26 C
Phnom Penh

គណបក្ស​​​សង្គ្រោះជាតិ គ្មាន​​​គោល​​​ជំហរ​​​​​​ច្បាស់​​​លាស់​​​ទាក់ទិនការ​​​​​​​​​អញ្ជើញ​​​របស់​​​ព្រះមហាក្សត្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី បាន​​​ជំរុញ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បោះបង់​​​ការ​​​គំរាម​​​របស់​​​ខ្លួន​​​ធ្វើ​​​ពហិការ​​​សម័យ​​​​​​​​​ប្រជុំ​​​សភា​​​ដំបូង​​​ ដែល​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ ជាការ​​​អំពាវ​​​នាវ​​​មួយ​ដែល​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​របស់​​​បក្ស​​​ប្រឆាំង​​​សុំ​​​ឲ្យ​​​ព្រះមហា​ក្សត្រ​​​​ពន្យារ​​​ពេល​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូងនេះ​​​​​​។

ទោះជាយ៉ាង​​​ណា​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​មិន​​​ទាន់​​​​​​មាន​​​គោល​​​ជំហរ​​​​​​ច្បាស់​​​លាស់​​​នៅ​​​ឡើយ​​​ទេ ដោយ​​​អះអាង​​​ថា ខ្លួន​​​នឹង​​​មិន​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​នេះឡើយ​​​ ប្រសិន​​​បើ​​​មិន​​​មាន​​​ការ​​​រក​​​យុត្តិធម៌​​​ជូន​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជាជិត​​​ ៣លាន​​​នាក់​​​ ដែល​​​បាន​​​បោះឆ្នោត​​​គាំទ្រ​​​ខ្លួ​​​ន​​​កាលពី​​​ថ្ងៃ​​​ទី​​​​​​២៨ ខែកក្កដា ទេនោះ​​​។

តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​៥៥​​​រូប​​​ ដែល​​​ត្រូវ​​​បាន​​​បោះឆ្នោត​​​ជ្រើសតាំង​​​ជា​​​​​​ផ្លូវការ​​​កាលពី​​​ខែកក្កដា បាន​​​សរសេរ​​​លិខិត​​​ថ្វាយ​​​ព្រះមហាក្សត្រ​​​កាលពីថ្ងៃ​​​សៅរ៍ ដើម្បី​​​ច្រាន​​​ចោល​​​ការ​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូង​​​តាម​​​ការ​​​គ្រោង​​​ទុក​​​នេះ។ នៅ​​​ក្នុង​​​ព្រះរាជ​​​សារ​​​​​​​​​ឆ្លើយ​​​តប​​​របស់ព្រះអង្គកាលពីម្សិលមិញ​​ ព្រះ​​​មហាក្សត្រ​​​​​​ នរោត្តម សីហមុនី បាន​​​មាន​​​បន្ទូល​​​ថា ព្រះ​​​អង្គ​​​ត្រូវ​​​បាន​​​​​​រដ្ឋធម្មនុញ្ញតម្រូវ​​​ឲ្យ​​​​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូង​​​ក្នុង​​​រយៈ​​​ពេល​​​៦០​​​ថ្ងៃ​​​ក្រោ​​​យ​​​ពីការ​​​បោះឆ្នោត​​​​​​។

ព្រះអង្គ​​​​​​មាន​​​បន្ទូល​​​ថា “ផ្អែក​​​លើ​​​​​​មាត្រា​​​ ៨២ ថ្មី នៃ​​​រដ្ឋធម្មនុញ្ញ​​​ ខ្ញុំសូម​​​ជម្រាប​​​ឯក​​​ឧត្តម និង​​​លោក​​​ជំទាវទាំង​​​អស់​​​ឲ្យ​​​បាន​​​ជ្រាប​​​ថា ខ្ញុំ​​​នឹងចូលរួ​​​ម​​​​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​ពិធី​​​បើក​​​សម័យ​​​ប្រជុំ​​​រដ្ឋសភានីតិកាលទី៥ ដែល​​​​​​នឹង​​​ត្រូវ​​​​​​ប្រារព្ធ​​​ធ្វើ​​​ឡើង​​​នៅថ្ងៃ​​​ទី​​​២៣ ខែកញ្ញា ឆ្នាំ​​​២០១៣ ដូច​​​​​​​​​ដែល​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​លិខិត​​​អញ្ជើញ​​​ចុះថ្ងៃទី​​​១៤ ខែកញ្ញា ឆ្នាំ២០១៣។ ខ្ញុំ​​​សូម​​​ឲ្យ​​​ឯក​​​ឧត្តម និង​​​លោក​​​ជំទាវមេត្តា​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូងនេះ​​​ ដើម្បី​​​បង្ហាញ​​​ពីការ​​​ផ្សះផ្សា​​​ និង​​​ឯក​​​ភាព​​​ជាតិ”។

លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន និង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​​​​​​​គណបក្ស​​​របស់​​​លោក​​​​​​បាន​​​ច្រាន​​​ចោល​​​ជ័យ​​​ជម្នះ​​​ផ្លូវការ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា នៅ​​​ក្នុងការ​​​បោះឆ្នោត​​​កាល​​​ពីថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ហើយ​​​អះអាង​​​ថា ខ្លួន​​​ជា​​​អ្នក​​​ទទួល​​​ជ័យ​​​​​​ជម្នះ​​​នោះ​​​ បាន​​​ចូល​​​ជួប​​​​​​ចរចា​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​ និង​​​ថ្ងៃអង្គារ​​​ ដើម្បី​​​ទម្លាយ​​​​​​ភាព​​​ទាល់​​​ច្រក​​​នេះ​​​។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​បាន​​​ចូលរួម​​​ក្នុង​​​ជំនួប​​​ចរចា​​​ទាំង​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា គណបក្ស​​​សង្គ្រោះជាតិ កំពុង​​​ព្រាង​​​លិខិត​​​ឆ្លើយ​​​តប​​​ថ្វាយ​​​ព្រះមហាក្សត្រ​​​ ដើម្បី​​​ទូល​​​ទ្រង់​​​​​​ថា គណបក្ស​​​នេះ​​​នឹងនៅ​​​តែ​​​រក្សា​​​ទុក​​​ជម្រើស​​​ធ្វើ​​​ពហិការ​​​ឲ្យ​​​នៅ​​​ចំហ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​បន្ត​​​គោរពតាម​​​​​​ឆន្ទៈ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​​​​ស្នើ​​​ឲ្យ​​​មានការ​​​ស្វែង​​​រក​​​យុត្តិធម៌​​​ចំពោះ​​​ការ​​​លួច​​​បន្លំ​​​ក្នុង​​​ការ​​​បោះឆ្នោត ដូច្នេះ​​​បញ្ហា​​​នេះ​​​មិន​​​ទាន់​​​អាច​​​ដោះស្រាយ​​​បាន​​​នៅឡើយ​​​ទេ។ ​​​យើង​​​នឹង​​​ទូល​​​ព្រះមហាក្សត្រ​​​ថា យើង​​​មិន​​​អាច​​​ចូល​​​រួម​​​បាន​​​ទេ…​​​​​​បើ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​នៅ​​​ថ្ងៃទី​​​២៣​​​ទេនោះ​​​”។

នៅ​​​ចុង​​​បញ្ចប់​​​នៃ​​​ការ​​​ចរចា​​​បិទ​​​ទ្វា​​​រ​​​នៅ​​​ថ្ងៃ​​​ទី២ កាលពីថ្ងៃ​​​អង្គារ  គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ដក​​ថយ​​​បន្តិច​​​សិន​​​​​ដើម្បីទុក​​​ពេល​​​​​​ឲ្យ​​​ភាគី​​​នីមួយ​​​ៗ​​​ពិចារណា​​​ពីគោល​​​ជំហររបស់​​​គ្នា​​​ទៅវិញ​​​ទៅមក ​​​មុន​​​ពេលពួកគេ​​​​​​ត្រឡប់​​​ទៅ​​​តុ​​​ចរ​​​ចា​​​វិញ​​​។

លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​បាន​​​ត្រៀម​​​ខ្លួន​​​រួច​​​ហើយ ដើម្បី​​​ចាប់​​​ផ្ដើម​​​ចរចា​​​ជាថ្មីម្ដង​​​ទៀត​​​ ហើយ​​​រង់​​​ចំា​​​តែ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​និយាយ​​​ថា ពេល​​​ណាប៉ុណ្ណោះ។

លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា “​​​ពេល​​​នេះ​​​រឿង​​​សំខាន់បំផុត​​​គឺ​​​ទុក​​​ឲ្យគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ គិត​​​ពិចារណាឡើង​​​វិញ​​​អំពី​​​គោល​​​ជំហរ​​​របស់​​​ពួកគេ…ដូច្នេះ ពេល​​​នេះ​​​វា​​​ស្រេច​​​តែ​​​​​​​​​ពួក​​​គេ​​​ប៉ុណ្ណោះ​​​។​​​វា​​​មិនពាក់​​​ព័ន្ធ​​​នឹង​​​ពួកយើង​​​ទេ។ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ត្រូវ​​​តែ​​​បង្ហាញ​​​ការ​​​ប្ដេជ្ញា​​​​​​របស់ខ្លួន​​​ដើម្បី​​​ផ្លាស់​​​ប្ដូរ​​​រដ្ឋាភិបាល”។

លោក ប្រាក់​​​ សុខុន រដ្ឋលេខាធិការ​​​នៃ​​​ទីស្ដី​​​ការ​​​គណៈរដ្ឋមន្ត្រី ដែល​​​ជា​​​សមាសភាព​​​មួយ​​​រូប​​​ចូលរួម​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​ដែរ​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា ទេ​​​ដែលជាអ្នក​​​កំពុង​​​រង់​​​ចាំ​​​គណបក្ស​​​ប្រឆាំង​​​ចាប់​​​ផ្ដើម​​​ការ​​​ចរចា​​​ឡើង​​​វិញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​សង្គ្រោះជាតិ​​​ បាន​​​ដាក់​​​សំណើ​​​មក​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​ឆ្លើយ​​​តប​​​រួច​​​ហើយ​​​នៅ​​​ក្នុង​​​ជំនួប​​​ចរចា​​​កាលពីថ្ងៃ​​​អង្គារ។ សម្ដេច​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ជូន​​​ដំណឹង​​​ទៅ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ថា នេះគឺ​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដូច្នេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​យក​​​ទៅពិចារណា​​​បាន​​​”។

លោក​​​​​​បាន​​​បន្ថែម​​​ទៀត​​​ថា “ពេល​​​នេះ​​​បាល់​​​កំពុង​​​ស្ថិត​​​នៅ​​លើ​​​ទី​​​​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះជាតិ។ យើង​​​បាន​​​ទាត់​​​បាល់​​​ឲ្យ​​​ពួក​​​គេ​​​ហើយ ដូច្នេះពេ​​​ល​​​នេះ​​​យើង​​​កំពុង​​​រង់​​​ចាំ​​​ឲ្យ​​​ពួកគេ​​​ទាត់​​​បាល់​​​មកឲ្យ​​​​​​យើង​​​វិញ​​​”។

ពេល​​​នេះគណបក្ស​​​ទាំង​​​ពីរ​​​មិន​​​និយាយ​​​ច្រើន​​​ទេ​​​អំពីខ្លឹម​​​សារ​​​នៃ​​​ជំនួប​​​ចរចា​​​របស់ខ្លួន​​​។​​​ ពួកគេ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ព្រម​​​​​​ព្រៀង​​​គ្នា​​​ឲ្យ​​​បង្កើត​​​គណៈកម្មាធិការ​​​មួយ​​​ដែល​​​មាន​​​សមា​​​ស​​​ភាព​​​គណបក្ស​​​ពីរ​​​ចូលរួម​​​ ដែ​​​ល​​​នឹ​​​ង​​​ពិភាក្សា​​​ស៊ីជម្រៅ​​​ពីកំណែទម្រង់​​​​​​បោះ​​​ឆ្នោត​​​។ ប៉ុន្តែ​​​ ពួកគេ​​​នៅ​​​តែ​​​ខ្វែង​​​គំនិត​​​គ្នា​​​ជុំវិញ​​​ការ​​​ទាម​​​ទារ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​​​​​​​​​​​​​​​​​​​ឯករាជ្យ​​​លើការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពី​​​​​​ខែកក្កដា ដែល​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​គណៈ​​​កម្មា​​​ធិ​​​ការ​​​ជាតិ​​​រៀ​​​ប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​​​​ (គ.ជ.ប.)​​​ ដែល​​​មាន​​​សមាស​​​ភាព​​​សុទ្ធ​​​សឹង​​​ជា​​​អតី​​ត​​​សមា​​​ជិក​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា។

លោក​​​ ប្រាក់ សុខុន បាន​​​អះអាង​​​ថា គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា និ​​​ង​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៦៨​​​រូប​​​របស់​​​ខ្លួន​​​នឹង​​​ចូល​​​រួម​​​បើក​​​សម័យ​​​​​​ប្រជុំសភា​​​ដំបូង​​​ មិន​​​ថា​​​ការ​​​ចរចា​​​នឹង​​​បន្ត​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃច័ន្ទ​​​ទៀត​​​ ឬ​​​ថា តើ​​​គណ​​​បក្ស​​​ប្រឆាំង​​​ជ្រើស​​​រើស​​​មិន​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​សភា​​​​​​ ឬយ៉ាង​​​ណានោះ​​ឡើយ។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ផ្លាស់​​​ប្ដូរ​​​ជំហរ​​​របស់​​​យើង​​​ឡើយ ហើយ​​​យើង​​​នឹង​​​គោរព​​​តាម​​​ព្រះមហាក្សត្រ​​​ ដែល​​​នឹងចូល​​​រួម​​​​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​សម័យ​​​ប្រជុំ​​​នោះ”។

គណបក្ស​​​ប្រជា​​​ជន​​​អះអាង​​​ថា ខ្លួន​​​អាច​​​បង្កើត​​​រដ្ឋាភិបាល​​​អាណត្តិ​​​បន្ទាប់​​​បាន​​​ដោយ​​​មិន​​​ចាំបាច់​​​មាន​​​គណបក្ស​​​ប្រឆាំង ហើយ​​​បាន​​​គំរាម​​​យក​​​អាសនៈ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ចែក​​​ឲ្យ​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​បម្រុង​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ប្រសិន​​​បើ​​​គណ​​​បក្ស​​​នេះ​​​ធ្វើ​​​ពហិការ​​​ ជា​​​អ្វី​​​ដែល​​​បណ្ដា​​​អ្នក​​​វិភាគ និង​​​មេធាវី​​​លើក​​​ឡើង​​​ថា​​​ ខុស​​​ច្បាប់​​​។

កាលពីថ្ងៃ​​​អង្គារ អគ្គលេខាធិការដ្ឋាន​​​​​​រដ្ឋសភា បាន​​​​​​ផ្ញើ​​​លិខិត​​​​​​ទៅ​​​បណ្ដា​​​ស្ថាន​​​ទូត​​​បរទេស​​​ ​​​​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល និង​​​ “ឥស្ស​​​រ​​​ជន​​​សំខាន់ៗ ​​​​​​” ផ្សេង​​​ទៀត ដើម្បី​​​អញ្ជើញ​​​ពួក​​​គេ​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូង​​​នៅ​​​ថ្ងៃ​​​ច័ន្ទ។

​​​ដូច​​​គណៈ​​​ប្រតិភូ​​​បស្ចិម​​​ប្រទេស​​​ភាគ​​​ច្រើន​​​​​​ប្រចាំប្រទេសកម្ពុជា​​​អ៊ីចឹង​​​ដែរ ​​​សហភាព​​​អឺរ៉ុប​​​​​​ដែល​​​មិន​​​​​​ទាន់​​​ប្រកាស​​​គាំទ្រ​​​លទ្ធផល​​​ផ្លូវការ​​​នៃការ​​​បោះឆ្នោត​​​កាលពីខែកក្កដា នៅឡើយ​​​ទេ និង​​​ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេ​​​ត​​​​​​អព្យាក្រឹត​​​លើ​​​ការ​​​បោះឆ្នោត​​​​​​នោះ​​​ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​មិន​​​ទាន់​​​ទទួល​​​បាន​​​លិខិត​​​អញ្ជើញ​​​ទេ។ ភ្លាមៗ ស្ថាន​​​ទូត​​​ផ្សេងៗ​​​ទៀត មិន​​​បាន​​​ឆ្លើយ​​​តប​​​​​​សំណើ​​​សុំការ​​​បំភ្លឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចូលរួម​​​របស់​​​ពួកគេ​​​ក្នុង​​​ករណី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពហិការ​​​ទេ​​​។

នៅក្នុង​​​អត្ថបទ​​​បញ្ចេញ​​​ទស្សនចុង​​​ក្រោយ​​​បំផុត​​​​​​របស់​​​ខ្លួន​​​ លោក វីលៀម ថត (William Todd) ឯកអគ្គ​​​រដ្ឋទូត​​​សហ​​​រដ្ឋ​​​អាមេរិក ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​បាន​​​បង្ហាញ​​​ពីបំណង​​​របស់​​​រដ្ឋាភិបាល​​​ក្រុង​​​វ៉ាស៊ីន​​​តោន ចង់​​​ឃើញ​​​​​​ការ​​​ស៊ើប​​​អង្កេត​​​​​​​​​ ដោយ​​​មាន​​​តម្លាភាព​​​លើការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​​​​បាន​​​គាំទ្រ​​​ការ​​​អំពាវ​​​នាវ​​​របស់​​​គណ​​​បក្ស​​​​​​ប្រឆាំង​​​​​​​​​ឲ្យ​​​ធ្វើ​​​កំណែ​​​ទម្រង់វិធាន​​​ និង​​​សមាសភាព​​​របស់​​​ ​​​គ.ជ.ប.។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋសភា​​​មួយ​​​​​​ដែល​​​អាច​​​ដំណើរ​​​ការទៅ​​​បាន​​​គឺ​​​ត្រូវការ​​​ទាំង​​​គណបក្ស​​​កាន់​​​អំណាច និង​​​គណបក្ស​​​ប្រឆាំង  ​​“ដើម្បី​​​ដើរ​​​តួនាទី​​​សំខាន់​​​រៀង​​​ៗខ្លួន​​​” ។

លោក សុក សំអឿន មេធាវី​​​ល្បីឈ្មោះ​​​មួយ​​​រូប​​​ដែល​​​ឃ្លាំមើល​​​ការ​​​បោះឆ្នោត​​​បាន​​​មាន​​​​​​​​​ប្រសាសន៍​​​ថា ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី នៅ​​​តែ​​​អាច​​​ពន្យា​​​រ​​​ពេល​​​បើក​​​សម័យ​​​​​​ប្រជុំ​​​សភាដំបូង​​​បាន​​​។ ទោះបីជា​​​រដ្ឋធម្ម​​​នុញ្ញ កំណត់​​​ឱសាន​​​វាទ​​​​​​៦០​​​ថ្ងៃ​​​ ក្រោយ​​​ពីការ​​​បោះ​​​ឆ្នោត​​​ក៏ដោយ ក៏លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​​ថា គ្មាន​​​ទោស​​​ពៃ​​​រ៍អ្វីឡើយ​​​ចំពោះការ​​​ខក​​​ខាន​​​ឱសានវាទនេះ​​​។

ស្រប​​​ពេល​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា ​​​កំពុង​​​តែ​​​ជំរុញ​​​ឲ្យ​​​បើក​​​សម័យ​​​ប្រជុំសភា​​​ដំបូង​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​លទ្ធភាព​​​ដែល​​​អាច​​​ធ្វើ​​​ទៅបាន​​​នោះ​​​ លោក សុក សំអឿន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ព្រះមហាក្សត្រ​​​ទំនង​​​ជា​​​មិន​​​ពន្យារ​​​ពេល​​​ទេ ​​​“ពីព្រោះ​​​ព្រះមហា​​​ក្សត្រ​​​មិន​​​ចង់​​​​​​​​​បដិសេធ​​​​​​សំណើ​​​ណាមួយ​​​ឡើយ​​​” ជាពិសេស​​​សំណើ​​​ពីគណ​​​បក្ស​​​កាន់អំណាច​​​​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ក៏​​​បាន​​​ដាក់​​​សម្ពាធ​​​ដែរ​​​លើ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ ដែល​​​មិន​​​ចង់​​​បដិ​​​សេធ​​​​​​ការ​​​កោះ​​​អញ្ជើញ​​​របស់​​​ព្រះមហាក្សត្រ​​​ ដោយ​​​សារ​​​ការ​​​គោរពទ្រង់​​​​​​។ លោកបាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ប្រសិន​​​បើ​​​ពួកគេ​​​ធ្វើ​​​ពហិការ​​​  “​​​វាជា​​​រឿង​​​ល្អ​​​សម្រាប់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា ពីព្រោះ​​​ពួកគេ​​​អាច​​​និយាយ​​​បាន​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​មិន​​​គោរព​​ព្រះ​​​​​​មហាក្សត្រ​​​”។

ទោះជាយ៉ាង​​​ណា​​​ លោក​​​​​​នៅ​​​មាន​​​​​​​​​​​​​​​ក្ដី​​​សង្ឃឹម​​​​​​​​​​​​ខ្លះ​​​​​​​​​ថា គណ​​​បក្ស​​​ទាំង​​​ពីរ​​​នឹ​​​ង​​​ឈាន​​​ដល់​​​ការ​​​សម្រុះ​​​សម្រួលគ្នា​​​​​​មុន​​ថ្ងៃ​​​បើក​​​សម័យ​​​ប្រជុំ​​​នេះ​​​ ព្រោះរយៈពេល​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ដែល​​​នៅ​​​សល់​​​នេះ គឺ​​​គ្រប់​​​គ្រាន់​​​ល្មម​​​សម្រាប់​​​តែ​​​ឲ្យ​​​គណ​​​​​​​​​បក្ស​​​ទាំងពីរ​​​រៀប​​​ចំកិច្ច​​​ព្រម​​​ព្រៀង​​​ទូ​​​ទៅ​​​ ដែល​​​​​​គណបក្ស​​​ទាំង​​​ពីរ​​​យល់​​​​​​ថា បង្ក​​​​​​ភាព​​​ងាយ​​​ស្រួល​​​​​​ជាង​​​ការ​​​រៀប​​​ចំ​​​ផែនការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​លម្អិត​​​​​​ប៉ុណ្ណោះ​​​​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា ត្រង់​​​ថា​​​តើ​​​គណ​​​​​​បក្ស​​​ប្រឆាំង​​​អាច​​​ប្រែក្លាយ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទូទៅនេះ​​​ឲ្យ​​ទៅ​​​ជា​​​កំណែទម្រង់​​​ពិតប្រាកដ​​​បាន​​​​​​ឬអត់​​​ក្រោយ​​​​​​ពេល​​​ចូល​​​កាន់​​​តួនាទី​​​ជា​​​សមា​​​ជិក​​​សភានោះ គឺ​​​ជារឿង​​​មួយ​​​ផ្សេង​​​ទៀត​​​៕

ប្រែសម្រួល​​​ដោយ តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស