29.3 C
Phnom Penh

លោក​​​ ហ៊ុន សែន យល់​​​ព្រម​​​ផ្តល់​​​​​​ប្រាក់​​​ខែ​​​ឲ្យសមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំងវិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​គណបក្ស​​សង្គ្រោះ​​​​​​ជាតិ​​​មួយ​​​រូប​​​បាន​​​​​ឲ្យដឹងថា លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​​​​យល់​​​ព្រម​​​​​​ផ្តល់ឲ្យ​​​វិញ​​​នូវ​​​ប្រាក់ខែ​​​​​​ទាំង​​​ប៉ុន្មាន​​​ដែល​​​មិន​​​បាន​​​បើក​​​ឲ្យ​​​សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រឆាំង​​​ដែល​​​ត្រូវ​​​សភា​​​ដឹកនាំ​​​ដោយ​​​​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ដក​​​សមាជិក​​​ភាព​​​​​​កាល​​​ពីខែ​​​មិថុនា​​​។

ការយល់​​​ព្រម​​​ផ្តល់ប្រាក់ខែ​​ឲ្យ​​​សមាជិក​​​សភា​​​ទាំង​​​២៧រូប​​​មក​​​ពីគណបក្ស​​​ សម រង្ស៊ី  និង​​​គណបក្ស​​​សិទ្ធិមនុស្ស​​​​​​វិញ​​​នេះ​​​ត្រូវ​​​បាន​​​សម្រេច​​​អំឡុង​​​កិច្ច​​​ចរចា​​​ថ្នាក់​​​កំពូល​​​ថ្ងៃទី​​​១ ដែល​​​សំដៅ​​​ទម្លាយ​​​ភាព​​​ទាល់​​​ច្រក​​​ក្រោយ​​​​​​ការ​​​បោះឆ្នោត​​​រវាង​​​គណបក្ស​​​ប្រជាជន​​​​​​របស់​​​លោក​​​ ​​​ហ៊ុន សែន និង​​​គណបក្ស​​​សង្គ្រោះជាតិ ។

លោក​​​ សុន ឆ័យ ប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​អតីត​​​សមាជិក​​​សភាគណបក្ស​​​ សម រង្ស៊ី ដែ​​​ល​​​ស្ថិត​​​នៅ​​​ក្នុ​​​ង​​​ចំណោម​​​​​​​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ដក​​​សមាជិក​​​ភាពនោះ​​​បាន​​​ឲ្យដឹងថា រូប​​​លោក​​​នឹង​​​សហ​​​សេវិក​​​របស់​​​ខ្លួន​​​ទំនង​​​ជានឹង​​​ទទួល​​​យក​​​ប្រាក់​​​ខែនេះ​​​​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា រឿង​​​រ៉ាវ​​​ទាំង​​​ប៉ុន្មាន​​​​​​​​​ គឺ​​​ស្តែង​​​ឲ្យ​​​ឃើញ​​​ពី​​​កង្វះ​​​ឯករាជភាព​​​នៃ​​​ស្ថាប័ន​​​​​​នីតិបញ្ញត្តិក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “[ ការ​​​ផ្តល់​​​ប្រាក់​​​ខែ​​​ឲ្យ​​​​​​យើង​​​វិញ​​​]  គឺជាអ្វី​​​ដែល​​​ [ គណ​​​បក្ស​​​ប្រជាជន​​​] ត្រូវ​​​ធ្វើ​​​ ព្រោះ​​​ពួក​​​គេ​​​គឺជាអ្នក​​​ដែល​​​បាន​​​រំលោភ​​​អំណាច​​​របស់​​​ខ្លួន​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​ផ្តល់ប្រាក់​​​ខែ​​​ឲ្យ​​​យើង​​​វិញ​​​ វា​​​ជា​​​រឿង​​​​​​ធម្មតា​​​​​​​​​ គឺ​​​គ្មាន​​​អ្វី​​​គួរ​​​ឲ្យ​​​យើង​​​រំភើប​​​ទេ​​​​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្តថា “នៅ​​​​​​ពេល​​​យើង​​​និយាយ​​​ជាមួយ​​​ពួកគេ ​​​[ថ្នាក់​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រជាជន​​​] ពួក​​​គេ​​​នៅ​​​តែ​​​និយាយថា រដ្ឋ​​​សភា​​​ គឺ​​​ឯករាជ្យ​​​ ប៉ុន្តែក្នុង​​​ពេល​​​ជាមួយ​​​គ្នា​​​នោះ​​​ពួកគេ​​​បែរជាប្រាប់​​​សមាជិក​​​ [គណបក្ស​​​ប្រជាជន​​​]​​​ ឲ្យ​​​សង​​​ប្រាក់​​​ខែ​ [​​ទៅសមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​] ព្រោះ​​​វា​​​ត្រូវ​​​បាន​​​​​​ដក​​​យក​​​ពី​​​ពួក​​​យើង​​​​​​ក្នុង​​​រយៈពេល​​​បីខែ​​​ចុង​​​ក្រោយ​​​នេះ​​​ទៅ​​​វិញ​​​​​” ដោយ​​​លោកបាន​​​​​​បន្ថែម​​​ថា “ការ​​​យល់​​​ព្រម​​​នេះ​​​ គឺ​​​ធ្វើ​​​ឡើង​​​ដោយ​​​លោក ​​​ហ៊ុន សែន ខ្លួន​​​ឯងផ្ទាល់​​​តែ​​​ម្តង​​​”។

