កាលពីម្សិលមិញ លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិបានបញ្ចប់មហាបាតុកម្មរយៈពេលបីថ្ងៃរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ប៉ុន្តែបានប្ដេជ្ញានឹងធ្វើបាតុកម្មបន្ថែមទៀតប្រសិនបើរដ្ឋសភាត្រូវកោះប្រជុំនៅថ្ងៃច័ន្ទដោយគ្មានការព្រមព្រៀងគ្នារវាងគណបក្សប្រឆាំង និងគណបក្សប្រជាជនកម្ពុជាជុំវិញលទ្ធផលចម្រូងចម្រាសនៃការបោះឆ្នោតជាតិកាលពីខែកក្កដាទេនោះ។

លោក សម រង្ស៊ី បានធ្វើដំណើរទៅដល់ទីលានប្រជាធិបតេយ្យនៅម៉ោង៤លើសបន្ដិច ដើម្បីស្វាគមន៍អ្នកគំាទ្ររាប់ពាន់នាក់ ដែលបានចេញមកចូលរួមថ្ងៃចុងក្រោយនៃមហាបាតុកម្ម ដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ហើយដែលយប់មានការប៉ះទង្គិចគ្នាដោយហិង្សា ដោយកងកម្លាំងសមត្ថកិច្ចបានបាញ់បុរសម្នាក់ស្លាប់នៅជិតស្ពានមុនីវង្ស។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី បានមានប្រសាសន៍ថា នៅទីបំផុតការចរចាជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមិនទទួលបានលទ្ធផលជាផ្លែផ្កាទេ។ លោកបានមានប្រសាសន៍ទៅកាន់បាតុករប្រមាណ២០.០០០នាក់ ដែលជួបជុំគ្នាថា “នៅព្រឹកនេះយើងបានជួបចរចាជាមួយមេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា។ យើងបានចរចាគ្នាអស់រយៈពេលបីម៉ោង ប៉ុន្តែមិនទទួលបានជោគជ័យច្រើនដូចកាលពីម្សិលមិញទេ”។
ពេលនេះគណបក្សសង្គ្រោះជាតិកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយលើភាពមិនប្រក្រតីនានាក្នុងការបោះឆ្នោត ហើយកាលពីថ្ងៃអាទិត្យគណបក្សនេះបានដាក់លក្ខខណ្ឌទាមទារថ្មីៗមួយចំនួនរួមទាំងការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បញ្ជីឈ្មោះថ្មីនៃអ្នកបោះឆ្នោតទូទាំងប្រទេស និងការទាមទារបង្កើតស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួនមួយផងដែរ។
លោក សម រង្ស៊ី បានមានប្រសាសន៍បន្ថែមទៀតថា គណបក្សសង្គ្រោះជាតិ នឹងប្រកាន់ខ្ជាប់តាមផែនការរបស់ខ្លួនធ្វើពហិការមិនចូលរួមសម័យប្រជុំសភាដំបូងនៅថ្ងៃច័ន្ទ ដែលព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រកាសកាលពីដើមសប្ដាហ៍មុន ប្រសិនបើគ្មានដំណោះស្រាយល្អទេនោះ។ លោកបានមានប្រសាសន៍ថា “ជំហររបស់យើងគឺនៅតែដដែល”។
ថ្លែងបន្ទាប់ពីលោក សម រង្ស៊ី គឺលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានស្នើសុំអ្នកគាំទ្រកុំឲ្យខកចិត្ត ដែលមហាបាតុកម្មបានបញ្ចប់មុនពេលគណបក្សប្រជាជនកម្ពុជាយល់ព្រមតាមការទាមទារ ដែលគណបក្សសង្គ្រោះជាតិនិយាយថា មានសារៈសំខាន់ក្នុងការបញ្ចប់ភាពទាល់ច្រកនេះ។
លោក កឹម សុខា បានមានប្រសាសន៍ថា “បាតុកម្មមិនបញ្ចប់នៅថ្ងៃនេះទេ។ យើងគ្រាន់តែផ្អាកសិនប៉ុណ្ណោះ ពីព្រោះយើងបានសន្យាធ្វើតែបីថ្ងៃ ប៉ុន្តែយើងនឹងបន្តធ្វើការចរចាផ្នែកនយោបាយ ដើម្បីទាមទារអ្វីដែលបងប្អូនចង់បាន”។ លោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកគំាទ្រថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើបន្ត ហើយនឹងកាន់តែមានទ្រង់ទ្រាយធំជាងនេះទៅទៀត ប្រសិនបើរដ្ឋសភាត្រូវកោះប្រជុំនៅថ្ងៃច័ន្ទដោយគ្មានវត្តមានរបស់ខ្លួនទេនោះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើការចរចាបរាជ័យរហូតដល់ថ្ងៃទី២២ [ខែកញ្ញា] ទី២៣ [ខែកញ្ញា] តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិនឹងមិនចូលរួមសម័យប្រជុំសភាឡើយ។ ពួកគេនឹងត្រូវប្រជុំតែឯង [ហើយ] យើងនឹងធ្វើមហាបាតុកម្មទៀតនៅទូទាំងប្រទេស”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអះអាងកាលពីម្សិលមិញថា គណបក្សនេះនឹងបន្តចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយនឹងបន្តធ្វើមហាបាតុកម្មជាថ្មីទៀត ប្រសិនបើរដ្ឋសភាត្រូវកោះប្រជុំមុនពេលតំណាងរាស្ត្រគណបក្សប្រឆាំងយល់ព្រមទទួលយកអាសនៈរបស់ខ្លួន។ ប៉ុន្តែលោកបានមានប្រសាសន៍ថា ពេលនេះមិនទាន់មានការសម្រេចថា តើបាតុកម្មទាំងនោះនឹងធ្វើក្រៅពីរាជធានីភ្នំពេញ ឬយ៉ាងណាទេ។ លោក យឹម សុវណ្ណ បានមានប្រសាសន៍បន្ថែមទៀតថា “វាអាស្រ័យលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស។ យើងអាចនឹងធ្វើបាតុកម្មនៅក្នុងរាជធានី ឬនៅទូទាំងប្រទេស”។
បាតុកម្មបានចាប់ផ្ដើមនៅទីលានប្រជាធិបតេយ្យកាលពីព្រឹកម្សិលមិញ ដោយក្រុមយុវជនគណបក្សសង្គ្រោះជាតិបានដើរក្បួនជុំវិញទីនោះ មុនពេលមានការរៃអង្គាសប្រាក់នៅលើឆាក និងមានកម្មវិធីតន្ត្រីបន្តផ្ទាល់ពាក់ព័ន្ធនឹងនយោបាយ ប៉ុន្តែត្រូវបានរំខានដោយព្រះសង្ឃមួយអង្គ ដែលព្យាយាមធ្វើឲ្យមានការចាប់អារម្មណ៍លើព្រះអង្គនៅលើឆាកនៅមុនពាក់កណ្ដាលថ្ងៃត្រង់បន្តិច។
លោកស្រី ជូ ឡុង សូមូរ៉ា និងលោកស្រី មូរ សុខហួរ ដែលជាតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានចាញ់ឆ្នោតនៅក្នុងមណ្ឌលខេត្តព្រះសីហនុ ដែលមានសំឡេងឆ្នោតតែមួយអាសនៈនោះ បានថ្លែងសុន្ទរកថាយ៉ាងយូរមុនពេលលោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើដំណើរទៅដល់នៅពេលរសៀល។
បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ទាំងពីររូបនេះថ្លែងសុន្ទរកថា ហើយមិនយូរប៉ុន្មានបន្ទាប់ពីអ្នកធ្វើយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិនៅលើឆាកបង្ហោះប៉េងប៉ោងទៅលើមេឃ បន្ទាប់ពីលោក សម រង្ស៊ី បានរាប់ថយក្រោយពីត្រឹមលេខ៧នោះ នៅទីបំផុតមេដឹកនាំគណបក្សប្រឆាំងរូបនេះបានប្រកាសបិទមហាបាតុកម្មនេះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ក្នុងរយៈពេលមួយនាទី នៅពេលយើងប្រកាសបញ្ចប់មហាបាតុកម្មរបស់យើង បងប្អូនអាចអញ្ជើញវិលត្រឡប់ទៅផ្ទះវិញបានដោយរីករាយក្នុងចិត្តគំនិត”។ លោកបានជំរុញឲ្យបាតុករបន្តផ្សព្វផ្សាយសាររបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីពួកគេចាកចេញពីទីលានប្រជាធិបតេយ្យ។ លោកបានមានប្រសាសន៍ថា “នៅពេលបងប្អូនអញ្ជើញត្រឡប់ទៅផ្ទះវិញ សូមបងប្អូនប្រាប់អ្នកជិតខាង សាច់ញាតិ និងមិត្តភក្ដិរបស់បងប្អូនថា ឥទ្ធិពលនៃការស្រឡាញ់ប្រទេសជាតិរបស់បងប្អូន ឥទ្ធិពលយុត្តិធម៌ គឺជាមាគ៌ាឆ្ពោះទៅមុខ”។
ក្រុមបាតុករ ដែលចាកចេញពីទីលានប្រជាធិបតេយ្យបានបញ្ចេញទស្សនផ្សេងៗគ្នាជុំវិញអត្ថប្រយោជន៍នៃមហាបាតុកម្មដែលជួយដល់ការទាមទាររបស់គណបក្សប្រឆាំងអំឡុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
បុរសម្នាក់ឈ្មោះ ម៉ាន់ ដានី អាយុ៥២ឆ្នាំបាននិយាយថា “មហាបាតុកម្មអហិង្សារបស់យើងបានធ្វើឲ្យអ្វីៗឆ្ពោះទៅមុខក្នុងរយៈពេលបីថ្ងៃ ទោះបីជាយើងមិនទទួលបានលទ្ធផលពិតប្រាកដក៏ដោយ”។ គាត់បាននិយាយទៀតថា ជំនឿរឹងមាំលើមហាបាតុកម្មនេះ នឹងមិនចុះខ្សោយឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិអំពាវនាវឲ្យធ្វើមហាបាតុកម្មជាថ្មីម្ដងទៀត។ “ខ្ញុំគិតថា ប្រជាពលរដ្ឋជាច្រើន នឹងចូលរួមនៅក្នុងបាតុកម្មលើកក្រោយ ហើយខ្ញុំនឹងមកទៀត”។
បុរសម្នាក់ទៀតឈ្មោះ កែ វាសនា អាយុ២៤ឆ្នាំបាននិយាយថា វាគួរឲ្យអស់សង្ឃឹមណាស់ដែលមហាបាតុកម្មក្នុងយៈពេលបីថ្ងៃចុងក្រោយនេះបានបិទទាំងគណបក្សសង្គ្រោះជាតិ គ្មានគោលជំហរល្អជាងមុន។ បុរសរូបនេះបានលើកឡើងទៀតថា “ខ្ញុំមានអារម្មណ៍ខកចិត្តដែលបាតុកម្មរយៈពេលបីថ្ងៃនេះបានបញ្ចប់ដោយគ្មានដំណោះស្រាយពិតប្រាកដដើម្បីបង្ហាញ ជាពិសេសដោយសារតែមានករណីបុរសម្នាក់ត្រូវបានបាញ់សម្លាប់នៅស្ពានមុនីវង្ស”៕
ប្រែសម្រួលដោយ តែម សុខុម