31 C
Phnom Penh

​ព្រះសង្ឃដែល​មានបំណង​ផ្ញើ​ញត្តិថ្វាយ​ព្រះ​មហាក្សត្រ​ត្រូវ​​រារាំង​ដោយ​នគរបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​សង្ឃប្រមាណ​១០០អង្គ​ដែល​ព្យាយាម​ប្រមូល​ផ្តុំ​នៅ​មុខ​ព្រះ​បរម​រាជវាំង​ កាលពី​ម្សិលមិញ ដើម្បី​សុំ​ឲ្យ​​ព្រះ​មហា​ក្សត្រ​​ព្រះ​តម្រិះ​ឡើង​វិញ​អំពី​ការ​សម្រេច​ព្រះ​ទ័យ​យាងទៅ​​ធ្វើ​ជា​អធិបតី​ក្នុង​សម័យ​ប្រជុំ​សភា​ដំបូង​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃច័ន្ទ​នោះ ត្រូវ​នគរបាល​បង្ក្រាប​កុបកម្ម​ដាក់​របាំង​ការពារ​មិន​ឲ្យ​សម្រេច​បំណង​ឡើយ​។

ព្រះសង្ឃកំពុងគង់​សមា​ធិ​នៅ​មុខ​របំាង​ដែល​សមត្ថ​កិច្ច​បាន​រារំាង​មិន​ឲ្យ​និមន្ត​ទៅ​ព្រះ​បរម​រាជ​វាំង​កាល​ពី​ម្សិល​មិញ​ ដើម្បី​​បួង​សួង​សុំឲ្យ​​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី ​មាន​ព្រះ​តំរិះឡើង​វិញ ​អំពី​សេចក្តីសម្រេច​របស់​ព្រះ​អង្គក្នុង​ការ​កោះប្រជុំសភា​​​លើក​ដំបូង​នៅថ្ងៃ​ទី​២៣ ខែ​កញ្ញា​។ (ភោគ ដន​)
ព្រះសង្ឃកំពុងគង់​សមា​ធិ​នៅ​មុខ​របំាង​ដែល​សមត្ថ​កិច្ច​បាន​រារំាង​មិន​ឲ្យ​និមន្ត​ទៅ​ព្រះ​បរម​រាជ​វាំង​កាល​ពី​ម្សិល​មិញ​ ដើម្បី​​បួង​សួង​សុំឲ្យ​​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី ​មាន​ព្រះ​តំរិះឡើង​វិញ ​អំពី​សេចក្តីសម្រេច​របស់​ព្រះ​អង្គក្នុង​ការ​កោះប្រជុំសភា​​​លើក​ដំបូង​នៅថ្ងៃ​ទី​២៣ ខែ​កញ្ញា​។ (ភោគ ដន​)

នៅម៉ោង​ប្រហែល​៤និង​៣០នាទី​រសៀល​ ព្រះ​សង្ឃ​បាននិមន្ត​​​ទៅ​ដល់​កន្លែ​ង​ដាក់​របាំង​មួយ​ក្នុងចំណោម​​កន្លែងដាក់​របាំង​​មួយ​ចំនួន​នៅ​ខាង​មុខ​សាល​មហោរស្រព​ចតុ​មុខ​ ដែល​ស្ថិត​តាម​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​។ ដោយត្រូវ​បាន​រារាំង​មិនឲ្យ​​និមន្ត​ទៅកាន់​ព្រះ​​​បរម​រាជ​​​វាំង​ ព្រះ​សង្ឃ​បាន​គង់​ចុះ​ជា​ជួរ​ ហើយ​បាន​ចាប់​ផ្ដើម​តាំង​សមាធិ​នៅ​ខាង​មុខ​របាំង​។

ព្រះ​តេជគុណ​ ប៊ុត ប៊ុន​ទិញ ដែល​មាន​សង្ឃ​​ដីកា​ថា​ ព្រះ​អង្គ​បានរៀប​ចំ​ការ​ធ្វើ​បាតុកម្ម​នេះ​ បាន​មាន​សង្ឃដីកាប្រាប់​អ្នក​យក​ព័ត៌មាន​ថា ព្រះ​សង្ឃ​កំពុង​បួង​សួង​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​​ នរោត្តម​ សីហមុនី ព្រះ​តម្រិះ​​ឡើងវិញ​​ ចំពោះ​ការ​សម្រេច​ព្រះ​ទ័យ​យាង​ទៅ​ធ្វើ​ជា​អធិបតី​ក្នុង​សម័យ​ប្រជុំ​ដំបូង​ដែល​នឹង​ធ្វើ​ឡើង​នៅ​បួន​ថ្ងៃខាង​មុខ​ ខណៈ​ភាព​ជាប់​គាំង​​​​ផ្នែក​នយោ​បាយ​សព្វ​ថ្ងៃ​នៅ​មិន​ទាន់​ដោះ​ស្រាយនៅ​ឡើយ​ ដោយ​​ទុក​ឲ្យ​ប្រទេស​មានការ​បែក​បាក់​។

ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកាថា “ព្រះ​​មហាក្សត្រ​មាន​សិទ្ធិ​និង​ព្រះ​រាជ​តួនាទី​ នៅ​ក្នុងការ​ព្រះ​តម្រិះ​អំពី​ការឯកភាព​​​ និង​និរន្ត​ភាព​ជាតិ​” ។ ព្រះ​តេជគុណមាន​សង្ឃដីកា​បន្ត​ថា “ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជសារផ្ញើ​ទៅ​​​រដ្ឋ​សភា និង​សមាជិក​សភា​រួចហើយ​សម្រាប់​សម័យ​ប្រជុំ​សភា​ដំបូង​​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ ក្នុង​ខែនេះ ប៉ុន្តែ ប្រទេស​របស់​យើង​នៅ​មិន​ទាន់មាន​​ការ​​​ឯក​ភាព​គ្នា​នៅ​ឡើយ​ទេ​”។

ព្រះ​តេជគុណបានមាន​​​​សង្ឃដីកា​បន្ថែម​ថា “ហេតុ​ដូច្នេះ​យើង​ចង់​ឲ្យ​ព្រះ​មហាក្សត្រ​របស់​យើង​ព្រះ​តម្រិះ​ឡើង​វិញ។ អាត្មាមិន​មែន​ចង់​មាន​​ន័យថា ព្រះ​មហាក្សត្រ​គួរ​តែ​ផ្អាក​ការ​​​យាង​​​ទៅ​​​ធ្វើ​ជា​ [អធិបតី​នៅ​ក្នុង​រដ្ឋ​​​សភា​] នោះ​ទេ​ ពីព្រោះ​ព្រះ​មហាក្សត្រ​មាន​ព្រះ​រាជ​តួនាទី​ផ្ទាល់​ព្រះ​កាយ​របស់​ព្រះ​អង្គ​ ប៉ុន្តែ យ៉ាង​ហោច​ណាស់​ព្រះ​មហាក្សត្រ​គួរ​តែ​បាន​ចំណាយ​ពេល​ទត​ប្រជាពលរដ្ឋ​របស់​ព្រះ​អង្គ​ដែល​កំពុង​ជួប​គ្រោះ​ថ្នាក់​ មុន​ពេល​បើក​សម័យ​ប្រជុំ​សភា​ដំបូង​នេះ​​​”។
បន្ទាប់​ពី​ព្រះ​សង្ឃបាន​​គង់​សមាធិ​ប្រហែល​​២០នាទី​ក្រោយ​មក​ មាន​នគរបាល​រាជធានី​ប្រហែល​២០នាក់​ ដែល​ភាគ​ច្រើន​មាន​ខោ​អាវ​ការពារ និង​​ប្រដាប់​​​ដោយ​​​ខែល​​បាន​មក​ដល់​​កន្លែង​ប្រឈម​មុខ​ដាក់​គ្នា​នេះ។

ព្រះសង្ឃ​បានងើបឈ​រឡើង​ប្រឈម​នឹង​កង​សន្តិសុខ​​ ខណៈ​មាន​ការ​រារាំង​ដោយ​របាំង​ដែក​ចំនួន​ពីរជាន់​។ ព្រះ​សង្ឃ​ខ្លះ​បានឲ្យ​ផ្កាឈូក​ទៅ​នគរបាល​ ហើយ​មាន​នគរបាល​មួយ​ចំនួន​បានទទួល​យក​ផ្កាឈូក​នេះ​ រួច​​​ហើយ​ទុក​ផ្កាឈូក​ទាំង​នេះ​នៅ​ពីក្រោយ​​ខែល​​របស់​​ខ្លួន​។ ដោយ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​ដ៏​សមរម្យ​នេះ​ មន្ត្រី​ជាន់​ខ្ពស់​មួយរូប​បាន​យក​ផ្កាឈូក​ទាំង​នេះ​គ្រវែង​ទៅ​លើ​ផ្លូវ​ភ្លាម​ៗ​។​ហើយ​ប្រហែល​៣០នាទី​ក្រោយ​មក​ ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បាន​និមន្ត​ចាក​ចេញ​ រីឯ​នគរបាល​ក៏​បាន​ចាក​ចេញ​ដោយ​យក​របាំង​ការពារ​ចេញ​ពី​កន្លែង​​ប្រឈម​មុខ​ដាក់​គ្នា​ប្រហែល​ពីរ​បី​ម៉ែត្រ​ផង​ដែរ​។

លោក ហ៊ុន សុធី អធិការរង​នគរបាល​ខណ្ឌ​ដូន​ពេញ ដែល​មាន​​​វត្តមាន​​​នៅ​កន្លែង​ប្រឈម​មុខ​ដាក់​គ្នានោះ​បាន​បដិសេធ​មិន​ពន្យល់​ថា តើ​ហេតុ​អ្វី​បាន​ជា​នគរបាល​បង្ក្រាប​​​​កុបកម្ម​មាន​វត្តមាន​នៅ​ទី​នោះ​ទេ​។

លោកឧត្តមសេនីយ៍ឯក​ ខៀវ សុភ័គ​ អ្នក​នាំពាក្យក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា ព្រះ​សង្ឃ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និមន្ត​ទៅ​ក្បែរ​ព្រះ​បរមរាជវាំង​ឡើយ​ ពីព្រោះ​បាតុ​កម្ម​​របស់​ព្រះ​សង្ឃ​អាច​នឹង​រំលោភ​ច្បាប់​ធ្វើ​បាតុកម្ម​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​ដើម្បី​​​ប្រឆាំង​​​​មហាបាតុកម្ម​អហិង្សា​នៅ​ខាង​​​ក្រៅ​​​ទីលាន​ប្រជា​ធិបតេយ្យ​។

លោកឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ​ បាន​ថ្លែង​ថា “នៅ​ខាង​មុខ​ព្រះ​បរមរាជរាំង​គឺ​ជា​ទីកន្លែង​សម្រាប់​ព្រះ​មហាក្សត្រ​”។ លោក​បាន​បន្ថែមថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​អង្គ​​​ដើម្បី​បញ្ចុះ​​​បញ្ចូល​ព្រះ​មហាក្សត្រ​ឲ្យ​ពន្យារ​ពេល​សម័យ​ប្រជុំ​សភា​ដំបូង​នេះ​ នឹង​មិនបាន​ទទួល​ផល​ឡើយ​។ លោក​បាន​​​​បន្ត​​ថា “ព្រះ​មហាក្សត្រ​បាន​សម្រេច​ព្រះ​ទ័យ​រួច​ហើយថា ព្រះ​អង្គ​នឹង​យាង​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃច័ន្ទ។ ព្រះ​សង្ឃដែល​និមន្ត​មក​ធ្វើ​បាតុកម្ម​បែប​នេះ​គឺ​មិន​គោរព​ដល់​ព្រះ​មហាក្សត្រ​នោះ​ទេ​”។

លោក សុន ឆ័យ​ ប្រធាន​ក្រុម​តំណាង​រាស្រ្តរបស់​គណបក្ស​សង្គ្រោះ​ជាតិ​បានថ្លែង​​​ថា គណបក្ស​ប្រឆាំង​បាន​បញ្ជូន​​​​​សកម្មជន​របស់​ខ្លួន​ឲ្យ​ទៅ​ប្រមូល​ស្នាម​មេដៃ​ពី​សាធារណ​​​ជន​រួចហើយ ដើម្បី​ធ្វើ​ញត្តិ​អំពាវ​នាវ​ឲ្យ​ព្រះ​មហា​​​ក្សត្រ​ នរោត្តម​ សីហមុនី ពន្យារ​ពេល​យាង​ទៅ​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ដំបូង​ ដោយរង់​ចាំ​ភាព​ជាប់​គាំង​នយោ​បាយ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​សិន​។ លោក សុន ឆ័យ​ បាន​ថ្លែង​​​ថា លោក​សង្ឃឹម​ថា គណបក្ស​របស់​លោក នឹង​អាច​ប្រមូល​ស្នាម​មេដៃ​បាន​​​​​រហូត​ដល់​ទៅ​១​​​លាន​​ ថ្វី​បើ​នៅ​សល់​​ពេល​​ត្រឹម​តែ​បួន​ថ្ងៃ​​​មុន​ពេលបើក​​សម័យ​ប្រជុំ​សភា​ដំបូង​ក៏​​​ដោយ​​​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស