27 C
Phnom Penh

ឯកអគ្គរដ្ឋទូត​​​អាមេរិក​​​​​​ថា ការវិនិយោគ​​​របស់​​​អាមេរិក​​​​​​​​​បង្អាក់​​​ដោយសារ​​​អំពើពុក​​​រលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក​​​ វីលៀម ថត (Wil-liam Todd) ឯកអគ្គរដ្ឋទូត​​​សហរដ្ឋអាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្វីបើ​​​លោក​​​ខំប្រឹង​​​ប្រែង​​​​​​ផ្សព្វផ្សាយ​​​ថា ប្រទេស​​​កម្ពុជា​​​ជា​​​គោល​​​ដៅ​​​គួរ​​​ឲ្យ​​​ទាក់ទាញ​​​សម្រាប់​​​វិស័យ​​​ធុរកិច្ច​​​ក៏ដោយ ក៏​​​បណ្ដា​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​របស់​​​អាមេរិក មាន​​​ការ​​​ស្ទាក់​​​ស្ទើរ​​​ក្នុងការ​​​មក​​​វិនិយោគ​​​នៅទីនេះ ពីព្រោះ​​​ពួកគេ​​​នៅ​​​តែ​​​យល់​​​ថា ប្រទេស​​​នេះ​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ចាក់​​​ឫស​​​។

លោក វីលៀម ថត បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​មុន​​​សិក្ខាសាលា​​​មួយ​​​ស្ដីពីអំពើ​​​ពុក​​​រលួយ​​​ដែល​​​រៀប​​​ចំឡើង​​​ដោយ​​​ក្រុម​​​ប្រឹក្សា​​​​​​ពាណិជ្ជ​​​កម្ម​​​កម្ពុជា​​​-អាមេរិក (AmCham) ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ថា “ខ្ញុំ​​​ជឿថា នេះ​​​ជា​​​ពេល​​​​​​សម្រាប់​​​ក្រុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ៊ុនធំៗ​​​របស់​​​អាមេរិក​​​មក​​​វិនិយោគ​​​នៅ​​​ទីនេះ​​​។ ហើយ​​​ខ្ញុំ​​​ជឿថា ពួកគេ​​​ចង់​​​មក​​​ទីនេះ​​​ ប៉ុន្តែ​​​ខ្ញុំគិត​​​ថា បញ្ហាអំពើ​​​ពុក​​​រលួយ​​​កំពុង​​​តែ​​​រារាំង​​​ពួកគេ​​​មិន​​​ឲ្យ​​​មក​​​ទីនេះ”។

ថ្លែង​​​ដោយ​​​គ្មាន​​​សុន្ទរកថា​​​​​​ព្រាង​​​ ទុក​​​ដោយ​​​សារ​​​លោក​​​ទើប​​​តែ​​​ជួប​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​​​​តូច​​​មួយ​​​ ខណៈ​​​​​​ពេល​​​លោក​​​កំពុង​​​​​​​​​​​​ធ្វើ​​​ដំណើ​​​រ​​​មក​​​ចូល​​​រួម​​​សិក្ខាសាលា​​​នេះ និង​​​​​​ធ្វើ​​​ឲ្យ​​​លោក​​​​​​ភ្លេច​​​សុន្ទរ​​​កថា​​​ដែល​​​បាន​​​​​​ព្រាង​​​ទុក​​​របស់លោក​​​នៅក្នុង​​​រថយន្ត​​​ ខាឌីលែក (Cadillac)​​​នោះ​​​  លោក​​​ វីលៀម ថត បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ខណៈ​​​​​​ពេល​​​ដែល​​​មាន​​​ហេតុ​​​ផល​​​ល្អៗជាច្រើន​​​​​​​​​​​​​​​សម្រាប់​​​មក​​​វិនិយោគ​​​នៅ​​​កម្ពុជា ដូចជា​​​ច្បាប់​​​អនុគ្រោះ​​​ពន្ធ​​​ និង​​​កម្លាំង​​​ការ​​​ងារ​​​ថោក​​​ជាដើម​​​​​​​​​ កេរ្តិ៍ឈ្មោះ​​​របស់​​​កម្ពុជា ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​ធ្វើ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​នានា​​​របស់​​​អាមេរិក​​​រួញ​​​រា​​​ ​​​និង​​​គិត​​​ពិចារណា​​​ដោយ​​​ប្រុ​​ង​​​ប្រយ័ត្ន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “និយាយ​​​ដោយ​​​ស្មោះ​​​ត្រង់ទៅគឺថា បញ្ហា​​​អំពើ​​​ពុ​​​ក​​​រលួយ​​​បាន​​​បង្កើត​​​ឲ្យ​​​មាន​​​​​​អ្វី​​​ដែល​​​យើង​​​គិត​​​ថា ​​​ជា​​​ការ​​​បន្ទុច​​​បង្អាក់​​​ដល់​​​សេដ្ឋកិច្ច​​​។ វាជា​​​អ្វី​​​ដែល​​​បាន​​​រារាំង​​​ក្រុម​​​ហ៊ុ​​​ន​​​ជា​​​ច្រើន​​​របស់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ មិន​​​ឲ្យមក​​​វិនិយោគ​​​នៅ​​​ទីនេះ​​​” ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្នុង​​​មួយ​​​សប្ដាហ៍ខ្ញុំ​​​មើល​​​ឃើញ​​​ក្រុម​​​ហ៊ុន​​​ប្រហែល​​​បី ឬបួន​​​ចង់​​​មក​​​វិនិយោ​​​គ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ​​​ដែលចង់​​​ទិញ ឬលក់​​​ ឬបើក​​​ដំណើរការ​​​អ្វីមួយ​​​ ហើយ​​​ខ្ញុំ​​​បាន​​​មើល​​​ឃើញ​​​ក្រុម​​​ហ៊ុន​​​ធំមួយ​​​ចំនួន​​​ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​ធំៗបំផុត​​​នៅ​​​អាមេរិក ​​​ចង់​​​បោះ​​​ទុន​​​វិនិយោគ​​​១០០ពាន់​​​លាន​​​ ២០០​​​ពាន់​​​លាន​​​ ឬ​​​ច្រើន​​​ជាង​​​នេះ​​​ ប៉ុន្តែ​​​ពួកគេ​​​ខ្លាច​​​មិន​​​ហ៊ាន​​​មកទេ​​​”។

យោងតាម​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា បាន​​​ឲ្យ​​​​​​ដឹង​​​ថា ការ​​​វិនិយោគ​​​របស់​​​សហ​​​រដ្ឋ​​​អាមេរិក នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា មានទំហំ​​​ជា​​​ទឹក​​​ប្រាក់​​​ត្រឹម​​​តែ៥,៣លាន​​​ដុល្លារ​​ប៉ុណ្ណោះ​​​ដែល​​​ស្មើតែ០,២៣ភាគ​​​រយ​​​​​​នៃ​​​ការ​​​វិនិយោគ​​​បរទេស​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ប្រទេសនេះ។

លោក វីលៀម ថត ​​​មាន​​​ប្រ​​​សាសន៍​​​ថា ខណៈ​​​ពេល​​​ដែល​​​ការ​​​បង្កើត​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កាលពីឆ្នាំ២០១០ និង​​​អង្គ​​​ភាព​​​ប្រឆាំ​​​ង​​​អំពើ​​​រលួយ​​​ដែល​​​ពាក់​​​ព័ន្ធ​​​​​​គឺ​​​ជា​​​ជំហាន​​​មួយ​​​នៅ​​​ក្នុង​​​ទិស​​​ដៅ​​​ដ៏ត្រឹម​​​ត្រូវ​​​នោះ ការ​​​អនុវត្ត​​​ច្បាប់​​​នោះនៅមានកម្រិត​​​នៅ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រដ្ឋាភិបាល​​​​​​បាន​​​ដោះស្រាយ​​​បញ្ហា​​​អំពើ​​​ពុក​​​រលួយ​​​តាម​​​រយៈការ​​​បង្កើត​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។ ពួកគេ​​​បាន​​​​​​បង្កើត​​​​​​​​​ច្បាប់​​​យ៉ាង​​​ច្រើន​​​ដែល​​​មាន​​​តែ​​​នៅ​​​លើ​​​ក្រដាស​​​ប៉ុន្តែ​​​ការ​​​អនុវត្ត​​​​​​​​​​​​នៅ​​​ធូររលុងមិន​​​ដូច​​​អស់​​​លោក​​​មួយ​​​ចំនួន​​​ចង់​​​បាន​​​នោះ​​​ឡើយ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ខណៈ​​​ពេល​​​ដែល​​​ការ​​​នាំចេញ​​​របស់​​​កម្ពុជា​​​ចន្លោះពី​​​៤១​​​ទៅ​​​៤២​​​ភាគរយ​​​ទៅកាន់​​​សហរដ្ឋ​​​អាមេរិក​​​ ដែល​​​មាន​​​ចំនួន​​​ស្មើ​​​នឹង​​​ជាង​​​២០​​​ភាគ​​​រយ​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប (GDP) របស់​​​ប្រទេស​​​កម្ពុជានោះ “ការ​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​នោះ​​​កើន​​​ឡើង​​​កាន់​​​តែ​​​ច្រើន​​​ នឹង​​មាន​​​ការ​​​លំបាក ប្រសិន​​​បើ​​​បញ្ហា​​​អំពើ​​​ពុក​​​រលួយ​​​មិន​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​។ ហើយ​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​ឧស្សាហកម្ម​​​កើន​​​ឡើង​​​ច្រើន​​​ជាង​​​វាយន​​​ភណ្ឌ​​​ក៏​​​អាច​​​នឹង​​​ជួប​​​ការ​​​លំបាក​​​ដែរ​​​”។

លោក វីលៀម ថត បាន​​​ធ្វើការ​​​សន្និដ្ឋាន​​​ដោយ​​​ជំរុញ​​​ឲ្យ​​​ក្រុមហ៊ុន​​​បរទេស​​​នានា​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ធ្វើ​​​ប្រតិបត្តិការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ពួកគេ​​​អនុវត្ត​​​តាម​​​ច្បាប់​​​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ដែល​​​មាន​​​ស្រាប់​​​ ហើយ​​​​​​បាន​​​បង្ហាញ​​​ក្ដី​​​សង្ឃឹម​​​ថា ការ​​​ចរចា​​នា​​​ពេល​​​ខាង​​​មុខ​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​កំណែទម្រង់​​​​​​ច្រើន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​យល់​​​ឃើញ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ច្រើន​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ ហើយ​​​នៅ​​​ពេល​​​ពួកគេ​​​ធ្វើ​​​បែប​​​នោះ​​​បាន​​​ហើយ អំពើ​​​ពុក​​​រលួយ​​​ និង​​​វិធីដោះស្រាយ​​​​​​បញ្ហា​​​អំពើ​​​ពុក​​​រលួយ​​​នឹង​​​ក្លាយ​​​ជា​​​កំណែទម្រង់​​​មួយ​​​ក្នុង​​​ចំណោម​​​នោះ​​​”។
កាលពីខែសីហា ការ​​​ស្ទាប​​​ស្ទង់​​​ពី​​​ទស្សន​​​វិស័យ​​​ពាណិជ្ជកម្ម​​​អាស៊ានឆ្នាំ២០១៣-២០១៤ ដែលធ្វើ​​​ឡើង​​​ដោយ​​​សភា​​​ពាណិជ្ជកម្ម​​​សហ​​​រដ្ឋ​​​អាមេរិក និង​​​សភា​​​ពាណិជ្ជកម្ម​​​អាមេរិក​​​នៅ​​​​​​​​​ក្នុង​​​ប្រទេស​​​សិង្ហបុរី បាន​​​បង្ហាញ​​​ថា ៨១​​​ភាគរយ នៃ​​​អ្នក​​​ឆ្លើយ​​សំណួរ​​​បាន​លើក​ឡើង​ថា អំពើ​​​ពុក​​​រលួយ​​​​​​ជា​​​ឧប​​​សគ្គ​​​ចំពោះការ​​​វិនិយោគ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ដោយ​​​ព្យាយាម​​​​​​​​​បន្ធូ​​​រ​​​អា​​​រម្មណ៍​​​របស់​​​វិនិ​​​យោ​​​គិន​​​បរទេស​​​នានា​​​ដែល​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពីការ​​​គោរព​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​អន្តរជាតិ រួមទាំង​​​ច្បាប់​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​បរទេស​​​របស់​​​​​​សហ​​​រដ្ឋអាមេរិក​​​ផង​​​ដែរ​​​​​​នោះ កាលពីឆ្នាំមុន​​​ក្រសួង​​​មួយ​​​ចំនួន​​​បាន​​​ចេញ​​​​​​​​​បញ្ជី​​​បង្ហាញ​​​ពី​​​ថ្លៃទូទាត់​​​ដែល​​​ក្រុម​​​ហ៊ុន​​​នានា​​​ត្រូវ​​​​​​​​​​​​បង់​​​សម្រាប់​​​សេវាកម្ម​​​រដ្ឋនានា​​​ ដែល​​​​​​​​​​​​គេ​​​ហៅថា “តម្លៃ​​​បន្ធូរ​​​បន្ថយ​​​”។

តែ​​​ទោះជាយ៉ាង​​​ណា អំពើ​​​ពុក​​​រលួយ​​​នៅ​​​តែ​​​កើត​​​មាន​​​ជាទូទៅ​​​ដោយ​​​សារ​​​តែ​​​មាន​​​ការ​​​ផ្ដន្ទាទោ​​​ស​​​តិច​​​តួច​​​តាម​​​រយៈការ​​​អនុវត្ត​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយបាន​​​ផ្ដន្ទាទោសអ្នក​​​ប្រព្រឹត្ត​​​ល្មើស​​​ត្រឹម​​​​​​តែ​​​ប្រាំមួយ​​​ករណី​​​ប៉ុណ្ណោះ កាល​​​ពីឆ្នាំ២០១១ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹ​​​ង​​​ពាក្យ​​​បណ្ដឹង​​​ប្រហែល​​​៧០០​​​ដែល​​​ត្រូវ​​​បាន​​​ដាក់​​​ប្ដឹង​​​មក​​​អង្គភាព​​​នេះ​​​។ កាលពីឆ្នាំមុន​​​ពាក្យ​​​បណ្ដឹង​​​ប្រមាណ​​​៨០០​​​ត្រូវ​​​បាន​​​ដាក់ ហើយ​​​គ្មាន​​​ការ​​​ផ្ដន្ទាទោស​​​នរណា​​​ម្នាក់​​​ឡើយ។

ប៉ុន្តែ​​​​​​នៅ​​​ក្នុង​​​សិក្ខា​​​សាលា​​​កាលពីម្សិល​​​មិញ ​​​ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ពីសំណាក់​​​តំណាង​​​របស់​​​​​​អាមេរិក​​​ អឺរ៉ុប និង​​​ក្រុម​​​ហ៊ុនក្នុង​​​ស្រុក​​​នានា​​​ប្រមាណ​​​ជាង​​​១០០​​​រូប ខណៈ​​​ពេល​​​ដែល​​​វាគ្មិនបាន​​​ផ្ដោត​​​លើ​​​វិធី​​​ជាក់​​​ស្ដែង​​​ដើម្បី​​​គេច​​​ផុត​​​ពីការ​​​ជាប់​​​កុន​​​នៅ​​​ក្នុង​​​ “ វប្បធម៌អំពើ​​​ពុក​​​រលួយ​​​” នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ សមាជិក​​​មួយ​​​ចំនួន​​​នៃ​​​សហ​​​គមន៍​​​ពាណិជ្ជកម្ម​​​ក្នុង​​​ស្រុក​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​បាន​​​ចាត់​​​វិធានការ​​​ជាច្រើនរួច​​​មក​​​ហើយ​​​​​​ដើម្បី​​​កាត់​​​បន្ថយ​​​អំពើ​​​ពុក​​​រលួយ​​​។

លោក​​​ ប្រេតថុន ស្គីអារ៉ូនី (Bretton Sciaroni) ប្រធាន​​​​​​ក្រុម​​​ប្រឹក្សា​​​នាយក​​​របស់ AmCham និ​​ង​​​ជា​​​ទីប្រឹក្សាច្បាប់​​​របស់​​​រដ្ឋាភិបាល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បង្កើត​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ គឺជាវិធានការ​​​មួយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អង្គភាព​​​ប្រឆាំង​​​អំពើ​​​​​​ពុក​​​រលួយ​​​បាន​​​ចាប់​​​ផ្ដើម​​​ផ្ដន្ទាទោស​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​​​​។ នោះជា​​​រឿង​​​ល្អ​​​។ ពួកគេ​​​កំពុង​​​ព្យា​​​​​​​​​យាម​​​​​​ក្រើន​​​រំឭក​​​ដល់​​​ការ​​​ិយាធិប​​​តេយ្យ​​​​​​តាម​​​​​​​​​​​​​​​​​​​​​​​​​​​រយៈ​​​សំណុំ​​​រឿងនានា​​​​​​ និង​​​ការ​​​ផ្ដន្ទា​​​ទោស​​​​​​​​​​​​​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ខណៈពេល​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​មិនទាន់​​​បាន​​​ផ្ដន្ទាទោស​​​ពាណិជ្ជករ​​​ណាម្នាក់​​​នៅ​​​ឡើយ​​​នោះ​​​ វត្តមាន​​​របស់​​​អង្គភាព​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​បរទេសនានា​​​ធូរចិត្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រុម​​​ហ៊ុន​​​ល្អៗ​​​អាចនឹង​​​​​​ស្វែង​​​រក​​​ផ្លូវ​​​​​​ដើម្បី​​​ធ្វើ​​​ពាណិជ្ជកម្ម​​​នៅ​​​ [អាស៊ីអាគ្នេយ៍] ហើយពួកគេ​​​នឹង​​​ស្វែង​​​រក​​​ផ្លូវ​​​មក​​​កាន់​​​ទីនេះ​​​។ យ៉ាង​​​ហោច​​​ណាស់​​​ពួកគេ​​​អាច​​​មើល​​​ឃើញ​​​ការ​​​ប្ដេជ្ញាចិត្ត​​​របស់​​​រដ្ឋាភិបាល​​​ ទោះបីជា​​​វា​​​មិន​​​ទាន់​​​ពេញ​​​លេញ​​​នៅ​​​ឡើយ​​​ក៏ដោយ​​​”។

លោក រ៉ាមី សារ៉ាហ្វ (Rami Sharaf) ប្រធាន​​​ប្រតិបត្តិ​​​ក្រុម​​​ហ៊ុន​​​ RMA  Cambodia ដែល​​​បា​​ន​​​នាំ​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​របស់​​​អាមេរិក ដូចជា​​​ក្រុម​​​ហ៊ុន​​​ហ្វដ (Ford) ក្រុមហ៊ុន​​​ ចនឌា​​​ (John Deere) និង​​​ក្រុមហ៊ុន​​​ឌែរី ឃ្វីន (Dairy Queen) ជាដើម​​ចូល​​​មក​​​ក្នុង​​​ប្រទេសកម្ពុជា​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើក្រុម​​​ហ៊ុន​​​​​​ GE [General Electric] អាច​​​ដំណើរការ​​​ ន​​​ិង​​​រស់​​​រាន​​​បាន​​​នោះ​​​ ក្រុមហ៊ុន​​​អាមេរិក​​​ផ្សេងៗ​​​ទៀត​​​ក៏​​​អាច​​​​​​ធ្វើ​​​បាន​​​​​​ដូចគ្នា​​​ដែរ​​​”។

អ្នក​​​ចូលរួម​​​នៅ​​​ក្នុង​​​សិក្ខាសាលា​​​នេះ​​​ក៏បាន​​​សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភដែរ​​​ថា ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ថ្មីនេះ​​​ប្រហែលជា​​​តម្រង់​​​គោល​​​ដៅ​​​ទៅលើ​​​ពួកគេ​​​ ដោយ​​​អយុត្តិធម៌​​​។ បុរស​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​ថា ក្រុម​​​ហ៊ុន​​​បរទេស​​​នានា​​​ដែល​​​កំពុង​​​ធ្វើ​​​ប្រតិបត្តិការ​​​នៅក្នុង​​​​​​ប្រទេស​​​ចិន​​​ ត្រូវ​​​បា​​​ន​​​ផ្ដន្ទទោស​​​ពីបទ​​​ជួល​​​សមាជិក​​​គ្រួសារ​​​​​​របស់​​​​​​មន្ត្រី​​​រដ្ឋាភិបាល ​​​ជា​​​ទម្រង់​​​មួយ​​​នៃ​​​ការ​​​សូក​​​ប៉ាន់​​​​​​ដែលគេ​​​មិន​​​សូវ​​​ចាប់​​​អារម្មណ៍។

បុរស​​​រូប​​​នេះ​​​​​​លើក​​​ឡើង​​​ទៀត​​​ថា “រឿង​​​មួយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​ភ័យខ្លាច​​​គឺត្រង់​​​ថា ខ្ញុំ​​​បាន​​​ជួល​​​គ្រួសារ​​​ឲ្យ​​​ធ្វើការ​​​ឲ្យ​​​ខ្ញុំ​​។​​​​ ហើយ​​​ពួកគេ​​​ធ្វើ​​​ការ​​​ ងារ​​​ពិត​​​ប្រាកដ​​​ វាមិន​​​មែន​​​ដោយ​​​សារ​​​តែ​​​ខ្ញុំ​​​ចង់​​​​​​ឲ្យ​​​សាច់​​​ញាតិ​​​​​​របស់​​​ពួកគេ​​​រាក់​​​ទាក់​​​នឹង​​​​​​ខ្ញុំ​​​នោះ​​​ឡើយ។ ខ្ញុំ​​​យក​​​ពួកគេ​​​ម​​​ក​​​ឲ្យ​​​ធ្វើការងារ​​​​​​ពិត​​​ប្រាកដ​​​”។ អ្ន​​​ក​​​ចូល​​​រួម​​​ផ្សេងៗទៀតបាន​​​បញ្ចេញ​​​ទស្ស​​​នថា ការ​​​អនុវត្ត​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ការ​​​ធ្វើពាណិជ្ជកម្ម​​​​​​នៅក្នុង​​​ប្រទេស​​​​​​កម្ពុជា​​​នៅ​​​តែ​​​កើត​​​មាន​​​។

លោក កែវ សុវណ្ណ ជា​​​នាយក​​​ផ្នែក​​​លក់​​​ និង​​​ទីផ្សារ​​​នៅ​​​ក្រុមហ៊ុ​​​ន SCI Company Limited ដែល​​​លក់​​​គ្រឿង​​​បរិក្ខា​​​វេជ្ជសាស្ត្រ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំគិ​​​ត​​​ថា ការ​​​លុប​​​បំបាត់អំពើ​​​ពុក​​​រលួយនឹង​​​មាន​​​ការ​​​ពិបាក​​​ ​​​ពីព្រោះ​​​វា​​​បាន​​​ក្លាយ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​វប្បធម៌ទៅហើយ​​​”។

អ្នក​​​ចូលរួម​​​ម្នាក់ទៀត​​​ដែល​​​សុំមិន​​​បញ្ចេញ​​​ឈ្មោះ​​​ ដោយ​​​សារ​​​តែ​​​នេះ​​​ជា​​​ប្រធាន​​​បទ​​​រសើប​​​នោះ​​​​​​ លើក​​​ឡើង​​​ថា “គ្មាន​​​នរណា​​​ម្នាក់​​​ចង់​​​បាន​​​អំពើ​​​ពុក​​​រលួយ​​​ទេ ប៉ុន្តែ​​​ស្ថានភាព​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​​​​គ្មាន​​​ជម្រើស​​​។ មន្ត្រី​​​រដ្ឋាភិបាល​​​កំពូល​​​ៗ ត្រូវ​​​តែ​​​ធ្វើ​​​ជា​​​គំរូ​​​ល្អៗសម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ ដូច​​​ឪពុក​​​​​​​​​ម្ដាយ​​​ធ្វើ​​​គំរូល្អ​​​សម្រាប់​​​កូនរបស់​​​ខ្លួន​​​​​​អ៊ីចឹង​​​ដែរ​​​” ។

ទោះ​​​បីជាយ៉ាងណា​​​ លោក វីលៀម ថត ​​​ដែល​​​​​​បាន​​​ចាប់​​​ផ្ដើម​​​បេសក​​​កម្ម​​​ការទូត​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាលពីមួយ​​​ឆ្នាំ​​​មុន​​​ បាន​​​មាន​​​ប្រសាសន៍​​​លេង​​​សើច​​​ថា លោក​​​មក​​​បំពេញការ​​​ងារ​​​នៅ​​​ទីនេះ​​​ដោយ​​​សារ​​​តែ​​​កម្រិត​​​អំពើ​​​ពុក​​​រលួយ​​​ច្រើន​​​​​​។ លោក​​​មាន​​​ប្រសាសន៍​​​​​​​​​ថា “អស់​​​លោក​​​ដឹង​​​ទេ ខ្ញុំ​​​ទើប​​​តែ​​​​​​វិល​​​ត្រឡប់​​​ពី​​​ប្រទេស​​​អាហ្វ​​​ហ្គា​​​នីស្ថាន​​​ ដែល​​​ជា​​​ការ​​​ចាត់​​​តាំង​​​មុន​​​នេះ​​​របស់​​​ខ្ញុំហើយ​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ប្រទេស​​​អាហ្វហ្គា​​​នី​​​ស្ថាន​​​​​​​​​​​​វិញ​​​នោះ ​​​​​ប្រទេស​​​កម្ពុជា​​​ល្អ​​​ឥតខ្ចោះ”៕

ប្រែសម្រួល​​​ដោយ តែម សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស