ការិយាល័យមេធាវីនៃរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំរដ្ឋសានឌីយ៉ាហ្គោ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថាពលរដ្ឋអាមេរិកដើមកំណើតខ្មែរម្នាក់ដែលមានឋានៈជាមេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិកនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ នៅក្នុងរដ្ឋខូល័ររ៉ាដូ ហើយត្រូវបានចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តការស៊ីសំណូក។
មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ម៉ាយខល វណ្ណៈខែម មីស៊ីវិក (Michael Vannak Khem Misiewics) អាយុ៤៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបានទទួលសំណូក ភាគច្រើននៃសំណូកនោះគឺទម្រង់នៃការធ្វើដំណើរយ៉ាងពិសេសនិងមានសេវាកម្មស្រីពេស្យាផងដែរ ពីសំណាក់លោកលីអូណាដហ្វ្រង់ស៊ីស(Leonard Francis) អគ្គនាយកនៃក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងប្រទសសិង្ហបុរីដែលផ្តល់សេវាកម្មបម្រើនាវាជើងទឹកសហរដ្ឋអាមេរិកនៅពេលចូលចតនៅកំពង់ផែនៅប្រទេសនេះ។
យោងតាមសេចក្ដីថ្លែងការណ៍នោះឲ្យដឹងថាជាការឆ្លើយតបវិញមេបញ្ជាការកងទ័ពជើងទឹក លោក មីស៊ីវិក និងភ្នាក់ងារស៊ើបអង្កេតពិសេសបទឧក្រិដ្ឋនាវាជើងទឹកលោក ចន បឺត្រានប៊ីលីវើ (John Bertrand Beliveau II ) សង្ស័យថា បានផ្តល់ព័ត៌មានសម្ងាត់ទៅលោក ហ្វ្រង់ស៊ីស ដែលបានប្រើប្រាស់ព័ត៌មាននោះ ដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយនាវាជើងទឹកដែលមានតម្លៃរាប់លានដុល្លារ។
សេចក្តីថ្លែងការណ៍នោះបានបន្តថា “ជាផ្នែកមួយនៃការសមគំនិតលោក មីស៊ីវិក បានផ្ញើឲ្យលោក ហ្វ្រង់ស៊ីស នូវព័ត៌មានដែលថា នាវាជើងទឹកនេះជា ការសម្ងាត់” រួមទាំងគម្រោងនានាដែលបង្ហាញ ពីការធ្វើដំណើររបស់នាវានេះរយៈពេលច្រើនខែជាមុន។
លោក មីស៊ីវិក ក៏បានធ្វើជាមេធាវីម្នាក់នៅក្នុងកងទ័ពជើងទឹកសម្រាប់ផលប្រយោជន៍របស់ លោកហ្វ្រង់ស៊ីស ផងដែរ ដោយជំរុញឲ្យមានការសម្រេចអំពីការចូលសំចតនៅកំពង់ផែនេះហើយបានប្រើប្រាស់កិច្ចព្រមព្រៀងនោះដែលធ្វើឡើង ដើម្បីផ្តល់ផលប្រយោជន៍ដល់លោក ហ្វ្រង់ស៊ីស ដោយបន្ថែមថា មេបញ្ជាការកងទ័ពជើងទឹកលោក មីស៊ីវិក ជាឪពុកមានកូនបួននាក់រូបនេះ បានទទួលសេវាស្រីពេស្យាពី លោក ហ្វ្រង់ស៊ីស មកវិញ។
កាលពីជិតបីឆ្នាំមុន រឿងរ៉ាវផ្ទាល់ខ្លួនរបស់មេបញ្ជាការកងទ័ពជើងទឹក មីស៊ីវិក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាតិ និងប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកចុះផ្សាយយ៉ាងទូលំទូលាយ ដោយលើកតម្កើងលោកថា ជាជនគំរូដ៏ឥតខ្ចោះនៃក្តីស្រមៃរបស់ពលរដ្ឋអាមេរិក។ កាលនៅជាក្មេងប្រុស ម្តាយមីងរបស់មេបញ្ជាការកងទ័ពជើងទឹក លោក មីស៊ីវិករូបនេះបានរៀបចំឲ្យស្ត្រីជនជាតិអាមេរិកម្នាក់យកលោកទៅចិញ្ចឹម តាមរយៈកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៣។
ឪពុកនិងប្អូនស្រីម្នាក់របស់លោកបានបាត់ខ្លួនអំឡុងរបបខ្មែរក្រហម ប៉ុន្តែ មេបញ្ជាការ មីស៊ីវិក ទើបតែបានដឹងពីការស្លាប់របស់ពួកគាត់នៅពេលលោក បានជួបជុំគ្រួសារជាលើកដំបូងរបស់លោកនៅក្នុងឆ្នាំ១៩៨៩ប៉ុណ្ណោះ។ មេបញ្ជាការកងទ័ពជើងទឹករូបនេះ អាចប្រឈមទោសជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ និងពិន័យជាប្រាក់រហូតដល់២៥០.០០០ដុល្លារ ប្រសិនបើលោកត្រូវបានរកឃើញថា មានពិរុទ្ធភាពមែននោះ៕
ប្រែសម្រួលដោយ ឃិន ណៃ