បន្ទាប់ពីមហាបាតុកម្ម និងការបង្ក្រាបយ៉ាងចាស់ដៃរបស់នគរបាលកាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាលើកកម្ពស់ស្មារតីថែរក្សាសន្ដិភាពសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។
នៅក្នុងសារលិខិតមួយច្បាប់ ដើម្បីអបអរទិវាសន្ដិភាពអន្តរជាតិ កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើនរំឭកប្រជាពលរដ្ឋកម្ពុជាពីអ្វីដែលគណបក្សរបស់លោកបានធ្វើដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម ជាឃ្លាដដែល ហើយដែលលោកតែងតែលើកឡើងនៅមុនការបោះឆ្នោតជាតិកាលពីខែកក្កដា ព្រមទាំងការគំរាមថា ប្រវត្តិសាស្ត្រខ្មៅងងឹតរបស់ប្រទេសកម្ពុជា អាចនឹងវិលត្រឡប់មកវិញ ប្រសិនបើគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងឈ្នះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងសារលិខិតដដែលនេះថា “រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពង្រឹងវប្បធម៌សន្ដិភាពសម្រាប់ប្រយោជន៍ដល់ការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសកម្ពុជា”។
លោកបានបន្តថា “ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ឲ្យរក្សាសន្ដិភាព សណ្ដាប់ធ្នាប់ ស្ថិរភាព និងសន្ដិសុខសង្គម ដើម្បីអភិវឌ្ឍប្រទេសរបស់យើងលើគ្រប់វិស័យ”។ លោក ហ៊ុន សែន ក៏បានអំពាវនាវផងដែរឲ្យជនរួមជាតិរបស់លោក “ស្រលាញ់រាប់អានគ្នាជាភាតរៈ”។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងខណៈពេលសម័យប្រជុំសភាដំបូងគ្រោងនឹងធ្វើនៅថ្ងៃនេះ ដោយគ្មានគណបក្សសង្គ្រោះជាតិ និងចំពេលមានការបង្កើនវត្តមាននគរបាលដ៏ច្រើននៅក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៥ ខែកញ្ញា កម្មករសំណង់អាយុ២៩ឆ្នាំម្នាក់ឈ្មោះ ម៉ៅ សុខចាន់ ត្រូវបានបាញ់ស្លាប់ អំឡុងការប៉ះទង្គិចគ្នារវាងនគរបាលប្រឆាំងកុបកម្ម និងអ្នកធ្វើដំណើរ ដែលមានកំហឹងក្បែរស្ពានព្រះមុនីវង្ស។ តំណាងរបស់អង្គការសង្គមស៊ីវិលបានអះអាងកាលពីម្សិលមិញថា សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រូវនឹងកាលៈទេសៈទេ បើទោះជាមិនខុសទាំងស្រុងក៏ដោយ។
លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើលោកនាយករដ្ឋមន្ត្រីពិតជាចង់លើកស្ទួយសន្ដិភាពមែន លោកគួរធ្វើការងារ ដើម្បីធ្វើឲ្យប្រាកដថា គណបក្សសង្គ្រោះជាតិគឺជាផ្នែកមួយនៃការពិភាក្សាផ្នែកនយោបាយនាពេលអនាគត។ លោកបានមានប្រសាសន៍ថា “ត្រូវតែមានគណបក្សនយោបាយមួយទៀត ប្រសិនបើរដ្ឋាភិបាលថ្មីចង់ឲ្យមានតុល្យាភាពអំណាច”។
លោក អឿ ណារិទ្ធ ជាអ្នកសម្របសម្រួលនៅក្រុមយុវជនដើម្បីសន្ដិភាព ជាអង្គការសង្គមស៊ីវិលបានមានប្រសាសន៍ថា “តាមធម្មតាអ្វីដែលគាត់ [លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន] មានប្រសាសន៍គឺល្អ”។ លោក ណារិទ្ធ បានមានប្រសាសន៍ថា “ប៉ុន្តែខ្ញុំសូមសួរថា តើគាត់កំពុងស្វែងរកសន្ដិភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល ឬគ្រាន់តែសម្រាប់គណបក្សរបស់លោក និងក្រុមគ្រួសាររបស់លោក?”។ លោកបានមានប្រសាសន៍ថា “គាត់បានប្រើអាវុធ និងកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើបាបយើងទាំងអស់គ្នា…។ គាត់ត្រូវតែផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ ប្រសិនបើគាត់ចង់បានសន្ដិភាព”៕
ប្រែសម្រួលដោយ អ៊ូច សូនី