លោក​​​ ប្រាក់​​​ សុខុន រដ្ឋ​​​លេខា​​​ធិការ​​​នៅ​​​​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​កិច្ច​​​ចរចា​​​នេះ​​​ដែរ​​​នោះ​​​ បាន​​​បង្វែរ​​​សំណួរ​​​អំពី​​​ការ​​​យល់​​​ព្រម​​​របស់​​​លោក ហ៊ុន សែន ក្នុង​​​ការ​​​​​​ផ្តល់​​​ប្រាក់​​​ខែ​​​ឲ្យ​​​សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​វិញ​​​នេះ​​​ទៅលោក​​​ ជាម យៀប​​​  សមាជិក​​​​​​សភា​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​បាន​​​អះអាងថា ខ្លួន​​​​​​មិន​​​ដឹង​​​ពី​​​ការ​​​យល់​​​ព្រម​​​នេះ​​​។

លោក​​​ ជាម យៀប បាន​​​អះអាង​​​ថា “ខ្ញុំ​​​អត់​​​ដឹង​​​រឿង​​​នេះ​​​ទេ​​​”។

លោក អ៊ូ ចាន់រិទ្ធ​​​ សមាជិក​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​អតីត​​​សមាជិក​​​សភា​​​គណបក្ស​​​សិទ្ធិមនុស្ស​​​ ដែល​​​ស្ថិត​​​នៅក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ត្រូវ​​​​​​សភា​​​ដឹក​​​នាំដោយ​​​គណ​​​បក្ស​​​ប្រជាជន​​​​​​បណ្តេញ​​​ចេញ​​​ពីសភា​​​កាល​​​ពី​​​ខែមិថុនា​​​ ដែរ​​​នោះ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​ សមា​​​ជិក​​​សភា​​​មាន​​​ប្រាក់​​​ខែ​​​មូល​​​ដ្ឋាន​​​ប្រហែល​​​​​​១.០០០ដុល្លារ​​​ ប៉ុន្តែ អាច​​​ទទួល​​​បាន​​​រហូត​​​ដល់​​​ ២.៣០០ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​ ​​ក្នុង​​​នោះ​​​រាប់​​​ទាំង​​​​​​ប្រាក់​​​ឧបត្ថម្ភសម្រាប់​​​ការ​​​ចំណាយ​​​លើ​​​​​​​​ថ្លៃ​​​សាំង​​​ ថ្លៃ​​​ជួល​​​រថយន្ត​​​  ជួល​​​អ្នក​​​បើក​​​បរ​​​រថ​​​យន្ត​​​ និង​​​សម្រាប់​​​ការ​​​ចំណាយ​​​​ផ្សេងៗ​​​ផង។

គិត​​​ចាប់​​​ពីពេល​​​ដក​​​សមាជិក​​​ភាព​​​សភា​​​​​​​​អស់​​​រយៈពេល​​​ជាង​​​បីខែ​​​នេះមក ​​​វាមាន​​​ន័យ​​​ថា ប្រាក់​​​ខែ​​​សរុបសម្រាប់​​​សមាជិ​​​កសភា​​​គណ​​​បក្ស​​​ប្រឆាំង​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​​​​ទាំង​​​២៧​​​រូប​​​គឺមាន​​​ចំនួន​​​​​​២០ម៉ឺន​​​ដុល្លារ​​​​​​។

ខណៈ​​​ជំនាញការច្បាប់មាន​​​ការ​​​យល់​​​ឃើញ​​​ខុស​​​គ្នា​​​ពី​​​ធម្មនុញ្ញភាព​​​ក្នុង​​​ការ​​​បណ្តេញ​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​នោះ​​​ សង្គម​​​ស៊ីវិល​​​ និ​​​ង​​​ក្រសួង​​​ការបរទេស​​​​​​អាមេរិក​​​​​​បាន​​​រិះ​​​គន់​​​​​​ទង្វើ​​​នេះ​​​យ៉ាង​​​ខ្លាំង​​​។

ក្រសួងការ​​​បរទេស​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចុះ​​​ថ្ងៃ​​​ទី​​​៨ ខែ​​​មិថុនា​​​ថា “ការ​​​ដក​​​ប្រាក់​​​ខែ​​​ និង​​​សមា​​​ជិក​​​ភាព​​​សភា​​​របស់​​​​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រឆាំង​​​ គឺស្មើ​​​នឹង​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​​​​បាត់​​​បង់​​​សំឡេង​​​របស់​​​ខ្លួន​​​ និង​​​ធ្វើ​​​ឲ្យ​​​​​​ខូច​​​ដល់​​​​​​ដំណើរការ​​​ប្រជាធិបតេយ្យ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។

កា​​​រលើក​​​ឡើង​​​បែបនេះ​​​បាន​​​បញ្ឆេះ​​​កំហឹង​​​របស់​​​លោក​​​ ឈាង​​​ វុន អ្នក​​​នាំពាក្យ​​​រដ្ឋ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​បាន​​​​​​ថ្លែង​​​ក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​​​​កាល​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែមិថុនា​​​ថា សហ​​​រដ្ឋ​​​អាមេរិក​​​​​​គួរ​​​លះបង់​​​ “គំនិត​​​អាណានិគម” របស់​​​ខ្លួន ​​​​​​ព្រោះ​​​ថ្នាក់​​​ដឹកនាំស​ភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​គ្រាន់​​​តែ​​​អនុវត្ត​​​តាម​​​ច្បាប់​​​កម្ពុជា​​​​​​ប៉ុណ្ណោះ​។

លោក​​​ ឈាង វុន បាន​​​ថ្លែង​​​នៅ​​​ពេល​​​នោះ​​​ថា “រដ្ឋ​​​សភា​​​ជាតិ​​​មិន​​​បាន​​​ដក​​​សមាជិកភាព​​​ [ របស់​​​តំណាង​​​រាស្ត្រ​​គណបក្ស​​​ប្រឆាំង​​​ទេ​​​​] ​​​ គឺ​​​ច្បាប់​​​ទេ​​​ដែល​​​នាំ​​ឲ្យ​​​មាន​​​​​​ការ​​​ដក​​​នេះ​​​។ ប្រសិន​​​បើ​​​​​​ពួក​​​គេ​​​មិន​​​បាន​​​ចូល​​​រួម​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​ធ្វើ​​​ការ​​​ប្រកាស​​​នៅ​​​សភា​​​នោះ​​​ គឺ​​​ប្រាកដជាគ្មាន​​​រឿង​​​បែប​​​នេះ​​​កើត​​​ឡើង​​​ទេ​​​”។

លោក​​​ កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​​​​ឯក​​​រាជ្យ​​​បាន​​​លើក​​​ឡើ​​​ងថា ការ​​​ដែល​​​ថ្នាក់​​​ដឹកនាំ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​បញ្ច្រាសវិញ​​​នេះ​​​ ​​​ស្តែង​​​ឲ្យឃើញ​​​​​​ពី​​​ការ​​​គិត​​​គូ​​រ​មិនបាន​​​វែង​​​ឆ្ងាយ​​​របស់​​​ពួកគេ​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ពួកគេ​​​​​​គួរ​​​តែ​​​និយាយ​​​ថា សមាជិកសភា​​​គណបក្ស​​​ប្រឆាំង​​​ត្រូវ​​​ ឬក៏​​​ខុស​​​​​​តាម​​​ច្បាប់សភា​​​ជាតិ​​​។ នេះ​​​គឺជា​​​សេចក្តីសម្រេច [បណ្តេញ​​​តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រឆាំង​​​]​​​  ហើយ​​​ប្រសិន​​​បើ​​​ការ​​​សម្រេច​​​ចិត្ត​​​នោះ​​​ត្រូវ​​​  ពួក​​​គេ​​​គួរតែ​​​ប្រកាន់​​​តាម​​​ការ​​​សម្រេច​​​ចិត្ត​​​នោះ​​​។ ប្រសិន​​​បើ​​​ពួក​គេ​​​ [សមា​​​ជិក​​​​​​សភា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​បាន​​​សម្រេច​​​ចិត្ត​​​​]​​​ ​​​ខុស​​​ ពួក​​​គេ​​​គួរតែ​​​និយាយ​​​ជាសាធារណៈ​​​”។

លោក​​​ សុក​​​​​​ សំអឿន ជាមេ​​​ធាវីដ៏លេច​​​ធ្លោ​​​មួយ​​​រូប​​​ និង​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​នាយក​​​នៃ​​​គណៈកម្មាធិការ​​​ដើម្បី​​​បោះឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា (ខុម​​​ហ្វ្រែល) បាន​​​លើក​​​ឡើង​​​ថា  ​​​ការ​​​សន្យា​​​របស់​​​លោក​​​ ហ៊ុន សែន ក្នុង​​​ការ​​​ផ្តល់​​​​​​ប្រាក់​​​ខែ​​​ដល់​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​វិញនេះ​​​ អាចត្រូវ​​​​​​បាន​​​ប្រើ​​​ជា​​​ប្រយោជន៍​​​​​​សម្រាប់​​​គណបក្ស​​​កាន់​​​អំណាច​​​នៅ​​​ទីបំផុត​​​។

លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍ថា “គណបក្ស​​​ប្រជាជន​​​​​​អាច​​​ទទួល​​​បាន​​​ផល​​​ចំណេញ​​​ផ្នែក​​​នយោ​​​បាយ​​​ពី​​​រឿង​​​នេះ​​​” ដោយ​​​​​​លោក​​​បាន​​​បន្ថែមថា ទង្វើ​​​នេះ​​​អាចកាត់​​​បន្ថយ​​​ភាព​​​តាន​​​តឹង​​​រវាង​​​ថ្នាក់​​​ដឹកនាំ​​​​​​គណបក្ស​​​ទាំង​​​ពីរ​​​ក្នុង​​​​​​កិច្ច​​​ចរចា​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​​​ និង​​​អាច​​​ត្រូវ​​​បាន​​​ប្រើ​​​ដើម្បី​​​ធ្វើ​​​ឲ្យខូ​​​ចកេរ្តិ៍​​​ឈ្មោះរបស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​។ លោក​​​ សុក  សំអឿន បាន​​​ថ្លែងថា “វា​​​អាចធ្វើ​​​ឲ្យសាធារ​​​ណ​​​ជន​​​យល់​​​ឃើញថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ប្រហែល​​​ជាគិត​​​តែរឿង​​​លាភ​​​សក្ការៈ​​​ប៉ុណ្ណោះ​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស