34 C
Phnom Penh

តុលាការ​​​ខេត្ត​​​សៀមរាប​​​​​​ចោទ​ប្រកាន់​បុរស​​​​​​បីនាក់ពីបទ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយថា សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​ចោទ​ប្រកាន់​បុរស​បីនាក់​កាល​ពី​ម្សិល​មិញ​ ពីបទ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន​បុរាណ​អង្គរ​ ដែល​ជាទីតាំង​​​​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។

លោក​ ហេង​ ផេង ព្រះ​រាជអាជ្ញា​អម​​​សា​លា​​​​​ដំបូង​ខេត្ត​ បានមាន​ប្រសាសន៍ថា ជន​សង្ស័យ​​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ស៊ុន ភារៈ​ អាយុ២០​ឆ្នាំ ផៃ​ សុភា អាយុ​១៨​ឆ្នាំ និង​ឈ្មោះ ភិន​ រុណ ​អាយុ​៥៣​ឆ្នាំ​។ លោក​ ហេង​ ផេង បាន​មាន​ប្រសាសន៍ថា “យើង​បាន​ចោទ​ប្រកាន់​មនុស្ស​បីនាក់​ពី​បទ​បំផ្លាញ​ព្រៃ​ឈើ​ និង​ប្រមូល​ធន​ធាន​ធម្មជាតិ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ហើ​យ​ជន​ល្មើ​ស​ត្រូវ​បាន​ប្រគល់​ឲ្យ​ចៅ​ក្រម​មួយ​រូប​​ដែល​នឹង​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​នេះ​”  ដោយ​បន្ថែម​ថា ជន​សង្ស័យ​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនា​គារ​ពី​ប្រាំ​ឆ្នាំ ទៅ១០​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​ប្រាំ​​​​លាន​រៀល​ទៅ​១៥​លាន​រៀល​ ។

លោក​ ហុង​ តារាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ បាន​មាន​ប្រសាសន៍ថា បុរស​បីនាក់​នេះ​បាន​មក​ដល់​តំបន់​ហាម​ឃាត់​ដោយ​បាន​​​ជិះ​ម៉ូតូ​មួយ​​គ្រឿង​នៅ​ម៉ោង​ប្រហែល​១​​រំលង​អធ្រាត្រ​​​ឈានចូល​​​ថ្ងៃ​អង្គារ​ និង​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ពួកគេ​​​​ច្រៀក​ដើម​គ្រញូង​ពីរ​ដើម​ជា​ចម្រៀក​តូច​ៗ​ដោយ​​រណារ​ធំមួយ​នៅ​ទី​កន្លែង​នោះ​។ លោក តារាវុធ បាន​ថ្លែង​ថា “យើង​បាន​សាក​​​សួរ​បុរស​បីនាក់​នោះ ហើយ​បន្ទាប់​មក​យើង​បាន​​ចុះ​ទៅ​​ពិនិត្យ​​​​កន្លែង​​​​កាប់​ឈើ​នេះ​ និង​បាន​រក​ឃើញ​​​​ដង្គត់​​ឈើ​​គ្រញូង​ចំនួន​ពីរ​”។ លោក​បន្ថែម​ថា តំបន់​នេះ​គឺជា​តំបន់​ការ​ពារ​តឹង​រឹង​​ ហើយ​ថា រាល់​​​សកម្មភាព​​​កាប់​ឈើ​​​​​នៅ​ក្នុង​តំបន់​នេះ​គឺ​ខុស​ច្បាប់​។

​ឈើ​តូច​ៗ​ពីរ​ដើម​ក៏ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅក្នុង​ផ្ទះ​របស់​បុរ​ស​ទាំ​ងនេះ​នៅ​ពេល​ធ្វើ​​​ការ​​​​ឆែក​ឆេរ​ នេះ​បើ​យោង​តាម​​លោក​ ម៉ាន់​ ឈឿន​ នាយ​នគរបាល​បេតិកភណ្ឌ​ខេត្ត​។

លោក​ ម៉ាន់ ឈឿន បាន​មាន​ប្រសាសន៍ថា “ពួកគេ​បាន​រំលំ​​​​ដើម​​​​​គ្រញូង​ពីរ​ដើម ហើយ​បន្ទាប់​មក​ពួកគេ​កាត់​ជា​បួន​ចម្រៀក ដែល​ពីរ​ចម្រៀក​ត្រូវបាន​ដឹក​ទៅ​ផ្ទះ​របស់​ពួក​គេ​តាម​ម៉ូតូ​រួច​ហើយ​”  ដោយ​បន្ថែម​ថា ​នេះ​ជា​ករណី​​​​ទី ៣​នៃការកាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ឧទ្យាន​នេះក្នុង​រយៈពេល​​​មួយ​​​ខែ​​​ចុងក្រោយ​​​នេះ​។ លោក​បាន​ថ្លែងថា “ចំពោះករណី​ពីរ​ផ្សេង​ទៀត​ មិន​មាន​ការ​ចាប់​ខ្លួន​ទេ​ពីព្រោះ​អ្នក​កាប់​ឈើ​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​”។

លោក​ ម៉ាន់ ឈឿន បានមាន​ប្រសាសន៍​បន្ត​ថា បុរស​ម្នាក់​ក៏​បាន​រត់​គេច​ពីការ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ដែរ​។ លោក​បាន​ថ្លែងថា “យើង​កំពុង​តែ​តាម​រក​មនុស្ស​ម្នាក់​ទៀត​ ដែល​រត់​គេច​ខ្លួន​ ប៉ុន្តែ យើង​ស្គាល់​អត្ត​សញ្ញាណ​របស់​ជន​នោះ​ហើយ”​៕

ប្រែ​សម្រួលដោយ ចេវ ប៊ុនន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស