34 C
Phnom Penh

ជន​សង្ស័យ​ប្រាំមួយ​នាក់​ត្រូវ​បាន​តុលាការចោទ​ប្រកាន់​ពី​បទ​​ប្រើ​អំពើ​ហិង្សា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​បុរស​ចំនួន​ប្រាំ​មួយ​ពី​បទ​ប្រើ​អំពើ​ហិង្សា​​ និង​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​ដោយ​សារ​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ រវាង​​កង​កម្លាំង​សន្ដិសុខ​ អ្នក​តវ៉ា និង​អ្នក​ធ្វើ​ដំណើរ​ពោរពេញ​ដោយ​កំហឹង​ ដែល​បណ្ដាល​​ឲ្យ​កម្មករ​សំណង់​អាយុ​២៩​ឆ្នាំ​ម្នាក់​ត្រូវ​នគរ​បាល​បាញ់​ចំ​ក្បាល​ស្លាប់​។

ជន​សង្ស័យឈ្មោះ​​ សាញ់​ សំអឿន​ អាយុ​២៨​ឆ្នាំ​  ង្វៀន ធីឌឹក អាយុ២០ឆ្នាំ ឯក ចាន់​ណូ អាយុ​១៧​ឆ្នាំ​ តាំង​ ចុង​សៀង អាយុ​១៨ឆ្នាំ​ សុង និស្ស័យ​ អាយុ​២០​ឆ្នាំ​ និងជន​សង្ស័យ​​ឈ្មោះ​​ វ៉ា នឿន​ អាយុ​២០ឆ្នាំ​ ត្រូវ​នគរបាល​ចាប់​ខ្លួន​​នៅ​ម៉ោង​ប្រហែល​៩យប់​ថ្ងៃ​អាទិត្យ​ នៅ​ពេល​​ការ​ធ្វើ​បាតុកម្ម​ពេញ​មួយ​ថ្ងៃ​ ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​​បាន​ប្រែ​ក្លាយ​ទៅ​ជា​មាន​អំពើ​ហិង្សា​​នៅ​​ចំណុច​​ស្ពាន​​ព្រះ​មុនីវង្ស​។

លោក​ សួស សំអា​ត​ ចៅក្រម​ស៊ើប​សួរ​​នៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ ដោយ​បដិសេធ​មិន​រៀប​រាប់​ច្រើន​ថា “តុលាការ​​បាន​ចោទ​ប្រកាន់​​​ ហើយ​បាន​បញ្ជូន​​ពួក​គេ​ទៅ​កាន់​ពន្ធ​នាគារ​ ដើម្បី​ឃុំ​ឃាំង​ជា​បណ្ដោះ​អាសន្ន​”។

លោក​ អំ សំអាត​ អ្នក​គ្រប់គ្រង​​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដែល​ផ្ដល់​​ប្រឹក្សា​​ផ្នែក​ច្បាប់​​ដល់​ជន​សង្ស័យ​ទាំង​នេះ​​បាន​មានប្រសាសន៍​ថា ជន​សង្ស័យ​ទាំង​នេះ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ និង​​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​​តាម​មាត្រា​​២១៨ ៤១០ និង​៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ជន​សង្ស័យ​ទាំង​នេះ​​​ បើ​តាម​ការ​​ចោទ​ប្រកាន់​នឹង​ត្រូវ​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​រហូត​ដល់​ទៅ​១០​ឆ្នាំ​ ហើយ​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​​ប្រហែល​២០​លាន​​រៀល​ ឬ​ក៏​ប្រហែល​៥.០០០​ដុល្លារ​។

លោក​ អំ សំអាត បាន​មាន​ប្រសាសន៍​ថា “ពួក​គេ [ជនសង្ស័យ] បាន​ប្រាប់​តុលាការ​ថា​ ខ្លួន​​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​នេះ​ទេ។ ពួក​គេ​​ [គ្រាន់​តែ​] ព្យាយាម​​ឆ្លង​កាត់​ស្ពាន​​តែ​ប៉ុណ្ណោះ​”។

យោង​តាម​​សាក្សី​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​​ដែល​កើត​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ គឺ​កើត​ឡើង​​នៅ​ពេល​​អ្នក​ធ្វើ​ដំណើរ​​មិន​អាចធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ខ្លួន​បាន​ ហើយ​បាន​នាំគ្នា​ព្យាយាម​​យក​​របាំង​បន្លា​លួស​ចេញ​ ដោយ​​មាន​កា​រ​ឆ្លើយតប​វិញ​យ៉ាង​​ចាស់​ដៃ​​ពី​​សំណាក់​កង​រាជអាវុធ​ហត្ថ​ និង​នគរបាល​​បង្ក្រាប​កុបកម្ម​​ប្រដាប់​ដោយ​អាវុធ​ គ្រាប់​កំាភ្លើង​ជ័រ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​បែក​ផ្សែង​ ប្រហែល​១.០០០​នាក់​។

នៅ​ពេល​ស្ថានីយទូរទស្សន៍​​​ស្ទើរតែ​មិន​អាច​ចាក់​ផ្សាយ​​​ព្រឹត្តិកាណ៍​ទាំង​នេះ​ ឬ​ក៏​​មហា​បាតុកម្ម​ ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​​ជាតិ​កាល​ពី ពេល​ព្រឹក​នោះ​ ខ្សែ​វីដេអូ​ស្ដី​ពី​ការ​បើក​សវនាការ​​នៅ​តុលាការ​កាល​ពី​ម្សិល​មិញ​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​​​​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នានា​។

លោក​ ចាន់​ សុវ៉េត អ្នក​ស៊ើប​អង្កេត​​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ដែល​មាន​វត្តមាន​ចំពេល​​បុរស​ទាំង​ប្រាំមួយ​នាក់​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​​បាន​​លើកឡើង​ថា លោក​មិន​​ច្បាស់​ថា​តើ​ពួក​គេ​មាន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ​ ឬ​ក៏​អត់​​នោះទេ​។

លោក​ ចាន់​ សុវ៉េត ​បាន​មានប្រសាសន៍​ថា តែ​ទោះ​ជា​យ៉ាង​ណា​​ អាជ្ញាធរ​​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​​ក្នុង​ការ​ស៊ើប​អង្កេ​ត​​លើ​ការ​ស្លាប់​​របស់​​ជន​រងគ្រោះ​ ម៉ៅ សុខចាន់​ ដែល​​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ពេល​​ត្រូវ​នគរ​បាល​​​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​។

លោក​បាន​ថ្លែងថា “​តើ​មាន​ចំា​​អំពី​​ហេតុ​ការណ៍​នៅ​ខេត្ត​ក្រចេះ​ដែរ​ឬ​ទេ?”។  លោក​​បាន​មានប្រសាសន៍​បែប​នេះ​ ដោយ​សំដៅ​ទៅ​លើ​ករណី​​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​មុន​ ដែល​នៅ​ពេល​នោះ​ ពេល​​កង​​កម្លាំង​រដ្ឋាភិបាល​ប្រដាប់​អាវុធ​​​បាន​​បាញ់​សម្លាប់​​ក្មេង​ស្រី​អាយុ​​១៤​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ​ ក្នុង​​គោល​បំណង​​ដើម្បី​បង្ក្រាប​ចលនា​អប​គមន៍​នៅ​ជនបទ។

លោក​បាន​​មាន​ប្រសាសន៍​បន្ថែម​ថា “នេះ​​គឺ​ជា​វប្បធម៌​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​​”។ លោក​ឧត្តម​សេនីយ៍​ទោ ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជអាវុធ​ហត្ថ​​​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​​ចំពោះ​ការ​បាញ់​ប្រហារ​នេះ​កំពុង​​ស្ថិត​ក្នុង​ដំណើរ​ការ​​ហើយ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​​ឡើយ​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស