26.6 C
Phnom Penh

សំឡេង​ឆ្នោត​ធ្លាក់​ច្រើន ហេតុ​អ្វី​បាន​ជា​ ហ៊ុន សែន នៅ​តែ​ញញឹម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​បក្ស​របស់​លោក​ ហ៊ុន សែន បាន​ទទួល​លទ្ធ​ផល​បោះ​ឆ្នោត​ដ៏​អាក្រក់​បំផុត​ដែល​​មិន​ធ្លាប់​មាន។ គូ​ប្រឆាំង​នយោ​បាយ​របស់​គាត់​បាន​ទទួល​សំឡេង​គាំទ្រ​កាន់​តែ​ច្រើន​។ ប្រជាជន​របស់​គាត់​កំពុង​តវ៉ា​នៅ​តាម​ផ្លូវ។ ដូច្នេះ​ ហេតុអ្វី​បាន​ជា​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​តែ​ញញឹម?

ជន​ផ្តាច់​ការ​ដែល​កាន់​អំណាច​យូរ​រូប​នេះ​ញញឹម​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ រយៈ​ពេល​ដ៏​យូរ​នៅ​សប្តាហ៍​នេះ ជាមួយ​គូ​ប្រឆាំង​នយោ​បាយ​​ជើងចាស់​របស់​គាត់គឺ លោក សម រង្ស៊ី ដែល​និយាយថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​យក​ជ័យ​ជម្នះបាន​​បន្តិច​បន្តួច​នៅ​ក្នុង​ការ​បោះ​ឆ្នោតកាល​ពី​ថ្ងៃ​ទី​២៨​ខែកក្កដានោះ។

លោក ហ៊ុន សែន ​​មាន​ហេតុ​ផល​​ក្នុង​ការ​សប្បាយ​រីក​រាយ​។​ ទោះ​ជា​សមាជិក​សភា​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី កំពុង​គំរាម​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​រដ្ឋ​សភា​ថ្មី ដែល​គ្រោង​ចាប់​ផ្តើម​នៅថ្ងៃ​ច័ន្ទក៏ដោយ​ ហើយលុះត្រា​តែមាន​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​លើ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោតជា​មុន​សិន​​​ ទោះបីជាមានអំពើ​ហិង្សា​ផ្នែក​​នយោ​បាយ​កើតឡើងនា​ពេល​ថ្មីៗ​នេះ​ ក៏មិន​ធ្វើ​ឲ្យ​លោក ​ហ៊ុន សែន ខ្វាយ​ខ្វល់​សោះ​ឡើយ​។

អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះជាតិ​រាប់​ពាន់​នាក់​ បានបែក​គ្នាអស់​ហើយ​​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ការជួបជុំ​គ្នា​រយៈ​ពេល​បី​ថ្ងៃ​នៅឯសួន​សេរីភាពនៅ​ក្នុងរាជ​ធានី​ភ្នំ​ពេញ។ ហើយបុរស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ជា​​ច្រើន​នាក់​ទៀត​រង​របួស នៅ​ពេល​ដែល​នគរ​បាល​បាញ់​កាំ​ភ្លើង​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ដែល​គប់​ដុំថ្ម កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

អ្នក​វិភាគ​និយាយថា ភាព​ស្ងាត់​ស្ងៀម​​របស់​​លោក ហ៊ុន សែន បន្ទាប់ពី​កិច្ច​ប្រជុំ​នៅ សប្តាហ៍​​នេះ​បង្ហាញ​ពី​ទំនុក​ចិត្ត​ជា​ថ្មី​របស់​លោក​ នៅ​ក្នុង​ការបំបែក​ភាព​ទាល់​ច្រក​ផ្នែក​នយោ​បាយ និង​ការ​បន្ត​​អំណាច​ជិត​បី​ទសវត្ស​រ៍​របស់​គាត់​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​​ក្រោយ​ទៀត។

ទោះ​ជា​យ៉ាង​ណា​ រូប​ថត​ញញឹម​របស់​គាត់​​ក៏​អាច​បង្ហាញពី​ការ​ផ្លាស់​ប្តូរ​នៅ​ពេល​អនាគត​សម្រាប់​លោក ហ៊ុន សែន ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ដែល​បាន​ប្រើ​អំណាចរបស់​គាត់​​មក​លើ់​ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

បន្ទាប់​ពី​អ្នក​បោះ​ឆ្នោត​ខ្មែរ​រាប់​លាន​នាក់​បោះ​បង់​ចោល​គណ​បក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការ​បោះឆ្នោត​ ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថាមិនត្រឹម​ត្រូវ​នោះ​ លោក ហ៊ុន សែន​ ដូចជា​ មាន​បំណង​បន្ទន់​ឥរិយាបថរុះរាយ​​រាក់​ទាក់ ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​របស់​គាត់​។

មាន​ប្រវត្តិ​ចេញ​ពី​គ្រួសារកសិករ​​ លោក​ ហ៊ុន សែន មាន​អាយុ​ត្រឹម​តែ​៣៣​ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​គាត់​ឡើង​កាន់​អំណាចនៅ​ក្នុង​ឆ្នាំ​១៩៨៥ ហើយ​ឥឡូវ​នេះ​កំពុង​​រួម​ដំណើរ​​មិន​​ល្អ​ជា​មួយ​​ជន​ផ្តាច់​ការ​យូរអង្វែង​​ ដូច​ជា​លោក រ៉ូបឺត ម៉ូហ្គា​បេ (Robert Mugabe) នៃ​ប្រទេស​ស៊ីមបាវ៉េ និង​លោក ណឺស៊ុល​តង់ ណាហ្សាបាយ៉េវ (Nursultan Nazarbayev) នៃ​ប្រទេស​កាហ្សាក់​ស្ថាន។

លទ្ធ​ផល​បោះ​ឆ្នោត​មិន​ល្អ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ អាច​បង្ខំ​ឲ្យ​គាត់​កែ​ប្រែ​ទាំង​គណ​បក្ស​របស់​គាត់ និង​បែប​ដឹក​នាំ​របស់​គាត់​។ គណ​បក្ស​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​​ឆ្នោត​ជា​ផ្លូវ​ការ​ ដោយ​ទទួល​បាន​៦៨​អាសនៈ​ ទល់​នឹង​៥៥​អាសនៈ​របស់​បក្ស​សង្គ្រោះជាតិ​ គឺ​មាន​ការ​ធ្លាក់​ចុះសំឡេង​គាំ​ទ្រ​យ៉ាង​ច្រើន ដែល​នេះ​​បង្ហាញ​ពីការ​មិន​ពេញ​ចិត្កកាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ការ​គ្រប់​គ្រង​ដោយ​​កណ្តាប់​​ដៃ​ដែក​របស់​លោក ហ៊ុន សែន ថ្វីបើ​មាន​កំណើន​​សេដ្ឋ​កិច្ច​ជាង​៧ភាគ​រយ​ នៅ​ឆ្នាំ​នេះ​ក្តី។

លោក ឡៅ ម៉ុងហៃ សាស្ត្រា​ចារ្យ​ខ្មែរ​​ដ៏​ឆ្នើម​ម្នាក់​បាន​មាន​ប្រសាសន៍ថា “ហ៊ុន សែន​ និ​ង គណ​បក្ស​របស់​គាត់​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឲ្យ​បាន​ច្រើន និង​​ឆាប់​​រក្សា​កម្លាំង​នយោ​​បាយ​​ដែល​ពាក់​ព័ន្ធ។ ពួក​គេ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ មិន​មែន​ធ្វើ​ជា​ចៅហ្វាយ​​របស់​ប្រជា​ពល​រដ្ឋ​ទេ”។

ប្រទេស​ចិន​បាន​អប​អរសាទរ​ភ្លាមៗ​ ចំពោះ​​ជ័យ​ជម្នះ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​​ការ​បោះ​ឆ្នោត​នេះ ប៉ុន្តែ សហរដ្ឋ​អាមេរិក​ និង​​សហភាព​អឺរ៉ុប​មិន​បាន​អបអរ​សាទរ​ទេ។

ទំនាក់​ទំនង​សេដ្ឋ​កិច្ច​​ និង​នយោ​បាយ​រឹង​មុំា​ជាមួយ​ក្រុង​ប៉េកាំង បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​មិន​ដឹង​មិនឮទាល់​តែ​សោះ​ ចំពោះ​ការ​រិះ​គន់​ពី​បស្ចិម​ប្រទេស​ ហើយ​​​ពេញ​ចិត្ត​ចំពោះ​វិនិយោគទុន​ចិន​។ ផ្ទុយ​ទៅ​វិញ ប្រទេស​កម្ពុជា គឺ​ជា​សម្ព័ន្ធមិត្ត​​ដ៏​​សំខាន់​នៅ​អាស៊ី​អាគ្នេយ៍​របស់​ប្រទេស​ចិន ដោយ​​មិន​គោរព​ប្រទេស​ជិត​ខាង​របស់​ខ្លួន ហើយ​បែ​រជា​គាំទ្រ​ប្រទេស​ចិន នៅ​ក្នុង​កិច្ច​ចរចា​ការទូត​ដ៏​តាន​តឹង​ អំពី​សមុទ្រ​ចិន​ខាង​ត្បូង​ ​ហើយ​ការ​ទាម​ទារ​​កាន់​កាប់​អធិប​តេយ្យ​ភាព​ត្រួតស៊ី​គ្នា​នៅ​ទី​នោះ​ បាននាំ​ឲ្យ​មាន​ការ​ប្រឈម​​មុខដាក់​​គ្នា​ ជាមួយ​វៀត​ណាម និង​ហ្វីលីពីន។

លោក ហ៊ុន​ សែន កោតសរសើរ​ចំពោះ​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា​ពីភាព​ចលាចល និង​ភាព​ក្រី​ក្រ ក្រោយ​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ដែល​នៅក្នុង​របប​នោះ​ ប្រជា​ជន​ប្រហែល​២​លាន​នាក់​ ឬ​​មួយ​ភាគ​បី​នៃ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ បាន​ស្លាប់។ ឥឡូវ​នេះ​ លោក ហ៊ុន សែន ដែល​មាន​អាយុ​៦១​ឆ្នាំ​​ហើយ​នោះ​បាន​ប្តេជ្ញា​ដឹកនាំ​ប្រទេស​កម្ពុជា​​រហូត​ដល់​លោក​មាន​​អាយុ៧០​ឆ្នាំ​។

ប៉ុន្តែ យុវជន​កម្ពុជា​ដែល​មានប្រហែល​៧០​ភាគ​រយ​នៃ​ប្រជា​ពល​រដ្ឋ​ទាំង​១៤​លាន​នាក់​ មានអាយុ​ក្រោម​៣០​ឆ្នាំ​នោះ ផ្តោត​ទៅ​លើ​កង្វល់​ថ្មីៗ​ជា​ច្រើន​ ដូចជា ការ​ចាប់​យក​ដី​ធ្លី ​​​ជម្លោះ​ការ​ងារ ភាព​អត់​ការ​ងារ​ធ្វើ និង​អំពើ​​ពុក​រលួយ​ដ៏រាល​ដាល។

ការ​ចរ​ចាដ៏​រីករាយ​រាក់​ទាក់​​របស់​លោក ហ៊ុន សែន ជាមួយ​គណ​បក្ស​ប្រឆាំង​គឺ​ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ បើ​គិត​ពី​ភាព​មិនចេះអធ្យា​ស្រ័យ​​ពី​មុន​របស់​គាត់​ ចំពោះ​គូ​ប្រឆាំង​នយោ​​បាយ​និង​ប្រវត្តិ​​ស្អប់​ខ្ពើម​​គ្នា​​ជាមួយ​លោក សម រង្ស៊ី។

លោក សម រង្ស៊ី អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញ​វត្ថុ បាន​និរទេស​ខ្លួន​ពីរ​ដង​ ដើម្បី​គេចវេះពី​ទោស​ព្រហ្ម​ទណ្ឌ ដែល​អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​អាមេរិក​បាន​និយាយ​ថា ជា​រឿង​នយោបាយ។

កាលពី​ឆ្នាំ​២០១០ លោក សម រង្ស៊ី ត្រូវ​បាន​ផ្តន្ទា​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិតពាក់​ព័ន្ធនឹង​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​រវាង​កម្ពុជា និង​វៀតណាម។ លោក សម រង្ស៊ី បាន​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ កាលពី​ខែ​កក្កដា បន្ទាប់​ពី​ទទួល​បាន​ព្រះ​រាជ​ទាន​លើក​​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ ​ដើម្បី​មក​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បានបង្កើត​ឡើង​​បន្ទាប់​ពី​គណ​បក្ស​ពីរ​បាន​រួម​បញ្ចូល​គ្នា​កាល​ពី​ឆ្នាំមុន​។

លោក សម រង្ស៊ី មាន​ប្រសាសន៍ថា គេ​បាន​​លួច​បន្លំ​សន្លឹក​ឆ្នោត​​២,៣​លាន​សំឡេង​ ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ឲ្យ​គណ​បក្ស​នេះ​ចាញ់​ឆ្នោត​ កាល​ពី​ខែ​កក្កដា។ ប៉ុន្តែ លោក ហ៊ុន សែន បាន​ច្រាន​ចោល​ការ​ទាម​ទារ​របស់​លោក សម រង្ស៊ី ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ដោយ​ឯក​រាជ្យ​លើ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នេះ។

លោក ខាលីល ថេយ័រ អ្នក​ជំនាញ​អំពី​ប្រទេស​កម្ពុជា​នៅ​សាកល​វិទ្យាល័យញូវ​សៅ​វេលស៍ ក្នុង​ទីក្រុង​ កង់បេរ៉ា នៃ​ប្រទេស​អូស្ត្រាលី​​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​ ហ៊ុន សែន ព្រម​ព្រៀង​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ខា​ង​ក្រៅ​នៅ​ដំណាក់​កាល​នេះ មាន​ន័យ​ស្មើ​នឹងការ​ទទួល​ស្គាល់​ថា ​មិន​មាន​ការ​​លួច​បន្លំ​សន្លឹក​​ឆ្នោត​​នោះទេ​”។

កាល​ពី​ថ្ងៃ​អង្គារ អ្នកគាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ បាន​លើក​បដា​ដែល​សរសេរ​ថា “សន្លឹក​ឆ្នោត​ខ្ញុំ​នៅ​ឯណា?” និងស្រែក​ថា “ ប្តូរ! ប្តូរ!”។

ដោយ​មិន​សូវ​មាន​សង្ឃឹម​ថា នឹង​មាន​ការ​​ស៊ើប​អង្កេត​នោះ ឥឡូវ​នេះ លោក សម រង្ស៊ី ត្រូវ​បញ្ចុះបញ្ចូលពួក​គេ​ឲ្យ​ធ្វើ​យុទ្ធនាការ​រយៈ​ពេល​យូរ​ ដើម្បី​កែ​ប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត។ លោក ថេយ័រ បាន​មាន​ប្រសាសន៍ថា “គណ​បក្ស​​សង្គ្រោះ​ជាតិ​ ត្រូវ​ទទួល​ស្គាល់​​​ខ្លួន​ឯង​ថា ​ជា​គណ​បក្ស​ប្រឆាំង​ សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​នេះ​”។

បើ​សន្មត​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា ប្រសិទ្ធ​ភាព​របស់​គណ​បក្ស​នេះ​នៅក្នុង​រដ្ឋ​សភា អាស្រ័យ​លើ​សម្បទាន​បែប​ណា​ ដែល​មេ​ដឹក​នាំ​របស់​ខ្លួន​ទទួល​បាន​ពី​លោក ហ៊ុន សែន នៅ​សប្តាហ៍​នេះ។

គណ​បក្ស​សង្គ្រោះជាតិ​​ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ជា​ស្ថាប័ន​ដែល​មានសមាសភាព​សុទ្ធ​ន័យ​ស្មើ​នឹងការ​ទទួល​ស្គាល់​ថា ​មិន​មាន​ការ​​លួច​បន្លំ​សន្លឹក​​ឆ្នោត​​នោះទេ​។

បើ​សន្មត​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​​យក​អាសនៈ​របស់​ខ្លួន​​ក្នុង​រដ្ឋ​សភា ប្រសិទ្ធ​ភាព​​របស់​គណ​បក្ស​នេះ​ក្នុង​រដ្ឋ​សភា អាស្រ័យ​​លើ​សម្បទាន​បែប​ណា​ ដែល​មេ​ដឹក​នាំ​របស់​ខ្លួន​ទទួល​បាន​ពី​លោក ហ៊ុន សែន នៅ​សប្តាហ៍​នេះ។

គណ​បក្ស​សង្គ្រោះជាតិ​​ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ជា​ស្ថាប័ន​ដែល​មានសមាសភាព​សុទ្ធ​តែ​ជា​អតីត​មន្ត្រី​គណបក្សប្រជា​ជន​កម្ពុជា​ ហើយ​ចង់​បានស្ថានីយ​ទូរទស្សន៍​ផ្ទាល់​ខ្លួន ដើម្បី​កុំ​ឲ្យ​លោក ហ៊ុន សែន គ្រប់​គ្រង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​នៅទូទាំង​ប្រទេស​តែ​ម្នាក់​ឯង​ ព្រោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ​ភាគ​ច្រើន​មិន​រាយកាណ៍​អំពី​ការ​តវ៉ា​ទេ។

អ្នក​វិភាគ​និយាយ​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​ចង់​បាន​តំណែង​ជាប្រធាន ឬ​អនុ​ប្រធាន​រដ្ឋ​សភា​ និង​តំណែងជា​ប្រធាន​គណៈកម្មការ​របស់​រដ្ឋ​សភា​ ដែល​អ្នក​ស្មោះត្រង់​នឹងលោក​ហ៊ុន សែន បាន​កាន់​កាប់​ជាយូរ​មក​ហើយ​នោះ​ផង​ដែរ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ថ្លែង​ថា “បើ​គ្មាន​សម្បទាន​ទាំង​នោះទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​អាច​សម្រេច​បាន​ជោគ​ជ័យ​​ច្រើន​ឡើយ”។

លោក ហ៊ុន សែន ក៏​ត្រូវ​តែ​កែ​ទម្រង់​គណ​​បក្ស​ដែល​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ​របស់​លោក​ផង​ដែរ។ លោក អ៊ូ វីរៈ បាន​បន្ត​ថា “ផ្ទៃ​ក្នុង​ គណ​បក្ស​ប្រជា​ជន​​ គឺ​ជា​គណ​បក្ស​​ដ៏​អាក្រក់​​បំផុត​​ដោយ​សារ​​ប្រកាន់​បក្ស​ពួក​និយម​ និង​ទំនាក់​ទំនង​គ្រួសារ​តាម​រយៈ​អាពាហ៍​​ពិពាហ៍​ ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​ដែល​គាំទ្រ​​ដល់​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​”។

អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ទាក់​ទង​សុំការ​អត្ថា​ធិប្បាយ​បាន​ទេ។

លោក អ៊ូ វីរៈថ្លែងថា ប៉ុន្តែ ​ទោះ​បី​ជា​លោក ​ហ៊ុន សែន ប្រហែល​ជា​បន្ថែម​មនុស្ស​ថ្មី​មួយ​ចំនួន​ទៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ក៏​ដោយ ​ក៏​លោក​នឹង​មិន​ធ្វើ​ឲ្យ​គណ​បក្ស​របស់​លោក​បាត់​បង់​ស្ថិរភាព​ដោយ​​ការ​ដក​មន្ត្រី​មានឥទ្ធិ​ពល​ ​ជា​ច្រើន​របស់​​ខ្លួន​នោះ​ដែរ​។

លោក​បានមាន​ប្រសាសន៍ថា “ដូចនេះ​គណ​បក្ស​នេះ​​នៅ​តែ​មិន​ទទួល​យក​មនុស្ស​វ័យ​ក្មេង​ដែល​មាន​មហិច្ឆតា​ដដែល​”។

លោក កែម ឡី អ្នក​វិភាគ​សង្គម​បានមាន​ប្រសាសន៍ថា ការ​ដែល​គាត់​ចរចា​ជា​មួយ​គណ​បក្ស​ប្រឆាំង​គ្រប់​សំណើ​ទាំង​អស់​នោះ​ លោក ហ៊ុន សែន​ ក៏​កំពុង​ផ្លាស់​ប្តូរ​ដែរ។ លោក​បានបន្តថា “លោក​ ហ៊ុន សែន នៅ​​ស្ងៀម​ស្ងាត់​ មានន័យ​ថា គាត់​ចេះ​ស្តាប់​គេ​ច្រើន​​នៅ​ពេល​នេះ។ ហើយ​គាត់ញញឹម​ នោះគឺ​ជា​សញ្ញា​វិជ្ជ​មាន​មួយ​ទៅ​ហើយ​”។ទោះបីជា​ដូច្នេះក្តី​ជន​ផ្តាច់​ការ​មិនដែល​​ល្បី​ឈ្មោះ​ ចំពោះ​ការ​ធ្វើ​ឲ្យ​គេចាប់​អារម្មណ៍​នោះទេ។

លោក កែម ឡី​ បាន​មានប្រសាសន៍ថា “អំណាច​​មិន​គួរ​ប្រមូល​ផ្តុំ​នៅ​លើ​មនុស្ស​តែ​ម្នាក់​ទេ។ គាត់​ត្រូវ​តែ​មាន​ជំនឿ​លើ​មនុស្ស​ផ្សេង​ទៀត​។​ តាម​ប្រព័ន្ធ​របស់​គាត់​ គាត់​មិន​ទុក​ចិត្ត​​នរណា​ម្នាក់​ក្រៅ​ពី​ខ្លួន​គាត់​ទេ”៕

រាយការណ៏ដោយ : (Andrew R.C. Marshall
និង​ ប្រាក់​ ចន្ធុល Reuters)

ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស