35 C
Phnom Penh

បញ្ជូនរឿង​ក្តី​លួច​បន្លំ​លុយ​លក់ជីជំនួយ​ទៅ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ខេត្ត​បាននិយាយ​កាល​ពី​ម្សិល​មិញ​ថា រឿ​ងក្តី​របស់​មន្ត្រី​ខេត្ត​បាត់​ដំបង​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​លួច​បន្លំ​ថវិកា​រដ្ឋ​អស់ចំនួន​២០០.០០០​ដុល្លារ​នោះត្រូវ​បាន​បញ្ជូនទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅក្នុង​រាជ​ធានី​ភ្នំពេញ​។

លោក ឡុង ហុកម៉េង ព្រះ​រាជ​អាជ្ញា​តុលា​ការខេត្ត​បាត់​ដំបង​បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​រយៈ​ពេល​ពីរ​សប្តាហ៍​លើ​រឿង​ក្តី​​ប្រឆាំង​លោក សេង រតនៈ អនុ​ប្រធានការិយា​ល័យ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង បាន​បង្ហាញ​ពីសញ្ញ​នៃ​អំពើ​ពុក​រលួយ​។ លោក​ ហុកម៉េង បានមាន​ប្រសាសន៍ថា “ចៅក្រម​ស៊ើប​សួរ​បានបញ្ជូន​រឿង​ក្តី​នេះ​ត្រឡប់​មក​ឲ្យ​ខ្ញុំ​វិញ​ជាមួយ​ព័ត៌​មាន​ថា មាន​ជាប់​ពាក់​ព័ន្ធ​អំពើ​ពុករលួយ ​​​​​​ដូច្នេះ ខ្ញុំ​​​បាន​​​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​ឲ្យ​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ កាលពី​ថ្ងៃ​ច័ន្ទ។

បន្ទាប់​ពី​ត្រូវបានចាប់​ខ្លួនកាលពី​ថ្ងៃ​ទី២ ខែកញ្ញា លោក សេង រតនៈ បាន​សារភាព​ប្រាប់​នគរ​បាល​ថា​ គាត់​បានលក់​ជី​រាប់​ពាន់​តោនដែល​ទីភ្នាក់​ងារសហ​ប្រតិបត្តិការអន្តរ​ជាតិ​ជប៉ុន​បរិច្ចាគឲ្យ​នោះ ទៅ​ឲ្យ​កសិករ​ក្រីក្រក្នុង​តម្លៃ​ខ្ពស់​ ហើយ​រក្សាទុក​ប្រាក់ចំណេញ​ជាច្រើន​ ដែល​ប្រាក់ចំណេញនោះទុក​សម្រាប់​ក្រសួង​កសិកម្ម។

យោង​តាម​លោក ហុកម៉េង បានឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រាប់​នគរបាលថា គាត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​នេះ​តែ​ម្នាក់​ឯងនោះ​ លោក សេង រតន ក្រោយ​មក​បាន​ប្រាប់​ចៅ​ក្រម​ស៊ើប​​សួរ​ថា មនុស្ស​បួន​នាក់​ទៀត​បាន​ជាប់​ពាក់​​ព័ន្ធ​នៅ​ក្នុង​រឿង​អាស្រូវ​នេះដូច​ជា​លោក ជាម ចាន់សុភ័ណ អភិបាល​រង​ខេត្ត​បាត់​ដំបង​ដែល​ជា​កូន​ប្រុស​របស់​លោក ជាម យៀប សមាជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា និងលោក ឈឹម វិជ្ជរ៉ា ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​បាត់​ដំបង។

លោក ឈឹម វិជ្ជរ៉ា បាន​បដិសេធភ្លាមៗ​ថា មិនបាន​ជាប់​ពាក់​ព័ន្ធ​ទេ រីឯ​លោក ចាន់​សុភ័ណ បាន​អះ​អាង​ថា តាម​ពិត​គាត់​បាន​រាយ​ការណ៍​ប្រាប់​នគរ​បាល​ទើប​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក រតនៈ បន្ទាប់​ពី​ដឹង​ថា ជន​ជាប់​ចោទ​រូប​នេះ​បាន​យក​លុយ​រដ្ឋ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន។

ទោះ​បី​ជា​លោក ហុកម៉េង​ មានប្រ​សា​សន៍​​ថា មន្ត្រី​ខេត្ត​ទាំងពីរ​រូប​ស្ថិត​ក្នុង​ចំណោម​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងនោះ​ក៏​ដោយ ក៏​លោក អ៊ុក សុវណ្ណារិទ្ធ ចៅ​ក្រម​ស៊ើប​សួរ​បានបដិសេធ​ថា រឿង​នេះ​មិន​ពិត​ទេ​ ហើយ​នៅ​តែ​រក្សា​គោល​ជំហ​រនេះ​ដដែល។

លោក សុវណ្ណារិទ្ធ បាន​មានប្រសាសន៍ថា  “មិន​មានជន​សង្ស័យ​ផ្សេង​ទៀត​នៅ​ក្នុង​រឿង​ក្តី​នេះ​ទេ ហើយ​ខ្ញុំបាន​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​ឲ្យ​ព្រះ​រាជ​អាជ្ញា​រួច​ហើយ ដោយ​មាន​ការ​ផ្តល់​យោបល់​ឲ្យ​បញ្ជូន​រឿង​ក្តី នេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​”។

អង្គការ​ JICA ជាទី​ភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរ​​ជាតិ​របស់​រដ្ឋាភិបាល​ជប៉ុន​ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯងលើ​ករណី​នេះ បន្ទាប់​ពី​​ដឹង​ថា ប្រាក់​ចំណេញ​ពី​ការ​លក់​ជី​​៤.៦៥០​​តោនរបស់​គម្រោង​មួយ​ដែល​មាន​បំណង​​បង្កើន​ផលិត​កម្ម​ស្បៀង​អាហារ​របស់​កសិករ​នោះ ត្រូវ​បាន​មន្ត្រី​រដ្ឋា​ភិបាល​ម្នាក់​លួច​បន្លំ​។
ជាង​នេះ​ទៅ​ទៀត​ លោក យូគីកូ គីតា​ហ្សា​​វ៉ា​ ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​អង្គការ​ JICA បានមានប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៩ ខែកញ្ញា​ថា ការ​ឧបត្ថម្ភ​នា​ពេល​អនា​គតដល់​គម្រោង​នេះ​ អាស្រ័យ​លើ​ការ​កែ​លម្អ​ ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​​រដ្ឋា​ភិបាល​លើ​គម្រោង​បែប​នេះ​។ កាល​ពី​ម្សិល​មិញ​មន្ត្រី​អង្គការ JICA បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​ធិប្បាយ​អំពី​រឿង​ក្តី​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស