យោងតាមទីប្រឹក្សាម្នាក់នៃព្រះបរមរាជវាំង និងសមាជិករាជវង្សានុវង្សមួយអង្គ បានឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងយាងធ្វើជាព្រះរាជអធិបតីនៅក្នុងសម័យប្រជុំរដ្ឋសភាលើកដំបូងនៅព្រឹកនេះ ថ្វីបើមានសំណើពីគណបក្សសង្គ្រោះជាតិសុំឲ្យព្រះអង្គពន្យារពេលការកោះប្រជុំរដ្ឋសភាក៏ដោយ។

អង្គការសង្គមស៊ីវិល និងព្រះសង្ឃរាប់រយអង្គបានបញ្ចុះបញ្ចូលព្រះមហាក្សត្រ នរោត្តម សីហមុនី អស់រយៈពេលមួយសប្តាហ៍មកហើយ កុំឲ្យព្រះអង្គកោះប្រជុំរដ្ឋសភា រហូតដល់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរកដំណោះស្រាយ ដើម្បីបំបែកភាពទាល់ច្រកផ្នែកនយោបាយនាពេលបច្ចុប្បន្ននេះរួចរាល់សិន។
ប៉ុន្តែ លោក ទ្រង់ មាលី អតីតប្រធានខុទ្ទកាល័យរបស់ព្រះបរមរតនកោដ្ឋសម្តេចឪ នរោត្តម សីហនុ ដែលជាទីប្រឹក្សារបស់ព្រះមហាក្សត្រ សីហមុនី បានមានប្រសាសន៍ថាព្រះមហាក្សត្រនឹងប្រកាន់តាមព្រះរាជសារលើកមុន ដែលនៅក្នុងនោះព្រះអង្គបានសន្យាកោះប្រជុំរដ្ឋសភានៅថ្ងៃនេះ។
លោក មាលី មានប្រសាសន៍បន្ទាប់ពី កិច្ចប្រជុំកាលពីម្សិលមិញជាមួយទីប្រឹក្សារបស់ព្រះមហាក្សត្រថា “យើងសុទ្ធតែត្រូវបានគេថ្កោលទោសទាំងអស់ ក្នុងការធ្វើតាមអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះយើងចង់ឲ្យប្រទេសមានច្បាប់ និងមានសណ្តាប់ធ្នាប់”។ លោកបានបន្ថែមថា លោកនឹងអ្នកការពារព្រះមហាក្សត្រផ្សេងៗទៀតយល់ឃើញថា ទង្វើនេះមិនពេញចិត្តចំពោះអ្នកគាំទ្រគណបក្សប្រឆាំង ដែលបានអំពាវនាវឲ្យពន្យារពេលសម័យប្រជុំសភាលើកដំបូងនេះទេ។
លោក មាលី ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋសភាដែរនោះ បាននិយាយថា ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិធ្វើឲ្យមានការវិវឌ្ឍតិចតួចនៅក្នុងការចរចារបស់ខ្លួន ចាប់តាំងពីមានជម្លោះក្នុងការបោះឆ្នោតជាតិនេះមក ព្រះមហាក្សត្រគ្មានជម្រើសក្រៅពីអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យកោះប្រជុំរដ្ឋសភាក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីការបោះឆ្នោតនោះទេ។
លោកបានបន្ថែមថា “វាមិនមែនជាការល្អសម្រាប់ព្រះមហាក្សត្រទេ ប៉ុន្តែ ប្រសើរជាងមិនកោះប្រជុំសភា។ យើងមិនអាចធ្វើឲ្យភាគីទាំងពីរស្ងប់់បានទេ យើងត្រូវធ្វើឲ្យភាគីមួយស្ងប់ ហើយបន្ទាប់មកចាំធ្វើឲ្យភាគីមួយទៀតស្ងប់”។ លោកបានមានប្រសាសន៍ថា “យើងសង្ឃឹមថា គណបក្សប្រជាជននឹងមិនកេងយកចំណេញពីការខ្វះចន្លោះបន្តិចបន្តួចនេះទេ។ វាគួរឲ្យសោកស្តាយណាស់ ប៉ុន្តែ តើយើងអាចធ្វើអីបាន?”
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងនៅក្នុងលិខិតផ្ញើថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃសុក្រថា រដ្ឋធម្មនុញ្ញពិតជាតម្រូវឲ្យរដ្ឋសភាចូលប្រជុំក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីមានការដោះស្រាយលទ្ធផលបោះឆ្នោតរួចហើយ មិនមែនបន្ទាប់ពីថ្ងៃបោះឆ្នោតនោះទេ ជាការបកស្រាយមួយដែលទទួលបានការគាំទ្រពីអ្នកជំនាញច្បាប់។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាប្រកាន់តាមគោលជំហរបស់ខ្លួនក្នុងការបកស្រាយរដ្ឋធម្មនុញ្ញ ដោយអះអាងថា រដ្ឋសភាត្រូវបង្កើតឡើងក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីការបោះឆ្នោត។ ក្រៅពីកិច្ចព្រមព្រៀងមិនច្បាស់លាស់ដើម្បីកែទម្រង់ គ.ជ.ប. គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានធ្វើឲ្យមានការវិវឌ្ឍតិចតួចក្នុងការស្វែងរកដំណោះស្រាយនៅក្នុងការចរចារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់លើកទី២ កាលពីសប្តាហ៍មុន។
គណបក្សសង្គ្រោះជាតិបានសន្យាធ្វើពហិការសម័យប្រជុំរដ្ឋសភា លុះត្រាតែគណបក្សប្រជាជនកម្ពុជាផ្តល់ដំណោះស្រាយសមស្រប ដើម្បីធ្វើឲ្យអ្នកបោះឆ្នោតជិត៣លាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំងស្ងប់អារម្មណ៍។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សាព្រះមហាក្សត្រ សីហមុនី និងព្រះបរមរតនកោដ្ឋសម្តេចឪ ដែលបានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិមិនបានជោគជ័យនោះ បានមានបន្ទូលថា ព្រះអង្គមិនបានចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងព្រះបរមរាជវាំងទេ ប៉ុន្តែ ព្រះ អង្គមានហេតុផលជឿថា ព្រះមហាក្សត្រនឹងកោះប្រជុំសភានៅថ្ងៃនេះ។
ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថា “ រហូតមកទល់ពេលនេះ យើងសង្ឃឹមថា នឹងមានការផ្លាស់ប្តូរ ហើយព្រះមហាក្សត្រនឹងចេញព្រះរាជសារពន្យារពេលការកោះប្រជុំរដ្ឋសភា។ ខ្ញុំគិតថា ពេលនេះមិនមានការផ្លាស់ប្តូរទេ។ ខ្ញុំគិតថា វាជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបំបែកព្រះមហាក្សត្រពីប្រជាជន និងបំបែកប្រជាជនពីព្រះមហាក្សត្រ”។
ព្រះអង្គបានមានបន្ទូលថា ប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែបើកសម័យប្រជុំរដ្ឋសភា គណបក្សកាន់អំណាចនេះនឹងបដិសេធតួនាទីស្របច្បាប់របស់គណបក្សសង្គ្រោះ ជាតិនៅ ក្នុងរដ្ឋាភិបាល។ ព្រះអង្គបានសួរថា “ប្រសិនបើរដ្ឋសភាកោះប្រជុំនៅថ្ងៃស្អែក និងប្រសិនបើរដ្ឋសភាបង្កើតរដ្ឋាភិបាលដោយគ្មានសមាជិកជាប់ឆ្នោតរបស់គណបក្សប្រឆាំងមែននោះ តើអ្វី ជាសេរីភាពរបស់គណបក្សប្រឆាំងក្នុងការបញ្ចេញមតិរបស់ខ្លួននៅក្នុងរដ្ឋសភា ឬនៅកន្លែងផ្សេងទៀត”?
អ្នកវិភាគនយោបាយឯករាជ្យបាននិយាយថា ព្រះមហាក្សត្រមានការពិបាកខ្លាំងណាស់ថា តើត្រូវសម្រេចព្រះទ័យធ្វើជាព្រះរាជអធិបតីនៅក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃនេះ ឬមិនសម្រេច។
លោក កែម ឡី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋខ្មែរនឹងមិនទុកចិត្តព្រះបរមរាជវាំងទៀតទេ [ប្រសិនបើព្រះមហាក្សត្រធ្វើជាព្រះអធិបតីនៅក្នុងរដ្ឋសភាដែលមានគណបក្សតែមួយ] ពីព្រោះពួកគេដឹងថា គណបក្សប្រជាជនកម្ពុជា និងព្រះបរមរាជវាំងដូចតែគ្នា ហើយប្រទេសជាតិនឹងបែកបាក់ជាពីរភាគី”។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា ទោះជាយ៉ាងណា ការជំរុញឲ្យមានការបង្កើតរដ្ឋសភាដោយគ្មានគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជាអាចធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯង ព្រោះលោក ហ៊ុន សែន បានប្រើប្រាស់ព្រះមហាក្សត្រដែលជាទីគោរពដ៏ខ្ពង់ខ្ពស់ និងអព្យាក្រឹត្យ ជាយូរមកហើយ ដើម្បីធ្វើឲ្យការដឹកនាំប្រទេសរបស់គាត់ស្របច្បាប់។ លោកបានមានប្រសាសន៍ថា “វាជាការល្អហើយសម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងការមានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់ដើម្បីធ្វើឲ្យប្រទេសជាតិមានស្ថិរភាព និងសម្រាប់ឯកភាពជាតិ។
ហើយបន្ទាប់មកដោយសារគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រទេសនោះ ការធ្វើឲ្យមានសុខសន្តិភាពពីព្រះមហាក្សត្រជាទីគោរពនោះ អាចពង្រឹងភាពស្របច្បាប់របស់ខ្លួន”។ លោកបានបញ្ជាក់ថា ព្រះមហាក្សត្រ នរោត្តម សីហនុ បានប្រឈមនឹងស្ថានភាពស្រដៀងគ្នានេះ កាលពីឆ្នាំ២០០៣ ដែលនៅពេលនោះទាំងគណបក្ស សម រង្ស៊ី និងគណបក្សហ៊ិនស៊ិនប៉ិច មិនព្រមចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាទេ ហើយព្រះអង្គបានមានបន្ទូលថា ព្រះអង្គនឹងដាក់រាជមុនពេលយាងធ្វើជាព្រះអធិបតីនៅក្នុងរដ្ឋសភា។
បន្ទាប់ពីមានការជាប់គាំងផ្នែកនយោបាយអស់រយៈពេល១១ខែ គណបក្សហ៊ិនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទីបញ្ចប់បានសម្រេចចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា។
ព្រះមហាក្សត្រ សីហនុ ដែលនៅពេលនោះបាននិរទេសព្រះកាយដោយអង្គឯងក្នុងប្រទេសកូរ៉េខាងជើងបានឡាយព្រះរាជសារឆ្លើយតបនឹងលិខិតអំពីភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មីនោះថា “ខ្ញុំគ្មានអំណាច ឬសមត្ថភាពដើម្បីផ្លាស់ប្តូរ ឬជួយបានទេ។ ខ្ញុំ នឹងទទួលយកកំហុស ប្រសិនបើខ្ញុំបានធ្វើខុសមែននោះ”។
លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ព្រះមហាក្សត្រ សីហមុនី អាច “ធ្វើតាមព្រះរាជតំរិះព្រះបិតារបស់ព្រះអង្គ ដូចនៅឆ្នាំ២០០៣ ព្រោះនៅពេលនោះសម្តេចឪមិនព្រមកោះប្រជុំរដ្ឋសភាដោយផ្ទាល់ទេ”។
លោក មាលី អតីតប្រធានព្រះរាជខុទ្ទកាល័យបានមានប្រសាសន៍ថា លោកជឿថា គតិបណ្ឌិតនៃការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ សីហមុនី នឹងទទួលស្គាល់ដោយអ្នកនយោបាយ និងអ្នកគាំទ្ររបស់ខ្លួន ពីភាគីទាំងពីរដែលមានជម្លោះ នយោបាយក្នុងពេលបច្ចុប្បន្ន។ លោកបានបន្ថែមថា “យើងសង្ឃឹមថា នឹងមានការអត់ឱន។ ប្រជាពលរដ្ឋនឹងយោគយល់ថា ព្រះមហាក្សត្រមិនអាចធ្វើអ្វីផ្សេងបានឡើយ។ យើងមិនអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពបែបនេះទៀតទេ”៕
ប្រែសម្រួលដោយ មូល គឹមហឿន