33 C
Phnom Penh

បន្ទាប់​​ពីកា​រ​​ចរចា​​​​ថ្ងៃ​ទី​​​២ ​គ​ណ​​​បក្សទាំងពីរ​​​​ ផ្តល់​សេចក្តីលម្អិត​តិច​​តួច​​​អំ​ពី​កា​រ​ឯកភាព​​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពីម្សិល​មិញនេះ​​​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បានឲ្យ​​​ដឹង​​​​ថា គណបក្សទាំង​ពីរ​បាន​ទទួល​​​ផ្លែផ្កា​​​​​​ខ្លះ​​​ក្នុង​​​​ដំណើរ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​ទម្លាយ​​​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​ជុំវិញការ​បោះ​ឆ្នោត​ជ្រើ​ស​​​តាំង​អ្នក​​​តំណាង​រាស្ត្រ​ដ៏​ចម្រូង​ចម្រាស​ កាល​ពីខែ​កក្កដា​ បន្ទាប់​ពី​​​​មាន​​​ការ​ចរចា​​​​ជា​​​ថ្មី​​​រយៈ​ពេល​ពីរ​ថ្ងៃ​​​​ជាប់ៗគ្នា​​​​ ប៉ុន្តែ មិន​បាន​ផ្តល់​សេចក្តី​លម្អិត​​​​ថា តើខ្លួន​​​សម្រេច​បាន​លទ្ធផល​​អ្វី​​​ឲ្យ​​​ពិត​​​​ប្រាកដ​នោះ​ទេ​។

ក្រោយ​កិច្ច​ប្រជុំ​​​​​មិន​​​បើក​​​ចំហ​​​រយៈពេល​បី​​ម៉ោង​​​​នៅ​រដ្ឋ​សភា​ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណបក្ស​របស់​លោក​​នៅ​តែ​មិន​បោះ​បង់​ការ​គំរាម​ធ្វើ​ពហិកា​​រមិន​ចូល​រួម​​​​ក្នុង​​​ការ​បើក​សម័យ​​ប្រជុំ​​​សភា​នៅ​ថ្ងៃ​ច័ន្ទ​​​​ឡើយ​ ប្រសិន​បើ​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​​​​ឲ្យ​​​មាន​​​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ​​​លើ​​​​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត​ទេនោះ។

លោក​ យឹម សុវណ្ណ​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “យើង​នៅ​មាន​ពេល​ប្រាំ​ថ្ងៃ​ទៀត​ ដើម្បីធ្វើ​​ការ​​​សម្រេច​ចិត្ត​​”។ ទោះ​ជា​យ៉ាង​​ណា​  លោក​បាន​​​​ឲ្យ​​​ដឹង​​​ថា កិច្ច​​​ចរចា​​​នេះ​​​មាន​​​ការ​​​រីកចម្រើន​​​ខ្លះដែរ​​​។ លោក យឹម សុវណ្ណ ថ្លែង​ថា  “លទ្ធ​ផល​គឺ យើងព្យាយាម​​​​ស្វែងយល់​​​​ពី​​​គ្នា​​​ទៅ​វិញ​ទៅ​មក ​ពី​​​​អ្វី​ដែល​ភាគីទាំង​ពីរ​ចង់​បាន​ ហើយ​យើងជិត​​​រក​​​ឃើញ​​​ដំណោះស្រាយ​​​សម្រាប់​​​បញ្ហា​​​នេះ​​​​​​ហើយ​​​​​។ យើង​បាន​​​បញ្ចេញ​​​​ទស្ស​ន​របស់​យើង​ យើង​ប្រាប់​គ្នា​ទៅវិញ​ទៅ​​មក​​អំពី​គោលបំណង​​​របស់​យើង​​​​ក្នុង​​​ការ​​​កែ​ទម្រង់​ស្ថាប័ន​ជាតិ​​​។ តែ​​​​​​​​​​​​ខ្ញុំ​គិត​ថា ​មាន​​បញ្ហា​​​ច្រើន​តាំង​ពីយូរ​​​​ណាស់​​​មក​ហើយ ​ដូច្នេះ​យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បីពិភាក្សា​”។

ប៉ុន្តែ លោក យឹម​ សុវណ្ណ មិន​ព្រម​​​​​​លាត​​​ត្រដាង​​​​ថា តើ​​ស្ថាប័ន​​​​អ្វី​​​ឲ្យ​​​ប្រាកដ​​​ និង​​​​​កំ​​ណែ​ទម្រង់អ្វី​​​​​​ឲ្យ​​​ប្រាកដ ​​​ដែល​​​​គណបក្ស​​​ទាំងពីរ​​​បាន​​​ព្រមព្រៀង​​​គ្នា​​​ធ្វើ​​​ទេ​​​។ លោក​ យឹម សុវណ្ណ បាន​​​មាន​ប្រសាសន៍​នៅ​​​ពេល​​​​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​​​​ជជីក​​​សួរ​​​ថា​​ “ខ្ញុំ​មិន​ដឹង​ទេ តែយើង​ធ្វើ​តា​ម​​ជំ​ហាន  គឺ​​​ជំហានទី១​  ជំហានទី២ ​និង​ជំហាន​ទី​៣”។

លោក យឹម​ សុវណ្ណ បាន​​​ផ្តល់​​​ព័ត៌មាន​​​ច្រើន​​​​ជាង​​​នេះ​​​​​​ក្រោយកិច្ច​​​​ចរចា​រវាង​គណបក្ស​ទាំង​ពីរកាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ដែល​ពេល​នោះ ​លោក​​​​ឲ្យ​​​ដឹង​​​​ថា ​​​គណបក្ស​​​ទាំងពីរ​​​បាន​យល់​ព្រម​បង្កើត​គណៈកម្មាធិការ​ទ្វេ​ភាគី​ ដើម្បី​ពិភាក្សា​​​​ពីការ​កែ​ទម្រង់​ការ​បោះឆ្នោត​ ក្នុង​​​នោះ​​​មាន​​​​ចាប់​ពីសមាសភាព​​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​​​ រហូត​​​ដល់​ការ​​ធ្វើ​វិសោធន​កម្ម​ច្បាប់​សំខាន់​ៗ​មួយ​ចំនួន​។

លោក​ ប្រាក់​ សុខុន មន្ត្រី​​​​គណបក្ស​ប្រជា​ជន​​កម្ពុជា​​ និង​ជា​រដ្ឋ​លេខា​ធិការ​​​​នៅ​​​ទីស្តីការ​​​គណៈ​រដ្ឋ​មន្ត្រី​​បាន​​​​ឲ្យ​​​ដឹង​​​ថា គណបក្ស​ទាំង​ពីរ​​ជិត​ឈាន​​​ដល់​កិច្ច​ព្រម​ព្រៀង​​​ហើយ​​​​ ក៏​​​ប៉ុន្តែ​​​ លោក​​​​ក៏​បដិសេធ​មិន​បរិយាយ​លម្អិត​ដែរ​​​។ លោក​បាន​មាន​ប្រសាសន៍​ថា “មេដឹកនាំ​គណបក្ស​ទាំង​ពីរ​កំពុង​​​​​​យល់​​​ច្បាស់​​​ពី​​​​គ្នា​កាន់តែ​​​ខ្លាំង​​​ហើយ។​​​​​​​ យើង​បាន​ពិភាក្សា​​​​ពី​ចំណុច​ និង​បញ្ហា​ជា​ច្រើន  ​​​​ដែល​ខ្ញុំ​មិន​អា​ច​ពន្យល់បាន​នៅ​​​ពេល​ឥឡូវ​នេះ​​​ទេ​​​ ​ពីព្រោះ​យើង​ត្រូវ​​​​​​រង់ចាំ​​​លទ្ធ​ផល​សិន​​”។

លោក​ ប្រាក់​ សុខុន បាន​​​មាន​ប្រសាសន៍​ថា ពេល​នេះ​គណបក្ស​​​ទាំងពីរ​​​ត្រូ​វ​​​ពិចារណា​​​​​ពី​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​ពិភាក្សា​​​គ្នា​ ​​​​​មុន​ពេល​វិ​ល​​​​ទៅ​​​​​​​​​រក​តុ​ចរចា​​​ជាថ្មី​​​ម្តងទៀត​​​ក្នុង​​​​​​​​​ពេល​​​ឆាប់​ៗ​នេះ​។ លោកបាន​ថ្លែង​ថា “​​​​ទោះ​បី​​​ជា​យើង​មិន​​ទាន់​ទទួលបាន​​​​ការ​​​សម្រប​សម្រួល​​​​គ្នា​​​មួយ​រយ​​​​ភាគ​រយ​​​​​ក៏ដោយ​ ក៏​យើង​​បាន​ព្រម​ព្រៀង​​​​គ្នា​​​លើ​ចំណុច​មួយ​ចំនួន​​​ដែរ​”។

ទោះជាយ៉ាង​ណា ទាំង​លោក​ប្រាក់​ សុខុន​ និង​លោក​​ យឹម សុវណ្ណ មិន​បាន​លើក​ឡើ​ងពី​គណៈ​កម្មាធិការ​ឯករាជ្យ​​​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​​​​​ឲ្យ​​​បង្កើត​​​​​ឡើង​​​ដើម្បី​ស៊ើ​បអង្កេត​​​​អំពី​​​ភាព​មិន​ប្រក្រតី​​​​ក្នុង​​​ថ្ងៃ​បោះឆ្នោត​ និង​​​ដែល​​​គណបក្ស​​​នេះ​​​​​​បាន​​​យក​​​ធ្វើ​​​ជា​​​​លក្ខខណ្ឌ​សំខាន់​ៗ​របស់​ខ្លួន​​​​សម្រាប់​ការ​ចូល​រួម​​​បើ​ក​សម័យប្រជុំ​សភា​នៅ​ថ្ងៃ​ច័ន្ទនេះ​។ នៅ​​​ពេល​​​ត្រូវបាន​​​សួរ​ពី​លទ្ធភាព​ក្នុង​ការ​បង្កើត​គណៈ​កម្មាធិការ​​​​​​នេះ​ លោក​ សុខុន​​​ បាន​​​​ឆ្លើយ​​​​យ៉ាង​​​រហ័ស​​​ថា “យើង​នឹង​មិន​បង្កើត​គណៈកម្មាធិការ​​​នេះ​​​ទេ​”។ លោក យឹម សុវណ្ណ បានថ្លែង​​​​​​តាម​​​ក្រោយ​​​លោក​​​ សុខុន​​​  យ៉ាង​​​ខ្លី​​​ថា “យើង​កំពុង​​​​ពិភាក្សា​អំពី​​​រឿង​នេះ​”។ គិត​​​ត្រឹម​​​រសៀល​​​​ថ្ងៃ​​​ម្សិលមិញ​នេះ គណ​​​បក្ស​ទាំង​ពី​រមិន​ទាន់​កំណត់​កាល​បរិច្ឆេទ និង​ពេល​​​វេលា​​​សម្រាប់​បន្ត​កា​រចរចា​​​ទេ​៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​­

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស