30 C
Phnom Penh

ម្ចាស់​ហាង​កែសម្ផស្ស​បានប្តឹងគណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​ហាង​កែ​សម្ផស្សមួយរួបក្នុងរាជធានី​ភ្នំពេញ បាន​ដាក់​ពាក្យ​បណ្តឹង​ទាក់ទិននិង​មេដឹក​នាំ​កំពូល​ៗ​មួយ​ចំនួន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិដោយ​អះ​អាង​ថា ពួកគេ​បាន​ញុះ​ញង់​បាតុករ​ឲ្យ​បំផ្លិច​បំផ្លាញ​ហាង​របស់​គាត់ និងបង្កឲ្យមានការ​ខូច​ខាត​​​​គិត​ជា​ទឹក​ប្រាក់​ប្រហែល​២០០.០០០​ដុល្លារ​ កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ​។

កាលពី​ម្សិល​មិញ អ្នកស្រី​ ឈឹម វត្តី ជា​ម្ចាស់​ និង​នាយិកា​​​ហាង​កែសម្ផស្ស​ Clinigue De Beaute Luxe ដែល​ស្ថិត​នៅ​តាម​​​បណ្តោយ​​​មហាវិថី​ព្រះ​នរោត្តម​ ​ បាន​​​រៀប​​​រាប់​​​ពី​​​​ហេតុការ​ណ៍​នេះ​ឡើង​វិញ​ នៅ​ខាង​ក្រៅ​អគារ​កម្ពស់​បី​ជាន់​​​​នៅ​​​ចំពោះ​​​មុខ​អ្នក​កាសែត​ និង​លោក ប៉ា សុជាតិ​វង្ស​ អភិបាល​រាជ​ធានីភ្នំពេញ ដែល​បាន​សន្យា​ថា នឹង​ជួយ​ជួស​ជុល​ហាង​នេះ​ឡើង​វិញ​​​​។

អ្នក​ស្រី​ ឈឹម វត្តី បាន​អះ​អាង​ថា ការ​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​ទៅ​លើ​ហាង​របស់​គាត់​បាន​កើត​ឡើង​​នៅ​ម៉ោង​ប្រហែល​៧យប់ ខណៈ​មនុស្ស​មួយ​ក្រុម​ ដែល​ត្រូវ​បាន​រារាំង​ដោយ​របាំង​លួស​បន្លា​ ​​​​គេ​​​​ដាក់​នៅ​ខាង​មុខ​ហាង​កែ​សម្ផស្ស​នេះ​ និង​នៅ​លើ​មហាវិថី​ព្រះ​នរោត្តម​​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​នោះ​​ហើយ​បាន​ចាប់ផ្ដើម​​​​​ជេ​រប្រមាថ​គាត់​ ពីព្រោះ​ហាង​របស់​គាត់​មាន​បិទ​​​ស្លាក​សញ្ញា​ធំមួយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។

អ្នកស្រី​បាន​និយាយ​​​សំដៅ​ទៅ​លើ​ពាក្យ​មួយ​ដែល​គេ​ប្រើ​ចំពោះ​ស្ត្រី​វៀតណាម​ថា “អ្នក​តវ៉ា​មួយ​ក្រុម​នៅ​ខាង​មុខហាង​​​​របស់​ខ្ញុំ​បាន​ចាប់​ផ្តើម​ហៅ​ខ្ញុំ​ថា [​មី​យួន]​”។ អ្នកស្រី​បាន​និយាយ​បន្ថែម​ថា “អ្នក​តវ៉ា​មួយ​ចំនួន​បាន​គប់​ដុំថ្ម​ និង​អ្នក​ខ្លះ​ទៀតបាន​​គប់​ដប​ទឹក​សុទ្ធ​ចូល​ហាង​របស់​ខ្ញុំ​។ ការ​ខូច​ខាត​សម្ភារ​ និង​ផលិត​ផល​របស់​ខ្ញុំ​ ដែល​បាន​ទិញ​មក​ពី​ប្រទេស​ស្វ៊ីស​ និង​ប្រទេស​អ៊ីតាលី បើ​គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​២០០.០០០ដុល្លារ​”។

ផ្នែក​ខាង​ក្រៅ​ហាង​របស់​អ្នក​ស្រី ឈឹម វត្តី មើល​ទៅ​មាន​ការ​ខូច​ខាត ​កាលពី​ម្សិល​មិញ។ ទ្វារមួយ​ក្នុង​ចំណោម​ទ្វា​រហាង​ទាំង​អស់​មាន​ការ​បែក​បាក់​ ហើយ​ស្លាក​សញ្ញា​នៅ​ខាង​មុខ​ហាង​ត្រូវ​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​។ នៅ​ពេល​អ្នក​កាសែត​បាន​ទៅ​ដល់​ហាង​កែសម្ផស្ស​ Clinigue De Beaute Luxe ផើង​​ផ្កា​ដែល​សង្ស័យ​ថា ត្រូវ​បាន​កម្ទេច​ក្នុង​ការ​វាយ​ប្រហារ​ត្រូវ​គេ​ទាញ​យក​ទៅដាក់​នៅ​កន្លែង​ដើម​វិញ​ ក៏​ដូច​ជា​ស្លាក​សញ្ញា​ដែល​បែក​បាក់​ផង​ដែរ​ មុន​ពេល​ត្រូវ​បាន​យក​ទៅ​ចោល​នៅ​គំនរ​សំរាម​​​​ក្បែ​រនោះ។

អ្នក​ស្រី វត្តី​ បាន​លើក​ឡើង​ថា “ខ្ញុំ​ដាក់​ពាក្យ​​បណ្តឹង​ទៅ​ [សាលា​ដំបូង​រាជធានី​ភ្នំពេញ]  ប្តឹង​បាតុករ​ និង​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួម​ទាំង​លោក សម រង្ស៊ី លោក​ កឹម សុខា និង​លោកស្រី មូរ សុខហួរ ពីព្រោះ​ពួកគេ​បាន​ញុះ​ញង់​ឲ្យ​កើតបញ្ហានេះ​”។ អ្នក​ស្រី​បាន​លើក​ឡើង​បន្ត​ថា “យើង​ឃើញ​ហើយ​ទាំង​នេះ​គឺ​ជាការ​ខូច​ខាត​ ហើយ​យើង​មាន​ភ័ស្តុតាង​ពី​​​កាមេរ៉ា សុវត្ថិភាព​”។

អ្នក​រត់​ម៉ូតូ​ឌុប​​​ម្នាក់​ដែល​អះ​អាង​​​​​ក្នុង​លក្ខ​​​ខណ្ឌ​អនាមឹកថា បាន​ឃើញ​​ការ​ប្រើ​អំពើ​ហិង្សានេះ​ ​បាន​និយាយ​ថា ហាង​របស់អ្នក​ស្រី ឈឹម ​វត្តី ត្រូវ​​​​​គេ​ដាក់​របាំង​​​​លួស​បន្លា​ការពារ​​ ហើយ​អ្នក​ស្រី​ទេ​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ។

អ្នក​រត់​ម៉ូតូ​ឌុប​រូប​នេះ​បាន​និយាយ​ថា “ប្រជាពលរដ្ឋ​​​ខឹង​​​​​​នឹង​​​គាត់​​​ ពីព្រោះ​គាត់​បាន​ជេរ​ប្រមាថ​ពួកគេ​ ហើយ​បាន​ដាក់​របាំង​​​លួស​បន្លា​នៅ​ខាង​មុខហាង​​​​របស់គាត់​​​​ ដើម្បី​រារាំង​មិន​ឲ្យ​អ្នក​​​ធ្វើ​ដំណើរ​ឆ្លង​កាត់​”។

នៅ​ពេល​ត្រូវ​បាន​សួរអំពី​ពាក្យ​បណ្តឹង​​​នេះ​​​​ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​ហេតុការ​ណ៍​ដែល​បាន​កើត​ឡើង​នេះ​ទេ​ ហើយ​បាន​ផ្កោល​ទោស​​​ជន​ដែល​​​​ជាប់​ពាក់​ព័ន្ធ​ក្នុងរឿងនេះ។

លោក យឹម សុវណ្ណ បាន​ថ្លែង​ថា “ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​អ្វី​ទាល់​តែ​សោះ​​​ពាក់​​​ព័ន្ធនឹង​​​​ពាក្យ​បណ្តឹង​នេះ​”។​លោក​បាន​បន្ថែម​ថា “ប៉ុន្តែ ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​​របស់​យើង​គឺ​អហិង្សា​គ្រប់​ពេល​វេលា​ ហើយ​យើង​សូម​ថ្កោល​ទោស​ជនល្មើស​​ណា​មួ​យ​ដែល​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ហើយ​ពួកគេ​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់​”។

លោក ប៉ា សុជាតិ​វង្ស​ ​បាន​មាន​ប្រសាសន៍​ថា សាលា​រាជធានី​ នឹងជួយ​ជួល​ជុលហាង​​​​របស់​អ្នកស្រី វត្តី ​ឡើង​វិញ​ ហើយប្តេជ្ញា​ថា និង​ចាប់​ជន​ល្មើស​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ឲ្យបាន​​​។ លោក​បាន​ថ្លែ​ងថា “នេះ​គឺ​ជា​បញ្ហា​មួ​យ​បែបដែល​​​​តែង​តែ​កើត​ឡើង​ពាក់​ព័ន្ធ​នឹង​ការ​រើស​អើងពូជសាសន៍ប្រឆាំង​នឹង​នរណា​ម្នាក់​ ដោយ​សារ​ការ​ងប់​ងល់​ នឹង​​នយោបាយ​។ វា​ជា​រឿង​​​ចាំ​បាច់​ដែល​ត្រូវ​ស្វែង​រក​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សាធារណៈ​នេះ”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយ​ឈាង​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស