32 C
Phnom Penh

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​មាន​​​តួនាទី​​​ជា​​​អ្នកសម្រប​​​សម្រួល​​​យ៉ាង​​​សំខាន់​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​តវ៉ា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ ​​​និង​​​អង្គការ​​​សង្គម​​​​​​ស៊ីវិល​​​រាប់​​​សិប​​​បាន​​​មាន​​​វត្តមាន​​​ជាប់​​​ជានិច្ច​​​នៅ​​​ក្នុងការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ក្នុង​​​រយៈ​​​ពេល​​បីថ្ងៃ​​​កន្លង​​​មក​​​នេះ​​​ រួម​​​ទាំង​​​អំឡុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​កាលពីថ្ងៃ​​​អាទិត្យ​​​ រវាង​​​ប្រជា​​​ពល​​​រដ្ឋស៊ីវិល និង​​​កង​​​សន្តិសុខផង​ដែរ​​​​ ថ្វីបើ​​​មាន​​​ការ​​​ព្រមាន​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​ កាល​ពី​​​សប្ដាហ៍​​​មុន​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ផ្ដល់​​​ជំនួយ​​​ណា​​​មួយ​​​​​​ដល់​​​​​​មហាបាតុកម្ម​​​នេះក៏ដោយ​​​។

លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ចេញ​​​សេចក្ដី​​​ថ្លែងការណ៍​​​មួយ​​​កាលពី​​​សប្ដាហ៍​​​មុន ដោយ​​​ព្រមាន​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ថា ការ​​​ផ្ដល់​​​ “ការគាំទ្រ” ចំពោះ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ អំឡុង​​​មហាបាតុកម្ម​​​អហិង្សា នៅ​​​ទីលាន ប្រជាធិបតេយ្យ​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ នឹង​​​ក្លាយ​​​ជាការ​​​រំលោភ​​​កិច្ច​​​សន្យា​​​នៃ​ការ​ធ្វើ​​​ប្រតិ​​​បត្តិ​​​ការ​​​របស់​​​ខ្លួន​​​។

លោក អ៊ូ វីរៈ ប្រធាន​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ព្រមាន​​​របស់​​​លោក​​​ ស ខេង ឲ្យ​​​អង្គការ​​​របស់​​​លោក​​​នៅ​​​​​​ឆ្ងាយពី​​​មហាបាតុកម្ម​​​នេះ គឺ​​​វា​​​​​​ប្រឆាំង​​​​នឹង​​​តួនាទី​​​របស់​​​អង្គការ​​​លោក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ដឹង​​​ យើង​​​គឺ​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ទទួល​​​បន្ទុក​​​ផ្នែក​​​សិទ្ធិមនុស្ស​​​​​​ នេះ​គឺ​​​ជា​អ្វី​​​ដែល​​​យើង​​​ធ្វើ​​​។ ប្រសិន​​​បើ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​គឺ​​​ភាគច្រើន​​​ជា​​​ជន​រង​គ្រោះនោះ​​​ យើង​​​ត្រូវ​​​តែ​​​ជួយ​​​ពួកគេ​​​។ ប៉ុន្តែ​​​​​​ប្រសិន​​​បើ​​​ភាគី​​​ផ្សេង​​​ទៀត​​​ [ ដែល​​​ត្រូវ​​​ការ​​​ជំនួយ ] យើង​​​ក៏​​​នឹង​​​ជួយ​​​ពួកគេ​​​ដែ​​រ​​​”។

លោក​​​បាន​​​ថ្លែង​​ថា “[ការព្រមាន​​​របស់​​​ក្រសួង​​​មហាផ្ទៃ ​​​] បង្ហាញ​​​ពី​ការ​បក​ស្រាយ​យ៉ាង​ចង្អៀតចង្អល់​អំពី​ច្បាប់​ស្ដី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ហើយ​​​វា​​​ឆ្លុះ​​​បញ្ចាំង​​​​​​ឲ្យ​​​ឃើញ​​​រដ្ឋា​ភិបាល​​​ ភ័យ​ខ្លាច​ជ្រុល​ចំពោះ​​​​មហា​បាតុកម្ម​​​”​​​។

លោក ចាន់ សុវ៉េត អ្នក​​​ស៊ើប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​សង្គម​​​ស៊ីវិល ដែល​​​ដឹកនាំ​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​ បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពីគុណ​​​តម្លៃ និង​​​អព្យាក្រឹត​​​ភាព​​​របស់​​​ខ្លួន​​​ ដោយ​​​ការ​​​ចរចា​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​បញ្ចប់​​​អំពើ​​​ហិង្សា​​​​​​នៅ​​​ជុំវិញ​​​ស្ពាន​​​ព្រះមុនី​​​វង្ស កាលពី​​​ថ្ងៃ​​​អាទិត្យ និង​​​ការ​​​យក​​​សព​​​របស់​​​ជន​​​រងគ្រោះ ម៉ៅ សុខចាន់ ដែល​​​ត្រូវ​​​នគរ​​​បាល​​​បាញ់​​​ចំក្បាល​​​ឲ្យ​​​ស្លាប់​​​ចេញ​​​​​​ ខណៈ​​​អ្នក​​​តវ៉ា​​​​​​ពោរពេញ​​​ទៅ​​​ដោយ​​​កំហឹង​​​បដិសេធ​​​មិន​​​ឲ្យ​​​ក្រុម​​​​​​គ្រួសារ​​​ ឬអាជ្ញាធរ​​​យក​​​សព​​​របស់​​​ជន​​​រង​​​គ្រោះ​​​រូបនេះ​​​ចេញពីកន្លែង​​​កើត​​​ហេតុ​​​ ព្រោះ​​​​​​ខ្លាច​​​ក្រែង​​​មាន​​​ការ​​​លាក់​​​បាំង​ការពិត។

លោក ចាន់ សុវ៉េត បាន​​​ថ្លែង​​​ថា “អង្គការ​​​សង្គម​​​ស៊ីវិល ជាពិសេស​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ បាន​​​ដើរ​​​តួ​​​មួយ​​​ផ្នែក​​​នៅក្នុងការ​​​ជំរុញ​​​ឲ្យ​​​គណបក្ស​​​ទាំងពីរ​​​បញ្ចប់​​​អំពើ​​​ហិង្សា​​​ និង​​​បើក​​​ផ្លូវ​​​ឲ្យ​​​មាន​​​ដំណើរការ​​​ជាធម្មតា​​​ឡើង​​​វិញ”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា  ការ​​​ឃ្លាំមើល​​​ និង​​​ការ​​​សម្រប​​​សម្រួល​​​នេះ គឺ​​​ជា​​​តួនាទី​​​របស់​​​យើង​​​ដែល​​​ត្រូវ​​​ធ្វើ ហើយ​​​វា​​​មាន​​​សារៈសំខាន់​​​ណាស់​​​ ដែល​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​នៅតែ​​​បន្ត​​​ ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា  អ្នក​​​តវ៉ា​​​ធ្វើ​​​អ្វីៗ​​​យោង​​​ទៅតាម​​​ច្បាប់​​​ រីឯអាជ្ញាធរ​​​វិញ​​​អនុ​​​វត្តច្បាប់​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូ​​វ​​​។

អង្គការ​​​ឃ្លាំមើល​​​សិទ្ធិមនុស្ស​​​ក៏បាន​​​ដើរ​​​តួនាទី​​​​​​ក្នុងការ​​​បញ្ចប់​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​នៅ​​​មុខ​​​វត្ត​​​ឧណ្ណាលោម កាលពីថ្ងៃ​​​អាទិត្យ​​​ផង​​​ដែរ កន្លែង​​​ដែល​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​គប់​​​ដុំថ្មដាក់​​​នគរបាល​​​ និង​​​រុះរើ​​​របាំង​​បន្លាលួស​​​ ប៉ុន្តែ​​​បាន​​​រង​​​ការ​​​វាយ​​​ប្រហា​​រ​​​ដោយ​​​កាណុង​​​បាញ់​​​ទឹក និង​​​ឧស្ម័ន​​​បង្ហូរ​​​ទឹក​​​ភ្នែក​​​របស់​​​នគរ​​​បាល​​​វិញ​​​។

លោក អ៊ូ វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​​និយាយ​​​ជាមួយ​​​ស្នងការ​​​នគរ​​​បាល​​​មួយ​​​សន្ទុះ​​​ ហើយ​​​ក្រោយ​​​មក​​​ស្ថានការណ៍​​​នេះ​​​បាន​​​ធូរ​ស្រាល។ នៅពេល​​​ភាគី​​​ទាំង​​​ពីរ​​​លែង​​​ស្ដាប់​​​គ្នា​​​​តទៅទៀត​​​ អង្គការ​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​ចាំ​​​បាច់​​​ត្រូវ​​​​តែ​​​ក្លាយ​​​ជាអាជ្ញាកណ្ដាល ដើម្បី​​​ចែក​​​រំលែក​​​សារ និង​​​ធ្វើ​​​ឲ្យ​​​ស្ថាន​​​ភាព​​​ស្ងប់​​​ស្ងាត់​ទៅវិញ”។

ប៉ុន្តែ​​​ទោះបីជា​​​ទទួល​​​បាន​​​ការ​​​យោគ​​​យល់​​​ខ្លះ​​​ពីកង​​​សន្តិសុខ​​​ក៏ដោយ ក៏លោក អ៊ូ វីរៈ បាន​​​លើក​​​ឡើ​​​​​​ងថា លោកមិន​​​គិត​​​ថា នគរ​​​បាល​​​ទទួល​​​ស្គាល់​​​ថា អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល ​​​និង​​​កង​​​សន្តិសុខ​​​គឺ​​​ជា​​​ភាគី​​​អព្យាក្រឹត​​​នៅក្នុង​​​ការ​​​បោះឆ្នោត​​​ដែល​​​មាន​​​ជម្លោះនេះទេ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “[អាជ្ញាធរ​​​]  មិន​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​ឲ្យ​​​បាន​​​ច្រើន​​​ដូច​​​ដែល​​​យើង​​​ចង់​​​ឲ្យ​​​ពួកគេ​​​ពាក់​​​ព័ន្ធ​​​នោះទេ​​​ ខ្ញុំ​​​បាន​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​នគរ​​​បាល​​​បីបួន​​​នាក់​​​ [នៅ​​​មាត់​​​ទន្លេ​​​] ប៉ុន្តែ​​​ខ្ញុំ​​​បាន​​​ទទួល​​​អារម្មណ៍​​​ថា ពួកគេ​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ភា​​​ព​​​ស្និទ្ធ​​​​ស្នាល​​​ជាមួយ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ឡើយ ពីព្រោះ​ពួកគេ​​​មាន​​​ភាព​​​ស្ទាក់​​​ស្ទើរ​​​ និង​​​មាន​​​អារម្មណ៍​​​ភ័យ​​​”។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា រដ្ឋា​​​ភិបាល​​​ និង​​​អាជ្ញាធរ​​​មិន​​​ត្រូវ​​​ធ្វើ​​​ជា​​​សត្រូវ​​​នឹ​​​ង​​​គ្នា​​​ទេ​​​។ ភាគី​​​ទាំងពីរ​​​ចាំបាច់​​​ត្រូវ​​​តែ​​​ស្វែង​​​រក​​​មធ្យោបាយ​​​ផ្សេង​​​ ដើម្បី​​​ដោះស្រាយ​​​បញ្ហា​​​ជាមួយ​​​គ្នា៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស