ព័ត៌មានជាតិ

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្តេជ្ញា​មិន​ទទួល​យក​ការ​សម្រុះសម្រួល​ណាមួយ​

By

September 19, 2013

​ខណៈ​​​គណបក្ស​សង្គ្រោះ​ជាតិ និងគណ​​​បក្ស​​​​ប្រជា​ជន​កម្ពុជា បានចរចា​​​គ្នា​​​​​​អស់​​​រយៈ​ពេល​ពីរ​ថ្ងៃ​ក្នុង​​​​បំណង​​​​​បញ្ចប់​ភាព​ជាប់​គាំង​ជុំវិញ​ជម្លោះនៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដានោះ អ្នក​គាំ​ទ្រ​ បក្ស​​ប្រឆាំង​​នៅ​រាជធានី​ភ្នំ​ពេញ​ កាលពី​ម្សិល​​​​មិញ​ បាន​បញ្ជាក់​​​​ថា  ពួក​គេ​មិន​អាច​ទទួល​យក​អ្វី​ក្រៅ​​ពី​ឲ្យ​គណបក្ស​ប្រ​ជា​ជន​កម្ពុជាកំពុង​កាន់​អំណាច​យល់ព្រមធ្វើ​តាម​ការ​ទាម​ទារ​របស់​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ស្រុង​ឡើយ​។

រដ្ឋ​សភា​ជាតិ​នឹង​​​​​​​​កោះ​​​ប្រជុំ​​​​ដោយ​​ព្រះ​មហា​ក្សត្រ​ នរោត្ដម សីហមុនី​ នៅ​​​ថ្ងៃ​ច័ន្ទ​ ហើយ​មេដឹក​នាំ​គណបក្ស​ប្រ​ឆាំង លោក  សម​ ​រង្ស៊ី និង លោក កឹម សុខា បាន​ប្រាប់​ប្រជា​​ពលរដ្ឋ​​​នៅ​​​​ថ្ងៃ​​​បញ្ចប់​​​នៃ​​​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​ នៅ​​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អង្គារ​​​ថា ខ្លួន​​​នឹង​​​​​ធ្វើ​បាតុកម្ម​បន្ត​ទៀត  ​ ប្រ​សិន​​បើ​​​​មិន​​​​បាន​​​​​​​ទទួល​​​​ការ​​​សន្យា​​​ចូលរួម​​​ក្នុង​កិច្ច​​​ចរចា​​​​បន្ត​​ទៀត​ទេ​នោះ​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ គណបក្ស​សង្គ្រោះ​ជាតិ ក៏​​​បាន​​​​មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​អង្គារ​​​​ផង​ដែរ​ថា ​គណបក្ស​សង្គ្រោះ​ជាតិមាន​ពេល “​ប្រាំ​ថ្ងៃ​ដើម្បី​ធ្វើ​ការ​សម្រេច​” ​​ថា ​តើ​ត្រូវ​ធ្វើ​​តាម​ការ​គំរាម​ធ្វើ​ពហិការ​​​​​​​មិន​ចូល​រួម​បើក​​​សម័យ​ប្រ​ជុំសភា​លើក​ដំបូង​​​​ឬ​​​សម្រេច​​​កិច្ច​ព្រម​ព្រៀង​​​​ជា​មួយ​បក្ស​ប្រ​ជា​ជន​កម្ពុជា ហើយ​​​​​ចូល​រួម​ប្រ​ជុំ។

ប៉ុន្តែ នៅ​​​​​ខណ្ឌ​ដូន​ពេញ ​រាជ​​ធានីភ្នំ​ពេញ ​កាល​ពី​ម្សិល​មិញ​​​​​ លោក សួន សំណាង អាយុ​៤៦​ឆ្នាំ ជា​អ្នក​​​​បើក​​​រថយន្ត​​​​​​ឈ្នួល​​​ បាន​និយាយ​ថា មិន​មាន​អ្វី​ចំណេញ​ពី​ការ​សម្រុះ​​​​សម្រួល​ជា​មួយ​គណបក្ស​ប្រ​ជា​ជន​​​​​ទេ ហើយថា​  ការ​​ធ្វើ​មហា​បាតុកម្ម​​​គួរ​​​តែ​​​បន្ត​ធ្វើ “រហូត​ទាល់​តែ​ពួក​គេ​យល់​ព្រម ចាំ​​​ដល់​​​​ពេល​នោះ​ចាំ​​​​​​​ឈប់ធ្វើ​បាតុកម្ម​​​”។

លោក សំណាង បាន​​បន្ត​ថា​​ “ ប្រសិន​បើ​ពួក​គេ​មិន​ធ្វើ​តាម​ឆន្ទៈ​របស់​ប្រ​ជា​ពល​រដ្ឋ​ទេ នោះ​យើង​នឹង​មិន​សុខ​ចិត្ត​ឡើយ ហើយ ប្រជា​ពល​រដ្ឋ​នឹង​​ទៅ​ជួប​លោក សម រង្ស៊ី ដើម្បី​ស្វែង​​រក​ចម្លើយ​” ដោយ​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​ណា​​​មួយ​​​​ដែល​​​ឲ្យ​​​​​​​​មេដឹក​នាំ​គណបក្ស​​សង្គ្រោះ​​ជាតិ​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​ធំដុំ​​​​​​ផ្ទុយ​​​ពី​​​​​​​កិច្ច​សន្យា​របស់​គណបក្ស​​​​ប្រឆាំង​​​ជាមួយ​​​​ម្ចាស់​ឆ្នោត​​​​ នឹង​​​ធ្វើ​ឲ្យ​គណបក្ស​​​​​នេះ​រលាយ​។

លោក សំណាង ​បន្ត​ថា “ប្រសិន​បើ​គាត់​ទទួល​យក​​​មុខ​​​តំណែង​​​​ ឧទាហរណ៍ ជា​ប្រធាន​រដ្ឋ​សភា ​ជំនួស​​​ឲ្យ​​​ការ​​​លះបង់​​​ដើម្បី​​​​ប្រជា​ពលរដ្ឋ​ នោះ​ ប្រជា​​ពលរដ្ឋ​នឹង​​​​​​អស់​​​ជំនឿ​​​លើ​​​របៀប​វារៈ​នយោ​បាយ​របស់​គាត់​​​​ជា​​​មិន​​​ខាន​​​។ យើង​នឹង​​​ហៅ​គាត់​ថា ​មនុស្ស​ស៊ី​បាយ បោក​ឆ្នាំង​”។

គណបក្ស​សង្គ្រោះ​ជាតិបាន​អំពាវ​នាវ​ម្ដង​​​ហើយ​ម្ដង​ទៀតឲ្យ​មាន​ការ​ស៊ើប​អង្កេត​​​ដោយ​​ឯក​រាជ្យ​​​​លើ​​​​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​​ឆ្នោត​ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​​​​បន្ថែម​​​ការ​​​ទាមទារ​ថ្មី​​​​​ទៀត ​​​ក្នុង​​​នោះ​​​រួម​​​​មាន​​​ទាំង​ការ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ថ្មី​ និង​​​ការ​​​បង្កើត​ស្ថានីយ​ទូរ​​​ទស្សន៍​​​​មួយ​ផង​ដែរ​។

លោក សៀង សុឃីម អាយុ​៤៣​ឆ្នាំ ជា​អ្នក​​រត់​រ៉ឺម៉ក​ម៉ូតូបាន​យល់​ស្រប​ថា ការ​សម្រុះ​​​​សម្រួល​ណា​មួយ​ជា​មួយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​​​​កំពុង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​​​គ្មាន​​​​តម្លៃ​​​​ទេ​​​​ ហើយ​​​បាន​​​និយាយ​​​​ថា ការ​ធ្វើ​មហា​បាតុកម្ម គួរតែ​បន្ត​ធ្វើ​ដោយ​គ្មាន​ពេល​កំណត់ រហូត​ទាល់​តែ​គណ​បក្ស​​ប្រ​ជា​ជន​កម្ពុជា ព្រម​​​ឲ្យ​​​មាន​​​​ការ​​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​អំពី​​​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។

លោកនិយាយ​សំដៅ​​​លើ​​​គោល​នយោ​បាយ​​​​​​ចំនួន​ប្រាំ​ពីរ​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​​បោះ​​ឆ្នោត ដែល​​​រួម​មាន​​​ទាំង​ប្រាក់​ខែ​គោល​១៥០​ដុល្លារ​ក្នុង​១​ខែ​ ប្រាក់​សោធនិវន្ត​ប្រចាំ​ខែ​សម្រាប់​ប្រ​ជាពល​រដ្ឋ​មាន​​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ និងឱកាស​​​ទទួល​បាន​ការ​អប់រំ​ប្រសើរ​ជាង​​​​មុន​​​​​ថា “ប្រសិន​បើ​មិន​​មាន​ដំណោះ​ស្រាយ​ចំពោះ​លទ្ធផល​ឆ្នោត​​​​ទេ​​​នោះ​​​ យើង​គួរ​តែ​​បន្ត​​​ធ្វើ​មហា​បាតុកម្ម​​​​ដោយ​​​​​​គ្មាន​​​ពេល​​​​​​កំណត់​​​​​​។ ខ្ញុំ​​​​គ្មាន​​​​ការ​ភ័យ​ខ្លាច​ ក្នុង​ការ​ធ្វើ​បាតុកម្ម​ទេ ទោះ​បី​ជា​មាន​អំពើ​ហិង្សា​​​​​កើត​ឡើង​ក៏​ដោយ គឺ​​​រហូត​ទាល់​តែ​យើង​​​​ទទួល​​​បាន​​​​​ប្រាំ​ពីរ​ចំណុច​នេះ​”។

លោក ប៊ុន ណា​ អាយុ ៥៣​ឆ្នាំ ជា អ្នក​លក់​គ្រឿង​បន្លាស់​រថយន្ត បាន​ទាម​ទារ​លើស​ពី​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាម​ទារ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ទៅ​ទៀត ហើយ​​​បាន​​​និយាយ​​​​ថា​ កិច្ច​​​ព្រមព្រៀង​​​ណា​មួយ​ក្រៅ​​​ពី​​​​ការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋ​មន្ត្រី​​​​ គឺ​​​​​​អ្នក​គាំទ្រ​បក្ស​ប្រឆាំងមិន​ទទួល​យក​​​​​ឡើយ​។

លោកបាន​​​បន្ត​ថា “វា​ជា​រឿង​​​​សំខាន់​​​​​​​ដែល​​​​យើង​​ត្រូវ​​​ធ្វើ​បាតុកម្ម​រហូត​ទាល់​តែ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​។ នៅ​ពេល​នោះ​​យើង​នឹង​បាន​ធូរ​ស្បើយ​។ យើង​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​រហូត​ទាល់​តែ​យើង​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន​”។

លោក អែម ផល្លា អាយុ​៣៧​ឆ្នាំ ​និយាយ​ថា ខ្លួន​​​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​​​​​​គណ​​បក្ស​សង្គ្រោះ​ជាតិ​​​យល់​ព្រម​ទទួល​យក​​​​មុខ​​​តំណែង​​​ធំដុំ​​​ ជំនួស​​​​ឲ្យ​​​ការសន្យា​​​​​​ធ្វើ​​​កំណែ​​​​​ទម្រង់​​​​​​​​​​លើ​​​ការ​បោះ​ឆ្នោត​ និង​ការ​ស៊ើប​អង្កេត​​ដោយ​ឯក​រាជ្យ​​​​​​​លើ​​​​ការ​បោះ​ឆ្នោត។ លោក​​បន្ត​ថា “ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​​ខ្លាច​​​​​​ពួក​គេ​​​​ឈាន​ដល់​​ការ​ចែក​​អំណាច​គ្នា​ ហើយ​បញ្ឈប់​​​​ការ​​​ស្វែង​រក​នូវ​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​ចង់​បាន​”។

ក្រុម​អ្នក​វិភាគ​​​បាន​លើក​ឡើង​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ថា គណបក្ស​កាន់​អំណាច​​​​​មិន​ទំនង​​​​ថា​​​ ​នឹង​​​​​​យល់ព្រម​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ​​​​​ដើម្បី​​ស៊ើប​អង្កេត​​​ពី​​​​ការ​​​បោះ​ឆ្នោត ​​​ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​ខូច​​​ភាព​​​ស្រប​​​​ច្បាប់​​​​របស់ការ​​​បោះឆ្នោត​​​នេះ​​​​ទេ​ ហើយ​​ថា ​​គណ​បក្ស​សង្គ្រោះ​​ជាតិ​ជៀស​​​មិន​​​រួច​​​ពី​​​ការ​​​​​ចរ​ចា​​​​ឲ្យ​​​មាន​​​​ការ​សម្រុះ​​​​សម្រួល​គ្នា​​​ដាច់​ដោយ​ឡែក​មួយ​​​​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​ឡើយ​​​។

លោក ខាល ថេយ័រ (Carl Thayer) អ្នក​ជំនាញ​​​​​ផ្នែក​​​តំបន់​អាស៊ី​​​​អាគ្នេយ៍​​​​នៅ​​​សាលា​​​បណ្ឌិត​​​សភា​​​កង​​​កម្លាំង​​​ការពារ​​​​​​​​​ជាតិ​​​​អូស្ត្រាលី ក្នុង​ទី​ក្រុង​​កង់បេរ៉ា បាន​​​លើកឡើង​​​ថា ត្រង់​​​ថា​​​ តើ​​​​​លោក សម រង្ស៊ី ​​​​​​នឹង​​​ធ្វើ​តាម​ការ​សន្យា​​​​​​​​​​អំឡុង​​​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​​​ឆ្នោត​​​​​ឬ​​​អត់​​​នោះ​​​ គឺ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ទេ​​​។ លោក ខាល ថេយ័រ បានមាន​ប្រសាសន៍​​ថា “​​ខ្ញុំ​​​​​​​​​មិន​​​ដឹង​​​​​​ថា​​​ តើ​​​​​​គាត់​​​អាច​​​​​​​ធ្វើ​​​តាម​​​ការ​​​សន្យា​​​ឬ​​​អត់​​​ទេ​​​​​។​​​ ប្រហែល​​​ជា​​​​​​​សមាជិក​​​ដ៏ទៃ​​​ទៀតៗ​​​​​​​នៃ​គណ​បក្ស​​​​​​​​នេះ​​​ អាច​​ជំរុញ​​​ឲ្យ​​​​​​​​គាត់​​​ធ្វើ​​​​ដូច្នេះ​​​​បាន”៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​​​​​​​​​​​​​​​​​​