្ឍ​​​របស់​​​គណ​​​បក្ស​​​នេះ​​​ក្នុង​​​កិច្ច​​​ចរចាជាមួយ​​​គណបក្ស​កាន់​​​អំណាច​​​។

ទោះបីជា​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ប្រកាស​​​ថា គ្មាន​​​ការ​​​វិវឌ្ឍ​​​ឆ្ពោះ​​​ទៅ​​​រកការ​​​សម្រេច​​​គោល​​​ដៅ​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​​​ធ្វើ​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​ក្នុងការ​​​បង្កើត​​​គណៈកម្មការ​​​អព្យា​​​ក្រឹត្យ​​​ ដើម្បី​​​ស៊ើប​​​អង្កេត​​​ពីភាព​​​មិន​​​ប្រក្រតី​​​នៅ​​​ក្នុងការ​​​បោះឆ្នោត​​​នេះក៏​​​ពិត​​​មែន​​​ ប៉ុន្តែ លោក ​​​យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​ចូល​​​រួម​​​ដែល​​​​​​មាន​​​ចិត្ត​​​រំភើប​​​ថា កិច្ច​​​ចរចា​​​នេះ​​​ គឺ​​​ជា​​​ជោគ​​​ជ័យ​​​ប្រវត្តិ​​​សាស្ត្រ​​​មួយ​​​​​​។

លោក យឹម​​​ សុវណ្ណ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ទទួល​​​ជោគ​​​ជ័យ​​​ដ៏​​​ធំ​​​មួយ​​​ ហើយ​​​នេះគឺជា​​​​​​ដំណោះស្រាយ​​​ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​បាន​​​ទាម​​​ទារ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​ចុង​​​ក្រោយ​​​នេះ​​​” ដោយ​​​​​​លោក​​​បាន​​​សំដៅ​​​លើ​​​ការ​​​យល់​​​ព្រម​​​របស់​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​ក្នុង​​​ការ​​​បង្កើត​​​យន្តការ​​​រួម​​​ ដើម្បីកែ​​​ទម្រង់​​​គណៈ​​​កម្មាធិ​​​ការ​​ជាតិ​​​​រៀបចំការ​​​បោះឆ្នោត (គ.ជ.ប.)​​​ និង​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​​​​ ​​​។

ក្រុម​​​អ្ន​​​ក​​​ចូល​​​រួម​​​ដ៏កុះករ​​​បាន​​​នាំគ្នា​​​ស្រែក​​​ហ៊ោ​​​សំដែង​​​ការ​​​ពេញ​​​ចិត្ត​​​ដោយ​​​បាន​​​គ្រវី​​​ទង់​​​ជាតិ​​​ និង​​​ជះ​​​ទឹក​​​ឡើង​​​លើ​​​។ លោក​​​ យឹម​​​ សុវណ្ណ បាន​​​មាន​​​ប្រសាសន៍បន្ត​​​ថា “យើង​​​បាន​​​​​​ទទូច​​​អស់​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​មក​​​ហើយ​​​​​​ ហើយ​​​ពេល​​​នេះ​​​យើង​​​បាន​​​ឈ្នះ​​​ហើយ​​​​​​ ព្រោះគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​តាម​​​សំណើ​​​​​​របស់​​​យើង​​​” ដោយ​​​​​​លោក​​​បាន​​​បន្ថែមថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​បន្ត​​​ធ្វើ​​​មហាបាតុកម្ម និង​​​ចូល​​​រួមនៅ​​​ក្នុង​​​កិច្ច​​​ចរ​​​ចា​​​បន្ត​​​ទៀត​​​​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ព្រោះ​​​ខ្លួន​​​នៅ​​​តែ​​​ប្តេជ្ញាចិត្ត​​​ជំរុញ​​ឲ្យ​​​មាន​​​ការស៊ើបអង្កេត​​​ការ​​​បោះឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែកក្កដា​​​នេះ​​​។

ភ្លាម​​​ៗ​​​ក្រោយ​​​សុន្ទរកថារបស់​​​លោក យឹម សុវណ្ណ​​​ ​​​​​​លោក កឹម សុខា និង​​​លោក​​​ សម រង្ស៊ី បាន​​​មក​​​ដល់​​​​​​ ហើយ​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​ចូល​​​រួម​​​ថា ខ្លួន​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​តុ​​​ចរចា​​​ជាមួយ​​​នឹង​​​ការ​​​ធានា​​​អំពីសន្តិភាព​​​បន្ទាប់​​​ពី​​​អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​ប្រឆាំ​​​ងម្នាក់​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​កាល​​​ពីយប់​​​ថ្ងៃ​​​អាទិត្យ​​​ អំឡុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​នគរបាល​​​បង្ក្រាប​​​កុបកម្ម​​​។

លោក​​​ សម រង្ស៊ី បាន​​​ស្នើ​​​ក្រុម​​​បាតុករ​​​ឲ្យ​​​ចូល​​​រួម​​​ស្មឹង​​​ស្មាធិ៍ជាមួយ​​​លោក​​​រយៈពេល​​​មួយ​​​នាទី​​​ ដើម្បី​​​គោរព​​​វិញ្ញាណក្ខន្ធ​​​លោក​​​ ម៉ៅ​​​ ចាន់ អាយុ​​​២៩​​​ឆ្នាំ​​​ ដែល​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​​​​​កាល​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ ក្បែ​​រ​​​ស្ពាន​​​មុនីវង្ស​​​។ លោក​​​ សម រង្ស៊ី បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​ទទួល​​​ជោគជ័យ​​​ដ៏ធំមួយ ​​​ព្រោះ​​​គណបក្ស​​​កាន់​​​​​​អំណាច​​​បាន​​​សន្យា​​​និង​​​ធានា​​​ថា នឹងបញ្ឈប់​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​” ដោយ​​​​​​​​​បន្ថែម​​​ថា លោក​​​​​​បក​​​ស្រាយ​​​ព្រះរាជសារ​​​របស់​​​ព្រះ​​​មហា​​​ក្សត្រ​​​នរោត្តម​​​ សីហមុនី កាល​​​ពី​ថ្ងៃ​​​​​ម្សិល​​​មិញដែល​​​អំពាវ​​​នាវ​​​​​​ឲ្យ​​​មាន​​​​​​សន្តិភាព​​​ថា ជាការ​​​ត្រាស់​​បង្គាប់​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​បញ្ឈប់​​​ការ​​​ប្រើ​​​កម្លាំង​​​បាយ​​​ដើម្បី​​​បង្ក្រាប​​​ការ​​​ធ្វើ​​​បាតុកម្ម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​យល់​​​ថា ព្រះរាជសារ​​​នេះគឺ​​​​​​មិន​​​មែន​​​សំដៅ​​​លើ​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​ឡើយ​​​​​​ ព្រោះ​​​ថា យើ​​​ងបាន​​​ធ្វើ​​​បាតុ​​​កម្ម​​​ដោយ​​​សន្តិវិធី​​​​​​។ ដូច្នេះ​​​ ​​​ព្រះរាជ​​​សារ​​​នេះគឺ​​​សំដៅ​​​លើ​​​អាជ្ញាធរ​​​ដែល​​​បាន​​​បាញ់​​​​​​មនុស្ស​​​ម្នាក់​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​កាល​​​ពី​​​យប់​​​​​​ថ្ងៃ​​​ម្សិល​​​​​​មិញ”។

លោក​​​ សម រង្ស៊ី បាន​​​បន្ថែមថា គណ​​​បក្ស​​​សង្គ្រោះជាតិ​​​នឹង​​​ធ្វើ​​​ពហិកាសភា​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ ហើយ​​​​​​បន្ត​​​ធ្វើ​​​មហា​​​បាតុកម្ម​​​រហូត​​​​​​ទាល់​​​តែ​​​ម្ចាស់​​​ឆ្នោត​​​របស់​​​ខ្លួន​​​ទទួល​​​បាននូវ​​​​​​យុត្តិ​​​ធម៌​​​ក្នុងទម្រង់​​​ជា​​​ការស៊ើប​​​អង្កេត​​​ដោយ​​​ឯក​​​រាជ្យ​​​ពី​​​​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុងការ​​​បោះ​​​ឆ្នោត​​​​​​​​កាល​​​ពីថ្ងៃ​​​ទី​​​២៨​​​ ខែកក្កដា​​​។ លោក​​​បាន​​​ថ្លែងថា “ខ្ញុំ​​​សូម​​​ជូន​​​ដំណឹង​​​​​​ទៅ​​​បង​​​ប្អូន​​​ថា ឯកឧត្តម​​​ កឹម​​​ សុខា ព្រម​​​ទាំង​​​រូប​​​ខ្ញុំ​​​នឹង​​​មិន​​​ចូល​​​រួម​​​ក្នុងសម័យ​​​ប្រជុំ​​​សភា​​​ទេប្រសិន​​​បើ​​​ពុំ​​​មាន​​​ដំណោះស្រាយ​​​សម​​​ស្រប​​​​​​សម្រាប់​​​យើង​​​ទេ​​​នោះ​​”។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ ធ្លាប់​​​បាន​​​ព្រមាន​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ថា គណៈកម្មាធិការ​​​ជាតិ​​​រៀបចំការ​​​បោះឆ្នោត​​​មាន​​​សិទ្ធិ​​​បែង​​​ចែក​​​អាសនៈ​​​ទាំង​​​៥៥​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​ទៅ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ប្រសិន​​​បើ​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​បដិសេធ​​​មិន​​​ចូល​​​រួ​​​ម​​​ក្នុង​​​សម័យ​​​ប្រជុំ​​​សភា​​​ ដែល​​​ការ​​​ធ្វើ​​​បែប​​​នេះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​ក្លាយ​​​ទៅជា​​​រដ្ឋ​​​​​​ឯកបក្ស​។

លោក​​​ យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​​បាន​​​​​​ថ្លែង​​​ក្រោ​​​យ​​​ការ​​​ធ្វើ​​​បាតុ​​​កម្ម​​​នេះថា ​​ គណបក្ស​​​នេះ​​​មិន​​​ទាន់​​​សម្រេច​​​ថា តើ​​​ខ្លួន​​​នឹង​​​បន្ត​​​ការ “បោះតង់​​​” រយៈពេល​​​បីថ្ងៃ​​​​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ ឬយ៉ាងណា​​​ទេ​​​។

ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ដែល​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​កន្លែង​​​ធ្វើ​​​បាតុកម្ម​​​កាល​​​ពីម្សិល​​​មិញ​​​ មាន​​​ទស្សនខុស​​​គ្នា​​​អំពីលទ្ធផល​​​នៃកិច្ច​​​ចរចារវាងគណបក្ស​​​ទាំង​​​ពីរនេះ​​​។

អ្នក​​​ស្រី អូន លីលី អាយុ​​​៤២​​​ឆ្នាំ​​​ជាឆ្មប​​​បម្រើ​​​​​​ការ​​​ងារ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​បាន​​​និយាយ​​​ថា ខ្លួន​​​មាន​​​ចិត្ត​​​រំភើប​​​ណាស់​​​ដែល​​​លោក​​​ សម រង្ស៊ី និង​​​សហសេវិក​​​របស់​លោក​​​​​​បាន​​​ទទួល​​​ការ​​​ធានា​​​ពីការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​។ អ្នក​​​ស្រី​​​​​​និយាយ​​​ថា “ខ្ញុំមាន​​​ចិត្ត​​​រីក​​​រាយ​​​ណាស់​​​ព្រោះខ្ញុំ​​​មក​​​ស្វែង​​​រក​​​យុត្តិធម៌​​​ ហើយ​​​ថ្ងៃ​​​នេះ​​​ខ្ញុំ​​ទទួល​​​បាន​​​ហើយ​​​​​​”។

ប៉ុន្តែ យុវជន​​​ ហៃ សុភ័ក្រ​​​ ជានិស្សិត​​​ផ្នែក​​​វិ​​​ស្វករ​​​សំណង់​​​ ឆ្នាំ​​​ទី​​​៣​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ន័រតុន​​​ បាន​​​និយាយ​​​ថា ខ្លួន​​​នៅ​​​តែ​​​​​​រំពឹង​​​ថា​​​ទទួល​​​បាន​​​​​​ការ​​​ធ្វើ​​​សម្បទាន​​​ប្រកប​​​ដោយ​​​​​​អត្ថ​​​ន័យ​​​​​​ជាង​​​នេះ​​​ពី​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ ដែល​​​បាន​​​កាន់​​​អំណាច​​​អស់​​​រយៈពេល​​​ជាយូរ​​​មក​​​ហើយ​​​នោះ​​​។

យុវជន​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “នៅ​​​មិន​​​ទាន់​​​មាន​​​ដំណោះស្រាយ​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​​​​នេះ​​​មិន​​​មែន​​​ជាអ្វី​​​ដែល​​​យើង​​​ចង់​​​បាន​​​ឡើយ អ្វី​​​ដែល​​​យើង​​​ចង់​​​បាន​​​គឺ​​​ឲ្យ​​​គណបក្ស​​​ទាំង​​​ពីរ​​​បង្កើត​​​គណៈកម្មាធិការ​​​ឯករាជ្យ ​​​[ដើម្បី​​​ស៊ើប​​​អង្កេត​​​ការ​​​បោះឆ្នោត​​​នេះ​​​] ។ នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​សន្យា​​​ថា នឹង​​​ផ្លាស់​​​ប្តូរ គ.ជ.ប. នៅ​​​អាណត្តិ​​​ក្រោយ​​​នេះ​​​ ប៉ុន្តែ​​​ យើង​​​ចង់​​​ឲ្យ​​​​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​នៅ​​​ពេល​​​នេះ​​​តែ​​​ម្តង​​​”៕

ប្រែ​​​សម្រួល​​​ដោយ  កង​​​  សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស