32.9 C
Phnom Penh

តុលាការ​ខេត្ត​កំពង់​ស្ពី​​រង់​ចាំ​លទ្ធ​ផល​ស៊ើប​អង្កេត​លើ​ករណី​របស់​លោក ឡូរ៉ង់ វ៉ាល្លីយ៉េ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ម្នាក់​បាន​​​ឲ្យ​​​ដឹង​​​កាល​ពី​ថ្ងៃអង្គារ​​​​ថា ទោះ​បី​ជា​​​ស្ថាន​ទូត​បារាំង​បាន​ច្រានចោល​​​លទ្ធភាព​​​នៃ​​​ការ​​​ធ្វើ​​​អត្តឃាត​​​​​​ជុំវិញ​​​ការ​​​ស្លាប់​​​​របស់​ជន​ជាតិ​បារាំង​លោក ឡូរ៉ង់​ វ៉ាល្លីយ៉េ និង​កូនតូចៗ​​​​របស់​លោក​​​​ចំនួន​​​បួន​នាក់​ កាល​ពី​ខែ​​​មីនា​ក៏ដោយ ក៏​សាលា​ដំបូង​ខេត្ត​​​កំពង់​ស្ពឺ ត្រូវ​​​​រង់​ចាំ​លទ្ធ​ផល​នៃ​​​ការ​​​ពិសោធន៍​​​​ពេញលេញ​​​ ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស៊ើប​អង្កេត​​បារាំង​​​សិន​​​ដែរ​​​​។

សាកសព​លោក ឡូរ៉ង់ វ៉ាល្លីយ៉េ អាយុ​៤២​​ឆ្នាំ និង​កូនៗ​របស់​លោក អាយុពី ពីរឆ្នាំ ដល់​ប្រាំ​បួន​ឆ្នាំ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿងលិច​ក្នុង​ទឹក​ស្រះ​​ កាល​ពី​ខែ​មករា ឆ្នាំ​២០១២ ដែល​​​នៅ​​​ពេល​​​​នោះ​​​ ​​នគរ​បាល​បាន​រក​ឃើញ​រថយន្ត​នេះ​​​​​​​នៅ​បាតស្រះ​ទឹក​​​មួយ​​​នៅ​​​ក្បែរ​ផ្ទះ​របស់​ជន​​​រងគ្រោះ​​​​ក្នុង​ក្រុង​​​ច្បារមន។

បន្ទាប់​ពី​រថយន្ត​នេះ​​​ត្រូវ​បាន​រក​​​​ឃើញ​ នគរ​បាល​កម្ពុជា​បាន​ចចេស​​​​ថា វា​​​ជា​ករណី​ឪពុក​​​​ទាល់​​​ប្រាក់​​​និង​​​អស់​​​សង្ឃឹម​​​​​​សម្លាប់​កូនៗ​របស់​ខ្លួន​ រួច​​​ធ្វើ​អត្ត​ឃាត​​តាម​ក្រោយ​។ សូម្បី​​​តែ​​​លោក ឈឹម រិទ្ធី ចៅ​ក្រម​ស៊ើប​សួរ​​​​នៅ​​​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ ក៏​​​បាន​​​អះអាង​​​កាល​​ពី​ខែ​កុម្ភៈ ​ឆ្នាំ​នេះ​​​ថា ករណី​ធ្វើ​​​អត្ត​ឃាត​នេះ​​​បាន​កើត​ឡើង​ដោយ​សារ​លោក រ៉ូឡង់ វ៉ាល្លីយ៉េ  ”ខ្វះ​​​លុយ​​​​ខ្វះ​​​កាក់​​​​​​ និង​អស់​សង្ឃឹម​​​”។

ប៉ុន្តែ បន្ទាប់​ពី​​​​មាន​​​ការ​​​ស៊ើប​អង្កេត​យ៉ាង​​​ម្មត់ចត់​​​អស់​​​រយៈពេល​ពីរ​សប្តាហ៍​ពី​​​សំណាក់​​​អ្នក​ស៊ើប​អង្កេត​បារាំង​មួយ​ក្រុម​កាល​ពី​ខែ​មីនា ស្ថាន​ទូត​បារាំង​បាន​អះអាង​​​​ថា ​វា​​​មិន​​​អាច​​​ជា​​​ករណី​​​ធ្វើ​អត្ត​ឃាត​​ទេ​​​​ ព្រោះ​​​ទី​​​១​​​ពីរ​នាក់​​​​ក្នុង​​​ចំណោម​​​​កូនៗ​របស់​គាត់​​​​​​​មិន​បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​​ឡើយ​​​​ ទី​​​២​​​ លោក ឡូរ៉ង់​ វ៉ាលី្លយ៉េ មិន​បាន​ស្ថិត​នៅ​លើ​កៅអី​អ្នក​បើក​បរទេ​​​ ហើយទី​​​៣​​​ ​ម៉ាស៊ីន​រថយន្ត​របស់​​​លោក​​​នៅ​ពេល​​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​​​​នោះ​ គឺមិន​បាន​បញ្ឆេះ​ឡើយ​​​។
លោក រិទ្ធី បាន​​​ឲ្យ​​​ដឹង​​​​​កាល​ពី​ថ្ងៃ​​​អង្គារ​​​​ថា ខណៈ​​​​តុលាការ​​​បាន​ទទួល​ឯកសារ​​​​មួយ​​​ចំនួន​​​​ពី​អ្នក​ស៊ើប​អង្កេត​បារាំង​​​​ហើយក្តី​​​ក៏​​​​​​ មន្ត្រី​តុលាការ​នៅ​រង់​ចាំ​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​​ពេញ​លេញ​សិន​​​​ដែរ​​​។

លោក​បាន​បន្ត​ថា “កាល​ពី​មួយ​ខែមុន​​​ យើង​បាន​ទទួល​ឯកសារ​ធ្វើ​​​កោសល្យ​​​វិច្ច័យ​​​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​លលាដ៍​ក្បាល​ និង​រថ​យន្ត​​​​នោះ​​​ ដែល​​បញ្ជាក់​ថា ពួក​គេ​មិន​បាន​ស្លាប់​ដោយសារការលង់​​​ទឹក​​​ខ្លួន​​​ឯង​​​​ទេ គឺ​​​​ដោយ​​សារ​ឃាតកម្ម​” ដោយលោក​​​​​​បាន​​​បន្ថែម​​​ទៀត​​​​ថា ​​​បច្ចុប្បន្ន​​​នេះ​​​លោក​​​ជឿ​​​ថា​​​ ករណី​​​នេះ​​​​​​ជា​​​រឿង​​​ឃាត​​​កម្ម​​​ហើយ​​​។ លោកបាន​​​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​អ្នក​ស៊ើប​អង្កេត​​បារាំង​បញ្ជាក់​​​ថា វា​​​​ជា​ករណី​ឃាតកម្ម​ អ៊ីចឹង​​​​យើង​ក៏​យល់​ស្រប​តាម​ពួក​គេ​ដែរ​”។
កាល​ពី​ខែមីនា លោក រិទ្ធី បាន​​​ឲ្យ​​​ដឹង​​​​ថា អ្នក​ស៊ើប​អង្កេត​​បារាំង​បាន​កំណត់​​​អត្ត​​​សញ្ញាណ​​​​ជន​សង្ស័យពីរនាក់​ ប៉ុន្តែ​​​ នៅ​​​កសាង​សំណុំ​រឿង​ដើម្បី​ចោទ​ប្រកាន់​ពួក​គេ​​​នៅ​​​ឡើយ​​​។

គួរ​​​​​រំ់ឭក​​​ថា​​​ នៅពេល​ដែល​​​គ្រួសារ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយ៉េ នៅ​ប្រទេស​បារាំង​ បាន​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ ពួកគេ​បាន​លើក​ឡើង​ពី​​​​ជម្លោះ​យ៉ាង​ជូរចត់​​​រវាង​​​លោក ឡូរ៉ង់ និង​​​សាច់​ថ្លៃ​របស់​លោក​ ជុំ​វិញ​ដីទំហំ​១៥​ហិកតា នៅ​ក្នុង​ខេត្ត​ព្រៃ​វែង។ គ្រួសារ​របស់​​​លោក ឡូរ៉ង់ វ៉ាល្លីយ៉េ បាន​ចោទ​ប្រកាន់​ថា​​​ សាច់​ថ្លៃ​របស់​​​គាត់​​​បាន​​​លួច​​​​ប័ណ​​​ផ្ទេរ​​​កម្ម​សិទ្ធិ​ដី​ធ្លី​ ដែល​​​ទី​បំផុត​បែរ​​​ជា​​​ប្រើ​​​​ឈ្មោះ​សាច់​ថ្លៃ​ទៅវិញនៅ​ពេល​និសិ្សត​ស្ម័គ្រ​ចិត្ត​​​​ចុះ​​​​វាស់​វែង​ដី​ធ្លី​នៅក្នុង​តំបន់​នោះ​។

ឈ្មោះ​​​ ស្រីអូន ដែល​​​ត្រូវ​​​ជា​ប្អូន​ស្រី​របស់​សព​​​ភរិយា​លោក វ៉ាល្លីយ៉េ បាន​ឲ្យ​​​ដឹង​​​ថា កាល​ពីប៉ុន្មាន​ខែ​មុន​​​​ ស្ថាន​ទូត​បារាំង​​បាន​ស្នើ​ឲ្យ​អ្នក​ស្រី​ ឪពុក​របស់​អ្នក​ស្រី និង​ម្តាយ​ចុង​របស់​អ្នក​ស្រីទៀត​​​​​​ធ្វើ​​​​​ដំណើរ​​​​ទៅ​​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ធ្វើ​ការ​សាក​សួរ​។ ពួក​គេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ក្រោយ​​​ចប់​​​ការ​​​សាកសួរ​​​។ ស្រីអូន​​​បាន​និយាយ​ថា “ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​​​​បាន​​​ជា​​​បង​ថ្លៃ​ខ្ញុំ និង​ក្មួយ​ប្រុស​​​​ ​ក្មួយ​ស្រី​​របស់​ខ្ញុំ​​​​ស្លាប់​​​​​ទេ​។ ខ្ញុំ​​​គ្មាន​​​អ្វី​​​ជាប់​​​ពាក់ព័ន្ធ​​​ជា​មួយ​​​នឹង​​​ការ​​​ស្លាប់​​​នេះ​​​ឡើយ​​​។​​​ ខ្ញុំ​សំណូម​ពរ​​​​​ឲ្យ​ស្ថាន​ទូត​បារំាង​ស្វែង​រក​ឃាតករ​ពិត​ ហើយ​​សូម​មេត្តា​រក​យុត្តិ​ធម៌​ជូន​ពួក​យើង​ផង​”​​​៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស