រយៈពេលពីរថ្ងៃក្រោយការបាញ់ស្លាប់បុរសគ្មានអាវុធក្នុងដៃម្នាក់នៅជិតស្ពានព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ មន្ត្រីពាក់ព័ន្ធបានផ្ដល់ព័ត៌មានតិចតួចណាស់កាលពីម្សិលមិញអំពីភាពរីកចម្រើនក្នុងការស៊ើបអង្កេតពីការបាញ់សម្លាប់នេះ ហើយសកម្មជនសិទ្ធិមនុស្សនានាបានសម្តែងក្ដីកង្វល់ថា ការស៊ើបអង្កេតនេះនឹងខ្វះភាពដែលអាចជឿទុកចិត្តបាន។
ព្រះមហាក្សត្រ នរោត្ដម សីហមុនី និង សម្ដេចម៉ែ នរោត្ដម មុនីនាថ បានប្រទានព្រះរាជអំណោយជាព្រះរាជទ្រព្យចំនួន២.០០០ដុល្លារជូនដល់គ្រួសារសពលោក ម៉ៅ សុខចាន់ អាយុ២៩ឆ្នាំ ដែលត្រូវបានបាញ់ចំក្បាល អំឡុងពេលកកស្ទះចរាចរណ៍មួយនៅលើស្ពានព្រះមុនីវង្ស ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់វិលត្រឡប់ពីការធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យ។
សាច់ញាតិរបស់លោក សុខចាន់ បានអះអាងថា គាត់គឺជាជនរងគ្រោះស្លូតត្រង់ ហើយគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយនឹងយុវជនមួយក្រុមដែលមានកំហឹងចំពោះការកកស្ទះចរាចរណ៍រាប់ម៉ោងដោយសារនគរបាលបានដាក់របាំងបន្លាលួសបិទផ្លូវនៅទូទាំងរាជធានីកាលពីថ្ងៃអាទិត្យ និងដែលបានបញ្ចេញកំហឹងតាមរយៈការចោលដុំថ្មដាក់នគរបាលឡើយ។
យោងតាមព្រះរាជសារលើគេហទំព័រផ្លូវការរបស់ព្រះមហាក្សត្របានឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនីនាថ ក៏បានផ្តល់ព្រះរាជអំណោយជាព្រះរាជទ្រព្យ និងសម្ភារមួយចំនួនទៀតដល់ជនរងគ្រោះម្នាក់ៗក្នុងចំណោមជនរងគ្រោះចំនួន១០នាក់ផ្សេងទៀតដែលបានរងបួសក្នុងអំពើហិង្សាជុំវិញស្ពានព្រះមុនីវង្ស ក្នុងម្នាក់ៗចំនួន៥០០ដុល្លារផងដែរ។
ព្រះរាជសារនេះមានខ្លឹមសារថា “បន្ទាប់ពីបានទទួលដំណឹងថាមានបងប្អូនជនរួមជាតិម្នាក់បានបាត់បង់ជីវិត និង១០នាក់ទៀតរងរបួសអំឡុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ព្រះករុណាព្រះមហាក្សត្រ និងសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរបានចាត់មន្ត្រីនៃព្រះរាជខុទ្ទកាល័យជាបន្ទាន់ដើម្បីយកព្រះរាជអំណោយរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅជូនក្រុមគ្រួសារនៃសពរបស់លោក ម៉ៅ សុខចាន់ នៅវត្តចាក់អង្រែក្រោមដោយផ្ទាល់ដៃ និងអ្នករងរបួសដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យកាល់ម៉ែត”។
ព្រះរាជសារនេះមានខ្លឹមសារបន្តថា “[ព្រះរាជខុទ្ទកាល័យ] ក៏បានពាំនាំព្រះរាជបណ្តាំរំលែកទុក្ខរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅជូនក្រុមគ្រួសារនៃសព”។ ក្នុងព្រះរាជសារនេះក៏មានការជូនពរឲ្យអ្នករងរបួស១០នាក់ដែលកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យឲ្យបានឆាប់ជាសះស្បើយឡើងវិញផងដែរ។
ឧត្តមសេនីយ៍ទោ ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានអះអាងកាលពីម្សិលមិញថា ការស៊ើបអង្កេតពីការបាញ់ប្រហារដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនេះកំពុងដំណើរការ ប៉ុន្តែ លោកបានច្រានចោលការចោទប្រកាន់ដែលថា អាជ្ញាធររួមមានកងរាជអាវុធហត្ថ និងនគរបាលបង្ក្រាបកុបកម្ម ដែលសាក្សីឃើញផ្ទាល់ភ្នែកនានានិយាយថា បានបើកការបាញ់ប្រហារដោយប្រើគ្រាប់កាំភ្លើងពិតនោះ ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោក សុខចាន់។
លោកបានមានប្រសាសន៍ថា “ [គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ] បានព្រមព្រៀគ្នាឲ្យមានការស៊ើបអង្កេតពីហេតុការណ៍នេះ។ យើងមិនបានប្រើប្រាស់អាវុធដើម្បីបង្ក្រាបក្រុមបាតុករទេ។ ករណីស្លាប់បុរសម្នាក់នេះត្រូវតែធ្វើការស៊ើបអង្កេត ដើម្បីឲ្យបានដឹងថា តើគាត់ត្រូវបានបាញ់ស្លាប់ដោយអាវុធមែនឬយ៉ាងណា និងថា តើអាវុធប្រភេទអ្វីដែលត្រូវបានប្រើប្រាស់នោះ”។ ឧត្តមសេនីយ៍ទោ ខេង ទីតូ បានឲ្យដឹងថា ការស៊ើបអង្កេតនេះគឺស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់នគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបង្វែរសំណួរទាំងអស់ទៅនគរបាលជាតិវិញ។ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេ ទោះបីជាមានការព្យាយាមជាច្រើនដងយ៉ាងណាក៏ដោយ។
លោក រូភើត អាប់បត (Rupert Abbott) អ្នកស្រាវជ្រាវនៅអង្គការលើកលែងទោសអន្តរជាតិប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ខណៈអង្គការរបស់លោក “ ស្វាគមន៍ព័ត៌មានដែលថា អាជ្ញាធរកម្ពុជាកំពុងធ្វើតាមការអំពាវនាវឲ្យមានការស៊ើបអង្កេតពីហេតុការណ៍ដ៏អណោចអធមកាលពីថ្ងៃអាទិត្យ” នោះមានក្ដីកង្វល់ថា ការស៊ើបអង្កេតនេះនឹងខ្វះភាពដែលអាចជឿទុកចិត្តបាន។ លោកបានមានប្រសាសន៍ថា “ការស៊ើបអង្កេតកន្លងមកពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស រួមទាំងការបាញ់សម្លាប់ពីសំណាក់កងកម្លាំងសន្តិសុខផងនោះ គឺមានភាពខ្វះចន្លោះច្រើនណាស់”។
ការស៊ើបអង្កេតពីការបាញ់សម្លាប់លោក ម៉ៅ សុខចាន់ នេះ “គួរធ្វើឡើងដោយមិនលម្អៀង មានតម្លាភាព និងមានភាពហ្មត់ចត់”ហើយត្រូវតែអាចមានការផ្តន្ទាទោសអ្នកទាំងឡាយណាដែលបានអនុញ្ញាតឲ្យមានការប្រើគ្រាប់កាំភ្លើងពិតនេះ។នេះជាអ្វីដែលឧត្តមសេនីយ៍ទោ ខេង ទីតូ បានបដិសេធម្តងហើយម្តងទៀត ដោយបញ្ជាក់ថា ការបាញ់ប្រហារនោះគឺធ្វើឡើងដោយជនស៊ីវិលមិនស្គាល់អត្តសញ្ញាណ។
សេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយដែលបានចេញដោយអង្គការលើកលេងទោសអន្តរជាតិ មានខ្លឹមសារថា “មន្ត្រីថ្នាក់លើដែលបានដឹង ឬគួរតែបានដឹងថា មន្ត្រីក្រោមបញ្ជារបស់ខ្លួនបានប្រើប្រាស់មធ្យោបាយមិនស្របច្បាប់ និងដែលមិនបានចាត់វិធានការគ្រប់បែបយ៉ាងតាមលទ្ធភាពរបស់ខ្លួនដើម្បីការពារ ឬបញ្ចៀសការប្រើមធ្យោបាយបែបនេះ” ក៏គួរតែទទួលខុសត្រូវដែរ។
លោក ប៊្រែត អាដាម (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានលើកឡើងថា មានតែអាជ្ញាធរដែលត្រូវបានដាក់ពង្រាយនៅលើស្ពានព្រះមុនីវង្សប៉ុណ្ណោះដែលត្រូវគេឃើញប្រដាប់ដោយអាវុធ។ ចំណុចនេះនាំឲ្យមានក្ដីកង្វល់ថា ការស៊ើបអង្កេតនេះអាចជាករណីថ្មីបំផុតនៅក្នុងចំណោមករណីនិទណ្ឌភាពរាប់មិនអស់។ លោកបានថ្លែងថា “ការស៊ើបអង្កេតដោយឯករាជ្យមួយគឺជារឿងចាំបាច់និងបន្ទាន់បំផុតដើម្បីវែកមុខ និងផ្តន្ទាទោសដោយយុត្តិធម៌លើអ្នកទាំងឡាយណាដែលទទួលខុសត្រូវចំពោះការរំលោភបំពានពីសំណាក់កម្លាំងសន្តិសុខនេះ”។
លោក សូរិយ៉ា ស៊ូបេឌី (Surya Subedi) ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលនឹងឡើងថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវនៅសប្តាហ៍ក្រោយពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានោះ បានលើកឡើងតាមរយៈអ៊ីម៉េលថា លោកមាន “ក្ដីបារម្ភចំពោះការប៉ះទង្គិចគ្នាដោយហិង្សា និងការប្រើគ្រាប់កាំភ្លើងពិតនេះ”។ លោក សូរិយ៉ា ស៊ូបេឌី បានមានប្រសាសន៍បន្ថែមថា “ខ្ញុំសូមជំរុញឲ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ឲ្យដល់កម្រិតអតិបរមា ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឲ្យគោរពសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការជួបជុំគ្នាដោយសន្តិវិធី”៕
ប្រែសម្រួលដោយ ឃិន ណៃ