គណបក្សសង្គ្រោះជាតិបានសរសេរលិខិតថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីម្សិលមិញ ដើម្បីទូលថ្វាយព្រះអង្គជាផ្លូវការអំពីការគំរាមធ្វើពហិការរបស់ខ្លួន មិនចូលរួមសម័យប្រជុំបើករដ្ឋសភា ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទ ប្រសិនបើមិនមានកិច្ចព្រមព្រៀងដែលអាចទទួលយកបានជាមួយគណបក្សប្រជាជនកម្ពុជាទេនោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបដិសេធមិនផ្តល់ច្បាប់ចម្លងនៃលិខិតផ្ញើទៅព្រះបរមរាជវាំងនោះទេ ប៉ុន្តែ លោកបានមានប្រសាសន៍ថា នៅក្នុងលិខិតនោះយើងបានទូលព្រះមហាក្សត្រថា គណបក្សប្រឆាំងនឹងធ្វើពហិការសម័យប្រជុំបើករដ្ឋសភានៅថ្ងៃច័ន្ទ ប្រសិនបើការចរចារជាមួយគណបក្សប្រជាជនកម្ពុជាមិនបានជោគជ័យទេនោះ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ប្រសិនបើយើងមិនអាចរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងមិនអាចរកដំណោះស្រាយបានទេនោះយើងនឹងធ្វើពហិការសម័យប្រជុំសភាលើកដំបូងនេះ”។
គណបក្សសង្គ្រោះជាតិដែលកំពុងជំទាស់នឹងការឈ្នះឆ្នោតជាផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាេនះ បានទទួលព្រះរាជសារមួយពីព្រះមហាក្សត្រ កាលពីថ្ងៃពុធ ដែលលិខិតនោះជំរុញឲ្យបេក្ខជនសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សប្រឆាំងទទួលយកអាសនៈរបស់ខ្លួននៅថ្ងៃច័ន្ទ។ នេះគឺជាលិខិតទី២របស់ព្រះមហាក្សត្រ ដើម្បីអញ្ជើញគណបក្សប្រឆាំងឲ្យចូលរួមសម័យប្រជុំរដ្ឋសភា។ ទោះជាយ៉ាងណា លទ្ធភាពបែបនេះ ហាក់ដូចជានៅវែងឆ្ងាយណាស់។
គណបក្សទាំងពីរមិនបានជួបចរចាគ្នាទេ ចាប់តាំងពីព្រឹកថ្ងៃអង្គារមក ហើយលោក យឹម សុវណ្ណ បានមានប្រសាសន៍ថា មិនមានការរៀបចំគម្រោងចរចាទៀតទេ។ លោកបានមានប្រសាសន៍ថា “យើងកំពុងរង់ចាំការឆ្លើយតបពីគណបក្សប្រជាជនកម្ពុជា ពីព្រោះយើងបានប្រាប់អ្វីៗគ្រប់យ៉ាងដល់គណបក្សប្រជាជនកម្ពុជារួចហើយ”។
ទោះជាយ៉ាងណា លោក ប្រាក់ សុខុន រដ្ឋលេខាធិការមកពីគណបក្សប្រជាជនកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រីដែលចូលរួមនៅក្នុងការចរចានេះ បានមានប្រសាសន៍ថា ការទទួលខុសត្រូវសម្រាប់ការចរចាជាថ្មី គឺស្ថិតនៅលើគណបក្សប្រឆាំង។ លោកបានថ្លែងកាលពីម្សិលមិញថា “ការចរចានេះគឺអាស្រ័យលើគណបក្សប្រឆាំងនៅពេលនេះ”។
នៅក្នុងលិខិតរបស់ខ្លួនផ្ញើថ្វាយព្រះមហាក្សត្រកាលពីម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជាបានលើកឡើងសារជាថ្មីពីគម្រោងរបស់ខ្លួនក្នុងការចូលរួមសម័យប្រជុំបើករដ្ឋសភា មិនថា មានបញ្ហាអ្វីឡើយ។
លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លិខិតនោះកើតចេញពីកិច្ចប្រជុំនៅព្រឹកនោះ រវាងលោក ហ៊ុន សែន និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង៦៨ របស់គណបក្សប្រជាជនកម្ពុជា។ លោក ជាម យៀប បានមានប្រសាសន៍ថា “សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឲ្យសមាជិកសភាជាប់ឆ្នោតទាំងអស់កុំធ្វើដំណើរទៅណា ពីព្រោះពួកគេត្រូវចូលរួមកិច្ចប្រជុំសភានៅថ្ងៃច័ន្ទ”។ លោកបានបន្ថែមថា ប្រសិនបើគណបក្សប្រឆាំងជាចុងក្រោយសម្រេចមិនចូលរួមនោះ “ មានន័យថា ពួកគេមិនគោរពរដ្ឋធម្មនុញ្ញ ហើយពួកគេមិនដង្ហែរតាមព្រះករុណា”។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ ថា ឱកាសនៃការធ្វើពហិការ ឥឡូវនេះមានប្រហែល៨០ភាគរយ។
លោក ហ៊ុន សែន បានព្រមានគណបក្សប្រឆាំងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគេដឹងជាទូទៅថា លម្អៀងទៅខាងគណបក្សប្រជាជនកម្ពុជានោះ អាចបែងចែកអាសនៈទាំង៥៥របស់គណបក្សសង្គ្រោះជាតិមកឲ្យគណបក្សប្រជាជនកម្ពុជា។ ការគំរាមបែបនេះបង្កឲ្យមានភាពចលាចល ហើយអ្នកវិភាគ និងមេធាវីបានបញ្ជាក់ថា ទង្វើបែបនេះមិនស្របច្បាប់ទេ ហើយគ.ជ.ប. មិនអាចធ្វើទង្វើដ៏តក់ក្រហល់បែបនេះបានទេ។
លោក ប្រាក់ សុខុន ក៏បានមានប្រសាសន៍ផងដែរថា លើកឡើងសារជាថ្មីអំពីការព្រមានរបស់នាយករដ្ឋមន្ត្រី អំពីសិទ្ធិបែងចែកអាសនៈរបស់គណបក្សប្រឆាំង។ លោកបានមានប្រសាសន៍ថា “ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីរ ចំណុច។ ចំណុចទី១ គឺការធ្វើពហិការ និងចំណុចមួយទៀតគឺ ការបោះបង់ចោលអាសនៈ។ គណបក្សសង្គ្រោះជាតិគ្រាន់តែធ្វើពហិការ ដូច្នេះមិនចាំបាច់មានការបែងចែកអាសនៈនោះទេ”។
ច្បាប់បោះឆ្នោតចែងថា គ.ជ.ប. អាចបែងចែកអាសនៈរបស់គណបក្សណាមួយប៉ុន្តែលុះត្រាតែគណបក្សនោះ “ប្រកាសបោះបង់” អាសនៈរបស់ខ្លួន ឬលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីឈ្មោះគណបក្សផ្លូវការ។ គណបក្សសង្គ្រោះជាតិមិនបានអនុវត្តចំណុចណាមួយក្នុងចំណោមចំណុចទាំងពីរទេ។
លោក ជាម យៀប បានបញ្ជាក់ថា គណ បក្សប្រជាជនកម្ពុជានៅតែអាចបង្កើតរដ្ឋាភិបាលថ្មីជាមួយសមាជិកសភាទាំង៦៨របស់ខ្លួន ទោះបីជាគណបក្សប្រឆំាងធ្វើពហិការក៏ដោយ ប៉ុន្តែ មិនបានពន្យល់ប្រាប់ថា តើអាចបង្កើតរដ្ឋាភិបាលដោយរបៀបណានោះទេ។ រដ្ឋធម្មនុញ្ញតម្រូវឲ្យរដ្ឋសភាមានសមាជិកយ៉ាងតិច១២០រូប៕
ប្រែសម្រួលដោយ មូល គឹមហឿន