30 C
Phnom Penh

នគរបាល​សាក​សួរ​មិត្ត​ភក្តិ​ជន​រង​គ្រោះ​ដែល​គេ​បាញ់​សម្លាប់​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ស្ពាន​មុនី​វង្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​កាលពី​ម្សិលមិញ បាន​សាក​សួរ​មិត្ត​ភក្តិ​របស់​ជន​រង​គ្រោះ​ ដែល​កង​សន្តិសុខ​បាញ់​ចំ​ក្បាល​ស្លាប់​ក្បែរ​ស្ពាន​ព្រះ​មុនី​វង្ស​ កាលពី​យប់​ថ្ងៃ​អាទិត្យ ក្នុង​រាជធានីភ្នំពេញ​ បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម​ពេញ​មួយ​ថ្ងៃ​ និង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ពេលរសៀលថ្ងៃ​​​​នោះ​រវាង​អ្នក​​​​គាំទ្រ​គណ​បក្ស​ប្រឆាំង​ និង​អាជ្ញាធរ​។

ការ​សាក​សួរ​នេះ​ទំនង​ជា​ជំហាន​ដំបូង​នៃ​ការ​ស៊ើប​អង្កេត​ដែល​រដ្ឋាភិបាល​បាន​សន្យា​ថា នឹង​ស៊ើប​អង្កេត​លើ​ការ​បាញ់​សម្លាប់​បុរស​រូប​នេះ​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​ អំឡុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​រវាង​យុវជន​ដែល​ប្រើ​ដុំថ្ម​ និង​នគរបាល​ព្រម​ទាំងកង​​រាជ​អាវុធ​​ហត្ថ ដែល​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថ​កិច្ច​របស់​នគរបាលជាតិ​ ប៉ុន្តែ ការ​ស៊ើប​អង្កេត​នេះ កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើងដោយ​​​​សម្ងាត់​នៅ​ឡើយ​។

អ្នកស្រី សៀង នុត អាយុ​៤៤ឆ្នាំ ត្រូវ​ជា​បង​ស្រី​របស់​ជន​រង​គ្រោះ​ម៉ៅ សុខចាន់ អាយុ​២៩ឆ្នាំ បាន​និយាយ​ថា មិត្ត​ភក្តិ​របស់​ប្អូន​ប្រុស​ខ្លួន​ឈ្មោះ ​ស្រី វិចិត្រ​ អាយុ​៣២ឆ្នាំ​​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ប៉ុស្តិ៍​​នគរបាល​សង្កាត់​ផ្សា​រ​ដើម​ថ្កូវ​ ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ នៅ​ម៉ោង​៣រសៀល​។

អ្នកស្រី នុត​  លើក​ឡើង​ថា “ពួកគេ​បាន​សាក​​​​សួរ​​ វិចិត្រ ​អំពី​ថា តើនៅ​ពេលណា  ​វិចិត្រ​​ និងប្អូន​ប្រុស​ខ្ញុំ​​បាន​ចាក​ចេញ​ពី​ផ្ទះ​ ហើយ​ថា តើ​​​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ឯ​ស្ពាន​នោះ​”។ អ្នកស្រី​បាននិយាយ​បន្ថែម​ថា “ពួកគេ​ចង់​ដឹង​ព័ត៌មានលម្អិត​​បន្ថែម​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​​និង​ដើម្បី​ស្វែង​រក​យុត្តិធម៌ឲ្យ​ជន​រង​គ្រោះ​”។

ជន​រង​គ្រោះ​ ម៉ៅ សុខចាន់ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ជា​អ្នក​​ឈរ​នៅ​ក្បែរ​ស្ពាន​ ដែល​ត្រូវ​បាន​បិទ​ នៅ​ពេល​នគរបាល​ដែល​បាន​បាញ់​ឧស្ម័នបង្ហូរ​ទឹក​ភ្នែក​ និង​បាញ់​ព្រមាន  ​បាន​បាញ់​ប្រហារទៅ​លើ​យុវជន​ដែល​ប្រើ​ដុំថ្ម​ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស និង​ធ្វើ​ឲ្យ​ជន​រងគ្រោះ ម៉ៅ សុខចាន់​​​​​​ ​ស្លាប់​​​។

លោកឧត្តម​សេនីយ៍​ទោ ខេង ទីតូ អ្នក​នាំ​ពាក្យ​​កង​រាជអាវុធ​ហត្ថ​បាន​បដិសេធម្តង​ហើយ​ម្តង​ទៀត​ថា នគរបាល​មិន​មានកាន់​​អាវុធ​ ឬក៏​ប្រើ​គ្រាប់​ពិត​នោះ​ទេ​ ដោយ​លោក​​​​​បាន​លើក​​ឡើង​ជំនួស​វិញ​ថា កាំភ្លើង​ដែល​ប្រើ​ដើម្បី​បាញ់​​​​ជន​រងគ្រោះ​  ម៉ៅ សុខចាន់ នោះ​​​​ប្រហែល​ជា​កើត​ចេញ​ពី​ជន​ស៊ីវិល​ម្នាក់​។ លោក​ឧត្តម​សេនីយ៍ឯក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​​ជាតិ​មិន​អាច​ទាក់​ទង​បាន​ទេ ទោះ​បី​ជា​មានការ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀតក្តី។

នៅ​ពេល​នគរបាល​ប្រដាប់​ដោយ​គ្រាប់​កាំភ្លើង​ជ័រ ដំបង​ឆក់ គ្រាប់​បែក​ផ្សែង និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នោះ មាន​អ្នក​កាសែត​ម្នាក់ដែល​ស្ថិត​​នៅ​ក្នុង​ហេតុការណ៍នោះ​ បាន​ឃើញ​កង​រាជអាវុធ​មួយ​ចំនួន​កាន់​កាំភ្លើង​អាកា​47 រីឯនគរបាល​បង្ក្រាប​បាតុកម្ម​វិញ​មាន​ប្រដាប់​ទៅ​ដោយ​​កាំភ្លើង​​​ខ្លី​​​។

មន្ត្រី​នគរបាល​ខណ្ឌ និង​សង្កាត់​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយលើ​​ការ​ស៊ើប​អង្កេត​នេះ​ទេ​ ដោយ​បាន​បង្វែ​សំណួរទៅ​​​នគរបាល​​រាជធានី​វិញ ហើយ​មន្ត្រី​នគរបាល​រាជធានី​មិន​អាច​ទាក់​ទង​បាន​ឡើយ​។ គេ​មិនដឹង​ទេ​ថា តើ​អាជ្ញាធរ​បានសាក​សួរ​​សមាជិកកង​សន្តិសុខ​ដែល​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​យុវជន​ប្រើ​ដុំថ្ម​ កាលពី​ថ្ងៃ​អាទិត្យ​ ​​ ​​​ឬ​​​ក៏​​​អត់​​​នោះ​​​ទេ ហើយ​គេក៏​មិនដឹង​ថា តើ​មន្ត្រី​​​ដែល​មាន​ឋានៈ​ខ្ពស់​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​​​​អ្វី​ដែល​បាន​កើត​ឡើង​ និង​ថា តើ​នរណា​ជា​​​អ្នក​បញ្ជា​ក្នុង​ប្រតិបត្តិការ​នេះ​ ដែល​មាន​នគរបាល​ និង​កង​រាជអាវុធ​ហត្ថ​ប៉ុន្មាន​រយ​នាក់​ចូល​រួម​ពាក់ព័ន្ធ​ ឬក៏​អត់​នោះ​ដែរ​។

អ្នកស្រី ខៀវ សុខវី ប្រពន្ធ​របស់ជន​រង​គ្រោះ​ ម៉ៅ សុខចាន់ បាន​និយាយ​ថា គាត់​ចង់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ និង​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ ដើម្បី​ស្វែង​រក​យុត្តិធម៌ឲ្យ​ប្តី​របស់​គាត់។ អ្នកស្រី​បាន​និយាយ​បន្ថែម​ថា “ប្តី​របស់​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​នោះ​ទេ​​។ គាត់​មិនបាន​ចូល​រួម​បាតុកម្ម​​ណាមួយ​ឡើយ។​ ខ្ញុំ​សង្ឃឹម​ថា គេនឹង​នាំ​ជន​ដែល​ធ្វើ​ខុស​ពិតប្រាកដ​មក​ទទួល​​ទោស​”។

អ្នកស្រី សុខវី ក៏​​បាន​បញ្ជាក់​ពីការ​ទទួល​បាន​អំណោយ​ជា​ទឹក​ប្រាក់​២.០០០ដុល្លារពី​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ នរោត្តម មុនី​នាថ​ សីហនុ ផងដែរ ដោយ​បាន​និយាយ​ថា អំណោយ​នេះ​នឹង​ជួយ​គាត់​ក្នុង​ការ​ចិញ្ចឹម​កូន​ៗបួន​នាក់​នៅពេល​ខាង​មុខ​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស