ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ គណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្មមួយក្នុងចំណោមមហាបាតុកម្មសំខាន់ៗប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ប្រជាពលរដ្ឋជាង២០.០០០នាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ អស់រយៈពេលបីថ្ងៃសម្រាប់ការបង្ហាញមុខប្រចាំថ្ងៃរបស់មេដឹកនាំគណបក្សប្រឆាំងគឺ លោក សម រង្ស៊ី និងលោក កឹម សុខា។
ហើយទោះបីជាគណបក្សប្រឆាំងបង្ហាញថា ខ្លួនអាចប្រមូលអ្នកគាំទ្រខ្លួនមកជួបជុំគ្នាបានច្រើនក៏ដោយ ក៏បាតុកម្មនេះមិនបានជំរុញឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីបង្កើតគណៈកម្មការចម្រុះឲ្យស៊ើបអង្កេតលទ្ធផលនៃការបោះឆ្នោតកាលពីខែកក្កដា កន្លងមកនេះ។
លោក ណាង សុខណេត ជានិសិ្សតគិលានុបដ្ឋាកនៅរាជធានីភ្នំពេញ ដែលបានចូលរួមនៅក្នុងការធ្វើបាតុកម្មរយៈពេលបីថ្ងៃនេះ បានបង្ហាញពីអារម្មណ៍របស់អ្នកគាំទ្រជាច្រើន ដែលបានមកចូលរួមនៅក្នុងទីលានប្រជាធិបតេយ្យជាមួយនឹងការទាមទារជាក់លាក់ឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោតនេះ ដែលគណបក្សសង្គ្រោះជាតិអះអាងថា ខ្លួនបានឈ្នះ ប្រសិនបើគ្មានភាពមិនប្រក្រតីជាច្រើនទេនោះ។
និស្សិតរូបនេះបាននិយាយថា “ខ្ញុំគិតថា បាតុកម្មបីថ្ងៃនេះគ្មានប្រយោជន៍ទេ ពីព្រោះបាតុកម្មអហិង្សាទាំងនេះមិនអាចបង្ខំឲ្យគណបក្សប្រជាជនកម្ពុជារកដំណោះស្រាយ និងយុត្តិធម៌ឲ្យយើងបានឡើយ”។ និស្សិតរូបនេះបានបន្ថែមទៀតថា “ខ្ញុំសូមអំពាវនាវដល់គណបក្សសង្គ្រោះជាតិកុំឲ្យចូលរួមសម័យប្រជុំរដ្ឋសភា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនផ្តល់យុត្តិធម៌សម្រាប់ការទាមទាររបស់អ្នកតវ៉ាទេនោះ”។
អ្នកវិភាគនយោបាយ និងមេដឹកនាំសង្គមស៊ីវិលនិយាយថា គណបក្សប្រជាជនកម្ពុជាមិនព្រមសហការនៅក្នុងការស៊ើបអង្កេត ដែលអាចធ្វើឲ្យមានការប្រែប្រួលដល់ជ័យជម្នះរបស់ខ្លួន ក្នុងការបោះឆ្នោតនេះទេ ហើយបានបន្ថែមទៀតថា គណបក្សសង្គ្រោះជាតិឥឡូវនេះ ត្រូវប្រឈមនឹងបញ្ហាថ្មីមួយទៀត ចំពោះការបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួន ពេលកំពុងធ្វើការចរចាដ៏លំបាក។
លោកស្រី ធីតា ឃឹស ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានបង្ហាញសាច់ដុំរបស់ខ្លួន ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាមិនបានផ្លាស់ប្តូរគំនិតទេ ពីព្រោះពួកគេមិនសុំានឹងការគោរពមតិសាធារណជនឡើយ”។
លោកស្រីបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាទំនងជាមិនយល់ស្របតាមវិធានការណាមួយដែលគំរាមកំហែងដល់ការកាន់អំណាចរាប់ទសវត្សរ៍របស់ខ្លួននោះទេ ដែលមានន័យថា ជម្រើសតែមួយគត់របស់គណបក្សប្រឆាំងគឺធ្វើមហាបាតុកម្ម។ លោកស្រីបានមានប្រសាសន៍ថា “បើមិនមានសម្ពាធពិតប្រាកដផ្នែកសេដ្ឋកិច្ចទេនោះ ខ្ញុំមិនគិតថា មានអ្វីអាចប្តូរគោលជំហររបស់គណបក្សប្រជាជនកម្ពុជាបានទេ”។ លោកស្រីបានបន្ថែមថា ការធ្វើកូដកម្មរបស់កម្មករ និងការធ្វើពហិការមិនគាំទ្រអាជីវកម្មដែលមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាច អាចជាទម្រង់នៃការតវ៉ារបស់ប្រជាពលរដ្ឋ។
សេណារីយោមួយដែលអាចធ្វើទៅបាននោះ គឺថា គណបក្សសង្គ្រោះជាតិត្រូវបន្តគំរាមធ្វើមហាបាតុកម្មនៅក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្ត ជាវិធីមួយដើម្បីធ្វើឲ្យមានកំណែទម្រង់ពីគណបក្សប្រជាជនកម្ពុជា មុនពេលគណបក្សនេះព្រមព្រៀងចូលរួមនៅ ក្នុងរដ្ឋសភា នេះបើយោងតាមលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។
លោក ព្រាប កុល បានមានប្រសាសន៍ថា “កាន់តែច្បាស់ទៀតនោះ ខ្ញុំគិតថា ការស៊ើបអង្កេតលើលទ្ធផលនៃការបោះឆ្នោតនេះ គឺជាការទាមទារដ៏លំបាក។ ការទាមទារនេះគឺជាលក្ខខ័ណ្ឌសម្រាប់បង្កើតរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មី”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ប្រសិនបើគណបក្សសង្គ្រោះជាតិចង់តវ៉ាជារៀងរហូតនោះ ពួកគេអាចបន្តធ្វើការតវ៉ា និងទាមទារឲ្យមានការស៊ើបអង្កេតបាន ប៉ុន្តែមានបរិយាកាសនយោបាយដូចដែលយើងមានសព្វថ្ងៃនេះ”។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា “គេអាចបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះដើម្បីស្វែងរកការពិត និងធ្វើការស៊ើបអង្កេតលើការបោះឆ្នោតនេះ ជាផ្នែកមួយនៃយន្តការសម្រាប់កែទម្រង់ប្រព័ន្ធបោះឆ្នោត”។ លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិអាចជំរុញឲ្យមានការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធតុលាការ និងស្ថាប័នប្រឆាំងអំពើពុករលួយនៅក្នុងការបន្តចរចារបស់ខ្លួនជាមួយគណបក្សប្រជាជនកម្ពុជា។
លោក អ៊ូ រិទ្ធី ម្ចាស់ប្លក់ (blog) នយោបាយដ៏លេចធ្លោម្នាក់បាននិយាយថា ទោះបីជាគណបក្សសង្គ្រោះជាតិ ប្រហែលជាត្រូវបន្ធូរការទាមទាររបស់ខ្លួនឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា នេះក៏ដោយ ក៏ពួកគេនៅតែអាចធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនទទួលស្គាល់ថា ខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោតនេះដែរ។
លោក រិទ្ធី បាននិយាយថា “អាចនឹងមានការសម្របសម្រួល មិនមែនតាមរយៈគណៈកម្មការចម្រុះឯករាជ្យនោះទេ ប៉ុន្តែ តាមវិធីផ្សេងទៅវិញ។ ក្នុងចិត្តរបស់ពួកគេ គណបក្សសង្គ្រោះជាតិកំពុងព្យាយាមរកវិធីចែករំលែកអំណាចជាមួយគណ បក្សប្រជាជនកម្ពុជា ប៉ុន្តែ តាមវិធីណាមួយដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនយល់ស្របតាម”។
លោក រិទ្ធី បាននិយាយថា ប្រសិនបើលោក សម រង្ស៊ី និងលោក កឹម សុខា អាចពន្យល់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ការកែទម្រង់ពិតប្រាកដនឹងជួយឲ្យគណបក្សប្រឆាំងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនាពេលអនាគតនោះ ពួកគេប្រហែលជាអាចធ្វើឲ្យអ្នកស្មោះត្រង់នឹងគណបក្សសង្គ្រោះជាតិជឿថា ការចូលរួមនៅក្នុងរដ្ឋសភា គឺជាវិធីល្អបំផុត ដែលមិនធ្វើឲ្យបាត់បង់ប្រជាប្រិយភាព។
បក្សសង្គ្រោះជាតិចាត់ទុកកិច្ចសហការនាពេលអនាគតជាមួយគណបក្សប្រជាជនកម្ពុជាថា ដោយសារខ្លួនគោរពព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលគ្រោងកោះប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា។
លោក រិទ្ធី បាននិយាយថា “ប្រសិនបើក្នុងការចរចាគណបក្សសង្គ្រោះជាតិទទួលបានស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួន កែរចនាសម្ព័ន គ.ជ.ប. និងធ្វើជាប្រធានរដ្ឋសភានោះ ខ្ញុំគិតថា វាមិនមានបញ្ហាជាមួយយុវជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទូទៅនោះទេ។ វាបង្កើតស្ថានភាពមួយឲ្យពួកគេទទួលបានជ័យជម្នះភ្លូកទឹក ភ្លូកដី នៅក្នុងការបោះឆ្នោតលើកក្រោយ”។
ទោះបីជាការធ្វើបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ ប្រហែលជាមិនបានសម្រេចនូវគោលបំណងរបស់ខ្លួនក៏ដោយ ក៏ពួកគេបានបង្កើនការដាក់សម្ពាធលើគណបក្សប្រជាជនកម្ពុជា ឲ្យមានការកែទម្រង់ និងមានមូលហេតុសម្រាប់ការធ្វើមហាបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគណបក្សប្រឆាំងអាចធ្វើឲ្យមានឥទ្ធិពលកាន់តែខ្លាំងក្នុងរយៈពេលប្រាំឆ្នាំក្រោយនេះ។
លោក កែម ឡី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា “ការធ្វើបាតុកម្ម មិនមែនគ្រាន់តែដើម្បីប្រាប់អ្នកធ្វើសេចក្តីសម្រេចឲ្យធ្វើអ្វីមួយនោះទេ ប៉ុន្តែ ការធ្វើបាតុកម្មក៏បង្កើតឲ្យមានវប្បធម៌ថ្មីមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរជួបជុំគ្នា ដើម្បីធ្វើការទាមទាររបស់ខ្លួនផងដែរ”។ លោកបានបន្ថែមថា វិធីសាស្ត្រនេះទំនងជាអាចរាលដាលទូទាំងប្រទេស នៅពេលដែលគណបក្សសង្គ្រោះជាតិបន្តពង្រឹង និងពង្រីកឥទ្ធិពលរបស់ខ្លួន។
លោកបានបន្ថែមទៀតថា “បាតុកររៀនពីមេរៀន ដែលពួកគេអាចក្រោកឈរប្រឆាំងនឹងស្ថាប័នផ្តល់សេវាសាធារណៈ ប្រសិនបើពួកគេមិនបំពេញការងារប្រកបដោយវិជ្ជាជីវៈទេនោះ។ វប្បធម៌នេះនឹងរីកដុះដាលកាន់តែខ្លាំងឡើងនៅពេលអនាគត ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្តចំពោះអ្នកធ្វើសេចក្តីសម្រេច នៅពេលដែលមានការបំពានច្បាប់ មានអំពើពុករលួយ និងមានការរំលោភយកដីធ្លី”។
យោងតាមលោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយបានឲ្យដឹងថា ខណៈដែលការកែទម្រង់ដែលអាចធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិស្ងប់ចិត្ត អាចនឹងធ្វើឲ្យប៉ះពាល់ដល់លោក ហ៊ុន សែន នោះ នេះ ប្រហែលជាលើកដំបូងហើយដែលគណបក្សសង្គ្រោះជាតិអាចនាំមកនូវការបំបែកអំណាចក្នុងរដ្ឋាភិបាលកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា “ឥឡូវនេះយើងមានអំណាចបី ដែលសុទ្ធតែស្ថិតនៅក្រោមបុគ្គលម្នាក់ គឺនាយករដ្ឋមន្ត្រី។ ប៉ុន្តែ ប្រសិនបើនៅក្នុងរយៈពេលប្រាំឆ្នាំក្រោយនេះ យើងមានការចូលរួមពីគណបក្សសង្គ្រោះជាតិ និងសេចក្តីសម្រេចនានា ត្រូវឆ្លងកាត់អង្គនីតិបញ្ញត្តិនោះ នឹងមានការចែករំលែកអំណាចហើយ”។
លោកស្រីបានបន្ថែមថា “ប៉ុន្តែ ការពង្រឹងស្ថាប័ន ដើម្បីឲ្យស្ថាប័នទាំងនោះមានឥទ្ធិពលស្មើគ្នា គឺជាការលំបាកណាស់ ពីព្រោះវានៅតែនាយករដ្ឋមន្ត្រីដដែល ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៣០ឆ្នាំមកហើយ។ នាយករដ្ឋមន្ត្រីរូបនេះពិបាកនឹងបន្ទាបខ្លួនឯងដើម្បីស្តាប់ និងធ្វើការតាមបែបប្រជាធិបតេយ្យណាស់”។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា ការធ្វើបាតុកម្ម ដែលនៅក្នុងនោះអ្នកគាំទ្រគណបក្សប្រឆាំងមានជំនឿថា អាចធ្វើឲ្យរដ្ឋាភិបាលកែទម្រង់តាមការទាមទាររបស់ខ្លួននោះ ធ្វើឲ្យគាត់មានសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើការកែទម្រង់ពិតប្រាកដដើម្បីគ្រប់គ្រងប្រទេសក្នុងរយៈពេលប្រាំឆ្នាំក្រោយនេះ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “គណបក្សប្រឆាំងមានឥទ្ធិពលជាងពីមុនហើយមានប្រជាពលរដ្ឋនៅពីក្រោយ។ គណបក្សសង្គ្រោះជាតិអាចធ្វើការនៅក្នុងរដ្ឋសភា និងក្រៅរដ្ឋសភាតាមទស្សន និងការចង់បានរបស់ប្រជាជន”។
លោកបានមានប្រសាសន៍ថា ទោះបីជាគណបក្សសង្គ្រោះជាតិមិនអាចបង្ខំឲ្យគណបក្សប្រជាជនកម្ពុជា សហការនៅក្នុងការស៊ើបអង្កេតលើការបោះឆ្នោតនេះក៏ដោយ ក៏ជ័យជម្នះធំបំផុតសម្រាប់គណបក្សប្រឆាំងនៅក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ បានធ្វើឲ្យមានការគោរពសិទ្ធិមនុស្សតាមបែបប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញដែរ។ លោកបានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិពិបាកនឹងទទួលបានអ្វីដែលប្រជាជនចង់បានណាស់។ ពួកគេស្ថិតនៅ ក្នុងគោលជំហដ៏លំបាក។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានទទួលអ្វីមួយរួចហើយ។ ពួកគេបានទទួលសិទ្ធិធ្វើបាតុកម្មទាំងនេះ សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិជួបជុំគ្នា”៕
(រាយការណ៍បន្ថែមដោយ អូន ភាព)
ប្រែសម្រួលដោយ មូល គឹមហឿន