32 C
Phnom Penh

អា​មេរិក​​​អំពា​វ​នា​វ​ឲ្យ​មា​ន​​​កា​រ​​ស៊ើបអង្កេត​​​​ប្រក​ប​​​ដោយ​​តម្លា​​ភា​​ព​​លើ​​​កា​រ​បាញ់​សម្លា​ប់​បាតុ​ករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កា​ល​ពី​ម្សិល​មិ​ញ សហ​​រដ្ឋ​​អា​មេរិក​​​បាន ​​​អំ​ពា​​វ​នា​វ​ឲ្យ​មា​ន​កា​រ​​​ស៊ើប​អង្កេត​ពេញ​​លេញ​​​​​និង​ប្រ​ក​ប​​​ដោ​យ​​តម្លា​​ភាពទៅ​​​​​​លើ​​​កា​រ​​​បាញ់​​​​​សម្លាប់​​បុរស​​អា​យុ​​២៩​​ឆ្នាំ​​ម្នាក់​​​​ពីសំណាក់​​​​​កង​​កម្លាំ​ង​​​សន្តិ​សុខ​​​កា​ល​​​ពី​យ​ប់​ថ្ងៃ​​​អា​ទិត្យ​ ​​អំ​​​ឡុ​ង​កា​រ​​ប៉ះទ​ង្គិច​​គ្នា​​​ដ៏​ក្តៅ​គគុក​​​មួ​យ​​​នៅ​​ជុំ​​វិញ​​ស្ពាន​​មុនី​​​វង្ស​ ​​ខណៈ​​​សហ​ភា​ព​​​អឺ​រ៉ុប​​​​បា​ន​លើក​ឡើ​ង​​ថា នគរ​​​បា​ល​​​គួរ​​តែ​​​បង្ហាញ​​ភាព​​អត់​ធ្មត់​​​​​ថែម​ទៀត​​​នៅ​​ពេល​អនា​​គត​។

លោក ចន ស៊ី​មម៉ុ​ន (John Simmon)​ ​​​អ្នក​នាំ​​ពា​ក្យ​​​​​ស្ថា​ន​​ទូ​ត​អា​មេរិកថ្លែងថា អា​មេរិក​​សង្ឃឹម​​​ថា នឹង​​​ពុំ​​​​​មា​ន​សោក​​​នា​ដកម្ម​​​​បែ​ប​នេះ​ទៀតទេ ​ហើ​យ​ថា ​​កា​រ​​ស៊ើប​អង្កេត​​​​លើ​​​​​ការ​​​បាញ់​​​សម្លាប់​​​ឈ្មោះ ​ម៉ៅ​ ចាន់ ​​ដែល​​ជា​ឪពុក​មា​ន​​កូ​ន​​​បួន​នាក់​​​ក្នុង​​​បន្ទុក​​​ ត្រូ​វ​​តែ​​មា​ន​​​​​តម្លា​​ភាព។

លោក ​ចន ស៊ី​ម​​ម៉ុន ​​បា​ន​លើក​ឡើង​តាម​​​អ៊ី​ម៉េល​​​​ថា “បាតុកម្ម​​​ប្រកប​​​ដោ​យសន្តិ​វិធី​​​កា​ល​​​ពី​ថ្ងៃ​​​អា​ទិត្យ​បាន​​​អាប់អួរ​​​ដោយសារ​​​​ហេតុ​ការណ៍​​​​​​នៅ​​ស្ពានមុ​នី​​វង្ស​នៅ​​​​យប់​ថ្ងៃ​​​ដដែល​​​​នោះ ​ដែល​​​ហេតុការណ៍​​​នោះ​​​បាន​​​​​​បណ្តាល​​​​​ឲ្យ​​​យុ​វ​ជ​ន​ខ្មែរ​ម្នាក់​​​បាត់បង់​​​​ជីវិត​​​​​​ និ​ង​​​ធ្វើ​​​ឲ្យ​ពលរដ្ឋ​​​ខ្មែរ​ប៉ុន្មាន​​​នាក់​​​​ទៀត​​​​រង​​របួស​។ ​​ហេតុ​ការណ៍​​​​​​នេះគឺ​​​គួរឲ្យ​​​អាណោចអាធម្ម​​​​​ និ​ង​​​អាច​បញ្ចៀស​​​​​​​​បា​ន​។ ស្ថាន​​ទូត​​អា​មេរិ​ក​​​​បាន​​​ដឹង​ពី​រាជរដ្ឋា​ភិ​បាល​​ថា ​កា​រ​​​ស៊ើប​អង្កេត​​​​លើ​​​ហេតុ​ការណ៍​នេះ​​​កំពុងតែ​​​ដំណើរការ​​​​​”។

លោក​បា​ន​​​បន្ថែម​​ថា “យើង​​​សូម​​​​​អំ​​ពាវ​នា​វ​ឲ្យ​​អាជ្ញាធរ​​​ធា​នា​​​ឲ្យ​​​បាន​​​​​​ថា ​​កា​រ​ស៊ើប​អង្កេត​​នេះគឺ​​​​​ពេញ​លេញ និង​​​​មា​ន​​តម្លា​ភាព​ ដើម្បី​​​​ឲ្យ​​​មាន​​​ការ​​​បោះជំហាន​​​ទប់​​ស្កាត់​​​​សោក​នាដកម្ម​​​​​បែបនេះ​​​ទៀត​​​​នៅ​​ពេល​អ​នា​​​គត​។​ យើង​​​សូម​​​ជំរុញ​​​ឲ្យ​គ​ណ​បក្ស​​ទាំង​អស់​​​​​​បញ្ចៀស​​​​ការ​​​ប្រើ​​​​​​អំពើ​​ហិង្សា ​និង​ធ្វើ​ការ​ដោះ​​ស្រាយ​​​កា​រ​​​ខ្វែ​ង​គំនិត​គ្នា​​​ក្នុង​​​ន័យ​ស្ថាប​នា​​​”។

គួរ​​​រំឭក​​​ថា​​​ លោក ម៉ៅ ចាន់ ​​ត្រូ​វ​បា​ន​​​បាញ់​​ចំ​ក្បាល​​ ហើយ​​​​​​មនុស្ស​​​យ៉ាង​តិច​​​ប្រាំ​បួន​នាក់​​​​​ទៀត​​​បាន​​​រង​របួស​ក្នុង​​​​ហេតុការណ៍​​​ប្រើ​​​អំពើ​ហិង្សា ដែល​សាក្សី​​និយាយថា បាន​ផ្ទុះ​ឡើង​​​​បន្ទាប់​ពីក្រុម​អ្នក​តវ៉ា​​​​បាន​​​ផ្ទុះ​​​​​​កំហឹង​​​​​​ដោយសារ​​​ខ្លួន​​​ត្រូវ​បាន​រារាំង​​​​មិន​ឲ្យ​ឆ្លង​ស្ពាន​នេះ​​​​ រួច​​​ក៏​​​​ចាប់​ផ្តើម​​​​នាំគ្នា​​​​គប់​ដុំថ្ម​​​​​​​​​​​​ទៅ​លើ​​កម្លាំង​សន្តិសុខ​នៅ​ម៉ោង​ប្រហែល​៩ និង​៣០​នាទី​យប់​។

តាមរយៈ​​​សេចក្តី​ថ្លែងការណ៍​​​មួយ​​​តាម​អ៊ីម៉េល​​​​​​​​ដែលតំណាង​​​ឲ្យ​​​ទស្សន​​​របស់​ស្ថាន​ទូត​សហភាព​អឺរ៉ុប​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ ជីន-ហ្វ្រង់ស្វ័រ កូតេន (Jean-Francois Cautian) បាន​គូស​​​បញ្ជាក់​​​ពីការ​ប្រើ​កម្លាំង​បង្ក្រាប​​​​​អ្នក​តវ៉ា​ មិន​​​សមាមាត្រ​​​គ្នា​​​​នឹង​កម្លាំង​​​​របស់​​​​​​ក្រុម​​​អ្នក​​​តវ៉ានោះទេ​​​​​​។

លោក​ កូតេន បាន​លើក​ឡើង​ថា “យើង​មាន​​​ការ​​​ព្រួយ​​​បារម្ភ​អំពីការ​ប៉ះ​ទង្គិច​គ្នា​ដោយ​​ហិង្សា​ ដែល​បាន​កើត​ឡើង​រវាង​នគរ​បាល​ និង​ក្រុម​អ្នក​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​​​ម្សិលមិញ​​​ ហើយ​មាន​ក្តី​​​​រន្ធត់​​យ៉ាង​ខ្លាំង​​ចំពោះ​សេចក្តី​រាយ​ការណ៍​​​​​​ព័ត៌មាន​​​ដែល​​​ថា​​​ ហេតុ​ការណ៍​​​នេះ​បាន​បណ្តាល​​​​ឲ្យ​បុរស​ម្នាក់​បាត់​​​បង់​​​ជីវិត​​​ និង​​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​​​​​ទៀត​រង​របួស​”។

លោក​បាន​បន្ត​ថា ​“យើង​សូម​អំពាវ​នាវ​ដល់​ភាគី​ទាំ​ង​អស់​ឲ្យ​រក្សា​​​ភាព​​​​អត់​ធ្មត់​ និង​ជៀសវាង​ការ​ប្រើ​អំពើហិង្សា។ ជា​ពិសេស​ យើង​សូម​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​ឲ្យ​ប្រើ​​​​មធ្យា​បាយ​​​សមាមាត្រ​​​ ដើម្បី​គ្រប់​គ្រង​ការ​តវ៉ា និង​សូម​អំពាវ​នាវ​ដល់​បាតុករ​​​ទាំងអស់​​​​​​​ឲ្យ​​​ធ្វើ​ការ​​តវ៉ា​របស់​ខ្លួន​ស្រប​​​តាម​ច្បាប់​ និង​ដោយ​សន្តិ​វិធី​” លោក​ កូតេន ក៏​បាន​ស្វាគមន៍​ជំនួប​កាល​ពីម្សិល​មិញ​ រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក​ សម​ រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដោយ​​​​បាន​​​លើកឡើង​​​ថា សហ​​​​​ភាព​អឺរ៉ុប​លើក​ទឹក​ចិត្ត​ភាគី​​​ទាំង​ពីរ​​​ឲ្យ ​​​“បន្ត​​​​កិច្ច​​​សន្ទនា​​​​នយោបាយ​ ដើម្បី​ឲ្យ​ជម្លោះ​ដែល​កំពុង​​​​​បន្ត​ជុំវិញ​ការ​បោះ​ឆ្នោត​​​​នេះ ​​​ឈាន​​​ដល់​​​ដំណោះស្រាយ​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស