មន្ត្រីបានឲ្យដឹងថា ទឹកជំនន់បាននាំឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារបានជាប់នៅភូមិរបស់ខ្លួន បានបំផ្លាញទ្រព្យសម្បត្តិ និងសម្លាប់បសុបក្សីនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរីកាលពីម្សិលមិញ។
យោងតាមលោក ខ្លឹម សុវណ្ណ ជាមេឃុំល្បាំង១ដែលមានភូមិទាំងពីរនេះ បានមានប្រសាសន៍ថា ភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឲ្យរបាំងទំនប់មានសភាពទន់ ហើយទឹកក៏បុកខ្លាំងតែម្តង។
លោក សុវណ្ណ មានប្រសាសន៍ថា “ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃច័ន្ទ បានបណ្តាលឲ្យមានទឹកជំនន់ជម្រៅជាងមួយម៉ែត្រនៅក្នុងភូមិនេះ។វាប៉ះពាល់ដល់ផ្ទះប្រមាណ៥០០ខ្នង ហើយប្រជាពលរដ្ឋបង្ខំចិត្តឡើងទៅនៅលើដំបូលផ្ទះរបស់ខ្លួន”។ លោកបានមានប្រសាសន៍បន្តថា ស្ពានឈើចំនួនពីរបានរងការខូចខាត និងផ្នែកជាច្រើននៃកំណាត់ផ្លូវជាតិលេខ៦អា ដែលជាផ្លូវភ្ជាប់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជាហេតុនាំឲ្យមនុស្សរាប់រយនាក់មិនអាចធ្វើដំណើរទៅមកបាន។
ទឹកជំនន់បានធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនៅម៉ោងប្រហែល៤ទៀបភ្លឺ ប៉ុន្តែ មិនមានសេចក្តីរាយការណ៍ថា មានមនុស្សបាត់បង់ជីវិត ឬបាត់ខ្លួនទេ។
លោក ខ្លឹម សុវណ្ណ មានប្រសាសន៍ថា “ទឹកជំនន់មិនបានធ្វើឲ្យមានការបាត់បង់ជីវិតទេប៉ុន្តែ វាបានបំផ្លាញចម្ការទាំងស្រុង ដូចជាចម្ការសណ្តែក និងដំឡូងមី តាមបណ្តោយទន្លេស្រែពក ។ ចំណែកឯបសុបក្សីជាច្រើនក្បាលក៏កំពុងបាត់ផងដែរ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ទឹកបានចាប់ផ្តើមស្រកបន្តិចម្តងៗ បើគិតត្រឹមថ្ងៃត្រង់ម្សិលមិញនេះ។
លោក សម សូត្រ កសិករនៅឃុំល្បាំង១ស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថា លោកភ្ញាក់ឡើង ដោយសារទឹកហូរចូលក្នុងផ្ទះរបស់លោកយ៉ាងច្រើនហើយលោក និងសមាជិកគ្រួសាររបស់លោកបានរត់ឡើងលើដំបូលផ្ទះទាន់។ លោក សម សូត្រ បានមានប្រសាសន៍បន្តទៀតថា “ទ្រព្យសម្បត្តិ និងបសុបក្សីភាគ ច្រើនបានបាត់”។
គ្រួសាររបស់លោកនៅលើដំបូលផ្ទះ អស់រយៈពេលប្រហែល៨ម៉ោង ខណៈដែលលោក សម សូត្រ បានព្យាយាមស្រង់យករបស់របរប្រើប្រាស់ ក្នុងផ្ទះសម្បែងរបស់លោកបានខ្លះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពេលនេះ ខ្ញុំកំពុងហែលទៅយករបស់របរខ្លះរបស់ខ្ញុំ”។
លោក គង់ ស្រ៊ុន អភិបាលស្រុក លំផាត់បានឲ្យដឹងកាលពីរសៀលម្សិលមិញថា ទឹកជំនន់ក៏បានទៅដល់ឃុំបាតាងដែរ ប៉ុន្តែមិនបង្កការខូចខាតធ្ងន់ទេ ពីព្រោះអ្នកស្រុកត្រូវបានជូនដំណឹងជាមុន។
លោក គង់ ស្រ៊ុន បានមានប្រសាសន៍ថា “ពេលនេះ ទឹកជំនន់មានកម្ពស់ប្រហែល១ម៉ែត្រ ដូច្នេះវាមិនបានបំផ្លាញលំនៅដ្ឋានរបស់អ្នកភូមិទេ ប៉ុន្តែសត្វពាហនៈនិងបសុបក្សីជាច្រើនក្បាលបានបាត់”។
លោក គង់ ស្រ៊ុន បានប៉ាន់ប្រមាណថា គេនឹងចំណាយទឹកប្រាក់យ៉ាងតិច២៥លានរៀល ឬប្រហែល ៦.២៥០ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួសជុលការខូចខាតស្ពានដោយសារទឹកជំនន់េនះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី